លោកប្រធានាធិបតី Donald Trump និងសមាជិកនៃគណបក្សប្រជាធិបតេយ្យនៅក្នុងសភាតំណាងរាស្រ្តរបស់សហរដ្ឋអាមេរិក ឥឡូវនេះកំពុងជាប់ពាក់ព័ន្ធនៅក្នុងការជាប់គាំងនៅក្នុងច្បាប់រដ្ឋធម្មនុញ្ញលើរឿងប្តឹងដកតំណែងរបស់ប្រធានាធិបតី។
សេតវិមានបដិសេធមិនផ្តល់សាក្សី និងឯកសារដែលខាងគណបក្សប្រជាធិបតេយ្យបានទាមទារសម្រាប់ការស៊ើបអង្កេតលើរឿងប្តឹងដកតំណែងប្រធានាធិបតីនេះ ដោយផ្តោតទៅលើ កិច្ចសន្ទនាតាមទូរស័ព្ទរវាងលោក Trump ជាមួយលោកប្រធានាធិបតីប្រទេសអ៊ុយក្រែន។ ការប៉ះទង្គិចគ្នារវាងសាខានីតិប្រតិបត្តិ និងនីតិប្បញ្ញត្តិនេះ បានចោទជាសំណួរសំខាន់ អំពីអំណាចរបស់ប្រធានាធិបតី តុល្យភាពនៃអំណាចក្រោមច្បាប់រដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិក និងស្ថានការណ៍លិទ្ធិប្រជាធិបតេយ្យរបស់ សហរដ្ឋអាមេរិក។
នៅឯសេតវិមានលោកប្រធានាធិបតី Donald Trump ស្ថិតក្នុងស្ថានភាពតតាំងដើម្បីរារាំងការស៊ើបអង្កេតដើម្បីប្តឹងដកតំណែងប្រធានាធិបតីរបស់លោកដែលដឹកនាំដោយគណបក្សប្រជាធិបតេយ្យ ដែលនឹងធ្វើការសម្រេចនៅក្នុងសភាតំណាងរាស្រ្តរបស់សហរដ្ឋអាមេរិក។
លោកប្រធានាធិបតី Donald Trump ថ្លែងថា៖
«ប្រជាពលរដ្ឋយល់ ថាវាជាការបោកប្រាស់។ ពួកគេកំពុងព្យាយាមយកឈ្នះនៅក្នុងការការបោះឆ្នោតនៅឆ្នាំ ២០២០ ដោយប្រើប្រាស់ការប្តឹងដកតំណែង។ យើងបានយកឈ្នះលើការបោកប្រាស់របស់លោក Mueller។ នោះគឺជារឿងធំដុំដែលមានរយៈពេលពីរឆ្នាំកន្លះ។ យើងបានស្ងប់សុខពីរបីថ្ងៃ ហើយក៏ស្រាប់តែពួកគេបង្កើតរឿងនេះឡើងមក។ ប៉ុន្តែ ខ្ញុំគិតថា វាគ្រាន់តែជាផ្នែកមួយនៃជីវិតរបស់ខ្ញុំប៉ុណ្ណោះ»។
ការប្រឈមមុខដាក់គ្នាកាន់តែកើនខ្លាំងឡើង នៅក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ នៅពេលដែលសេតវិមានដែលគ្រប់គ្រងដោយលោក Trump បានផ្ញើលិខិតមួយទៅសភាដោយច្រានចោលការស៊ើបអង្កេតដោយចោទប្រកាន់ថាជាការធ្វើទុក្ខបុកម្នេញដោយការប្រកាន់បក្សពួក ហើយបានបដិសេធមិនសហការ។
សមាជិកគណបក្សប្រជាធិបតេយ្យដូចជាសមាជិកសភាតំណាងរាស្រ្តលោក Adam Schiff បានប្តេជ្ញាធ្វើឲ្យរឿងប្តឹងដកតំណែងប្រធានាធិបតីនេះ ឆ្ពោះទៅមុខ។
លោក Adam Schiff ថ្លែងថា៖
«យើងចាត់ទុកថា ការខកខានក្នុងការផ្តល់សាក្សី និងការខកខានក្នុងការផ្តល់ឯកសារទាំងនេះ គឺជាភ័ស្តុតាងដ៏រឹងមាំបន្ថែមទៀតក្នុងការធ្វើឲ្យរាំងស្ទះដល់មុខងាររដ្ឋធម្មនុញ្ញរបស់សភាដែលជាសាខារបស់រដ្ឋាភិបាលដែលមានអំណាចស្មើគ្នា»។
អ្នកគាំទ្រលោក Trump ដូចជាសមាជិកសភាតំណាងរាស្រ្តរដ្ឋ Florida លោក Matt Gaetz បានត្រៀមខ្លួនរួចជាស្រេចដើម្បីតតាំងជំនួសលោកប្រធានាធិបតី។
លោក Matt Gaetz ថ្លែងថា៖
«អ្វីដែលយើងមើលឃើញនៅក្នុងការចោទប្រកាន់នេះ គឺតុលាការបាយឡុកបាយឡ ហើយលោក Schiff កំពុងធ្វើដូចជា មេបាយឡុកបាយឡ»។
តាមអ្នកជំនាញផ្នែកច្បាប់លោក Paul Schiff Berman បានថ្លែងថា ក្រោមច្បាប់រដ្ឋធម្មនុញ្ញ សភាមានអំណាចក្នុងការឱ្យប្រធានាធិបតីទទួលខុសត្រូវតាមរយៈដំណើរការប្តឹងដកតំណែងប្រធានាធិបតី។
លោក Paul Schiff Berman ថ្លែងថា៖
«រាល់ការបំពានអំណាច ឬ ការបំពានអំណាចដោយអាងថាខ្លួនជាប្រធានាធិបតីអាចចាត់ទុកថា ជាបទល្មើសដែលអាចត្រូវបានប្តឹងដកតំណែងបាន។ រឿងនេះ មិនបានកំណត់នៅក្នុងរដ្ឋធម្មនុញ្ញទេ ដូច្នេះវាពិតជារឿងដែលត្រូវវិនិច្ឆ័យទៅតាមការមើលឃើញ និងអាស្រ័យទៅតាមរឿងនយោបាយ»។
ការសម្រេចចិត្តរបស់លោក Trump ក្នុងការមិនសហការជាមួយសភាមានភាពស្រដៀងគ្នាទៅនឹងជំហររបស់លោកប្រធានាធិបតី Richard Nixon ក្នុងរឿងអាស្រូវ Watergate នៅឆ្នាំ ១៩៧៤។
ប្រវត្តិវិទូលោកស្រី Barbara Ann Perry និយាយថា ទីបំផុតតុលាការជាន់ខ្ពស់បានបញ្ជាឲ្យលោក Nixon បញ្ចេញខ្សែអាត់សម្លេងដែលបានធ្វើឱ្យលោកលាឈប់ពីតំណែង។
លោកស្រី Barbara Ann Perry ថ្លែងថា៖
«ដូច្នេះប្រធានាធិបតីតែងតែដកថយ ហើយតុលាការ ឬ សភាជម្រុញរឿងនេះខ្លាំងស្មើដៃគ្នាទៅតាមអំណាចរបស់ពួកគេ ហើយជាធម្មតាប្រធានាធិបតីចាញ់»។
ប៉ុន្តែលោក Paul Schiff Berman ថ្លែងថា លទ្ធផលនៃការប្តឹងដកដំណែងនេះ នៅតែស្ថិតក្នុងភាពស្រពិចស្រពិលនៅឡើយ ហើយទីចុងបញ្ចប់ អាចជាអ្នកបោះឆ្នោតទេ ដែលជាអ្នកសម្រេចលើរឿងលោកប្រធានាធិបតី Trump នេះ នៅក្នុងការបោះឆ្នោតនៅឆ្នាំក្រោយ។
លោក Berman ថ្លែងថា៖
«តុលាការអាចធ្វើឱ្យប្រធានាធិបតីទទួលខុសត្រូវ ជាទូទៅលើបញ្ហាគោលនយោបាយ។ ទាក់ទងទៅនឹងរឿងដូចនេះ ដែលជាកំហុសផ្ទាល់ខ្លួនរដ្ឋធម្មនុញ្ញសន្មតថា មធ្យោបាយតែមួយគត់ដើម្បីដោះស្រាយនោះ គឺតាមរយៈការប្តឹងដកដំណែង ឬ តាមរយៈសន្លឹកឆ្នោតរបស់ប្រជាពលរដ្ឋ»។
ក៏ប៉ុន្តែក្នុងពេលនេះ ប្រធានាធិបតី សភា និងប្រជាពលរដ្ឋអាមេរិកាំង ត្រៀមខ្លួន សម្រាប់ការប្តឹងដកដំណែងប្រធានាធិបតីលើកទី ៤ នៅក្នុងប្រវត្តិសាស្រ្តសហរដ្ឋអាមេរិក៕
ប្រែសម្រួលដោយអ្នកស្រី លី ម៉ូរីវ៉ាន់