ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អតីត​អ្នក​ជំនួយការ​គោលនយោបាយ​ការ​បរទេស​របស់​លោកត្រាំ​ផ្តល់​សង្ខីកម្ម​នៅ​ក្នុង​ការ​ស៊ើបអង្កេត​ប្តឹង​ទម្លាក់​ប្រធានាធិបតី​ចេញ​ពី​តំណែង


លោកស្រី Fiona Hill អញ្ជើញ​ទៅ​ដល់​វិមាន​សភា Capitol Hill កាលពី​ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ ដើម្បី​ផ្តល់​សក្ខីកម្ម នៅ​ចំពោះ​មុខ​សភា​តំណាងរាស្ត្រ​សម្រាប់​ការ​ស៊ើបអង្កេត​ការ​ប្តឹង​ទម្លាក់​តំណែង​ប្រធានាធិបតី។

អតីត​អ្នក​ជំនួយការ​កំពូល​ខាង​គោលនយោបាយ​ការបរទេស​ស្តីពីរុស្ស៊ី​ និង​អឺរ៉ុប​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក​ដូណាល់ ត្រាំ ​បាន​ផ្តល់​សង្ខីកម្ម​សម្ងាត់​នៅ​ក្នុង​ការ​ស៊ើប​អង្កេត​ប្តឹង​ទម្លាក់ប្រធានាធិបតី​ចេញ​ពី​តំណែង​កាល​ពី​ថ្ងៃ​ចន្ទ ​ដែល​អាច​ជួយ​ពន្យល់​ពី​គោលបំណង​របស់​ប្រធានាធិបតីត្រាំ​ដែល​បាន​បណ្តេញ​លោកស្រី Marie Yovanovitch ចេញ​ពី​តំណែង​ជា​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​ប្រទេស​អ៊ុយក្រែន​កាល​ពី​ខែ​ឧសភា។

រហូត​មកទល់​ខែ​កក្កដា​ នៅពេល​ដែល​លោកស្រី ​បាន​ចាក​ចេញ​ពី​សេតវិមាន លោក​ស្រី Fiona Hill ​ជា​នាយក​ជាន់​ខ្ពស់​ទទួល​បន្ទុក​កិច្ចការ​អឺរ៉ុប​ និង​ប្រទេស​រុស្ស៊ី​នៅ​ក្រុម​ប្រឹក្សា​សន្តិសុខ​ជាតិ​របស់​ប្រធានាធិបតី​ត្រាំ ដែល​បាន​ដឹងពី​ព័ត៌មាន​នៃ​គោល​នយោបាយ​ការបរទេស​របស់​សហរដ្ឋ​អាមេរិក។ លោក Lee Wolosky មេធាវី​របស់​លោកស្រី ​បាន​និយាយថា ​លោកស្រី​បាន​ត្រូវ​កោះ​ហៅ​ដោយ​គណៈកម្មាធិការ​ស៊ើបការណ៍​សម្ងាត់​របស់​សភា​តំណាង​រាស្ត្រ​ហើយ​មាន​គម្រោង​ឆ្លើយ​សំណួរ​របស់​សមាជិក​សភា។

កាល​ពី​សប្តាហ៍​មុន ​លោក​ស្រី Marie Yovanovitch ជា​អ្នកការទូតរបស់​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក ​បាន​ប្រាប់​សមាជិក​សភា​ថា ​លោក​ប្រធានាធិបតី​ត្រាំ ​បាន​បណ្តេញ​លោកស្រី​ចេញ​ពី​តំណែង​ដោយ​ផ្អែកលើ​ការ​អះ​អាង​គ្មាន​ហេតុ​ផល​និង​មិន​ពិត ​បន្ទាប់​ពី​លោក Rudy Giuliani ​អតីត​អភិបាល​ក្រុង​ញូវយ៉ក​ និង​ជា​មេធាវី​ផ្ទាល់​ខ្លួន​របស់​ប្រធានាធិបតី​ត្រាំ បាន​រិះគន់​ការ​បំពេញ​ការងារ​របស់​លោកស្រី​នៅ​ក្នុង​រដ្ឋ​ធានី​គាវ​នៃ​ប្រទេស​អ៊ុយក្រែន។

លោក Giuliani បាន​ស្វះស្វែង​ធ្វើ​ឲ្យ​អ៊ុយក្រែន​ស៊ើបអង្កេត​លោក Joe Biden អតីត​អនុប្រធានាធិបតី​សហរដ្ឋ​អាមេរិក​និង​ជា​គូ​ប្រជែង​ខាង​នយោបាយ​របស់​ប្រធានាធិបតី​ត្រាំ ​ហើយ​និង​តួនាទី​ដែល​លោកBidenមាន​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​នៅ​ក្នុង​ការបណ្តេញ​រដ្ឋ​អាជ្ញា​អ៊ុយក្រែន​ហើយ​និង​ការ​ជាប់​ទាក់​ទិន​ណាមួយ​ដែល​អាច​មាន​ទៅនឹង​លោក Hunter Biden ដែល​ជា​កូនប្រុស​របស់​លោក Biden នៅ​ក្នុង​ក្រុមប្រឹក្សាភិបាល​ក្រុម​ហ៊ុន​ប្រេង Burisma ​របស់​អ៊ុយក្រែន។ ទាំង​លោក Biden និង​កូន​ប្រុស​របស់​លោក ​បាន​បដិសេធ​ថា ​ពួក​អស់​លោក មិន​បាន​ធ្វើ​អ្វី​ខុសទេ ​ហើយ​កូន​ប្រុស​របស់​លោក Biden បាន​ចាក​ចេញ​ពី​សមាជិក​ក្រុមប្រឹក្សាភិបាល​អស់​ជា​ច្រើន​ខែមក​ហើយ៕

XS
SM
MD
LG