ក្រុមអ្នកការពារអតីតប្រធានាធិបតីលោក Donald Trump ក្នុងព្រឹទ្ធសភាអាមេរិកកាលពីថ្ងៃអាទិត្យបានបង្ហាញពីការគាំទ្រចំពោះអតីតប្រធានាធិបតីរូបនេះ មុនពេលសវនាការកាត់ក្តីលើរូបលោកក្នុងព្រឹទ្ធសភាអាមេរិកចាប់ផ្ដើម។
ពួកគេបានទាត់ចោលនូវបណ្តឹងប្រឆាំងលោក Trump ថាជាការធ្វើឲ្យខាតពេលវេលា និងបានលើកឡើងនូវទឡ្ហីករណ៍ថាសុន្ទរកថាប្រកបដោយភាពខឹងសម្បារបស់អតីតប្រធានាធិបតីរូបនេះ មុនពេលមានការសម្រុកចូលលុកលុយរបស់ក្រុមបាតុករ ទៅក្នុងវិមានសភាសហរដ្ឋអាមេរិកនោះ មិនអាចធ្វើឲ្យប្រធានាធិបតីរូបនេះទទួលខុសត្រូវចំពោះអំពើហិង្សា ដែលបានកើតឡើង កាលពីថ្ងៃទី៦ ខែមករានោះឡើយ។
«ប្រសិនបើត្រូវឲ្យលោក [Trump] ទទួលខុសត្រូវនោះ មានន័យថា លោកត្រូវបានចោទប្តឹងដោយរដ្ឋសភាសហរដ្ឋអាមេរិក និងត្រូវកាត់ទោសដោយព្រឹទ្ធសភា។ ចម្លើយសម្រាប់រឿងនេះគឺថាទេ»។
នេះបើតាមការលើកឡើងរបស់សមាជិកព្រឹទ្ធសភាខាងគណបក្សសាធារណរដ្ឋលោក Roger Wicker នៃរដ្ឋ Mississippi ដោយលោកបានបង្ហាញនូវជំនឿដ៏ជាក់ច្បាស់របស់លោកថា លោក Trump នឹងត្រូវបានសម្រេចឲ្យរួចទោសនៅក្នុងសវនាការរបស់ព្រឹទ្ធសភាសហរដ្ឋអាមេរិក។
នៅពេលត្រូវបានសួរថាតើសភាសហរដ្ឋអាមេរិកនឹងមានវិធានការណាផ្សេងសម្រាប់ជាការដាក់ទណ្ឌកម្មលោក Trump ដូចជាការថ្កោលទោសជាដើមនោះ ឬទេ សមាជិកព្រឹទ្ធសភារូបនេះបានគូសបញ្ជាក់ថា៖ «រដ្ឋសភាសហរដ្ឋអាមេរិកដែលដឹកនាំដោយគណបក្សប្រជាធិបតេយ្យនោះ មានជម្រើសនឹងធ្វើដូច្នេះ តែពួកគេមិនបានធ្វើទេ ហើយសម្រេចធ្វើការចោទប្រកាន់លោក Trump ជាផ្លូវការទៅវិញ។ ពេលនេះដំណើរការរឿងក្តីនេះកំពុងបន្តទៅមុខហើយ»។
ព្រឹទ្ធសភាសហរដ្ឋអាមេរិកកំពុងត្រៀមខ្លួនបើកសវនាការកាត់ក្តីលោក Trump នៅថ្ងៃអង្គារនេះ ដើម្បីពិចារណាទៅលើការចោទប្រកាន់ ដែលថា តើពាក្យសម្តីដ៏ក្រេវក្រោធរបស់លោក Trump ទៅកាន់អ្នកប្រឆាំងតវ៉ា នៅក្នុងពិធីជួបជុំគ្នាមួយ នៅក្បែរវិមានសភាសហរដ្ឋអាមេរិកនៅពេលនោះ និងពាក្យសម្ដីដែលខ្វះការពិតរបស់លោកជាច្រើនសប្តាហ៍ ដែលថាមានការលួចបន្លំសន្លឹកឆ្នោតក្នុងការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកនោះ ពិតជាបានបង្កឲ្យមានការខឹងសម្បាក្នុងចំណោមក្រុមមនុស្សដែលបានសម្រុកចូលទៅក្នុងវិមានសភាសហរដ្ឋអាមេរិកនោះដែរ ឬមួយក៏យ៉ាងណា។
សមាជិកព្រឹទ្ធសភាអាមេរិកជាច្រើននាក់ ដែលក្នុងនោះរួមមានមេដឹកនាំព្រឹទ្ធសភានៃគណបក្សសាធារណរដ្ឋផងគឺលោក Mitch McConnell បានថ្កោលទោសភ្លាមៗ ចំពោះអំពើហិង្សាដែលបានកើតមានឡើងនិងបានស្តីបន្ទោសដល់លោក Trump ផងដែរ។
ក្រោយកុបកម្មនោះសមាជិកព្រឹទ្ធសភា លោក Wicker បាននិយាយថា៖« ពលរដ្ឋអាមេរិកមិនអាចទទួលយកបានទេចំពោះការវាយប្រហារទៅលើស្ថាប័ននីតិរដ្ឋនេះ» ហើយដោយថ្លែងមិនចំឈ្មោះបុគ្គលណាម្នាក់នោះលោកថា «យើងត្រូវតែកាត់ទោសចំពោះអ្នកដែលបានបំផ្លាញលទ្ធិប្រជាធិបតេយ្យសហរដ្ឋអាមេរិក»។
ប៉ុន្តែជាមួយនឹងការផុតអាណត្តិជាប្រធានាធិបតីរបស់លោក Trump នោះសមាជិកគណបក្សសាធារណរដ្ឋបានបង្ហាញពីបំណងនយោបាយតិចតួច ក្នុងការចាត់វិធានការបន្តទៀតជុំវិញរឿងនេះ ដូចជាការកាត់ទោសលោក Trump ដែលអាចបិទផ្លូវរបស់លោក ក្នុងការឈរឈ្មោះជាប្រធានាធិបតីម្ដងទៀត នាពេលអនាគតជាដើម។
ការបែកបាក់ក្នុងជួរគណបក្សសាធារណរដ្ឋហាក់មានភាពកាន់តែខ្លាំងក្លាឡើង នៅមុនពេលដែលសវនាការកាត់ក្តីលោក Trump ក្នុងព្រឹទ្ធសភាសហរដ្ឋអាមេរិកមកដល់ ដែលនេះជាសញ្ញាមួយបញ្ជាក់ថាលោក Trump នៅតែបន្តមានឥទ្ធិពលលើគណបក្សសាធារណរដ្ឋ៕