មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិចំនួនពីរនាក់ទៀតបានរត់ភៀសខ្លួនមកដល់សហរដ្ឋអាមេរិក ដើម្បីគេចចេញពីការធ្វើទុក្ខទោសផ្នែកនយោបាយ ក្នុងពេលដែលគណបក្សកាន់អំណាចខិតខំធ្វើវិសោធនកម្មច្បាប់គណបក្សនយោបាយ ដើម្បីអនុញ្ញាតឱ្យពួកគេមួយចំនួនបានធ្វើនយោបាយឡើងវិញ។
លោកឡុង រី អតីតអ្នកតំណាងរាស្ត្រនិងអ្នកស្រីជា សុគន្ធានី លេខាធិការចលនាស្ត្រីនៃគណបក្សសង្គ្រោះជាតិ បានធ្វើដំណើរមកដល់ទីក្រុងឡូវែល រដ្ឋម៉ាស្សាឈូសិត សហរដ្ឋអាមេរិក កាលពីថ្ងៃសៅរ៍ បន្ទាប់ពីរស់នៅលាក់ខ្លួនក្នុងប្រទេសថៃជាងមួយឆ្នាំ។
លោកឡុង រី និងអ្នកស្រីជា សុគន្ធានី ស្ថិតនៅក្នុងចំណោមអ្នកនយោបាយចំនួន១១៨នាក់ ដែលតុលាការកំពូលបានហាមឃាត់មិនឱ្យធ្វើសកម្មភាពនយោបាយរយៈពេល៥ឆ្នាំ បន្ទាប់ពីគណបក្សសង្គ្រោះជាតិត្រូវបានតុលាការរំលាយ កាលពីខែវិច្ឆិកា ឆ្នាំ២០១៧។
លោកឡុង រី បានបញ្ជាក់ប្រាប់ VOA សំឡេងសហរដ្ឋអាមេរិក ក្រោយពីមកដល់ភ្លាមៗថា៖
«នៅពេលដែលគណបក្សត្រូវបានរំលាយនៅលើក្រដាស មានការព្រួយបារម្ភ មានការភ័យខ្លាច មានការបញ្ចុះបញ្ចូល ហើយអ្នកខ្លះក៏មានដីកាបង្គាប់ឱ្យចូលខ្លួននាំខ្លួន អ៊ីចឹងហើយគាត់ចាកចេញដើម្បីបញ្ចៀសការភ័យខ្លាចមកនៅស្រុកសៀមមួយរយៈ។ នៅក្នុងហ្នឹងមានសមាជិករាជធានីខេត្តក្រុង ស្រុកខណ្ឌឃុំសង្កាត់ជាច្រើនស្នាក់នៅទីនេះ ហើយបច្ចុប្បន្ននេះ មាននៅមួយចំនួនដោយសារមួយចំនួនបានត្រឡប់ទៅវិញ។ អ្នកមួយចំនួនមានការប្តេជ្ញាចិត្តខ្ពស់ថា មិនទៅណាទៀតទេ»។
លោកឡុង រី បានបញ្ជាក់ថា ការរស់នៅប្រទេសថៃបានជួបប្រទះបញ្ហាប្រឈមខាងផ្លូវច្បាប់ ការស្នាក់នៅ និងសុខភាពផងដែរ៖
«ដោយសារយើងនៅរយៈពេលវែង យើងមានការលំបាកអស់វីសាផង អ្នកខ្លះរស់នៅទាំងគ្មានវីសា លាក់លៀមដោយសារគាត់ចូលមកមិនស្របច្បាប់។ ទីពីរ បើសិនជាយើងអត់មានភាពស្របច្បាប់នៅលើឯកសារផ្លូវច្បាប់ យើងទៅជួលផ្ទះគេ ជួលបន្ទប់គេ គឺគេត្រូវការគឺមានការពិបាក។ ចំណុចទីបីខាងផ្នែកសុខភាព ដោយសារយើងម្នាក់ៗរត់ចាកចេញពីស្រុក ហើយមានការនីរាសព្រាត់ប្រាស កំព្រានឹករលឹកផ្ទះសម្បែងផង។ អ្នកខ្លះក៏មានជំងឺ ហើយលំបាកក្នុងការចូលទៅក្នុងពេទ្យ ដែលគេត្រូវការផ្លូវច្បាប់ គេត្រូវការឯកសារ លិខិតឆ្លងដែន។ អ៊ីចឹងហើយបានជាមានការលំបាកណាស់ ដែលពួកយើងកំពុងតែរស់នៅ»។
អ្នកស្រីជា សុគន្ធានី ដែលជាភរិយាលោកឡុង រី និងជាសមាជិកគណៈកម្មាធិការនាយករបស់គណបក្សបានបញ្ជាក់ថា ពេលដំបូងអ្នកស្រីអាចចូលប្រទេសកម្ពុជាបានខ្លះ ប៉ុន្តែជួបឧបសគ្គជានិច្ចនៅតាមច្រកចេញចូល ដោយសារតែអ្នកស្រីមានឈ្មោះក្នុងបញ្ជីហាមឃាត់ ទើបអ្នកស្រីសម្រេចសំងំលាក់ខ្លួននៅក្នុងប្រទេសថៃ។
«ខ្ញុំរស់នៅប្រទេសថៃជាងមួយឆ្នាំ។ ខ្ញុំរស់នៅដោយការភ័យខ្លាច។ ទីមួយភ័យខ្លាចក្នុងប្រទេសថៃ ហើយភ័យខ្លាចនៅក្នុងប្រទេសកម្ពុជាដែលគេឃ្លាំមើលគ្រប់ការចេញចូលរបស់ខ្ញុំ»។
មន្ត្រីជាន់ខ្ពស់ទាំងពីររូបបានចាកចេញពីប្រទេសកម្ពុជា ហើយសំងំលាក់ខ្លួននៅប្រទេសថៃជាមួយនឹងមន្ត្រីជាងពីររយនាក់ទៀត ក្រោយពីតុលាការបានរំលាយគណបក្ស។ រហូតមកដល់ពេលនេះ មានអ្នកដែលបានរត់ភៀសខ្លួនមកប្រទេសថៃមួយចំនួនបានវិលត្រឡប់ទៅប្រទេសកម្ពុជាវិញ ដោយសារការលំបាកនិងដោយសារអ្នកខ្លះមិនមានឈ្មោះត្រូវអាជ្ញាធរតាមគំរាមកំហែងទេ។
អ្នកស្រីជា សុគន្ធានី បានបន្ថែមថា តាំងពីគណបក្សសង្គ្រោះជាតិត្រូវបានរំលាយមកគឺសកម្មជនទូទៅមិនអាចធ្វើសកម្មភាពនយោបាយអ្វីទេ គឺមិនមែនតែអ្នកនយោបាយដែលបានហាមឃាត់ទាំង១១៨នាក់នោះទេ។
«បងប្អូននៅក្នុងស្រុកខ្មែរគាត់មិនអាចទៅធ្វើសកម្មភាពបានទេ ពីព្រោះគាត់ភ័យខ្លាចហើយណាមួយអ្នកនៅក្នុង១១៨នាក់ហ្នឹងត្រូវបានគេហាមឃាត់រយៈពេល៥ឆ្នាំ សូម្បីជួបជុំគ្នាត្រឹមតែបីនាក់ឡើងទៅ ក៏អត់បានដែរ ហើយមិត្តភក្តិទាំងអស់មិនបានជួបគ្នា»។
បើទោះបីមន្ត្រីមួយចំនួនដែលរត់ភៀសខ្លួនមកប្រទេសថៃ ត្រូវសំងំលាក់ខ្លួននិងមិនអាចធ្វើសកម្មភាពអ្វីបាន ប៉ុន្តែមន្ត្រីគណបក្សមួយចំនួនដែលបានរត់ភៀសមកដល់សហរដ្ឋអាមេរិក បារំាង កាណាដានិងអូស្ត្រាលី បានធ្វើសកម្មភាពការទូតក្រៅប្រទេស ដើម្បីស្នើសុំឱ្យមានអន្តរាគមន៍ពីសហគមន៍អន្តរជាតិ ហើយកាលពីថ្ងៃទី១និង២ខែធ្នូ អ្នកគាំទ្រគណបក្សសង្គ្រោះជាតិនៅក្រៅប្រទេសបានធ្វើសន្និសីទពិភពលោកនៅទីក្រុងអាត្លង់តា រដ្ឋចរចា ដើម្បីអញ្ជើញលោកសម រង្ស៊ី ស្ថាបនិកនិងជាអតីតប្រធានគណបក្សមកដឹកនាំឡើងវិញ ជាបណ្តោះអាសន្នក្នុងពេលដែលអវត្តមានលោកកឹម សុខាដែលជាប្រធាន។
លោកឡុង រី ដែលជាប្រធានក្រុមការងារនៃគណបក្សសង្គ្រោះជាតិប្រចាំនៅខេត្តកំពង់ចាមផងដែរ បានបញ្ជាក់ថា អ្នកគាំទ្រនៅក្នុងប្រទេសបានគាំទ្រចំណាត់ការនោះ៖
«ស្ទើរតែគ្រប់រាជធានីខេត្ត ស្ទើរតែគ្រប់ក្រុងទាំងអស់ហើយបានចេញមកប្តេជ្ញាចិត្តគាំទ្រស្មារតីសន្និសីទនៅសហរដ្ឋអាមេរិក ដែលមានវត្តមានលោកប្រធានស្តីទីសម រង្ស៊ី មកដឹកនាំ ដោយសារយើងត្រូវការក្បាលម៉ាស៊ីនដឹកនាំមួយរឹងមាំ ដោយសារយើងត្រូវការវិវត្តន៍។ យើងអត់ត្រូវការងាប់សកម្មភាព អត់សកម្មភាពអីចឹងទេហើយអ្នកមូលដ្ឋានរង់ចាំឱកាសសម្រាប់ធ្វើកិច្ចការ ពីព្រោះជាតិដង្ហោយហៅយើង។ អីចឹងខ្ញុំនិងអ្នកដឹកនាំយើងទំាងអស់បានគាំទ្រពេញទំហឹង ជាពិសេសបងប្អូននៅក្នុងឃុំសង្កាត់នៅក្នុងរាជធានីខេត្តក្រុង ស្រុកខណ្ឌ យើងបានឃើញវីដេអូផុសព្រោងព្រាតស្តីពីការគាំទ្រនិងពេញចិត្តក្នុងការឱ្យលោកប្រធានដឹកនាំធ្វើកិច្ចការនេះ»។
កាលពីថ្ងៃច័ន្ទ គណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភាកម្ពុជាបានពិនិត្យនិងពិភាក្សាលើសេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មមាត្រា៤៥ថ្មី (ស្ទួន) ដែលនឹងបើកផ្លូវឲ្យអតីតមន្ត្រីគណបក្សប្រឆាំងទាំង១១៨រូប បានចូលធ្វើនយោបាយវិញ ហើយបានសម្រេចកំណត់យកថ្ងៃអង្គារនេះ ដើម្បីបន្តសម័យប្រជុំសម្រេច។ ច្បាប់នេះត្រូវបានរដ្ឋសភាឯកបក្សអនុម័តកាលពីពាក់កណ្តាលខែធ្នូ។ ប៉ុន្តែ លោកឡុង រី បញ្ជាក់ថា លោកគ្មានគម្រោងអ្វីទៅសុំទោស ដើម្បីបានសិទ្ធិនយោបាយឡើងវិញក្រោមច្បាប់នេះទេ។
«មែនទែនទៅខ្ញុំគ្មានសិទ្ធិអីទៅសុំ ហើយក៏ខ្ញុំគ្មានទោសអីដែរ អីចឹងគាត់ចង់ដាក់គាត់ចង់ដកស្រេចតែចិត្តគាត់។ ប៉ុន្តែសំខាន់គោលបំណងរបស់យើង គឺយើងចង់ឱ្យដោះលែងលោកកឹម សុខា ដែលជាប្រធានរបស់យើង។ ចង់ឱ្យស្តារនីតិសម្បទានមកគណបក្សរបស់យើងវិញ សុំឱ្យក្រុមប្រឹក្សាឃុំសង្កាត់របស់យើង៥០០៧នាក់ហ្នឹងចូលទៅកាន់ការងាររបស់គេឡើងវិញ។ អីចឹងខ្ញុំអត់មានទោសអីមានពៃរ៍អីទេ»។
លោក អ៊ុង ឫទ្ធី ប្រធានសាខាគណបក្សសង្គ្រោះជាតិអាមេរិក បានស្វាគមន៍លោកឡុង រី និងអ្នកស្រីជា សុគន្ធានី ហើយបានបញ្ជាក់ថា ក្រុមអ្នកគាំទ្រនៅក្រៅប្រទេសបានរៀបចំយុទ្ធសាស្រ្តដើម្បីឱ្យមានសកម្មភាពបន្ថែមទៀត។
«លោកឡុង រី និងគ្រួសាររបស់គាត់ ខ្ញុំគិតថា ជាសកម្មជនពិសេស ជាពិសេសលោកឡុង រី គឺជាអ្នកធ្វើការយ៉ាងជិតស្និទជាមួយនឹងថ្នាក់ដឹកនាំយើងខាងក្នុងប្រទេស ម្ល៉ោះហើយគាត់ដឹងថាស្ថាប័នណាដែលសកម្ម។ គាត់ស្គាល់សកម្មជនយើងទាំងអស់នៅក្នុងប្រទេស ម្ល៉ោះហើយយើងនឹងធ្វើការជាមួយគាត់ ដើម្បីរៀបចំទំនាក់ទំនងក្នុងប្រទេសឱ្យរឹតតែរឹងមាំ»។
រីឯសហគមន៍អន្តរជាតិដែលមានដូចជាសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានព្រមានពីការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ប្រសិនបើកម្ពុជាមិនដោះលែងលោក កឹម សុខា និងកែប្រែស្ថានការណ៍នយោបាយឱ្យមកដូចដើមវិញទេ។ សហភាពអឺរ៉ុបកំពុងដំណើរការដកឋានៈអនុគ្រោះពន្ធនាំចូល«គ្រប់មុខទំនិញលើកលែងតែសព្វាវុធ» ដែលកម្ពុជាទទួលបាន៕