ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ​Donald Trump ​បង្កើន​​ប្រឆាំង​សមាជិក​សភា​ប្រជា​ធិបតេយ្យ​ពេល​បញ្ហា​នេះ​ជាប់គាំង​នៅ​ព្រឹទ្ធ​សភា


រូបឯកសារ៖​ ប្រធានាធិបតីអាមេរិកលោក Donald Trump ថ្លែងនៅកិច្ចប្រជុំកំពូលមួយនៅក្រុង West Palm Beach រដ្ឋ Florida កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩។

កាលពី​ថ្ងៃ​អង្គារ​ ​ប្រធានាធិបតី​សហ​រដ្ឋ​អាមេរិក​លោក ​Donald Trump ​បាន​ស្តី​បន្ទោស​សមាជិក​សភា​គណបក្ស​ប្រជា​ធិបតេយ្យ​ចំពោះ​ការ​ចោទ​ប្រកាន់​លោក​ ​ខណៈ​ការ​ប្រឈម​មុខ​គ្នា​ខាង​នីតិបញ្ញត្តិ​បន្ត​អំពី​និតិ​វិធី​កាត់ទោស​ការ​ចោទប្រកាន់​ដក​ប្រធានាធិបតី​នៅ​ព្រឹទ្ធ​សភា។ ​

លោក ​Trump ​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​នៅ​រមណីយដ្ឋាន ​Mar-a-Lago​ របស់​លោក​នៅឯក្រុង ​Palm Beach រដ្ឋ Florida ថា​ «ពួកគេ​បាន​ធ្វើបាប​យើង​ដោយ​អយុត្តិធម៌ ​ហើយ​ឥឡូវ​នេះ​ពួក​គេ​ចង់បាន​ស្មើ​ភាព​នៅ​ក្នុង​ព្រឹទ្ធ​សភា»។​

លោក ​Trump ​ក៏​រិះគន់​ជា​ពិសេស​ចំពោះ​អ្នកស្រី ​Nancy Pelosi ​ប្រធាន​សភា​ចំពោះ​ការ​ពន្យារ​ពេល​មិន​កំណត់​ក្នុង​ការ​បញ្ជូន​បទ​ចោទ​ប្រកាន់​ទៅ​ព្រឹទ្ធ​សភា​គ្រប់គ្រង​ដោយ​គណបក្ស​សាធារណរដ្ឋ​ ​សម្រាប់​ចាប់​ផ្តើម​ការ​កាត់ក្តី។ ​លោក ​Trump ​បាន​ប្រកាស​ថា «​អ្នកស្រី​ស្អប់​មនុស្ស​ទាំងអស់​ដែល​បោះ​ឆ្នោត​ឱ្យ​ខ្ញុំ​និង​គណបក្ស​សាធារណរដ្ឋ។ អ្នកស្រី​មិន​បម្រើ​ប្រទេស​ទេ»។​

នៅក្នុង​ការ​បោះ​ឆ្នោត​ដែល​ស្ទើរ​តែ​តាម​គោល​ការណ៍​គណបក្ស​ទាំងស្រុង​នោះ​ ​សភា​ដែល​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជា​ធិបតេយ្យ​បាន​អនុម័ត​បទ​ចោទ​ពីរ​ប្រឆាំង​នឹង​លោក ​Trump កាលពី​ថ្ងៃពុធ​សប្តាហ៍​មុន​ ​ ដែល​ធ្វើឱ្យលោក​ក្លាយ​ជាប្រធានាធិបតី​ទី៣​របស់​សហ​រដ្ឋ​អាមេរិក​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​នៅ​ក្នុង​ប្រវត្តិ​២៤៣​ឆ្នាំ​របស់​ប្រទេស​នេះ។ ​លោក​ត្រូវ​បាន​ចោទ​ប្រកាន់ពីបទ​រំលោភ​អំណាច​ប្រធានាធិបតី​ដើម្បី​ផល​ប្រយោជន៍​នយោបាយ​ផ្ទាល់​ខ្លួន​ហើយ​បន្ទាប់​មក​រារាំង​កិច្ច​ប្រឹងប្រែង​របស់​សភា​ដែល​ស៊ើប​អង្កេត​សកម្មភាព​របស់​លោក។​

កាលពី​សប្តាហ៍​មុន​លោក ​Mitch McConnell ​មេ​ដឹកនាំ​គណបក្ស​សាធារណរដ្ឋ​នៅ​ព្រឹទ្ធ​សភា​បាន​ច្រាន​ចោល​ការ​អំពាវនាវ​របស់​លោក​ Chuck Schumer​ មេដឹក​នាំ​ព្រឹទ្ធ​សភា​ខាង​គណបក្ស​ប្រជាធិបតេយ្យដែល​ចង់​ស្តាប់​សក្ខី​កម្ម​របស់​មន្ត្រីបួន​រូប​ក្នុង​អំឡុង​ពេល​សវនាការ​នៅ​ព្រឹទ្ធ​សភា ​រួមមាន​អតីត​ទីប្រឹក្សា​សន្តិសុខ​ជាតិលោក​ John Bolton​និងប្រធាន​ខុទ្ទកាល័យ​ស្តីទី​នៅ​សេតវិមាន​លោក Mick Mulvaney។ ​ក្រុមមន្រ្តី​ទាំងនេះ​បាន​បដិសេធ​មិន​ផ្តល់សក្ខីកម្ម​ក្នុង​អំឡុង​ពេល​សវនាការ​នៅ​សភា​ទេ។​ ទោះ​យ៉ាងណាកាល​ពីថ្ងៃ​ច័ន្ទ ​លោក McConnell បាន​បន្ទន់​ជំហរ​របស់​លោក​ដោយ​និយាយ​ថា​ ​គណបក្ស​សាធារណ​រដ្ឋ​មិនបាន​ច្រានចោល​ការ​ហៅ​សាក្សី​នៅ​ក្នុង​សវនាការចោទ​ប្រកាន់​លោក​Trump ​នៅព្រឹទ្ធ​សភា​ទេ៕

XS
SM
MD
LG