នៅថ្ងៃចន្ទខាងមុខនេះ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាកម្ពុជានឹងបើកការប្រជុំពិនិត្យនិងសម្រេចសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រាថ្មីមួយនៃច្បាប់ស្តីពីគណបក្សនយោបាយ ដែលនឹងអាចបើកផ្លូវឱ្យអតីតមន្ត្រីបក្សជំទាស់ទាំង១១៨រូបបានចូលធ្វើនយោបាយឡើងវិញ។ នេះបើតាមការបញ្ជាក់របស់អគ្គលេខាធិការនៃព្រឹទ្ធសភាកម្ពុជា។
លោក អ៊ុំ សារិទ្ធ អគ្គលេខាធិការនៃព្រឹទ្ធសភាកម្ពុជានិងជាមន្ត្រីអ្នកនាំពាក្យនៃស្ថាប័នធ្វើច្បាប់កំពូលនេះមានប្រសាសន៍ប្រាប់ VOA នៅថ្ងៃសុក្រនេះថា ការពិនិត្យលើសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់គណបក្សនយោបាយត្រង់មាត្រា៤៥ថ្មី (ស្ទួន) នេះ នឹងត្រូវធ្វើឡើងនៅថ្ងៃទី២៤ ខែធ្នូខាងមុខនេះ។
លោក អ៊ុំ សារិទ្ធ សមាជិកព្រឹទ្ធសភារបស់បក្សកាន់អំណាចបានបញ្ជាក់ថា ទោះបីព្រឹទ្ធសភាមានតែសមាជិកស្ទើរតែទាំងអស់មកពីគណបក្សកាន់អំណាចក្តី ក៏ការផ្លាស់ប្តូរយោបល់នឹងកើតមានឡើង ដោយយោងតាមយន្តការនៃដំណើរការប្រជាធិបតេយ្យ។
«ការពិភាក្សាគ្នាតែងតែមានយោបល់ច្រើន មិនមែននេះទេ។ សមាជិកសភាលោកបំពេញ សមាជិកព្រឹទ្ធសភាតួនាទី ភារកិច្ចរបស់លោករៀងខ្លួនៗ អ៊ីចឹង លោកតែងតែមានយោបល់ទៅលើអ្វីដែលបញ្ហាដែលលើកឡើង»។
យោងតាមសេចក្តីជូនដំណឹងរបស់ព្រឹទ្ធសភាចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨នេះ លោកសាយ ឈុំ ប្រធានព្រឹទ្ធសភានឹងធ្វើជាអធិបតីនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍នោះ។ កិច្ចប្រជុំរបស់គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាដដែលនោះ នឹងពិនិត្យនិងសម្រេចលើសំណើរបស់គណៈកម្មការទី៦ ព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រា៤៥ថ្មី(ស្ទួន)នៃច្បាប់ស្តីពីគណបក្សនយោបាយទៅក្នុងរបៀបវារៈនៃសម័យប្រជុំលើកទី២ ព្រឹទ្ធសភា នីតិកាលទី៤។
កាលពីពាក់កណ្តាលខែធ្នូនេះ រដ្ឋសភាឯកបក្សប្រទេសកម្ពុជាបានបោះឆ្នោតអនុម័តសេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មមាត្រា៤៥ថ្មី (ស្ទួន)នៃច្បាប់ស្តីពីគណបក្សនយោបាយដែលគេរំពឹងថា នឹងអាចជួយបើកផ្លូវឱ្យអ្នកនយោបាយនៃបក្សសង្គ្រោះជាតិចំនួន១១៨រូប អាចវិលចូលឆាកនយោបាយឡើងវិញ។
លោក ហ៊ុន សែន ដែលស្ថិតក្នុងអំណាចជាងបីទសវត្សរ៍មកនោះ អះអាងថា វិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយនេះ គឺសម្រាប់គ្រប់បក្សនយោបាយទាំងអស់ ហើយអតីតមន្ត្រីបក្សសង្គ្រោះជាតិត្រូវដាក់លិខិតស្នើមកលោក ដើម្បីទទួលបាននីតិសម្បទាពីព្រះមហាក្សត្រឡើងវិញ ពេលដែលច្បាប់នេះត្រូវដាក់ឱ្យប្រើប្រាស់ ប្រសិនបើពួកគេចង់មានសិទ្ធិធ្វើនយោបាយឡើងវិញ។
លោក សម រង្ស៊ី អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិ ដែលពេលនេះទទួលបានការគំាទ្រពីសមាជិកបក្សប្រឆាំងពីក្រៅប្រទេសឲ្យធ្វើជាប្រធានស្តីទីគណបក្សសង្គ្រោះជាតិនោះ បានទាត់ចោលការចង់បានរបស់លោកហ៊ុន សែន។
លោក សម រង្ស៊ី បានបញ្ជាក់ឲ្យដឹងតាមទំព័រហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី១៩ ខែធ្នូថា មានអ្នកនយោបាយរបស់គណបក្សសង្គ្រោះជាតិ៩៩% នៃសមាជិក១១៨នាក់របស់គណបក្សប្រឆាំងដែលត្រូវបានគេហាមឃាត់មិនឲ្យធ្វើនយោបាយនោះ មិនចុះញ៉មតាមលោក ហ៊ុន សែន ដោយពួកគេបានបដិសេធមិនសុំសិទ្ធិធ្វើនយោបាយវិញពីលោកហ៊ុន សែន។
លោក សម រង្ស៊ី បានសរសេរក្នុងន័យដើមថា៖
«ខ្ញុំ សម រង្ស៊ីសូមកោតសរសើរមន្ត្រីគណបក្សសង្គ្រោះជាតិ ចំនួន៩៩ភាគរយ លើ១១៨នាក់ ដែលបានប្តេជ្ញាចិត្តមិនទៅសុំសិទ្ធិធ្វើនយោបាយវិញ ពីជនផ្តាច់ការ ហ៊ុន សែន។ ការផ្តល់សិទ្ធិធ្វើនយោបាយតទៅទៀត ជូនទៅមន្ត្រីគណបក្សសង្គ្រោះជាតិទាំងអស់ និងការទម្លាក់ចោលនូវរាល់ការចោទប្រកាន់ មកលើមន្ត្រីគណបក្សប្រឆាំងទាំងអស់នោះ គឺជាការទាមទារមួយរបស់សហភាពអឺរ៉ុប»។
លោកសម រង្ស៊ី បានបន្ថែមថា៖
«ដូច្នេះមន្ត្រីគណបក្សសង្គ្រោះជាតិ ទាំង១១៨រូបនឹងទទួលបានសិទ្ធិធ្វើនយោបាយតទៅទៀត ដោយមិនចាំបាច់ធ្វើថោក ទៅសុំសិទ្ធិនោះពី ហ៊ុន សែន ដែលកំពុងតែភ័យស្លន់ស្លោពីទណ្ឌកម្មពាណិជ្ជកម្មពីសហភាពអឺរ៉ុប»។
លោក អ៊ុំ សារិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាយល់ថា ការកែប្រែច្បាប់ស្តីពីគណបក្សនយោបាយនេះនឹងបន្តទៅមុខ ទោះជាមានការរិះគន់ពីលោកសម រង្ស៊ី ក៏ដោយ។ លោកថា សេចក្តីព្រាងច្បាប់នេះ ក៏នឹងមិនផ្តល់សិទ្ធិអំណាចបន្ថែមទៅដល់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន នោះដែរ។
«ការរៀបចំក្របខណ្ឌច្បាប់ ដើម្បីឲ្យមានមូលដ្ឋានក្នុងការលើកលែងទោសចំពោះអ្នកណាដែលអនុវត្តត្រឹមត្រូវតាមច្បាប់ ដូច្នេះយើងពិចារណាលើរឿងច្បាប់ទេ មិនមែនរឿង[អំណាច] អ្នកណាមានអំណាច អត់អំណាចអីនោះទេ មិនមែនចឹង។ យើងចង់ឲ្យមានច្រកចេញសម្រាប់ បន្ធូរបន្ថយ ការអនុវត្តន៍ច្បាប់ចំពោះករណីបុគ្គលខ្លះ ដែលអនុវត្តច្បាប់បានល្អត្រឹមត្រូវ»។
កាលពីឆ្នាំ២០១៧ តុលាការកំពូលប្រទេសកម្ពុជាបានដកហូតសិទ្ធិធ្វើនយោបាយរយៈពេលប្រាំឆ្នាំពីក្រុមមន្ត្រីគណបក្សសង្គ្រោះជាតិចំនួន១១៨នាក់ ហើយតុលាការដដែលនេះ ក៏បានរំលាយគណបក្សនេះចោល។
តុលាការកំពូលបានដកសិទ្ធិធ្វើនយោបាយរបស់ក្រុមមន្ត្រីទាំងនេះ និងរំលាយគណបក្សប្រឆាំងចោល ដោយសំអាងថា គណបក្សនេះបានឃុបឃិតជាមួយរដ្ឋបរទេសប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់។
ការដកហូតសិទ្ធិនយោបាយ និងរំលាយគណបក្សសង្គ្រោះជាតិនេះបាននាំឱ្យគណបក្សប្រជាជនកម្ពុជា ឈ្នះដោយរលូនក្នុងការបោះឆ្នោតជាតិខែកក្កដា ឆ្នាំ២០១៨។ ការណ៍នេះបានធ្វើឱ្យកម្ពុជារងការរិះគន់ និងសម្ពាធយ៉ាងខ្លាំងពីបស្ចិមប្រទេសដែលបានបន្តទាមទារឱ្យបើកលំហសិទ្ធិសេរីភាព និងការធ្វើនយោបាយឡើងវិញសម្រាប់មន្ត្រីគណបក្សប្រឆាំង ដែលទទួលបានការគាំទ្រជាង៤០ភាគរយនៅក្នុងការបោះឆ្នោតពីរលើកចុងក្រោយ គឺការបោះឆ្នោតជាតិឆ្នាំ២០១៣ និងការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០១៧៕