ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកនាំ​ពាក្យរដ្ឋាភិបាល​បង្ហើប​ថា ​លោក​សម រង្ស៊ី​គួរ​សម្រួល​ឥរិយាបថ​សម្រាប់​វប្បធម៌​សន្ទនា​ឡើង​វិញ​


នាយករដ្ឋ​មន្រ្តី​ហ៊ុន សែន និយាយ​ជាមួយ​មេដឹកនាំ​គណបក្ស​ប្រឆាំង​លោក​សម រង្ស៊ី កាលពី​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ២០១២។

មិនបាន​ប៉ុន្មានថ្ងៃ​ក្រោយ​ពីសភា​ឯកបក្ស​របស់លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​អនុម័ត​វិសោធន​កម្ម​ច្បាប់​កាលពី​ថ្ងៃទី​១៣ ​អនុញ្ញាត​ឲ្យ​អ្នក​នយោបាយប្រឆាំង​អាច​ធ្វើ​នយោបាយ​វិញ​នោះ លោក​ផៃ ស៊ីផាន ​អ្នកនាំ​ពាក្យរដ្ឋាភិបាល​លោក​ហ៊ុន សែន​បាន​បង្ហើប​ប្រាប់​បណ្តាញ​ព័ត៌មាន​ក្នុងស្រុក​ថា ​លោក​សម រង្ស៊ី​គួរ​ប្តូរឥរិយាបថ​មាន​ស៊ីអត់ សែន មានសែន​អត់​ស៊ី ហើយ​វិល​ត្រឡប់​មករក​តុ​ចរចា​វិញ។​

ក្នុងបទ​សម្ភាសន៍​ជាមួយ​វិទ្យុ​វាយោ​ដែល​ត្រូវ​ចែកចាយ​តាម​បណ្តាញសង្គម​ហ្វេសប៊ុក ​លោក​ផៃ ស៊ីផាន​អ្នកនាំពាក្យ​រដ្ឋាភិបាល​ដែល​មាន​ឋានៈ​ស្នើ​រដ្ឋមន្ត្រី​ផង​នោះ ​បាន​និយាយ​ថា​ ក្នុងនាម​ខ្មែរ​ដូចគ្នា មិនមែន​មាន​ឯង​អត់​អញ​ មានអញអត់ឯង​នោះ​ទេ ​ហើយ​ត្រូវ​មក​រក​វប្បធម៌​សន្ទនា​ឡើង​វិញ។ ​លោក​បញ្ជាក់ថា​ វប្បធម៌​សន្ទនា​អាចនឹង​មាន​រូបរាង​បន្ទាប់​ពីការ​ផ្តល់​និតិ​សម្បទា​នេះ​ចូលជា​ធរមាន​តាម​ស្មារតីវិសោធន​កម្ម។​

ទោះជាយ៉ាង​ណាក្តី ​អ្នករិះគន់​រដ្ឋាភិបាលនិយាយ​ថា ​វប្បធម៌​សន្ទនា​ត្រូវ​បរាជ័យ​កន្លង​មក​គឺ​ដោយសារ​រដ្ឋាភិបាល​របស់​គណបក្ស​កាន់​អំណាច​ប្រើ​យុទ្ធសាស្ត្រដក​គូប្រជែង​ដែល​មាន​សំឡេង​ប្រហាក់​ប្រហែល​នឹង​ខ្លួន​ ​មិន​ឲ្យចូល​រួម​ការបោះ​ឆ្នោត​ឆ្នាំ​២០១៨។ ​

លោក​សម​រង្ស៊ី សហ​ស្ថាបនិកគណបក្ស​សង្គ្រោះជាតិបាន​អំពាវនាវ​មិន​ឲ្យ​មន្ត្រី​គណបក្ស​ប្រឆាំង​នេះ​សុំ​លោក​ហ៊ុន សែន​ចូល​ធ្វើ​នយោបាយ​វិញ ដែល​លោក​និយាយ​ថា​ ចូលគ្រាន់​តែបម្រើ​នយោបាយ​លោកលោកហ៊ុន សែន​តែ​ប៉ុណ្ណោះ។

ក្នុង​តំណាក់​កាល​នេះ​ មន្ត្រី​គណបក្ស​សង្គ្រោះជាតិមួយ​ចំនួន​ត្រៀមខ្លួន​ដាក់​ពាក្យទៅ​លោក​ហ៊ុន​សែន ​ដើម្បីសុំ​សិទ្ធិធ្វើ​នយោបាយ។​ លោក​សម រង្ស៊ី​និយាយ​ថា ​ជា​បឋម​រដ្ឋាភិបាល​ត្រូវ​ដោះលែង​លោក​កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ ផ្តល់សម្បទាន​ឲ្យ​គណបក្ស​សង្គ្រោះជាតិជាតិឡើង​វិញ និង​ផ្តល់​អាសនៈ​ដែល​គណបក្សនេះទទួល​បាន​ពីការ​បោះ​ឆ្នោត​កន្លង​មក​និង​រៀបចំការ​បោះឆ្នោត​ឡើង​វិញ៕

សេចក្តីរាយការណ៍ពិសេស

  • VOA Khmer Special Report Section

    សេចក្តីរាយការណ៍ពិសេស

XS
SM
MD
LG