ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ត្រូវបានកត់ត្រាក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិកក្នុងខែនេះ នៅពេលដែលរដ្ឋសភាសហរដ្ឋអាមេរិកបោះឆ្នោតដើម្បីចោទប្រកាន់ទម្លាក់លោកពីតំណែង ដោយសារតែកិច្ចខិតខំប្រឹងប្រែងរបស់លោកក្នុងការដាក់សម្ពាធទៅលើប្រទេសអ៊ុយក្រែនឲ្យបើកការស៊ើបអង្កេតទៅលើលោក Joe Biden ដែលជាគូប្រជែងនយោបាយ។
គេរំពឹងថា លោក ត្រាំ នឹងរួចពីការចោទប្រកាន់នៅក្នុងសវនាការចោទប្រកាន់ទម្លាក់ពីតំណែងនៅដើមឆ្នាំក្រោយក្នុងព្រឹទ្ធសភាសហរដ្ឋអាមេរិក ដែលគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋ។ ប៉ុន្តែជម្លោះនយោបាយដែលកើតឡើងដោយសារតែការចោទប្រកាន់ទម្លាក់ប្រធានាធិបតីពីតំណែងនេះនឹងក្លាយជាកត្តាមួយរួមចំណែកដល់លទ្ធផលនៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅឆ្នាំ២០២០ខាងមុខនេះ។
រាល់ពេលមានបញ្ហា លោកប្រធានាធិបតី ដូណាល់ ត្រាំ តែងតែអាចពឹងផ្អែកលើអ្នកគាំទ្រដ៏ស្មោះស្ម័គ្ររបស់លោកបាន។
បើទោះជារដ្ឋសភាសហរដ្ឋអាមេរិកបោះឆ្នោតដើម្បីចោទប្រកាន់ទម្លាក់លោក ត្រាំ ពីតំណែងក៏ដោយ ក៏លោកនៅតែអាចនិយាយរិះគន់សមាជិកគណបក្សប្រជាធិបតេយ្យវិញ នៅក្នុងការប្រមូលផ្ដុំសាធារណៈមួយក្នុងរដ្ឋ Michigan។
លោក ត្រាំ បានថ្លែងថា៖ «អ្នកគឺជាអ្នកដែលជ្រៀតជ្រែកនៅក្នុងការបោះឆ្នោតរបស់សហរដ្ឋអាមេរិក។ អ្នកគឺជាអ្នកដែលបំផ្លាញលទ្ធិប្រជាធិបតេយ្យរបស់សហរដ្ឋអាមេរិក។ យើងមិនបានធ្វើអ្វីខុសនោះទេ។ នេះគ្រាន់តែជាលេសតែប៉ុណ្ណោះ»។
អ្នកស្រី Nancy Pelosi ប្រធានរដ្ឋសភាសហរដ្ឋអាមេរិកខាងគណបក្សប្រជាធិបតេយ្យ បាននិយាយថា៖ «បទចោទទីមួយត្រូវបានអនុម័ត»។
អ្នកតំណាងរាស្ត្រខាងគណបក្សប្រជាធិបតេយ្យនិយាយថា ពួកគេចោទប្រកាន់ទម្លាក់លោក ត្រាំ ពីតំណែង ដោយសារតែពួកគេមិនអាចមិនអើពើនឹងការប៉ុនប៉ងរបស់លោកប្រធានាធិបតី ក្នុងការដែលឲ្យអ៊ុយក្រែនជួយលោកឈ្នះការបោះឆ្នោតប្រជែងយកតំណែងប្រធានាធិបតីម្ដងទៀតនៅឆ្នាំ២០២០ខាងមុខនេះ។
លោក Steny Hoyer សមាជិករដ្ឋសភាមកពីរដ្ឋ Maryland ខាងគណបក្សប្រជាធិបតេយ្យ បាននិយាយថា៖ «ការចោទប្រកាន់ទម្លាក់ប្រធានាធិបតីពីតំណែងនេះចោទជាសំណួរថាតើយើងនៅតែជាប្រទេសមួយដែលអនុវត្តច្បាប់ទៀត ដូចដែលស្ថាបនិករបស់យើងចង់បានដែរឬទេ ឬមួយក៏យើងនឹងទទួលយកមនុស្សម្នាក់ដែលនៅពីលើច្បាប់»។
នៅក្នុងព្រឹទ្ធសភាឱកាសរបស់លោកប្រធានាធិបតីក្នុងការរួចខ្លួនពីការចោទប្រកាន់ទម្លាក់ពីតំណែងនេះល្អប្រសើរជាងនៅរដ្ឋសភា ព្រោះសមាជិកគណបក្សសាធារណរដ្ឋមានបំណងនឹងឲ្យលោករួចខ្លួននៅក្នុងសវនាការ។ សមាជិកគណបក្សសាធារណរដ្ឋទាំងនោះក៏រួមមានទាំងលោក Mitch McConnell ប្រធានព្រឹទ្ធសភាខាងគណបក្សសាធារណរដ្ឋផងដែរ។
លោក McConnell ថ្លែងថា៖ «រដ្ឋសភាមួយនេះបានជះកំហឹងរបស់គណបក្សនយោបាយរបស់ខ្លួនមកលើលោកប្រធានាធិបតី និងបង្កើតព្រឹត្តិការណ៍ថ្មីដ៏ពិសពុលមួយ ដែលអាចនឹងកើតឡើងទៀតនៅពេលអនាគត»។
លោក Chuck Schumer មេដឹកនាំគណបក្សប្រជាធិបតេយ្យនៅក្នុងព្រឹទ្ធសភា និយាយថា គណបក្សរបស់លោកនឹងជំរុញឲ្យករណីនេះដំណើរការទៅមុខ។
លោក Schumer និយាយថា៖ «ខ្ញុំគិតថា ប្រសិនបើយើងប្រាប់លោកប្រធានាធិបតីថា លោកអាចរួចខ្លួនលើកនេះបាន លោកនឹងធ្វើវាម្ដងហើយម្ដងទៀត»។
សមាជិកគណបក្សប្រជាធិបតេយ្យនិងគណបក្សសាធារណរដ្ឋរំពឹងថា ការចោទប្រកាន់ទម្លាក់ប្រធានាធិបតីពីតំណែងនេះនឹងក្លាយជាកត្ដាមួយរួមចំណែកដល់លទ្ធផលនៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅឆ្នាំក្រោយ។ នេះបើតាមការបញ្ជាក់របស់អ្នកស្រី Julie Pace នៃទីភ្នាក់ងារសារព័ត៌មាន Associated Press។
អ្នកស្រី Pace លើកឡើងថា៖ «នេះគឺជារឿងធំមួយដែលគេមិនដឹង។ គណបក្សនយោបាយទាំងពីរគិតថា រឿងនេះអាចផ្ដល់ផលប្រយោជន៍ដល់ពួកគេ ហើយគណបក្សទាំងពីរក៏គិតដែរថា រឿងនេះអាចប៉ះពាល់ដល់ពួកគេវិញ។ ប៉ុន្តែយើងមិនដែលស្ថិតក្នុងស្ថានភាពដូច្នេះពីមុនមកទេ។ លើកនេះយើងមានការចោទប្រកាន់ទម្លាក់ប្រធានាធិបតីពីតំណែង ហើយប្រធានាធិបតីរូបនោះកំពុងតែឈរឈ្មោះដើម្បីប្រជែងយកតំណែងប្រធានាធិបតីម្ដងទៀត»។
រឿងរ៉ាវចោទប្រកាន់ទម្លាក់ប្រធានាធិបតីពីតំណែងនេះធ្វើឲ្យគេចាប់អារម្មណ៍យ៉ាងខ្លាំងមកលើស្ថានភាពនយោបាយនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោនក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។
ប៉ុន្តែអ្នកបោះឆ្នោតមិនសូវចងចាំបានយូរទេ។ នេះគឺជាការលើកឡើងរបស់លោក Larry Sabato អ្នកជំនាញនៃសាកលវិទ្យាល័យ Virginia។
លោក Sabato មានប្រសាសន៍ថា៖ «រឿងនេះនឹងមិនសូវសំខាន់ទៀតទេ ទម្រាំដល់ខែវិច្ឆិកាឆ្នាំក្រោយ [ដែលជាពេលបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី]។ វានឹងក្លាយទៅជាអតីតកាល ដែលមានន័យថា នឹងមានរឿងចម្រូងចម្រាស និងបញ្ហាផ្សេងៗទៀត។ បេក្ខជនពីររូបមកពីខាងគណបក្សប្រជាធិបតេយ្យនិងគណបក្សសាធារណរដ្ឋនឹងលេចធ្លោនៅក្នុងការបោះឆ្នោតនេះ មិនមែនរឿងចោទប្រកាន់ទម្លាក់ប្រធានាធិបតីពីតំណែងនេះទៀតទេ»។
ការស្ទង់មតិសាធារណជនបង្ហាញថា សហរដ្ឋអាមេរិកនៅតែបែកខ្ញែកគ្នាលើរឿងចោទប្រកាន់ទម្លាក់ប្រធានាធិបតីពីតំណែងនេះ ហើយដំណើរការដែលមានរយៈពេលយូរនៅក្នុងរដ្ឋសភានេះ អាចកែប្រែស្ថានការណ៍នេះបានតិចតួច។ នេះបើតាមការបញ្ជាក់របស់អ្នកស្រី Capri Cafaro អ្នកវិភាគនៃសាកលវិទ្យាល័យ American។
អ្នកស្រី Cafaro ថ្លែងយ៉ាងដូច្នេះថា៖ «ប៉ុន្តែខ្ញុំគិតថា អ្វីដែលបានកើតឡើងពាក់ព័ន្ធនឹងរឿងចោទប្រកាន់ទម្លាក់ប្រធានាធិបតីពីតំណែងនេះមិនបានប៉ះពាល់អ្វីខ្លាំងក្លារហូតធ្វើឲ្យអ្នកបោះឆ្នោតប្ដូរចិត្តនោះទេ។ ខ្ញុំគិតថា វាធ្វើឲ្យពួកគេរឹតតែសាមគ្គីគ្នាគាំទ្រលោក ត្រាំ ទៅវិញទេ»។
ព្រឹទ្ធសភានឹងពិនិត្យមើលថាតើលោក ត្រាំ សក្ដិសមនឹងបន្ដកាន់តំណែងប្រធានាធិបតីឬយ៉ាងណានៅខែមករាខាងមុខនេះ។
ប៉ុន្តែគេរំពឹងថា អ្នកសម្រេចចិត្តចុងក្រោយគឺជាអ្នកបោះឆ្នោតអាមេរិកាំងនៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅខែវិច្ឆិកាឆ្នាំក្រោយទៅវិញទេ៕
ប្រែសម្រួលដោយអ្នកស្រី ហុង ចិន្ដា