ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ហេតុ​អ្វី​បាន​ជា​អ្នក​រត់​គេច​ពី​កូរ៉េ​ខាង​ជើង​ទៅ​កូរ៉េ​ខាង​ត្បូង​ត្រឡប់​ទៅ​កាន់​ប្រទេស​កូរ៉េ​ខាង​ជើង​វិញ?


ស្ត្រី​ឈ្មោះ Lim Ji-Hyun ដែល​រត់​គេច​ពី​កូរ៉េ​ខាង​ជើង និង​ធ្លាប់​បាន​លេច​មុខ​តាម​កញ្ចក់​ទូរទស្សន៍​កូរ៉េ​ខាង​ត្បូង​ជា​ច្រើន​លើក ក្នុង​នាម​ជន​ភៀស​ខ្លួន បាន​ផ្តល់​បទ​សម្ភាស​ន៍​ដល់ទូរទស្សន៍​កូរ៉េ​ខាង​ជើង។ (រូបថត​ចេញពី​វីដេអូ​សម្ភាសន៍ កាល​ពី​ថ្ងៃទី​១៩ កក្កដា ២០១៧)
ស្ត្រី​ឈ្មោះ Lim Ji-Hyun ដែល​រត់​គេច​ពី​កូរ៉េ​ខាង​ជើង និង​ធ្លាប់​បាន​លេច​មុខ​តាម​កញ្ចក់​ទូរទស្សន៍​កូរ៉េ​ខាង​ត្បូង​ជា​ច្រើន​លើក ក្នុង​នាម​ជន​ភៀស​ខ្លួន បាន​ផ្តល់​បទ​សម្ភាស​ន៍​ដល់ទូរទស្សន៍​កូរ៉េ​ខាង​ជើង។ (រូបថត​ចេញពី​វីដេអូ​សម្ភាសន៍ កាល​ពី​ថ្ងៃទី​១៩ កក្កដា ២០១៧)

ស្ត្រី​ជនជាតិ​កូរ៉េ​ម្នាក់​បាន​រត់​ចេញ​ពី​ប្រទេស​កូរ៉េ​ខាង​ជើង និង​បាន​កសាង​ជីវិត​ថ្មី​​​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង ហើយ​បន្ទាប់​មក​បាន«ត្រឡប់​ទៅ​កាន់​ប្រទេស​កូរ៉េ​ខាង​ជើង» ​រយៈ​ពេល ៣ ឆ្នាំ​ក្រោយ​មក។ ករណី​នេះ​បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​កូរ៉េ​ខាង​ត្បូង​មាន​ការ​ងឿង​ឆ្ងល់​ថា ហេតុ​អ្វី​បាន​ជា​ស្ត្រី​រូប​នេះ​ត្រឡប់​ទៅ​កាន់​ប្រទេស​ផ្ដាច់ការ​ដែល​ខ្លួន​បាន​គេច​ចេញ​ទៅ​វិញ។

ស្ត្រី​ជនជាតិ​កូរ៉េ​ម្នាក់​បាន​រត់​ចេញ​ពី​ប្រទេស​កូរ៉េ​ខាង​ជើង និង​បាន​កសាង​ជីវិត​ថ្មី​របស់​ខ្លួន​ដោយ​ធ្វើ​ជា​ពិធីការនី​ទូរទស្សន៍​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង ហើយ​បន្ទាប់​មក​បាន«ត្រឡប់​ទៅ​កាន់​ប្រទេស​កូរ៉េ​ខាង​ជើង» ដែល​ជា​ប្រទេស​កុម្មុយនិស្ត​វិញ ក្នុង​រយៈ​ពេល ៣ ឆ្នាំ​ក្រោយ​មក។ ករណី​នេះ​បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​កូរ៉េ​ខាង​ត្បូង​មាន​ការ​ងឿង​ឆ្ងល់​ថា ហេតុ​អ្វី​បាន​ជា​ស្ត្រី​រូប​នេះ​ត្រឡប់​ទៅ​កាន់​ប្រទេស​ផ្ដាច់ការ​ដែល​ខ្លួន​បាន​គេច​ចេញ​ទៅ​វិញ។

ប៉ូលិស​កូរ៉េ​ខាង​ត្បូង កំពុង​ព្យាយាម​កំណត់​មូលហេតុ​ឲ្យ​ច្បាស់​ថា​តើ​នាង Lim Ji Hyun ត្រូវ​គេ​ចាប់​ពង្រត់​កាល​ពី​ខែ​មេសា​កន្លង​ទៅ​នេះ ឬ​យ៉ាង​ណា​នោះ នៅ​ពេល​នាង​ធ្វើ​ដំណើរ​ពី​ទីក្រុង​សេអ៊ូល​ទៅ​កាន់​ប្រទេស​ចិន ហើយ​បន្ទាប់​មក​ក៏​បាន​បាត់​ខ្លួន។ វីដេអូ​មួយ​ខ្សែ​ដែល​មាន​បង្ហាញ​រូប​នាង ត្រូវ​បាន​ផ្សព្វផ្សាយ​កាលពី​ខែ​កក្កដា​កន្លង​ទៅ​នេះ នៅ​លើ​វិបសាយ Uriminzokkiri ដែល​ជា​វិបសាយ​ផ្លូវការ របស់​ប្រទេស​កូរ៉េ​ខាង​ជើង។ នៅ​ក្នុង​វីដេអូ​នោះ នាង​បាន​និយាយ​ថា ជីវិត​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង ដែល​ជា​ប្រទេស​មូលធន​និយម ប្រៀប​បី​ដូច​ជា«ការ​រស់​នៅ នៅ​ក្នុង​ឋាន​នរក»។

នាង Lim Ji Hyun ដែល​នា​ពេល​បច្ចុប្បន្ន​នេះ​បាន​ប្រកាស​ពី​អត្តសញ្ញាណ​របស់ខ្លួន​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ជើងថា​ឈ្មោះ Jeon Hye Song បាន​និយាយ​ថា៖ «គំនិត​ខុស​ឆ្គង​មួយ» ដែល​គិត​ថា នាង​អាច​រក​ចំណូល​បាន​យ៉ាង​ច្រើន​នោះ បាន​ជំរុញ​ឲ្យ​នាង​រត់គេច​ទៅ​កាន់​ប្រទេស​កូរ៉េ​ខាង​ត្បូង កាល​ពី​ខែ​មករា ឆ្នាំ ២០១៤។ ប៉ុន្តែ​នាង​បាន​និយាយ​នៅ​ក្នុង​ខ្សែ​វីដេអូ​របស់​កូរ៉េ​ខាង​ជើង​នោះ​ថា ធាតុ​ពិត​គឺ​ខុស​ស្រឡះ ហើយ​នាង​ត្រូវ​ធ្វើ​ការ​នៅ​តាម​បារ​ស៊ី​ផឹក ដើម្បី​បាន​រស់។

ការ​ចេញ​មុខ​នៅ​លើ​កញ្ចក់​ទូរទស្សន៍ និង​ការមាន​តួនាទី​ជា​តារា​នៅ​ក្នុង​កម្មវិធី​កម្សាន្ត បាន​ធ្វើ​ឲ្យ​នាង​ Lim Ji Hyun មាន​ភាព​ល្បី​ល្បាញ​នៅ​កូរ៉េ​ខាង​ត្បូង ប៉ុន្តែ​នៅ​ពេល​នេះ នាង​និយាយ​ថា នាង​បាន​រស់​នៅ​ក្នុង​ការ​ឈឺ​ចាប់​ទាំង​ផ្លូវ​កាយ និង​ផ្លូវ​ចិត្ត។​

តើ​នាង​ត្រឡប់​ទៅ​កូរ៉េ​ខាង​ជើង​វិញដោយ​ស្ម័គ្រ​ចិត្ត​ឬ​យ៉ាង​ណា?​

ស្ថិត​នៅ​ទី​តាំង​ថ្មី​ដែល​មាន​ភាព​ស៊ាំ​រួច​មក​ហើយ​របស់​នាង​នៅ​កូរ៉េ​ខាង​ជើង នាង Lim Ji Hyun បាន​បរិហារ​ប្រទេស​កូរ៉េ​ខាង​ត្បូង និង​ទូរទស្សន៍ Chosun ដែល​បាន​ផលិត​កម្ម​វិធី​ស្ដី​ពី​អ្នក​រត់​គេច​ពី​ប្រទេស​កូរ៉េ​ខាង​ជើង​នានា ដែលរូបនាង​ផ្ទាល់​ក៏​មាន​បង្ហាញ​នៅ​ក្នុង​កម្មវិធី​នោះ​ផង​ដែរ។ ទោះជា​យ៉ាង​នេះ​ក្ដី សាធារណជន​កូរ៉េ​ខាង​ត្បូង​នៅ​តែ​មាន​ការ​ចាប់​អារម្មណ៍​ចង់​ដឹង​អំពី​នាង​យ៉ាង​ខ្លាំង​ដោយ​មាន​ចម្ងល់​ថា តើ​នាង​ត្រឡប់​ទៅ​កាន់​ប្រទេស​កូរ៉េ​ខាង​ជើង​វិញ​ដោយ​ស្ម័គ្រ​ចិត្ត​ឬ​ក៏​យ៉ាង​ណា​នោះ។

អ្នក​រត់​គេច​ពី​ប្រទេស​កូរ៉េ​ខាង​ជើង​ម្នាក់​ទៀត ឈ្មោះ Kim Ji Young ដែល​បាន​បង្ហាញ​មុខ​ជាមួយ​នាង​ ​Lim Ji Hyun នៅ​ក្នុង​កម្មវិធី​សម្ដែង Moranbong Club ដែរ​នោះ មិន​គិត​ដូច​នេះ​នោះ​ទេ។

អ្នកស្រី Kim Ji Young បាន​ប្រាប់ VOA ភាសា​កូរ៉េ​ថា អ្នក​រត់​គេច​ពី​កូរ៉េ​ខាង​ជើង​មក​កាន់​កូរ៉េ​ខាង​ត្បូង​មួយ​ចំនួន​កាល​ពី​ពេល​មុនបាន​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ធ្ងន់ធ្ងរ​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង ហើយ​បាន​សម្រេច​ចិត្តត្រឡប់​ទៅ​ប្រទេស​កូរ៉េ​ខាង​ជើង​វិញ ដើម្បី​គេច​ចេញពី​ការ​ដាក់​ទោស​ទណ្ឌ។ ប៉ុន្តែ​អ្នក​ដទៃ​ទៀត​ស្ទើរ​តែ​ទាំង​អស់​ដែល​បាន​រសាត់​អណ្ដែត​ទៅ​ដល់​ប្រទេស​កូរ៉េ​ខាង​ជើង​វិញ គឺ​ដោយសារ​ការ​បង្ខិត​បង្ខំ។

អ្នកស្រី Kim Ji Young បាន​និយាយ​ថា៖ «ការ​ត្រឡប់​ទៅ​កាន់​ប្រទេស​កូរ៉េ​ខាង​ជើង​វិញ បន្ទាប់​ពី​បាន​រស់​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង​រួច​មក គឺមាន​គ្រោះ​ថ្នាក់​ជាង​រត់​គេច​ចេញ​ពី​ប្រទេស​កូរ៉េ​ខាង​ជើងទៅ​ទៀត។ វា​ប្រៀប​ដូច​ជា​កាន់​ដប​សាំង​រត់​ចូល​ភ្លើង​អញ្ចឹង»។

តារា​មួយ​រូប​ទៀត​នៅ​ក្នុង​កម្មវិធី​សម្ដែង Moranbong Club ដែល​មាន​ឈ្មោះ​ថា Kim Ka Young ដែល​បាន​រត់​គេច​ចេញ​ពី​ប្រទេស​កូរ៉េ​ខាង​ជើង​ដែរ​នោះ ជឿ​ថា​នាង Lim Ji Hyun ត្រូវ​គេ​ចាប់​ពង្រត់ទៅ​ទីក្រុង​ព្យុងយ៉ាង​វិញ ដោយ​ផ្ទុយ​ពី​ឆន្ទៈ​របស់​នាង។

ស្ត្រី​ឈ្មោះ Lim Ji-Hyun ក្នុង​បទ​សម្ភាសន៍​ជាមួយ​ទូរទស្សន៍​កូរ៉េ​ខាង​ជើង កាល​ពី​ថ្ងៃទី​១៩ ​កក្កដា ២០១៧។
ស្ត្រី​ឈ្មោះ Lim Ji-Hyun ក្នុង​បទ​សម្ភាសន៍​ជាមួយ​ទូរទស្សន៍​កូរ៉េ​ខាង​ជើង កាល​ពី​ថ្ងៃទី​១៩ ​កក្កដា ២០១៧។

អ្នកស្រី Kim Ka Young បាន​និយាយ​ថា៖ «ហេតុ​អ្វី​បាន​ជា​នាង​ទៅ​វិញ​ដោយ​ខ្លួន​ឯង? នាង​ប្រាកដ​ជា​ត្រូវ​បាន​គេ​ចាប់​ពង្រត់​មិន​ខាន។ គ្រប់​ពាក្យ​ពេចន៍​ដែល​នាង​និយាយក្នុង​បទ​សម្ភាសន៍​នោះ ស្ដាប់​ទៅ​ដូច​ជា​មិន​មែន​តាម​ធម្មជាតិ គឺ​ដូចប្រឌិត​ទាំង​ស្រុង»។

ប្រទេស​ចិន​ជា​កន្លែង​គ្រោះ​ថ្នាក់​សម្រាប់​អ្នករត់​គេច​ពី​កូរ៉េ​ខាង​ជើង

បើ​យោង​តាម​អ្នក​រត់​គេច​ពី​ប្រទេស​កូរ៉េ​ខាង​ជើង​ម្នាក់​ទៀត​ឈ្មោះ Kim Kwang Jin ដែល​នា​ពេល​បច្ចុប្បន្ន​នេះ ជា​អ្នក​ស្រាវជ្រាវ​នៅ​វិទ្យាស្ថាន​ដើម្បី​យុទ្ធសាស្ត្រ​សន្តិសុខ​ជាតិ (INSS) ដែល​ឧបត្ថម្ភ​ដោយ​រដ្ឋាភិបាលនៅ​ទីក្រុង​សេអ៊ូល បាន​ឲ្យ​ដឹង​ថា «ពួក​អ្នកវិល​ចូល​ប្រទេស​កូរ៉េ​ខាង​ជើង​វិញ​ដោយ​មិន​ស្ម័គ្រ​បែប​នេះ» ពី​ប្រទេស​ចិន គឺ​មិន​មែន​ជា​រឿង​ប្លែក​នោះ​ទេ។

លោក Kim Kwang Jin បាន​ប្រាប់ VOA ថា៖ «មាន​ករណី​ជា​ច្រើន​ផ្សេង​ទៀត​ដែល​អ្នក​រត់​គេច​ពី​ប្រទេស​កូរ៉េ​ខាង​ជើង ត្រូវ​បាន​ចាប់​ពង្រត់​នៅ​ប្រទេស​ចិន នៅ​ពេល​ដែល​ពួកគេ​ព្យាយាម​ផ្ញើ​លុយ​ទៅ​ឲ្យ​គ្រួសារ​របស់​ពួក​គេ​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ជើង»។

ប្រជាពលរដ្ឋ​កូរ៉េ​ខាង​ជើង​រាប់​ពាន់​នាក់​បាន​ស្វែង​រក​សិទ្ធិ​ជ្រក​កោន​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង ក្នុង​រយៈ​ពេល​មួយ​ទសវត្សរ៍​កន្លង​មក​នេះ ហើយ​នា​ពេល​បច្ចុប្បន្ន​នេះ មាន​អតីត​ប្រជាពលរដ្ឋ​កូរ៉េ​ខាង​ជើង​ជាង ៣ ម៉ឺន ៨ រយ​នាក់ កំពុង​រស់​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង។ ចាប់​តាំង​ពី​ឆ្នាំ ២០១២ មក មាន​ករណី​អ្នក​រត់​គេច​ពី​កូរ៉េ​ខាង​ជើងចំនួន ២៥ ករណី ដែល​បាន​វិល​ត្រឡប់​ទៅ​កាន់​ប្រទេស​កូរ៉េ​ខាង​ជើង​វិញ។ ក្នុង​នោះ​មាន ៥ នាក់​បាន​ដូរ​ចិត្ត ហើយ​រត់​ត្រឡប់​មក​កាន់​ប្រទេស​កូរ៉េ​ខាង​ត្បូង​វិញ​ម្ដង​ទៀត។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​ក្រសួង​បង្រួបបង្រួម​កូរ៉េ​ទាំង​ពីរ​របស់​ប្រទេស​កូរ៉េ​ខាង​ត្បូង។

ក្រសួង​បង្រួបបង្រួម​កូរ៉េ​ទាំង​ពីរ ដែល​បាន​វិភាគ​ទៅ​លើ​សារព័ត៌មាន​របស់​កូរ៉េ​ខាង​ជើង និង​បាន​ផ្អែក​លើ​ប្រភព​ផ្សេងៗ​ទៀត បាន​បញ្ជាក់​ថា ក្រសួង​មិន​អាច​កំណត់​ចំនួន​អ្នក​ដែល​ត្រូវ​បាន​បង្ខំ​ឲ្យ​ត្រឡប់​ទៅ​កាន់​ប្រទេស​កូរ៉េ​ខាង​ជើង​វិញ ថា​មានប៉ុន្មាន​នាក់​នោះ​ទេ បន្ទាប់​ពី​ពួក​គេ​បាន​រត់​គេច​មក​កាន់​ប្រទេស​កូរ៉េ​ខាង​ត្បូង​មក។

អ្នក​រត់​គេច​មក​កាន់​កូរ៉េ​ខាង​ត្បូង​មួយ​ចំនួនជា​អ្នក​ស៊ើប​ការណ៍​សម្ងាត់

លោក Greg Scarlatoiu នាយក​ប្រតិបត្តិ​នៃ​គណៈ​កម្មការ​ដើម្បី​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ជើង​ បាន​និយាយ​ថា មាន​ហេតុ​ផល​ជា​ច្រើន​ដែល​ធ្វើ​ឲ្យ​អ្នក​រត់​គេច​ពី​កូរ៉េ​ខាង​ជើងសម្រេច​ចិត្ត​ត្រឡប់​ទៅ​វិញ។

រូបឯកសារ៖ រូបគំនូរ​និយាយ​ពី​ការ​សម្លាប់​នៅមុខ​មហាជន​នៅ​កូរ៉េ​ខាង​ជើង។
រូបឯកសារ៖ រូបគំនូរ​និយាយ​ពី​ការ​សម្លាប់​នៅមុខ​មហាជន​នៅ​កូរ៉េ​ខាង​ជើង។

លោក Greg Scarlatoiu បាន​ពន្យល់​ថា អ្នក​ខ្លះព្យាយាម​ជួយ​សមាជិក​គ្រួសារ​របស់​ពួក​គេ​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ជើង ប៉ុន្តែ​ពួក​គេ​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ពេល​នោះ។ អ្នក​ខ្លះ​ទៀត បាន​ក្លាយ​ជា​អ្នក​ជឿ​លើ​សាសនា ពេល​ពួក​គេ​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង ហើយ​បាន​ត្រឡប់​ទៅ​កាន់​ប្រទេស​កូរ៉េ​ខាង​ជើង​វិញ ដើម្បី​បញ្ចុះបញ្ចូល​ប្រជាពលរដ្ឋ​កូរ៉េ​ខាង​ជើង​ឲ្យ​ប្ដូរ​សាសនា ប៉ុន្តែ​ត្រូវ​បាន​គេ​ចាប់​ដាក់​ឃុំ។

លោក Greg Scarlatoiu បាន​បន្ថែម​ថា នៅ​មាន​អ្នក​ផ្សេង​ទៀត​ដែល​ជា​ភ្នាក់ងារ​កូរ៉េ​ខាង​ជើង​ ដែល​បាន​ទៅ​កូរ៉េ​ខាង​ត្បូង​ក្នុង​ចេតនាប្រមូល​ព័ត៌មាន​ ហើយ​ក៏​ត្រឡប់​ទៅ​កាន់​ប្រទេស​កូរ៉េ​ខាង​ជើង​វិញ។

អ្នក​ធ្វើ​ការ​ផ្នែក​សិទ្ធិ​មនុស្ស​រូប​នេះ​បាន​និយាយ​បន្ត​ទៀត​ថា អ្នក​រត់​គេច​ចេញ​ពី​កូរ៉េ​ខាង​ជើង​មួយ​ចំនួន​គឺ​ជា «អ្នក​ដែល​មាន​ជីវភាព​លំបាក​ខ្លាំង ហើយ​រស់​នៅ​ដាច់​ឆ្ងាយ​ពី​គេ​ឯង»។ សម្រាប់​អ្នក​ទាំង​នោះ​ បញ្ហា​របស់​ពួក​គេ «មាន​សភាព​លំបាក​ធ្ងន់ធ្ងរខ្លាំង​ពេក ដែល​ធ្វើ​ឲ្យ​ពួក​គេ​មានជម្រើស​តែ​មួយ​គត់​គឺ​ត្រឡប់​ទៅ​កាន់​ប្រទេស​កូរ៉េ​ខាង​ជើង​វិញ»។ លោក Greg Scarlatoiu បាន​ប្រាប់ VOA ថា លោក​ជឿ​ថា នាង Lim Ji Hyun ស្ថិត​ក្នុង​ស្ថានភាព​បែប​នេះ។

អ្នក​រត់​គេច​ពី​កូរ៉េ​ខាង​ជើង​ភាគ​ច្រើន​បាន​ជួប​ប្រទះ​នឹង​ការ​លំបាក នៅ​ពេល​ព្យាយាម​សម្រប​ខ្លួន​ទៅ​នឹង​សង្គម​មួយ​ដែល​មាន​ភាព​ខុស​ប្លែក​ខ្លាំង​ពី​ស្ថានភាព​រឹតត្បិត​យ៉ាង​តឹង​តែង​នៅ​កូរ៉េ​ខាង​ជើង។​

ពលរដ្ឋ​កូរ៉េ​ខាង​ជើង​ប្រឈម​នឹង​ឧបសគ្គ​សង្គម

លោក Kim Kwang Jin មក​ពី​វិទ្យាស្ថាន​ដើម្បី​យុទ្ធសាស្ត្រ​សន្តិសុខ​ជាតិ (INSS) បាន​ប្រាប់ VOA ថា៖ «អ្នក​រត់​គេច​ពី​កូរ៉េ​ខាង​ជើង ជួប​ការ​លំបាកក្នុង​ការ​សម្រប​ខ្លួន​ចូល​ទៅ​ក្នុង​សង្គម​កូរ៉េ​ខាង​ត្បូង និង​ប្រឈម​នឹង​ការ​លំបាក​ដែល​កើត​ចេញ​ភាព​ខុស​គ្នា​ខ្លាំងក្លា​ខាង​ផ្នែក​វប្បធម៌ និង​កម្រិត​នៃ​ការ​អប់រំ។ ខ្ញុំ​អាច​ប្រាប់​អ្នក​បាន​ថា មាន​ករណី​ជា​ច្រើន​ទាក់​ទង​នឹង​ការ​សម្លុត​រក​រឿង​នៅ​តាម​សាលា​រៀន ហើយ​បញ្ហា​នេះ​ពិត​ជា​ប៉ះ​ពាល់​យ៉ាង​ខ្លាំង​ដល់​អ្នក​រត់​គេច​ពី​ប្រទេស​កូរ៉េ​ខាង​ជើង​ដែល​ព្យាយាម​សម្រប​ខ្លួន​ចូល​ក្នុង​សង្គម​កូរ៉េ​ខាង​ត្បូង»។

ការ​រក​ចំណូល​ដើម្បី​ជីវភាព​រស់នៅ​អាច​ជា​បញ្ហា​ចម្បង​មួយ​ទៀត។ ការ​រក​ការងារ​ណា​ដែល​មាន​ភាពឋិតថេរ​ជាប់​លាប់​មិន​មែន​ជា​រឿង​ងាយ​ស្រួល​ទេ​សម្រាប់​អ្នក​រត់​គេច​ពី​ប្រទេស​កូរ៉េ​ខាង​ជើង ដែលមាន​កម្រិត​អប់រំ​ដែល​គេ​មិន​អាច​ទទួល​យក​បាននៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក Kim Sung Kyung សាស្ត្រាចារ្យ​មួយ​រូប​នៅ​សាកល​វិទ្យាល័យ​សិក្សា​ពី​កូរ៉េ​ខាង​ជើង (University of North Korea Studies)។

លោក Joseph Kim ដែល​ជា​អ្នក​ភៀស​ខ្លួន​ជនជាតិ​កូរ៉េ​ខាង​ជើង​ម្នាក់​ដែល​បច្ចុប្បន្ន​នេះ​កំពុង​រស់​នៅ​ក្នុង​សហ​រដ្ឋ​អាមេរិក បាន​និយាយ​ថា អ្នក​រត់​គេច​ពី​កូរ៉េ​ខាង​ជើង​មួយ​ចំនួន​អាច​មាន​អារម្មណ៍​ថា​ពួក​គេ​ត្រូវ​តែ​ត្រឡប់​ទៅ​កូរ៉េ​ខាង​ជើង​វិញ ដោយសារ​របប​គ្រប់​គ្រង​កូរ៉េ​ខាង​ជើង​គំរាម​កំហែង​ដាក់​ទោស​ទណ្ឌ​ដល់​ក្រុម​គ្រួសារ​របស់​ពួក​គេ។​

អ្នក​រត់​គេច​ពី​កូរ៉េ​ខាង​ជើង​ម្នាក់ បង្ហាញ​រូបថត​អ្នក​រត់​គេច​ខ្លួន​៩​នាក់​ផ្សេង​ទៀត ដែល​ត្រូវ​បញ្ជូន​ទៅ​ស្រុក​វិញ​ពីប្រទេស​ឡាវ ក្នុង​ពេល​ធ្វើ​បាតុកម្មមួយ​ទៅ​ទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េ​ខាង​ត្បូង។
អ្នក​រត់​គេច​ពី​កូរ៉េ​ខាង​ជើង​ម្នាក់ បង្ហាញ​រូបថត​អ្នក​រត់​គេច​ខ្លួន​៩​នាក់​ផ្សេង​ទៀត ដែល​ត្រូវ​បញ្ជូន​ទៅ​ស្រុក​វិញ​ពីប្រទេស​ឡាវ ក្នុង​ពេល​ធ្វើ​បាតុកម្មមួយ​ទៅ​ទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េ​ខាង​ត្បូង។

ភាគ​ច្រើន​នៃ​អ្នក​រត់​គេច​ពី​កូរ៉េ​ខាង​ជើង និង​អ្នក​ជំនាញ​អំពី​បញ្ហា​កូរ៉េ​ខាង​ជើង បាន​និយាយ​ថា រដ្ឋាភិបាល​កូរ៉េ​ខាង​ត្បូង​អាច​ធ្វើ​បាន​ច្រើន​ជាង​នេះ ដើម្បី​បន្ធូរ​បន្ថយ​ដល់​អារម្មណ៍​បែក​បាក់​ដែល​អ្នក​រត់​គេច​ពី​កូរ៉េ​ខាង​ជើង​កំពុង​មាន​ក្នុង​ខ្លួន។ ពួក​គេ​បាន​ស្នើ​ថា អ្នក​រត់​គេច​ពី​កូរ៉េ​ខាង​ជើង​ដែល​ត្រូវ​បាន​ត្រួត​ពិនិត្យ​ដោយ​ហ្មត់ចត់​ដោយ​ទីភ្នាក់ងារ​ជាតិ​ស៊ើបការណ៍​សម្ងាត់ អាច​ស្នាក់​នៅ​បាន​រយៈ​ពេល​វែង​ជាង ១២ សប្ដាហ៍ នៅ​មជ្ឈមណ្ឌល Hanawon ដែល​ទទួល​បាន​ការ​ឧបត្ថម្ភ​ពី​រដ្ឋាភិបាល​កូរ៉េ​ខាង​ត្បូង។ សំណើ​មួយ​ទៀត គឺ​ជា​ការ​ផ្ដល់​នូវ​វគ្គ​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​ឲ្យ​បាន​ច្រើន​និង​កាន់​តែ​ល្អ​ប្រសើរ​ជាង​មុន។

លោក Cho Han-bum អ្នក​វិភាគ​នៅ​វិទ្យាស្ថាន​ជាតិ​បង្រួបបង្រួម​កូរ៉េ​ទាំង​ពីរ (Korea Institute for National Unification) ដែល​ជា​អង្គការ​ស្រាវជ្រាវ​គោល​នយោបាយមួយ​ឧបត្ថម្ភ​ដោយ​រដ្ឋាភិបាល​កូរ៉េ​ខាង​ត្បូង បាន​និយាយ​ថា៖ «បន្ថែម​ទៅ​លើ​ការ​ផ្ដល់​ថវិកា​សម្រាប់​ការ​តាំង​ទី​ស្នាក់​អាស្រ័យ រដ្ឋាភិបាល​គួរ​តែ​មាន​ការ​ប្រឹង​ប្រែង​បន្ថែម​ទៀត​ទៅ​លើ​ការ​បង្កើត​កម្មវិធី​ជួយ​អ្នក​រត់​គេច​ពី​កូរ៉េ​ខាង​ជើង​ឲ្យ​សិក្សា​ពី​ជំនាញ​វិជ្ជា​ជីវៈផ្សេងៗ ដើម្បី​ជួយ​ទ្រទ្រង់​ជីវភាព​រស់នៅ​របស់​ពួកគេ​ផ្ទាល់»។ រដ្ឋាភិបាល​ទីក្រុង​សេអ៊ូល​បាន​ផ្ដល់ថវិកា​ជា​មធ្យម​ចំនួន ៥ លាន​វ៉ុន ឬ​ស្មើ​នឹង ៤ ពាន់ ២ រយ​ដុល្លារ​អាមេរិក ដើម្បី​ជួយ​ផ្នែក​តាំង​ទី​លំនៅ​ថ្មី​សម្រាប់​អ្នក​រត់​គេច​ពី​កូរ៉េ​ខាង​ជើង។

ប្រជាពលរដ្ឋកូរ៉េ​ខាង​ត្បូង​មួយ​ចំនួន ឬ​សូម្បី​តែ​អតីត​អ្នក​រត់​គេច​ពី​កូរ៉េ​ខាង​ជើង​ដូចជា​នាង Kim Hyun-jung ជា​ដើម តែង​គិត​ថា ប្រជា​ពលរដ្ឋ​កូរ៉េ​ខាង​ជើង​គួរ​តែ​ព្យាយាម​ឲ្យ​ខ្លាំង​ដើម្បី​សម្រប​ខ្លួន​ចូល​ទៅ​ក្នុង​សង្គម​កូរ៉េ​ខាង​ត្បូង។

នាង Kim Hyun-jung បាន​និយាយ​ថា៖ «ការ​ទៅ​រក​នរណា​ម្នាក់​ឲ្យ​ជួយ មិន​មែន​ជា​រឿង​ដែល​ពួក​គេ​ត្រូវ​គិត​ថា​ជា​ការ​អាម៉ាស់​នោះ​ទេ។ ខ្ញុំ​គិត​ថា គ្មាន​អ្នក​ណា​ម្នាក់បិទ​ភ្នែក​មើល​មិន​ឃើញ​ទុក្ខវេទនា​របស់​អ្នក​រត់​គេច​ពី​កូរ៉េ​ខាង​ជើង​នោះ​ទេ ប្រសិន​បើ​អ្នក​ទាំង​នោះ​សុំ​ឲ្យ​ជួយ​នោះ»៕

ប្រែ​សម្រួល​ដោយ​ សើ​ សាយ្យាណា

XS
SM
MD
LG