ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក អ៊ូ ច័ន្ទរ័ត្ន ប្រកាស​បង្កើត​«គណបក្ស​កែទម្រង់​កម្ពុជា»


រូបឯកសារ៖ លោក អ៊ូ ច័ន្ទរ័ត្ន អតីត​តំណាងរាស្ត្រ​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ក្នុង​កម្មវិធី Hello VOA នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃអង្គារ ទី៣១ ខែឧសភា ឆ្នាំ២០១៦។ (លឹម សុធី/វីអូអេ)
រូបឯកសារ៖ លោក អ៊ូ ច័ន្ទរ័ត្ន អតីត​តំណាងរាស្ត្រ​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ក្នុង​កម្មវិធី Hello VOA នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃអង្គារ ទី៣១ ខែឧសភា ឆ្នាំ២០១៦។ (លឹម សុធី/វីអូអេ)

អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ លោក អ៊ូ ច័ន្ទរ័ត្ន បាន​ប្រកាស​នៅ​ថ្ងៃចន្ទ​នេះ​ថា «គណបក្ស​កែទម្រង់​កម្ពុជា» នឹងក្លាយ​ជា​ឈ្មោះ​បក្ស​នយោបាយ​ថ្មី​មួយ ដែល​លោក​បាន​គ្រោង​បង្កើត​រាប់​ខែ​មក​ហើយ តាំង​ពី​បាន​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ពី​អាជ្ញាធរ​កម្ពុជា​វិញ​មក។

លោក អ៊ូ ច័ន្ទរ័ត្ន ​បានប្រាប់ VOA ​នៅ​រសៀលថ្ងៃចន្ទ​នេះ​ថា​ ក្រុមការងារ​លោកគ្រោង​យក​ឯកសារ​ក្រដាស​ស្នាម​ចាំបាច់​នានា ​បញ្ជូន​ជា​ពាក្យ​ស្នើសុំ​បើក​«គណបក្ស​កែទម្រង់​កម្ពុជា»​នេះ​ ទៅ​កាន់​ក្រសួង​មហាផ្ទៃ​មិន​ឱ្យ​ហួស​ពីសប្ដាហ៍​ចុងក្រោយ​នៃ​ខែមករា​នេះ​ឡើយ។​

ការ​ដាច់​ចិត្ត​បង្កើត​គណបក្ស​នេះ​ ដោយ​សារ​ការ​ជាប់​គាំង​ក្នុង​ចំណោម​បក្សជំទាស់​ដែល​ត្រូវ​បាន​រំលាយ ដោយ​ក្រុម​លោក សម រង្ស៊ី ​ត្រូវ​ជាប់គាំង​មិន​អាច​វិល​មក​កម្ពុជា​បាន​ ហើយ​ករណី​ផ្លូវ​ច្បាប់​ប្រឆាំង​លោក កឹម​ សុខា នៅ​ក្នុង​ស្រុកនេះ​ ក៏​រក​ទីបញ្ចប់​មិន​ឃើញ។ នេះ​បើ​តាម​លោក ច័ន្ទរ័ត្ន។

លោក​ប្រាប់​ VOA ​ថា៖ «យើង​អត់មាន​ជម្រើស​អីផ្សេង យើង​រង់ចាំ​ដំណោះ​ស្រាយ​បី​ឆ្នាំ​ហើយ»។

សម្ពាធ​នៃការ​ខិត​ចូល​មកដល់​នៃ​ការបោះឆ្នោត​ឃុំសង្កាត់​ឆ្នាំ២០២២​ និង​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០២៣ ត្រូវបាន​លោក ច័ន្ទរ័ត្ន លើក​ជា​ហេតុផល​ថា​ ជាការ​ចាំបាច់​ក្នុង​ការ​បង្កើត​បក្ស​ថ្មី​នេះ​ «ខ្លាច​ខក​ពេល​ធ្ងន់ៗ​ទៅ»។

កញ្ញា​ កឹម មនោវិទ្យា​ កូនស្រី​ច្បង​របស់​លោក កឹម សុខា​ និង​ជា​មន្ត្រី​ជាន់​ខ្ពស់​បក្ស​សង្គ្រោះជាតិ​ធ្លាប់​បាន​ថ្លែង​លើ​បណ្ដាញ​សង្គម Twitter ថា​ បក្សប្រជាជន​ព្យាយាម​ធ្វើ​ឱ្យ​មន្ត្រី​ថ្នាក់​មធ្យម​របស់​បក្ស​ជំទាស់​អស់​សង្ឃឹម ហើយ​ចេញ​ទៅ​បង្កើត​បក្ស​ថ្មី ​ដើម្បី​បង្កើត​សេណារីយោ​បោះឆ្នោត​ដូច​ឆ្នាំ​២០១៨ ​ដែល​បក្ស​កាន់​អំណាច​ឈ្នះ​ដោយ​ងាយ។

តែលោក​ អ៊ូ ច័ន្ទរ័ត្ន ថា​ បក្ស​ថ្មី​នេះ ដែល​លោក​ថា​ នឹង​មិន​ធ្វើប្រធាន​ដឹកនាំ​នោះ​ទេ ដោយ​មាន​មន្ត្រី​បក្ស​ជំទាស់​មួយ​ចំនួន​ទៀត​ដែល​លោក​មិន​បញ្ចេញ​ឈ្មោះ​ នឹង​«មិន​រណែប​រណប​ទេ ​ហើយ​នឹង​ប្រកួត​ប្រជែង​ស្វិតស្វាញ​មែន​ទែន» ជាមួយ​បក្ស​កាន់អំណាច​នៅការ​បោះឆ្នោត​ខាង​មុខ។

គួរ​បញ្ជាក់​ថា ​នេះ​ជា​បក្ស​នយោបាយ​ទីបួន​ហើយ ដែល​ត្រូវ​បាន​បង្កើត​ដោយ​អតីត​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ តាំងពី​បក្ស​ត្រូវ​បាន​រំលាយ​ក្នុង​ឆ្នាំ២០១៧ ហើយ​មាន​មន្ត្រី​បក្ស​ជំទាស់​១២​រូប​ហើយ​ ក្នុង​ចំណោម​១១៨រូប​ ដែល​បាន​សុំ​សិទ្ធិ​រំដោះ​ខ្លួន​ចេញ​ពី​បម្រាម​ធ្វើ​នយោបាយ​របស់​តុលាការ៕

អត្ថបទ​ទាក់ទង

វីដេអូថ្មីៗបំផុត

XS
SM
MD
LG