ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សវនាការ​កាត់ទោស​លោក Trump​ ចាប់ផ្ដើម​ដោយ​ការ​ចាក់​បង្ហាញ​វីដេអូ​​ដ៏​រន្ធត់​អំពី​ការ​វាយលុក​ចូល​វិមាន​សភា​អាមេរិក


រូបភាពដែលដកស្រង់ចេញពីវីដេអូ បង្ហាញឲ្យឃើញពីដំណើរការសវនាការរបស់ព្រឹទ្ធសភាសហរដ្ឋអាមេរិក ក្នុងការកាត់ទោសអតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump នៅវិមានសភាសហរដ្ឋអាមេរិក ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃអង្គារ ទី៩ ខែកុម្ភៈ ឆ្នាំ២០២១។
រូបភាពដែលដកស្រង់ចេញពីវីដេអូ បង្ហាញឲ្យឃើញពីដំណើរការសវនាការរបស់ព្រឹទ្ធសភាសហរដ្ឋអាមេរិក ក្នុងការកាត់ទោសអតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump នៅវិមានសភាសហរដ្ឋអាមេរិក ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃអង្គារ ទី៩ ខែកុម្ភៈ ឆ្នាំ២០២១។

ការ​ជជែក​ដេញដោល​គ្នា​បានប្រព្រឹត្តទៅ​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន នៅ​ក្នុង​សវនាការប្រវត្តិសាស្ត្រ​កាត់ទោស​អតីត​ប្រធានាធិបតីសហរដ្ឋ​អាមេរិក​លោក Donald Trump ជា​លើក​ទី​ពីរ។

សមាជិក​សភា​សហរដ្ឋ​អាមេរិក​បានជជែកដេញដោយគ្នា ដើម្បីសម្រេច​ថា​ តើ​វា​ស្រប​ច្បាប់​ដែរ​ ឬ​ទេ​ យោង​តាម​រដ្ឋធម្មនុញ្ញ​ក្នុង​ការ​កាត់ទោស​លោក Trump ខណៈ​ដែល​អាណត្តិ​ជា​ប្រធានាធិបតី​របស់​លោក​បាន​បញ្ចប់​ទៅ​ហើយ​នោះ។​

បន្ទាប់ពីជជែកដេញដោលគ្នាអស់រយៈពេលជាង ៤ម៉ោង ពួកគេបានបោះឆ្នោតសម្រេចបន្តដំណើរការសវនាការកាត់ទោសលោក Trump ដោយសំឡេងគាំទ្រ ៥៦ ទល់នឹង ៤៤ ដោយសម្រេចថា ព្រឹទ្ធសភាមាន «យុត្តាធិការក្នុងការកាត់ទោសលោក Trump ពាក់ព័ន្ធនឹងសកម្មភាពដែលលោកបានប្រព្រឹត្តក្នុងអំឡុងពេលកាន់តំណែងជាប្រធានាធិបតី»។

សមាជិក​រដ្ឋសភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ចំនួន ៩ រូប​ ដែលត្រូវ​បាន​តែងតាំង​ជា​រដ្ឋអាជ្ញា​ប្រឆាំង​នឹង​លោក Trump បាន​អះអាង​នៅ​ក្នុង​សវនាការ​កាត់ទោស​លោក Trump នៅ​ចំពោះ​មុខ​សមាជិក​ព្រឹទ្ធសភា​ទាំង ១០០ នាក់​ថា លោក​ Trump គួរ​តែ​ទទួល​ខុសត្រូវ​ចំពោះ​ការ​ញុះញង់​ឲ្យ​មាន​ការ​បះបោរ​នៅ​វិមាន​សភា​ កាល​ពី​ថ្ងៃ​ទី៦ ខែ​មករា កន្លង​ទៅ​នេះ។

ពួកគេ​និយាយ​ថា លោក Trump បាន​ជំរុញ​ឲ្យ​ក្រុម​អ្នក​គាំទ្រ​របស់​លោក​រាប់​រយ​នាក់​ប្រឈមមុខ​ជាមួយនឹង​សមាជិក​សភា​ ខណៈ​ដែល​ពួកគេ​កំពុង​តែ​ទទួល​ស្គាល់​លទ្ធផល​បោះឆ្នោត​ប្រធានាធិបតី​ដែល​ថា លោក Joe Biden ខាង​គណបក្ស​ប្រជាធិបតេយ្យ​ បាន​យក​ឈ្នះ​លើ​លោក​នៅ​ក្នុង​ការ​បោះឆ្នោត​ កាល​ពី​ខែ​វិច្ឆិកា​កន្លង​ទៅ​នេះ។

​សមាជិក​រដ្ឋសភាតំណាង​រដ្ឋ Maryland លោក Jamie Raskin បាន​ថ្លែង​ទៅ​កាន់​ព្រឹទ្ធសភា​ថា ប្រសិនបើ​លោក Trump មិន​ត្រូវ​បាន​ឲ្យ​ទទួល​ខុសត្រូវ​ទេ​ នោះ​វា ​«នឹង​បង្កើត​ការ​លើកលែង​ថ្មី​មួយ​ចំពោះ​រឿងរ៉ាវ​ដែល​បាន​កើតឡើង​ កាល​ពី​ខែ​មករា» ដែលប្រធានាធិបតី​នា​ពេល​អនាគត​ នឹង​មិន​ត្រូវ​ប្រឈម​មុខ​នឹង​រឿង​ខុសឆ្គង​ ដែល​ខ្លួន​ប្រព្រឹត្ត​ក្នុង​អំឡុងពេល​ខែ​ចុងក្រោយ​នៃ​អាណត្តិ​របស់​ពួកគេ​ តាមរយៈ​សវនាការ​កាត់ទោស​នៅ​ក្នុង​ព្រឹទ្ធសភា​នោះ​ទេ។​

សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​បាន​បង្ហាញ​ដល់​ព្រឹទ្ធសភា​នូវ​វីដេអូ​មួយ​នៃ​ភាព​ចលាចល​ ដែល​បាន​កើតឡើង​នៅ​ក្នុង​វិមាន​សភា ​ដែល​ក្រុម​បាតុករ​ដែល​មាន​ការ​ខឹងសម្បា​បាន​រុញច្រាន​អាជ្ញាធរ ហើយ​សមាជិក​សភា​នាំ​គ្នា​រត់​គេច​ខ្លួន​ទាំង​រន្ធត់​ពី​អំពើ​ហិង្សា។

ក្រុម​មេធាវី​របស់​លោក Trump ត្រូវ​បាន​គេ​រំពឹង​ថា ​នឹង​ឆ្លើយតបថា សវនាការ​នេះ​មិន​ស្រប​តាម​រដ្ឋធម្មនុញ្ញ​ទេ​ ដោយសារ​តែ​រដ្ឋធម្មនុញ្ញ​ចែងថា សវនាការ​កាត់ទោស​ប្រធានាធិបតី​នេះ​ គឺ​ជា​ឧបករណ៍​មួយ​សម្រាប់​ទម្លាក់​មន្ត្រី​ណា​ម្នាក់​ចេញ​ពី​តំណែង ប្រសិន​បើ​រក​ឃើញ​ថា​ពួកគេ​បាន​ប្រព្រឹត្ត «បទ​ឧក្រិដ្ឋ​កម្រិត​ធ្ងន់​និង​បទ​ល្មើស​មជ្ឈិម»។

រឿង​នេះ​មិន​អាច​ទៅ​រួច​ទេ​សម្រាប់​ករណី​របស់​លោក Trump ដោយសារ​តែ​អាណត្តិ​រយៈពេល ៤ ឆ្នាំ​របស់​លោក​បាន​បញ្ចប់​ទៅ​ហើយ នៅ​ពេល​ដែល​លោក Biden បាន​ស្បថ​ចូល​កាន់​តំណែង​កាល​ពី​ថ្ងៃទី២០ ខែ​មករា កន្លង​ទៅ​នេះ។ ​

ក្រុមគណបក្សប្រជាធិបតេយ្យដែលដឹកនាំសំណុំរឿងចោទប្រកាន់អតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ដើរក្នុងសាលវិមានសភា ដើម្បីចូលរួមសវនាការកាត់ទោសលោក Trump នៅរដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃអង្គារ ទី៩ ខែកុម្ភៈ ឆ្នាំ២០២១។
ក្រុមគណបក្សប្រជាធិបតេយ្យដែលដឹកនាំសំណុំរឿងចោទប្រកាន់អតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ដើរក្នុងសាលវិមានសភា ដើម្បីចូលរួមសវនាការកាត់ទោសលោក Trump នៅរដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃអង្គារ ទី៩ ខែកុម្ភៈ ឆ្នាំ២០២១។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក៏​ព្រឹទ្ធសភា​ធ្លាប់​បើក​សវនាការ​កាត់ទោស​មួយ​កាល​ពី​ឆ្នាំ ១៨៧៦ ទៅ​លើ​ករណី​រដ្ឋមន្ត្រី​មួយ​រូប​ ដែល​បាន​លាលែង​ពី​តំណែង​ភ្លាមៗ មុន​ពេល​ដែល​លោក​ត្រូវ​បាន​គេ​ប្ដឹង​ទម្លាក់​ពី​តំណែង។ លោក Trump ត្រូវ​បាន​រដ្ឋសភា​ប្ដឹង​ទម្លាក់​ពី​តំណែង​ក្នុង​អំឡុង​ពេល​ដែល​លោក​នៅ​កាន់​តំណែង​ជា​ប្រធានាធិបតី​នៅ​ឡើយ។​

សមាជិក​សភា​គ្រោង​បានជជែកដេញដោល​គ្នា​រយៈពេល ​៤ ម៉ោង​ទៅ​លើ​បញ្ហា​រដ្ឋធម្មនុញ្ញ​នេះ ប៉ុន្តែ​កិច្ចខិតខំ​ប្រឹងប្រែង​ផ្លូវច្បាប់​របស់​លោក Trump ក្នុង​ការ​បញ្ចប់​សវនាការ​នេះ តាំង​ពី​មុន​ពេល​ដែល​សវនាការ​នេះ​ចាប់​ផ្ដើម​ ហាក់​ដូចជា​បាន​បរាជ័យ​ទៅ​ហើយ។

សមាជិក​ព្រឹទ្ធសភា​តំណាង​រដ្ឋ Kentucky លោក Rand Paul ដែល​ជា​អ្នក​គាំទ្រ​លោក​ Trump ដ៏​ខ្លាំងក្លា​មួយ​រូប បាន​ព្យាយាម​កាល​ពី​សប្ដាហ៍​មុន ​ក្នុង​ការ​រារាំង​ដល់​ដំណើរការ​សវនាការ​នេះ​ ដោយ​ផ្អែក​ទៅ​លើ​ហេតុផល​ដូចគ្នា​នេះ​ដែរ ប៉ុន្តែ​សមាជិក​គណបក្ស​សាធារណរដ្ឋ​ចំនួន ៥ នាក់​ បាន​ចូលរួម​ជាមួយ​នឹង​សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​ទាំង ៥០ នាក់​ បោះឆ្នោត​គាំទ្រ​ឲ្យ​សវនាការ​នេះ​ប្រព្រឹត្ត​ទៅ​ជាមួយ​នឹង​សំឡេង​គាំទ្រ ៥៥ ទល់​នឹង​សំឡេង​ជំទាស់ ៤៥។

ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក៏​សវនាការ​នេះ​តម្រូវ​ឲ្យ​មាន​សំឡេង​គាំទ្រ ២ ភាគ ៣ ​ដើម្បី​អាច​កាត់ទោស​បាន។ នេះ​មាន​ន័យ​ថា យ៉ាង​ហោច​ណាស់​សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​សាធារណរដ្ឋ​ចំនួន ១២ នាក់​ ត្រូវ​ផ្លាស់ប្ដូរ​សន្លឹកឆ្នោត​របស់​ពួកគេ​ ដើម្បី​ឲ្យ​ការ​កាត់ទោស​អាច​ធ្វើ​ទៅ​បាន។ ព្រឹទ្ធសភា​ដែល​មាន​អាសនៈ​ចំនួន ១០០ ឥឡូវ​នេះ ​កំពុង​ត្រូវ​បាន​ចែក​ជា​ពីរ​ស្មើ​គ្នា​រវាង​គណបក្ស​សាធារណរដ្ឋ និង​គណបក្ស​ប្រជាធិបតេយ្យ។​

លោក Paul និយាយ​ថា៖ «ឱកាស​នៃ​ការ​កាត់ទោស​គឺ​ស្មើ​សូន្យ»។ ប្រសិន​បើ​លោក Trump ត្រូវ​បាន​កាត់ទោស​មែន​នោះ នោះ​ព្រឹទ្ធសភា​ដែល​ផ្អែក​លើ​ការ​បោះឆ្នោត​សំឡេង​ភាគច្រើន អាច​ហាមឃាត់​លោក Trump មិន​ឲ្យ​កាន់​តំណែង​ជា​ប្រធានាធិបតី​ទៀត​បាន។

ការ​តវ៉ា​ដែល​ត្រូវ​បាន​ធ្វើ​ឡើង ​កាល​ពី​ថ្ងៃទី៦ ខែ​មករា​ បាន​ប្រែក្លាយ​ទៅ​ជា​ហិង្សា ដោយសារ​តែ​អ្នកគាំទ្រ​លោក Trump ចំនួន​ប្រមាណ ៨០០ នាក់​ បាន​រុញច្រាន​អាជ្ញាធរ​ចូល​ទៅ​ក្នុង​វិមាន​សភា វាយកម្ទេច​ទ្វារ និង​បង្អួច ចូល​លុកលុយ​ការិយាល័យ​រដ្ឋសភា​មួយ​ចំនួន និង​បាន​តតាំង​ជាមួយ​នឹង​ប៉ូលិស។ មនុស្ស​ចំនួន ៥ នាក់​បាន​ស្លាប់​នៅ​ក្នុង​ហេតុការណ៍​នោះ ដែល​រួម​មាន​ទាំង​មន្ត្រី​ប៉ូលិស​ការពារ​វិមាន​សភា​ម្នាក់​ និង​កុបករ​ម្នាក់​ដែល​ត្រូវ​បាន​ប៉ូលិស​ម្នាក់​បាញ់​សម្លាប់​ផង​ដែរ។

សមាជិក​ព្រឹទ្ធសភា​ទាំង ១០០ នាក់​ ដែល​នឹង​សម្រេច​លើ​សវនាការ​កាត់ទោស​លោក​Trump នេះ​ គឺ​ស្ថិត​ក្នុង​តំណែង​ពិសេស​មួយ ដោយសារ​តែ​ភាគច្រើន​នៃ​ពួកគេ​ទាំង​នោះ​ គឺ​ជា​សាក្សី​ខ្លួន​ឯង​ផ្ទាល់​ចំពោះ​ភាព​ចលាចលនេះ ខណៈ​ដែល​ពួកគេ​រត់គេច​ខ្លួន​ចេញ​ពី​សាល​ប្រជុំ​ព្រឹទ្ធសភា។

លោក Trump គឺ​ជា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​តែ​ម្នាក់​គត់​ដែល​ត្រូវ​បាន​គេ​ប្ដឹង​ទម្លាក់​ពី​តំណែង​ចំនួន​ពីរ​ដង។ លោក​បាន​រួច​ទោស​កាល​ពី​លើក​មុន​ នៅ​ពេល​ដែល​លោក​ត្រូវ​បាន​ចោទប្រកាន់​ថា​បាន​សូកប៉ាន់​ប្រធានាធិបតី​អ៊ុយក្រែន​ ឲ្យ​ជីក​កកាយ​រឿង​អាក្រក់​អំពី​លោក Biden នៅ​មុន​ការ​បោះឆ្នោត​កាល​ពី​ខែ​វិច្ឆិកាកន្លង​ទៅ​នេះ៕

ប្រែសម្រួល​ដោយ​អ្នកស្រី ហុង ចិន្ដា

XS
SM
MD
LG