ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ Trump និង​លោក​ស្រី Clinton ​ដេញ​ដោល​គ្នា​ម្តង​ទៀត​ខណៈ​វីដេអូ​​ដ៏​ចម្រូង​ចម្រាស​​លេចឡើង


បេក្ខជន​ប្រធានាធិបតី​ទាំង​ពីរ គឺ​លោក​ស្រី Hillary Clinton និង​លោក​ Donald Trump នៅ​ឯ​កិច្ច​​ពិភាក្សា​ដេញ​ដោល​គ្នា​​លើក​ទី​មួយ​នៅ​សាកល​វិទ្យាល័យ Hofstra។
បេក្ខជន​ប្រធានាធិបតី​ទាំង​ពីរ គឺ​លោក​ស្រី Hillary Clinton និង​លោក​ Donald Trump នៅ​ឯ​កិច្ច​​ពិភាក្សា​ដេញ​ដោល​គ្នា​​លើក​ទី​មួយ​នៅ​សាកល​វិទ្យាល័យ Hofstra។

លោក​ Donald Trump ​បេក្ខជន​ប្រធានាធិបតី​ស.រ.អា.​ខាង​គណបក្ស​សាធារណរដ្ឋ​និង​លោកស្រី​ Hillary Clinton ​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​នឹង​ជជែក​ដេញ​ដោល​គ្នា​លើក​ទី​ពីរ​នៅ​យប់​ថ្ងៃ​អាទិត្យ​តាម​ពេល​វេលា​នៅ​ស.រ.អា. ទោះ​ណាជាសមាជិក​សំខាន់ៗ​របស់​គណបក្ស​សាធារណរដ្ឋ​បាន​ទាមទារ​ឱ្យ​លោក ​Trump​ ដក​ខ្លួន​ថយ​ចេញ​ពី​ការប្រកួត​ប្រជែង​នេះ​ក៏​ដោយ។

ការ​ហៅ​ឲ្យ​ដក​ខ្លួន​នេះ​ មាន​ឡើង​ក្រោយ​ពី​មាន​ការ​ផ្សព្វផ្សាយ​វីដេអូ​មួយ​ដែលត្រូវបាន​ថត​កាល​ពីឆ្នាំ​២០០៥ ​ដែល​វីដេអូ​នោះ​បង្ហាញ​ឱ្យ​ឃើញ​លោក​ Trump ​ធ្វើ​អត្ថាធិប្បាយ​ដោយ​ប្រើ​ពាក្យ​អាសគ្រាម​ទៅ​លើស្ត្រី​ និង​ការ​អួត​អាង​របស់លោក​ក្នុង​បំណង​កាម​តណ្ហា ​ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់ដល់ស្ត្រី។

កាល​ពី​ថ្ងៃ​សៅរ៍​ លោក Trump បាននិយាយ​ថា​មាន"ឱកាស​សូន្យ"ដែលលោក​នឹង​បោះ​បង់ចោល​ការ​ប្រកួតប្រជែងដើម្បី​តំណែង​កំពូល​ក្នុង​សេតវិមាន​ក្នុងពេល​តែ​មួយ​ខែ​មុនការបោះឆ្នោត​ប្រធានាធិបតី​ស.រ.អ.នៅ​ថ្ងៃ​ទី​៨ខែ​វិច្ឆិកា​ហើយ​លោក​បានសុំអភ័យទោស​អំពី​អត្ថាធិប្បាយ​ទាំង​នោះ​របស់លោក។​

ក៏​ប៉ុន្តែ​ លោកស្រី​ Hillary Clinton​ ដែល​ជា​អតីត​រដ្ឋមន្ត្រី​ការបរទេស​ស្វះ​ស្វែង​ឱ្យ​ក្លាយ​ទៅ​ជា​ប្រធានាធិបតី​ស្ត្រី​ទី​មួយ​នៃ​ប្រទេស​អាមេរិក ​មិន​ធ្លាប់​វាយ​ប្រហារ​លោក​ Trump ទៅ​លើ​បញ្ហា​នេះ​ទេ​ពី​មុន​មក។ លោក​ស្រី​គ្រោង​នឹង​ថ្លែង​ជា​សាធារណៈ​និង​ប្រឈម​ជាមួយ​លោក​ Trump ​អំពី​បញ្ហាកាមតណ្ហា​នេះ​នៅ​ក្នុង​ការ​ជជែក​ដេញ​ដោល​គ្នា​នៅ​ក្នុង​ក្រុង​ St. Louis ​រដ្ឋ​ Missouri ​នា​ផ្នែក​កណ្តាល​ខាង​លិចស.រ.អ.។

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​តាម​ Twitter ​លោកស្រី​ Clinton ​បាន​ហៅ​អត្ថាធិប្បាយ​របស់​លោក Trump ​ថា​«ជា​ការ​គួរ​ឱ្យខ្លាច»។

នៅពេល​ជា​មួយ​គ្នា​នេះ ​លោក ​Trump ​ដែល​ជា​មហា​សេដ្ឋី​អចលនទ្រព្យ​ឈរ​ឈ្មោះ​លើក​ដំបូង​ដើម្បី​តំណែង​សាធារណៈ ​បាន​និយាយ​ថា​ រឿង​ចម្រូង​ចម្រាស់​នេះ​«គ្មាន​អ្វីក្រៅ​ពី​ការ​ធ្វើ​ឱ្យ​មាន​ការ​រំខាន​តែ​ប៉ុណ្ណោះ»​ ទោះ​ណា​ជា​ការ​ស្ទង់មតិ​ខាង​នយោបាយ​នៅ​ក្នុង​ប្រទេស​បង្ហាញ​ថា​ ការ​គាំទ្រ​ដល់​លោក​បាន​ចុះថយ​ចុះ​តាំង​ពី​មុន​ការ​ផ្សព្វផ្សាយ​វីដេអូនេះ​កាល​ពី​ថ្ងៃសុក្រ​ទៅ​ទៀត។​

លោកស្រី​ Clinton ​នាំមុខ​លោក Trump ​ជាង​បួន​ភាគ​រយ​ ហើយ​លោក​ស្រី​មាន​ការ​គាំទ្រច្រើន​ជាង​មុន​នៅ​ក្នុង​រដ្ឋ​សំខាន់ៗ​នៃ​ការ​ប្រកួត​ប្រជែង​ដើម្បី​តំណែង​ប្រធានាធិបតី​លើក​នេះ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG