ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​សាធារណរដ្ឋ​ដក​​ថយ​ពី​លោក Trump ដែល​សច្ចា​ថា​នៅ​តែ​ប្រកួត​ប្រជែង​តំណែង​ប្រធានាធិបតី


បេក្ខជន​ប្រធានាធិបតី​គណបក្ស​សាធារណ​រដ្ឋ Donald Trump បក់ដៃ​ទៅ​កាន់​អ្នកគាំទ្រ​នៅ​ខាង​ក្រៅ​ទ្វារ​អគារ Trump កន្លែង​ដែល​លោក​ស្នាក់​នៅ ក្នុង​ទីក្រុង​ Manhattan បុរី​ញូវយ៉កកាល​ពី ថ្ងៃទី ០៨ កញ្ញា ២០១៦។
បេក្ខជន​ប្រធានាធិបតី​គណបក្ស​សាធារណ​រដ្ឋ Donald Trump បក់ដៃ​ទៅ​កាន់​អ្នកគាំទ្រ​នៅ​ខាង​ក្រៅ​ទ្វារ​អគារ Trump កន្លែង​ដែល​លោក​ស្នាក់​នៅ ក្នុង​ទីក្រុង​ Manhattan បុរី​ញូវយ៉កកាល​ពី ថ្ងៃទី ០៨ កញ្ញា ២០១៦។

បេក្ខជន​ប្រធានាធិបតី​មកពី​គណបក្ស​សាធារណរដ្ឋ​លោក Donald Trump បាន​សរសេរ​នៅ​លើ​បណ្ដាញ​សង្គម Twitter កាល​ពី​ថ្ងៃ​សៅរ៍​ម្សិលមិញ​ថា លោក​នឹង «មិន​លះបង់​ការ​ប្រកួត​ជា​ដាច់​ខាត»។ លោក​បាន​បន្ថែម​ថា ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ផ្សេងៗ​បាន​ព្យាយាម​រារាំង​លោក​មិន​ឲ្យ​ក្លាយ​ជា​ប្រធានាធិបតី ដោយ​បាន​បញ្ចេញ​នូវ​ខ្សែ​អាត់​វីដេអូ​កាល​ពី​ឆ្នាំ ២០០៥ ​បង្ហាញ​ពី​លោក Trump និយាយ​ពាក្យ​អាសគ្រាម​អំពី​ស្ត្រី​ភេទ។

លោក Trump ថា វីដេអូ​ដែល​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​នោះ គ្មាន​អ្វី​ក្រៅ​ពី​ការ​ចង់​ធ្វើ​ឲ្យ​លោក​បែក​អារម្មណ៍​នោះ​ទេ នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​នៃ​ការ​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ដែល​នៅ​សេសសល់​មុន​ពេល​ការ​បោះ​ឆ្នោត​ចូល​មក​ដល់​នៅ​ខែ​វិច្ឆិកា​ខាង​មុខ​នេះ។ លោក​បាន​បញ្ជាក់​ថា លោក​នឹង​ផ្ដោត​ឡើង​វិញ​នូវ​ការ​លើក​ឡើង​របស់​លោក​ប្រឆាំង​នឹង​លោកស្រី Hillary Clinton ដែល​ជា​គូ​ប្រជែង​របស់​លោក​មកពី​គណបក្ស​ប្រជាធិបតេយ្យ ដោយ​លោក​បាន​និយាយ​ថា ​អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក Bill Clinton ដែល​ជា​ស្វាមី​របស់​លោកស្រី Clinton បាន​ធ្វើ​អំពើ​អាក្រក់​ៗ​ចំពោះ​ស្រ្តី​ភេទ​ច្រើន​ជាង​លោក​ទៅ​ទៀត។

លោក Trump បាន​បញ្ជាក់​នៅ​ក្នុង​វីដេអូ​ថ្មី​មួយ​ដែល​បាន​បង្ហោះ​នៅ​លើ​ទំព័រ Facebook របស់​លោក យ៉ាង​ដូច្នេះ​ថា៖ «មាន​ភាព​ខុស​គ្នា​រវាង​ពាក្យ​សម្ដី និង​សកម្មភាព​របស់​មនុស្ស​ផ្សេង​ៗ។ លោក Bill Clinton តាម​ពិត បាន​រំលោភ​បំពាន​លើ​ស្ត្រី​នានា ហើយ​លោកស្រី Hillary បាន​សម្លុត វាយប្រហារ បង្អាប់ និង​គំរាមកំហែង​ជន​រងគ្រោះ​ទាំង​នោះ»។ នៅ​លើ​ទំព័រ Facebook នោះ​ដែរ លោក​ក៏​បាន​ធ្វើ​ការ​សុំ​អភ័យទោស​ផង​ដែរ​ចំពោះ​ការ​លើក​ឡើង​មិន​សមរម្យ​របស់​លោក​អំពី​ស្ត្រី​ភេទ។

លោក Trump និង​លោកស្រី Clinton នឹង​បង្ហាញ​មុខ​ជាមួយ​គ្នា​ម្ដង​ទៀត​នៅ​ថ្ងៃ​អាទិត្យ​នេះ​នៅ​ក្នុង​ការ​ដេញដោល​តទល់​គ្នា​ជុំ​ទី​ពីរ៕

XS
SM
MD
LG