ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​រុស្ស៊ី ​ចិន ​គាំទ្រ​ប្រទេស​អ៊ីរ៉ង់​បន្ទាប់ពី​​ប្រធានា​ធិបតី​ចិន​ទៅ​បំពេញ​ទស្សន​កិច្ច​នៅវិមាន​ក្រឹមឡាំង


ប្រធានា​ធិបតី​រុស្ស៊ី​លោក Vladimir Putin និង​ប្រធានា​ធិបតី​ចិន​ ស៊ី ជីនពីង​ចូល​ក្នុង​សាល​ប្រជុំ​ក្នុង​វិមាន​ក្រឹមឡាំង​ទីក្រុង​ម៉ូស្គូ​ប្រទេស​រុស្ស៊ី​កាលពី​ថ្ងៃទី​០៥ មិថុនា ២០១៩។

ប្រធានា​ធិបតី​រុស្ស៊ី​លោក Vladimir Putin កាលពី​ថ្ងៃ​ពុធ​បាន​ធ្វើ​ជាម្ចាស់​ផ្ទះ​រៀបចំ​ទទួល​ប្រធានា​ធិបតី​ចិន​លោក​ស៊ី ​ជីនពីងដើម្បី​ចរចា​នៅ​វិមាន​ក្រឹមឡាំង​ដែល​ឆ្លុះ​បញ្ចាំង​ពី​ការ​កើនឡើង​នូវ​ចំណងទាក់​ទង​រវាង​ប្រទេស​ទាំង២​ដែល​អតីត​គូ​ប្រកួត​ប្រជែង​កុម្មុយនីស្ត​ក្នុង​អំឡុង​សង្គ្រាម​ត្រជាក់។

នៅឯបញ្ចប់ជំនួប​មាន​សេចក្តី​ថ្លែងការណ៍​រួម​គ្នា​មួយ​ដោយ​ប្រទេស​ចិន​និង​រុស្ស៊ី ​បាន​សម្តែង​ការគាំទ្រប្រទេស​អ៊ីរ៉ង់​ហើយ​បានសរសើរ​អ៊ី​រ៉ង់​ចំពោះ​ការ​អនុវត្ត​លក្ខ​ខណ្ឌ​នៃ​កិច្ច​ព្រម​ព្រៀង​នុយក្លែអ៊ែររបស់អ៊ីរ៉ង់​ជាមួយ​មហាអំណាច​ពិភពលោក​។​ នេះតាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់​ងារ​ព័ត៌មាន Interfax ​របស់​រុស្ស៊ី។

​ប្រទេស​ទាំង២ ​បាន​សង្កត់​ពីការតាំង​ចិត្ត​របស់​ខ្លួន​ដើម្បី​ថែរក្សា​ទំនាក់​ទំនង​ល្អ​ជា​មួយ​អ៊ីរ៉ង់។​ សេចក្តី​ថ្លែងការណ៍​នោះ ​ប្រាប់​ឲ្យ​ដឹងថា «​ភាគី​នានា ​បាន​បញ្ជាក់​ពី​សេច​ក្តី​ត្រូវ ការ​ដើម្បីការពារ​ផល​ប្រយោជន៍​នៃ​កិច្ច​សហប្រតិបត្តិការ​ខាង​ពាណិជ្ជ​កម្ម​និង​សេដ្ឋ​កិច្ច​រវាង​គ្នា​និង​គ្នា​ជាមួយ​អ៊ីរ៉ង់ ​ហើយ​ជំទាស់​ប្រឆាំង​ដាច់​ខាត​ការ​ដាក់ទណ្ឌកម្ម​ជាឯកតោ​ភាគី​ដោយ​រដ្ឋ​ណាមួយ​នៅ​ក្រោម​លេសនៃ​ច្បាប់​ជាតិ​របស់​ខ្លួន»។

សហរដ្ឋ​អាមេរិក ​បាន​ដក​ខ្លួន​ចេញ​ពី​កិច្ច​ព្រមព្រៀង​នុយក្លែអ៊ែ​ររបស់​អ៊ី​រ៉ង់​នោះ​នៅ​ខែ ឧសភា ​ឆ្នាំ​២០១៨ ​ហើយ​បាន​ដាក់​ទណ្ឌកម្ម​សេដ្ឋ​កិច្ចយ៉ាង​ខ្លាំង​លើ​ប្រទេស​អ៊ីរ៉ង់។ ថ្វី​បើ ​បាន​សំដែង​នូវការ​គាំទ្រ​យ៉ាង​ខ្លាំង​ដល់​ប្រទេស​អ៊ីរ៉ង់​ក៏ដោយ ​រហូត​មក​ទល់​ពេល​នេះ ​ទាំង​ប្រទេស​ចិន​និង​រុស្ស៊ី ​ទំនង​ជា​ធ្វើ​ទៅតាម​លក្ខខណ្ឌនៃ​ការ​ដាក់​ទណ្ឌកម្ម​របស់​សហ រដ្ឋ​អាមេរិក។ ​ការ​ដឹក​ជញ្ជូន​ប្រេង​របស់​អ៊ីរ៉ង់​ទៅ​កាន់​តំបន់​អាស៊ី ​បាន​ធ្លាក់​ចុះ នៅពេល​ដែល​ចិន ​មិន​ទំនង​ជាទិញ​ប្រេង​ច្រើនដូច​ដែល​ខ្លួន​បាន​ធ្វើមុន​ខែ​វិច្ឆិកា​ឆ្នាំ​មុនទេ នៅ ពេល​ដែល​ការ​ដាក់​ទណ្ឌកម្ម​ប្រេង ​បាន​ចាប់​ផ្តើម​ហើយ​បាន​ចូល​ជាធរមាន​នៅ​ដើម​ខែឧសភា៕

XS
SM
MD
LG