ទោះបីលោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ស្វះស្វែងរករដ្ឋាភិបាលក្រុងប៉េកាំងជួយពីបញ្ហាប្រទេសកូរ៉េខាងជើងក៏ដោយ លោកប្រធានាធិបតី ត្រាំ មានផែនការចុះហត្ថលេខាលើបទបញ្ជាប្រធានាធិបតីសើ្នសុំឲ្យការិយាល័យពាណិជ្ជកម្មរបស់លោកពិចារណាពីការស៊ើបអង្កេតលើប្រទេសចិនលើបទចោទប្រកាន់ពីការលួចបច្ចេកវិទ្យានិងកម្មសិទ្ធិបញ្ញា។ នេះបើតាមការបញ្ជាក់របស់មន្រ្តីរដ្ឋាភិបាលសហរដ្ឋអាមេរិកកាលពីថ្ងៃសៅរ៍ ដែលទីភ្នាក់ងារព័ត៌មានបារាំង AFP បានរាយការណ៍។
វិធានការនេះត្រូវគេរំពឹងនឹងធ្វើឡើងនៅថ្ងៃចន្ទ ក៏ប៉ុន្តែ វាមិនមែនជាការភ្ញាក់ផ្អើលសម្រាប់រដ្ឋាភិបាលក្រុងប៉េកាំងទេ។ មិនមានពេលកំណត់ដើម្បីធ្វើការសម្រេចថាតើការស៊ើបអង្កេតជាការចាំបាច់ឬទេ។ ការស៊ើបអង្កេតបែបនេះអាចធ្វើបានយ៉ាងស្រួលកាលពីឆ្នាំទៅ។
នៅក្នុងការនិយាយទូរស័ព្ទកាលពីថ្ងៃសុក្រ លោកប្រធានាធិបតី ត្រាំ បានសរសើរប្រធានាធិបតីចិន ស៊ី ជីងពីង ចំពោះការគាំទ្រការបោះឆ្នោតកាលពីពេលថ្មីៗនេះដើម្បីដាក់ទណ្ឌកម្មកាន់តែខ្លាំងឡើងលើប្រទេសកូរ៉េខាងជើង ហើយមេដឹកនាំទាំង២បានបញ្ជាក់ឡើងវិញនូវការតាំងចិត្តរបស់ខ្លួនដើម្បីធ្វើឲ្យឧបទ្វីបកូរ៉េគ្មានអាវុធនុយក្លេអ៊ែ។
ក៏ប៉ុន្តែ យោងតាមមន្រ្តីសហរដ្ឋអាមេរិក២រូបដែលបានដឹងពីការនិយាយតាមទូរស័ព្ទនេះនិយាយថា៖ «លោកប្រធានាធិបតីត្រាំក៏បានប្រាប់ប្រធានាធិបតីស៊ីអំពីចំណាត់ការឆ្ពោះទៅកាន់លទ្ធភាពនៃការស៊ើបអង្កេតពីការធ្វើពាណិជ្ជកម្មរបស់ចិន។ មន្រ្តីទាំងនោះនិយាយថា ពួកគេមិនត្រូវបានអនុញ្ញាតឲ្យពិភាក្សាជាសាធារណៈអំពីការនិយាយទូរស័ព្ទឯកជននោះទេហើយសុំនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ។
លោកប្រធានាធិបតីត្រាំចង់ឲ្យពួកមន្រ្តីរដ្ឋាភិបាលពិនិត្យមើលការធ្វើពាណិជ្ជកម្មរបស់ចិនដែលបង្ខំឲ្យក្រុមហ៊ុនអាមេរិកាំងចែករំលែកកម្មសិទ្ធបញ្ញារបស់ខ្លួនដើម្បីបានចូលទីផ្សាររបស់ចិនដែលមានសេដ្ឋកិច្ចធំទី២ក្នុងពិភពលោកបន្ទាប់ពីសហរដ្ឋអាមេរិកនោះ៕