ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ត្រាំ​ បាន​ប្រាប់​ប្រធានាធិបតី ​ពូទីន​ កុំ​ឲ្យ​ចូល​ជ្រៀត​ជ្រែក​ក្នុង​ការ​បោះ​ឆ្នោត​អាមេរិក


ប្រធានាធិបតី​អាមេរិក ដូាណាល់ ត្រាំ និង​ប្រធានាធិបតី​រុស្ស៊ី វ្លាឌឺមៀ ពូទីន ក្នុងជំនួប​ទ្វេភាគី​នៅ​ក្នុង​កិច្ច​ប្រជុំ​ដាច់​ដោយ​ឡែក​ នៅ​ឯក​ជំនួបកំពូល G20 នៅ​ទីក្រុង អូសាកា ប្រទេស​ជប៉ុន កាល​ពី​ថ្ងៃ​ទី​២៨ មិថុនា ២០១៩។

ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក​ ដូណាល់ ត្រាំ បាន​ប្រាប់​ទៅ​ប្រធានាធិបតី​រុស្ស៊ី​លោក ​វ្លាឌឺមៀ ពូទីន ថា​កុំ​ឲ្យ​ចូល​ជ្រៀត​ជ្រែក​ម្តង​ទៀត​នៅ​ក្នុង​ការ​បោះ​ឆ្នោត​អាមេរិក។

ថ្លែង​ទៅ​កាន់​ក្រុម​អ្នក​សារព័ត៌មាន​នៅ​អំឡុង​កិច្ច​ប្រជុំ​ទេ្វ​ភាគី​ជាមួយ​នឹង​លោក ពូទីន ​នៅ​ខាងក្រៅ​សន្និសីទ​កំពូល ​G20 ​នៅ​ទីក្រុង ​Osaka​ ប្រទេស​ជប៉ុន លោក ត្រាំ​ ត្រូវ​បាន​សួរ​ថា​ តើ​លោក​នឹង​ប្រាប់​ទៅ​មេដឹកនាំ​រុស្ស៊ី​មិន​ឲ្យ​ចូល​ជ្រៀត​ជ្រែក​នៅ​ក្នុង​ដំណើរ​ការ​បោះ​ឆ្នោត​អាមេរិក​ដែរ​ឬទេ?

ពេល​នោះ​លោក ត្រាំ បាន​ឆ្លើយ​ថា៖ «ពិតមែន​ហើយ​ ខ្ញុំ​នឹង​និយាយ​រឿង​នេះ»។ បន្ទាប់​មក​លោក​បាន​ញញឹម​និង​បាន​បែរ​មុខ​ទៅ​រកប្រធានាធិបតី​រុស្ស៊ី​ ហើយ​បាន​និយាយ​ថា «លោក​ប្រធានាធិបតី ​កុំជ្រៀត​ជ្រែក​ចូល​ក្នុង​ការ​បោះ​ឆ្នោត»។ បន្ទាប់​មក​លោក​បាន​និយាយ​ពាក្យ​នេះ​ឡើង​វិញ​ដោយ​ចង្អុល​ទៅ​លោក ​ពូទីន​ ថា «កុំជ្រៀត​ជ្រែក​ចូល​ក្នុង​ការ​បោះឆ្នោត»។

កាយ​វិការ​នេះ​បាន​ធ្វើ​ឲ្យ​មតិ​សាធារណៈ​ជា​ច្រើន​យល់​ថា​លោក ត្រាំ​ មិន​បាន​យក​ចិត្ត​ទុក​ដាក់​លើ​បញ្ហា​នេះ​ទេ។​

នេះ​គឺ​ជា​ជំនួប​លើក​ទីមួយ​រវាង​មេដឹកនាំ​ទាំង​ពីរ​ចាប់​តាំង​ពី​មាន​ការ​ចេញ​ផ្សាយ​របាយការណ៍​ស៊ើប​អង្កេត​របស់​រដ្ឋអាជ្ញាពិសេស​លោក​ Robert Mueller ​ដែល​បាន​សន្និដ្ឋាន​ថា​ គ្មាន​ការឃុប​ឃិត​ ឬ​ការ​សហកា​គ្នា​រវាង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​លោក ត្រាំ​ កាល​ពី​ពេល​បោះឆ្នោត​ប្រធានាធិបតី​កាល​ពី​ឆ្នាំ​២០១៦ ​ជាមួយ​នឹង​ក្រុមមន្រ្តី​រដ្ឋាភិបាល​រុស្ស៊ី​ទេ។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ​ ក៏​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​សហរដ្ឋអាមេរិក​បីទៀត​បាន​ប្រកាស​ដូចគ្នាថា​ ពួកគេ​ជឿថា​រដ្ឋាភិបាល​ក្រុង​មូស្គូ​បាន​ចូល​ជ្រៀត​ជ្រែក​នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ដើម្បី​ជះ​ឥទ្ធិពល​ដល់​ការបោះឆ្នោត។ សេតវិមាន​បាន​ប្រាប់​ឲ្យដឹង​ថា​ លោក ត្រាំ​ និង​លោក ពូទីន បាន​ជួប​ពិភាក្សា​គ្នា​នៅ​ថ្ងៃសុក្រ​នេះ​នៅ​ប្រទេស​ជប៉ុន​ ដើម្បី​ពង្រឹង​ទំនាក់​ទំនង​រវាង​ប្រទេស​ឡើង​វិញ​ និង​បាន​ព្រម​ព្រៀង​គ្នាថា​ នឹង​បន្តកិច្ច​ពិភាក្សា​អំពី​យុទ្ធសាស្រ្ត​គ្រប់​គ្រង​អាវុធ​សតវត្សរ៍​ទី​២១។

សេតវិមាន​បាន​ប្រកាស​ទៀត​ថា ​លោក ត្រាំ​ និង​លោក ពូទីន ​ក៏​បាន​ពិភាក្សា​អំពី​បញ្ហា​នៅ​ប្រទេស​អ៊ីរ៉ង់​ ស៊ីរី ​វេណេស៊ុយអេឡា ​និង​ប្រទេស​អ៊ុយក្រែន​ផង​ដែរ៕

អត្ថបទ​ទាក់ទង

សេចក្តីរាយការណ៍ពិសេស

  • VOA Khmer Special Report Section

    សេចក្តីរាយការណ៍ពិសេស

XS
SM
MD
LG