សវនាការកាត់ទោសរបស់ព្រឹទ្ធសភាសហរដ្ឋអាមេរិកលើលោកអតីតប្រធានាធិបតី Donald Trump ជាប្រវត្តិសាស្ត្រលើកទីពីរ នឹងចាប់ផ្តើមនៅថ្ងៃអង្គារនេះ។
លោក Trump បានរងការចោទប្រកាន់ពីបទញុះញង់ឲ្យមានកុបកម្មកាលពីមួយខែមុន ដោយសារការជំរុញក្រុមអ្នកគាំទ្ររបស់លោក ឲ្យប្រឈមតតាំងជាមួយនឹងសមាជិកសភានៅឯវិមានសភា នៅពេលដែលសមាជិកសភាទាំងនោះកំពុងប្រកាសជាផ្លូវការថា លោក Joe Biden ជាអ្នកឈ្នះការបោះឆ្នោតប្រធានាធិបតី។
ការតវ៉ាប្រឆាំងរបស់ក្រុមអ្នកគាំទ្រលោក Trump នោះ បានក្លាយទៅជាភាពចលាចលហិង្សា នៅពេលដែលអ្នកទាំងនោះប្រហែល ៨០០ នាក់ បានសង្គ្រប់សម្រុកចូលក្នុងវិមានសភា ដោយជម្នះនឹងការរារាំងពីអាជ្ញាធរ និងវាយកម្ទេចទ្វារនិងបង្អួច រុះរើកកាយការិយាល័យមួយចំនួន និងវាយតប់ជាមួយប៉ូលិស។ មនុស្ស ៥ នាក់បានស្លាប់ នៅក្នុងហេតុការណ៍នោះ។
សមាជិកព្រឹទ្ធសភា ១០០ រូប ដែល ៥០ រូបមកពីខាងគណបក្សសាធារណរដ្ឋ និង ៥០ រូបទៀតមកពីខាងគណបក្សប្រជាធិបតេយ្យ នឹងចូលរួមនៅក្នុងសវនាការកាត់ទោសនេះ។
សមាជិកព្រឹទ្ធសភាទាំងនេះបានឆ្លងកាត់បទពិសោធន៍ដ៏ពិសេសមួយ ដោយពួកគេជាច្រើននាក់បានឃើញដោយផ្ទាល់ភ្នែកនូវភាពចលាចលកាលពីថ្ងៃទី ៦ ខែមករា នៅពេលដែលពួកគេបានរត់គេចរកសុវត្ថិភាពផ្ទាល់ខ្លួន បន្ទាប់ពីក្រុមអ្នកគាំទ្រលោក Trump បានសម្រុកចូលវិមានសភា។
ដើម្បីអាចផ្ដន្ទាទោសលោក Trump បាន ព្រឹទ្ធសភាត្រូវការសំឡេងឆ្នោត ២ ភាគ ៣។ ក្នុងករណីដែលក្រុមសប្រជាធិបតេយ្យទាំង ៥០ រូប បោះឆ្នោតផ្តន្ទាទោសលោក Trump នោះព្រឹទ្ធសភាត្រូវការសំឡេងឆ្នោតពីសមាជិកព្រឹទ្ធសភាខាងគណបក្សសាធារណរដ្ឋចំនួន ១៧ រូប ដើម្បីអាចផ្ដន្ទាទោសលោក Trump បាន៕