ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ប្តឹង​​ទម្លាក់​ប្រធានាធិបតី​ទំនង​ជា​នឹង​ក្លាយ​ជា​ប្រធានបទ​សម្រាប់​ការ​ជជែកដេញដោល​របស់​បេក្ខជន​ប្រធានាធិបតី​ខាងគណបក្ស​ប្រជាធិបតេយ្យ


លោក Joe Biden ស្តាប់​ ខណៈ​ដែល​លោកស្រី​សមាជិក​ព្រឹទ្ធសភា Elizabeth Warren ថ្លែង​នៅ​ក្នុង​នាទី​ចុង​ក្រោយ​នៃ​ការ​ជជែក​ដេញ​ដោល​របស់​បេក្ខជន​ប្រធានាធិបតី​អាមេរិក​ឆ្នាំ២០២០ ក្នុង​ក្រុង Houston រដ្ឋ Texas កាលពី​ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩។
លោក Joe Biden ស្តាប់​ ខណៈ​ដែល​លោកស្រី​សមាជិក​ព្រឹទ្ធសភា Elizabeth Warren ថ្លែង​នៅ​ក្នុង​នាទី​ចុង​ក្រោយ​នៃ​ការ​ជជែក​ដេញ​ដោល​របស់​បេក្ខជន​ប្រធានាធិបតី​អាមេរិក​ឆ្នាំ២០២០ ក្នុង​ក្រុង Houston រដ្ឋ Texas កាលពី​ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩។

បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​១២នាក់​នឹង​ឡើង​ឆាក​ជជែក​ដេញដោល​គ្នា​នៅវគ្គ​បន្ទាប់​ នៅ​ថ្ងៃអង្គារ​នេះ​នៅ​ឯសាកលវិទ្យាល័យ Otterbein ​នៅ​ទីក្រុង Westerville រដ្ឋ Ohio។

ការជជែក​ដេញដោល​លើកនេះ​គឺ​ជា​វេទិកា​ដេញដោល​គ្នា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​លើក​ទីបួន​ ចាប់តាំង​ពី​ខែមិថុនា​មក​ ហើយ​ការជជែក​ដេញដោល​លើក​នេះ​នឹង​រៀបចំ​ឡើង​តែ​មួយ​យប់​ប៉ុណ្ណោះ​សម្រាប់​បេក្ខជន​ទាំងអស់។ លោកស្រី Tulsi Gabbard ​សភា​តំណាងរាស្រ្ត​មក​ពី​រដ្ឋហាវៃ​ និង​លោក Tom Steyer អតីត​អ្នក​វិនិយោគទុន ​និង​ជា​សកម្មជន​បរិស្ថាន​ នឹង​ចូលរួម​ជាមួយ​បេក្ខជន​ខាង​គណបក្ស​ប្រជាធិតេយ្យ ​ដែល​បាន​ចូលរួម​នៅ​ក្នុង​ការជជែកដេញ​ដោល​កាល​ពី​ខែកញ្ញា​កន្លង​ទៅ។

ការជជែកដេញដោល​នៅ​ថ្ងៃអង្គារ​នេះ​ ទំនង​ជា​នឹង​ផ្តោត​សំខាន់​ទៅលើ​ការស៊ើបអង្កេ​ត​ចោទប្រកាន់​ទម្លាក់​លោកប្រធានាធិបតី Donald Trump។

កាល​ពី​សប្តាហ៍មុន​ អតីតអនុប្រធានាធិបតី​លោក Joe Biden បាន​ចូលរួម​ជាមួយ​នឹង​ក្រុម​ប្រជាធិបតេយ្យ​ផ្សេងទៀត​ អំពាវនាវ​ឲ្យ​មាន​ការស៊ើបអង្កេត​ប្តឹង​ទម្លាក់​លោក Trump ចេញ​ពី​តំណែង​នៅ​អំឡុង​ពេល​ថ្លែងសន្ទរកថា​របស់​លោក​នៅក្នុង​ទីក្រុង Rochester រដ្ឋ New Hampshire ។
លោក Biden បាន​ថ្លែង​ថា «ទាំង​ពិភពលោក​ និង​ពលរដ្ឋអាមេរិកាំង​យល់​ថា​លោក Trump បាន​ធ្វើ​ឲ្យ​ខ្លួន​លោក​ជាប់ទោស​រួច​ទៅ​ហើយ។ លោក Trump បាន​ក្បត់​ពាក្យ​សម្បថ​របស់​លោក​ ក្បត់​ប្រទេសជាតិ​ និង​ប្រព្រឹត្ត​ទង្វើ​ខុសឆ្គង»។

សភា​ខាង​គណបក្សប្រជាធិបតេយ្យ​បាន​ចាប់ផ្តើម​បើកការ​ស៊ើបអង្កេត​ចោទ​ប្រកាន់​លោក Trump បន្ទាប់​ពី​អ្នកបញ្ចេញ​ព័ត៌មាន​សម្ងាត់​ម្នាក់​បាន​ដាក់​ពាក្យបណ្តឹង​អំពី​ការសន្ទនា​រតាម​ទូរស័ព្ទ​រវាង​លោក Trump និង​ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskiy កាលពី​ថ្ងៃទី​២៥ ​ខែ​កក្កដា​កន្លង​ទៅ៕

XS
SM
MD
LG