ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធាន​ក្រុម​សំឡេង​ភាគច្រើន​ក្នុង​ព្រឹទ្ធសភា​ស.រ.អា.​មិន​ទាត់ចោល​លទ្ធភាព​កោះ​ហៅ​សាក្សី​ក្នុង​សវនាការ​ចោទប្រកាន់​ដក​តំណែង​លោក ត្រាំ


ប្រធាន​ក្រុម​សំឡេង​ភាគច្រើន​ក្នុង​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក លោក Mitch McConnell និយាយ​ជាមួយ​នឹង​អ្នក​សារព័ត៌មាន នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩។
ប្រធាន​ក្រុម​សំឡេង​ភាគច្រើន​ក្នុង​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក លោក Mitch McConnell និយាយ​ជាមួយ​នឹង​អ្នក​សារព័ត៌មាន នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩។

ប្រធាន​ក្រុម​សំឡេង​ភាគច្រើន​ក្នុង​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក លោក Mitch McConnell មាន​ប្រសាសន៍​ថា​សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​សាធារណរដ្ឋ មិន​បាន​បដិសេធ​លទ្ធភាព​ក្នុង​ការ​កោះហៅ​សាក្សី​ក្នុង​សវនាការ​ចោទប្រកាន់​ដក​តំណែង​ប្រធានាធិបតី ​លោក ដូណាល់ ត្រាំ​នោះ​ទេ។

លោក Mitch McConnell បាន​ប្រាប់​កម្មវិធីព័ត៌មាន «Fox & Friends‍» កាល​ពី​ថ្ងៃ​ចន្ទ​ថា «‍យើង​មិន​បាន​ទាត់ចោល​សាក្សី​ទេ។ យើង​បាន​និយាយ​ហើយ​ថា​យើង​នឹង​ដោះស្រាយ​ករណី​ដូច​ដែល​យើង​បាន​ធ្វើ​ជាមួយ​លោក​ប្រធានាធិបតី Clinton ដូច្នេះ​ដែរ។ យុត្តិធម៌​គឺ​ត្រូវ​តែ​យុត្តិធម៌»។

កាល​ពី​សប្ដាហ៍​មុន ប្រមុខ​ដឹកនាំ​សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​សាធារណរដ្ឋ​រូប​នេះ បាន​ច្រាន​ចោល​ការ​អំពាវនាវ​របស់​មេដឹកនាំ​ក្រុម​សំឡេង​ភាគតិច​ក្នុង​ព្រឹទ្ធសភា​គឺ​លោក Chuck Schumer ក្នុង​ការ​ស្ដាប់​កសិណសាក្សី​ដែល​ជា​មន្ត្រី​ចំនួន​៤​រូប​ ក្នុង​អំឡុង​សវនាការ​ព្រឹទ្ធសភា​ ដើម្បី​ចោទប្រកាន់​ដក​តំណែង​ប្រធានាធិបតី។

មន្ត្រី​ទាំង​៤​រូប​រួម​ទាំង​អតីត​ទីប្រឹក្សា​សន្តិសុខជាតិ​សហរដ្ឋ​អាមេរិក​គឺ​លោកJohn Bolton និង​នាយក​ស្ដីទី​ខុទ្ទកាល័យ​ប្រធានាធិបតី​គឺ​លោក Mick Mulvaney ​ផង​ដែរ។

មន្ត្រី​ទាំង​នេះ បាន​បដិសេធ​ ធ្វើ​កសិណសាក្សី​ក្នុង​អំឡុង​ពេល​ស៊ើបអង្កេត​របស់​រដ្ឋសភា​ ដើម្បី​ចោទប្រកាន់​ដក​តំណែង​លោក​ប្រធានាធិបតី។

រដ្ឋសភា​ដែល​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជាធិបតេយ្យ បាន​អនុវត្ត​បទ​ចោទប្រកាន់​ពីរ​ករណី ប្រឆាំង​នឹង​លោក​ត្រាំ កាល​ពី​ថ្ងៃ​ពុធ​សប្ដាហ៍​មុន ដោយ​បាន​ធ្វើ​ឱ្យ​ប្រធានាធិបតី​រូប​នេះ ក្លាយ​ជា​ប្រធានាធិបតី​អាមេរិកាំង​ទី​៣ ដែល​ត្រូវ​បាន​ចោទប្រកាន់​ដើម្បី​ដក​ចេញ​ពី​តំណែង ក្នុង​ប្រវត្តិសាស្ត្រ២៤៣​ឆ្នាំ​នៃ​ប្រទេស​នេះ។

លោក ត្រាំ ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​បំពាន​អំណាច​ជា​ប្រធានាធិបតី ដើម្បី​ទទួល​បាន​ផលប្រយោជន៍​នយោបាយ​ខ្លួនឯង និង​បទ​រារាំង​ដំណើរ​ការ​ស៊ើបអង្កេត​របស់​រដ្ឋសភា ដែល​ខិតខំ​ស៊ើប​អង្កេត​ពីទង្វើ​របស់​លោក៕

XS
SM
MD
LG