ក្រុមមន្ត្រីគណបក្សសង្គ្រោះជាតិ និងក្រុមអ្នកសង្កេតការណ៍នយោបាយ បាននិយាយថាគោលដៅរួមនៃការតស៊ូនយោបាយទល់នឹងគណបក្សកាន់អំណាច ហើយនឹងផលប្រយោជន៍ជាតិស្របនឹងពាក្យដែលហៅថាក្រុមប្រជាធិបតេយ្យនោះ ទំនងជានឹងធ្វើឲ្យការប្រះឆាផ្ទៃក្នុងគណបក្សសង្គ្រោះជាតិ បានរួបរួមគ្នាវិញក្នុងពេលខាងមុខ។
គណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរំលាយ កំពុងតស៊ូលើឆាកអន្តរជាតិឲ្យមានការគាំទ្រនយោបាយរបស់ខ្លួនផង តស៊ូជាមួយនឹងគណបក្សគ្រប់គ្រងប្រទេសផង ទន្ទឹមគ្នានឹងមានបន្ទុកថ្មី គឺការមិនចុះសម្រុងគ្នាខ្លះដែលត្រូវដោះស្រាយក្នុងពេលលោក សម រង្ស៊ី សហស្ថាបនិកក្រុមជំទាស់ ត្រូវបានក្រុមគាំទ្ររបស់លោកជាច្រើន ជ្រើសរើសលោកកាលពីដើមខែធ្នូ ក្នុងសន្និសីទពិភពលោកមួយ ក្នុងរដ្ឋចរចា សហរដ្ឋអាមេរិក ឲ្យលោកមកដឹកនាំគណបក្សសង្គ្រោះជាតិ ជាប្រធានស្តីទី ពេលលោក កឹម សុខា កំពុងជាប់ឃុំឃាំងក្នុងផ្ទះ។
តែការវិលចូលមកវិញរបស់លោក សម រង្ស៊ី នេះបង្កឲ្យមានមតិផ្ទុយគ្នាកើតឡើង ដោយសារតែមានការលើកឡើងពីក្រុមជិតស្និទ្ធនឹងលោក កឹម សុខា ថាជាការធ្វើផ្ទុយពីលក្ខន្តិកៈនៃគណបក្សសង្គ្រោះជាតិ។
លោក ហ៊ីង សុខសាន្ត មន្ត្រីជំនិតនឹងលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយ បានថ្លែងថា៖
«ធម្មតាទេនៅក្នុងសង្គមប្រជាធិបតេយ្យ ការរកាំរកូស ការខ្វែងគំនិតគ្នាវាជារឿងមួយដែលចៀសមិនផុតទេ តែអ្វីដែលយើងរក្សាបាននោះ គឺយើងមិនចង់ឲ្យមានការបែកបាក់ពីព្រោះគណបក្សសង្គ្រោះជាតិរឹងមាំមកដល់ពេលនេះ គឺតម្កល់លើអ្វីដែលមានការសាមគ្គីភាព»។
លោកបានអះអាងបន្តថា៖
«ហើយយើងបានស្គាល់ច្បាស់ណាស់បែកបាក់ គឺចាញ់ និងបរាជ័យ ហើយទាល់តែយើងមានការសាមគ្គីបានយើងទទួលបានជោគជ័យ»។
ទោះជាយ៉ាងណាលោក ហ៊ីង សុខសាន្ត បានរ៉ាយរ៉ាប់ថា លោក កឹម សុខា ទទួលរងគ្រោះឌុបពីគណបក្សកាន់អំណាចផង និងភាគីជាដៃគូគ្នាឯង ដែលប្រមាថចំពោះការដែលលោក កឹម សុខា កំពុងតស៊ូនយោបាយដើម្បីធ្វើការផ្លាស់ប្តូរ។ លោកថា លោកមិនគាំទ្រការធ្វើសន្និសីទដែលប្រាសចាកនឹងលក្ខន្តិកៈគណបក្ស និងយកសេរីភាពលោក កឹម សុខា ទៅភ្នាល់ជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែរ។
លោក ជា មាស មន្ត្រីគណបក្សសង្គ្រោះជាតិ ប្រចាំរដ្ឋភេស៊ីលវីនៀ បានថ្លែងជំទាស់ទៅនឹងការរៀបចំថ្មីៗ ហើយចង់ឃើញការបញ្ឈប់ការធ្វើសកម្មភាពរបស់ក្រុមមន្ត្រីគណបក្សសង្គ្រោះជាតិដ៏ទៃដែលមិនស្របទៅនឹងលក្ខន្តិកៈគណបក្សដើម្បីឲ្យគណបក្សមានការរួបរួមគ្នា។
«អស់លោក ឥស្សរជនគណបក្សហ្នឹង ឲ្យគាត់មើលលក្ខន្តិកៈនិងធ្វើតាមបទបញ្ជាតាមលក្ខន្តិកៈដើម្បីយើងរក្សាកម្លាំងសាមគ្គីជាតិខ្មែរយើងបានយូរអង្វែង ព្រោះយើងធ្វើគណបក្សដើម្បីយើងឈានទៅរកការផ្លាស់ប្តូរក្នុងរបបបច្ចុប្បន្ននេះ»។
លោក ជា មាស រំពឹងថា ការរង់ចាំ២៥ឆ្នាំហើយ គណបក្សនេះត្រូវរង់ចាំបន្តិចទៀតក៏មិនអីដែរ ដោយលោករំពឹងថា គណបក្សសង្គ្រោះជាតិនឹងមានវិធីសាស្ត្រចរចាជាមួយនឹងសហគមន៍អន្តរជាតិ និងគណបក្សគ្រប់គ្រងប្រទេស។
ក្រុមន្ត្រីសង្គ្រោះជាតិបានអះអាងថា ជាការងាយស្រួលក្នុងការរកដំណោះស្រាយគឺភាគីទាំងអស់គោរពលក្ខន្តិកៈគណបក្ស ជជែកគ្នា គោរពសិទ្ធិគ្នាទៅវិញទៅមក បញ្ឈប់ការវាយប្រហារ និងលាបពណ៌គ្នា។
លោក តាន់ វិបុល អ្នកតាមដានស្ថានការណ៍នយោបាយកម្ពុជាម្នាក់មកពីរដ្ឋវីជីនៀបានអះអាងពី សុទិដ្ឋិនិយមរបស់លោកថា ភាគីទាំងសងខាងនឹងផ្លាស់ប្តូរគំនិត ហើយបែរមកត្រូវគ្នាវិញ។
«សង្ឃឹមថាការប្រះឆារវាងផ្ទៃក្នុងហ្នឹង នឹងអាចរួបរួមគ្នាបាននៅក្នុងរយៈពេលដ៏ខ្លី នៅពេលណាអ្នកទាំងអស់គ្នាយល់ចិត្តគ្នា។ ឥឡូវហ្នឹងដែលខ្ញុំសង្កេតឃើញគឺមិនយល់គ្នាទេ មិនមានជារឿងអីធំដុំ ដែលចូលគ្នាមិនបានទេ»។
លោកថ្លែងយ៉ាងដូច្នេះ ដោយយោងថា វាជាផលវិបាកសម្រាប់គណបក្សជំទាស់ក្នុងការប្រកួតប្រជែងជាមួយគណបក្សកាន់អំណាច បើគ្មានការចុះសម្រុងគ្នា។ តែលោក សម រង្ស៊ី ដែលត្រូវជ្រើសតាំងជាប្រធានស្តីទីបានអះអាងពីសារៈសំខាន់នៃការរួបរួមគ្នា។
«ឯកភាពគ្នា ការរួបរួមគ្នា ជាធ្លុងមួយគឺជាលក្ខខណ្ឌចាំបាច់ ដើម្បីឲ្យគណបក្សសង្គ្រោះជាតិទទួលជ័យជម្នះលើគណបក្សលោក ហ៊ុន សែន។ អីចឹងហើយសូមរំលឹកហើយសូមចងចាំទាំងអស់គ្នា ជំហររបស់យើងគឺសម រង្ស៊ី និងកឹម សុខា ជាមនុស្សតែមួយទេ។ អ្នកណាវាយប្រហារកឹម សុខា ដូចវាយប្រហារសម រង្ស៊ី អ្នកវាយប្រហារសម រង្ស៊ី ដូចវាយប្រហារកឹម សុខា»។
លោក សម រង្ស៊ី បានទទូចដល់អ្នកគាំទ្រនិងសមាជិករបស់សង្គ្រោះជាតិកុំឲ្យចូលអន្ទាក់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
មេដឹកនាំក្រុមជំទាស់បច្ចុប្បន្ន មានបទពិសោធន៍និងឆ្លងកាត់បទពិសោធន៍ដូចគ្នាចំពោះការបំបែកបក្ស ប្តូរឈ្មោះគណបក្ស បក្សប្រហារនិងការមិនអាចយកជ័យជម្នះបានលើគណបក្សកាន់អំណាចរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ។ លោក កឹមសុខា ជាអតីតមន្ត្រីគណបក្សលោក សឺន សាន ដែលមានកេរ្តិ៍ឈ្មោះល្អក្នុងសង្គមបានទទួលអាសនៈ១០ ក្នុងពេលបោះឆ្នោត អាណត្តិទី១ ហើយលោក សម រង្ស៊ី ជាអតីតមន្ត្រីគណបក្សហ៊្វុនស៊ីនប៉ិចដែលមានអាសនៈដល់ទៅ៥៨ កាន់កាប់រដ្ឋាភិបាលចម្រុះជាមួយគណបក្សប្រជាជនកម្ពុជា។
តែគណបក្សទាំងពីរត្រូវធ្លាក់សំឡេងឆ្នោតក្រោមដៃ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលគេចាត់ទុកថា ជាបុរសខ្លាំងកម្ពុជាគឺមានល្បិចកលនយោបាយច្រើនក្នុងការផ្តួលគូប្រជែងនយោបាយឲ្យរលាយគណបក្សនានា ឬឈានដល់សូន្យអាសនៈ ជាបន្តបន្ទាប់ ជាច្រើនអាណត្តិចាប់តាំងពីការបោះឆ្នោតអាណត្តិទី១ក្នុងឆ្នាំ១៩៩៣មក។
តែចំពោះលោកគុជ ច័ន្ទលី អ្នកវិភាគក្នុងរដ្ឋម៉ារីឡែនវិញ លោកបានអះអាងថា មានវិធីដដែលៗដែលត្រូវគេប្រើប្រាស់។ នៅពេលរាជរដ្ឋាភិបាលកម្ពុជា មានសម្ពាធច្រើនពីបរទេស និងប្រជាពលរដ្ឋខ្លួនឯង គេនឹងដោះលែងលោកកឹម សុខា ឲ្យលោក សម រង្ស៉ី ចូលស្រុកវិញដើម្បីបន្ធូរស្ថានការណ៍តានតឹង ក្នុងន័យបង្រួបបង្រួម ផ្សះផ្សាជាតិតែគេនឹងធ្វើបញ្ហានេះម្តងទៀតពេលណារឿងរ៉ាវស្ងប់ស្ងាត់ទៅវិញ។
«ធ្វើនយោបាយបែបនេះជាការបណ្តោះអាសន្ន មួយរយៈតូចទេ ពីព្រោះជំងឺ ពីព្រោះបញ្ហាដែលកើតមានក្នុងផ្ទៃនយោបាយនៃព្រះរាជាណាចក្រកម្ពុជាវានៅតែមានអីចឹងហើយកាលណាគេប្រើវប្បធម៌សន្ទនាដោះស្រាយបញ្ហាហ្នឹងបានមួយរយៈហើយប្រជាពលរដ្ឋស្ងប់ស្ងាត់ហើយ គណបក្សប្រឆាំងស្ងប់ស្ងាត់ហើយ គឺអ្វីដែលមានចែងក្នុងមាតិកានយោបាយនៃគណបក្សប្រជាជន គេនឹងចាប់ផ្តើមសើរើសារឡើងវិញធ្វើម្តងទៀត ធ្វើសារជាថ្មីដូចជាគេធ្លាប់បានធ្វើ»។
លោក ច័ន្ទលី បានសង្កត់ធ្ងន់ថា៖
«ពីព្រោះថានយោបាយ ការទាញបញ្ចូលគណបក្សប្រឆាំងទៅស្រុកខ្មែរវិញក្តីគ្រាន់តែជាវិធី ធ្វើឲ្យប្រជាពលរដ្ឋខ្មែរស្ងប់ស្ងាត់មួយរយៈដើម្បីដោះស្រាយបញ្ហាខ្លួនគេផ្ទាល់ខ្លួនគេតែប៉ុណ្ណឹងឯង មិនមែនជាការដោះស្រាយពិតប្រាកដសម្រាប់វាសនា អនាគតនៃប្រទេសជាតិរបស់យើងទេ»។
លោក ហ៊ីង សុខសាន្ត នៃគណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយ បានដាក់ជំនឿរបស់លោកទៅលើគណបក្សជំទាស់ដ៏ខ្លាំង និងរឹងមាំមួយដើម្បីជួយកែតម្រង់ការដឹកនាំរដ្ឋរបស់គណបក្សកាន់អំណាច ដើម្បីពលរដ្ឋ និងសង្គម។
«ដូច្នេះបើយើងអត់មានគណបក្សប្រឆាំងមួយខ្លាំងទេ គឺគណបក្សកាន់អំណាចនឹងជិះសេះលែងដៃហើយម៉្យាងទៀតប្រជាពលរដ្ឋហ្នឹង នឹងទទួលបានផលតិចតួចណាស់ពីការដឹកនាំជាតិពីរដ្ឋាភិបាល។ ដូច្នេះ វាចាំបាច់ណាស់នៅក្នុងសង្គមប្រជាធិបតេយ្យគឺត្រូវតែមានគណបក្សប្រឆាំងមួយដ៏រឹងមាំ ហើយខ្លាំងក្លា មានការឯកភាពគ្នាហើយឈានទៅរកទៅប្រកួតប្រជែងមួយដោយស្មើភាព ស្មើមុខ ស្មើមាត់ជាមួយគណបក្សកាន់អំណាច»។
សហភាពអឺរ៉ុបនិងសហរដ្ឋអាមេរិកកំពុងសិក្សាការព្យួរការអនុគ្រោះពន្ធ និងរៀបចំច្បាប់ដាក់ទណ្ឌកម្មនានាដល់បុគ្គល និងរដ្ឋាភិបាលគណបក្សគ្រប់គ្រងប្រទេសក្រោយពេលដែលមានការបង្រ្កាបលើអ្នករិះគន់រដ្ឋាភិបាល អង្គការសង្គមស៊ីវិល ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងការរំលាយបក្សសង្គ្រោះជាតិដែលជាគូប្រជែងដ៏ធំរបស់គណបក្សប្រជាជនកម្ពុជារបស់លោក ហ៊ុន សែន មុនការបោះឆ្នោតកាលពីខែកក្កដាឆ្នាំ២០១៨។
ក្រុមប្រទេសមហាអំណាចបានព្រមានឲ្យមេដឹកនាំនយោបាយកម្ពុជាដោះស្រាយបញ្ហាតានតឹងនយោបាយ ហើយស្តារស្ថានការណ៍នយោបាយឡើងវិញដើម្បីបញ្ចៀសទណ្ឌកម្មដែលអាចប៉ះពាល់ដល់ជីវភាពពលរដ្ឋនិងសេដ្ឋកិច្ចសង្គម៕