ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ជជែកតស៊ូ​មតិ​បេក្ខជន​អនុ​ប្រធានាធិបតី​អាមេរិក​ទទួល​​ការ​ចាប់​អារម្មណ៍​ជាង​យុទ្ធនាការ​បោះ​ឆ្នោត​នៅ​ថ្ងៃ​អង្គារ​នេះ


បេក្ខជន​អនុប្រធានាធិបតី​គណបក្ស​ប្រជាធិបតេយ្យលោក Tim Kaine (ឆ្វេង) និង​បេក្ខជន​អនុប្រធានាធិបតី​គណ​បក្ស​សាធារណរដ្ឋលោក Mike Pence។
បេក្ខជន​អនុប្រធានាធិបតី​គណបក្ស​ប្រជាធិបតេយ្យលោក Tim Kaine (ឆ្វេង) និង​បេក្ខជន​អនុប្រធានាធិបតី​គណ​បក្ស​សាធារណរដ្ឋលោក Mike Pence។

បេក្ខជន​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​មកពី​គណបក្ស​សាធារណរដ្ឋ​លោក Donald Trump នឹង​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​នៅ​រដ្ឋ Arizona នា​ថ្ងៃ​អង្គារ​នេះ ខណៈ​ពេល​ដែល​លោកស្រី Hillary Clinton បេក្ខជន​ប្រធានាធិបតី​មកពី​គណបក្ស​ប្រជាធិបតេយ្យ​វិញ នឹង​ធ្វើ​យុទ្ធនាការ​នៅ​រដ្ឋ Pennsylvania។ ប៉ុន្តែ​ការ​ផ្ដោត​ជា​ចម្បង​នៅ​ថ្ងៃ​អង្គារ​នេះ គឺ​ការ​ដេញដោល​តទល់​គ្នា​រវាង​បេក្ខជន​អនុ​ប្រធានាធិបតី​មកពី​គណបក្ស​ទាំង​ពីរ​នៅ​ក្នុង​រដ្ឋ Virginia ដែល​នេះ​ជា​ការ​ជជែក​តស៊ូ​មតិតែ​ម្ដង​គត់​របស់​បេក្ខជន​អនុ​ប្រធានាធិបតី​ទាំង​ពីរ​នៅ​មុន​ការ​បោះ​ឆ្នោត​ថ្ងៃ​ទី ៨ ខែ​វិច្ឆិកា ចូល​មក​ដល់។

ការ​ជជែក​តស៊ូ​មតិ​រវាង​បេក្ខជន​អនុ​ប្រធានាធិបតី​ទាំង​ពីរ ដែល​មាន​លោក Mike Pence មកពី​គណបក្ស​សាធារណរដ្ឋ និង​លោក Tim Kaine មកពី​គណបក្ស​ប្រជាធិបតេយ្យ ធ្វើ​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​មុន​ការ​ជជែក​តស៊ូ​មតិ​គ្នា​លើក​ទី​ពីរ​រវាង​លោក Trump និង​លោក Clinton ចូល​មក​ដល់។

កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ បេក្ខជន​ប្រធានាធិបតី​ទាំង​ពីរ​បាន​បន្ត​រិះគន់​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​លោកស្រី Clinton បាន​រិះគន់​ពី​ការ​បង់​ពន្ធ​ប្រាក់​ចំណូល​ប្រចាំ​ឆ្នាំ​របស់​លោក Trump រី​ឯ​លោក Trump វិញ រិះគន់​លោកស្រី Clinton រឿង​ប្រព័ន្ធ​អ៊ីមែល​ឯកជន​របស់​លោកស្រី​ពេល​ដែល​លោកស្រី​ធ្វើ​ជា​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក។

យុទ្ធនាការ​របស់​លោក Trump មិន​បាន​បដិសេធ​អំពី​ភាព​ត្រឹមត្រូវ​នៃ​ការ​បង់​ពន្ធ​ប្រាក់​ចំណូល​ប្រចាំ​ឆ្នាំ របស់​លោក Trump នោះ​ទេ។ លោក Trump បញ្ជាក់​កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​នៅ​ឯ​ការ​ជួបជុំ​នៅ​ក្នុង​រដ្ឋ Colorado ថា លោក​ជា «អ្នក​ទទួល​ផល​ច្រើន‍» ពី​ប្រព័ន្ធ​បង់​ពន្ធ​នេះ ប៉ុន្តែ​លោក​ថា លោក​ចង់ «ធ្វើ​ឲ្យ​ប្រព័ន្ធ​បង់​ពន្ធ​ប្រាក់​ចំណូល​នេះ មាន​ភាព​យុត្តិធម៌​សម្រាប់​មនុស្ស​ទូទៅ‍»។

ចំពោះ​ករណី​អ៊ីមែល​របស់​លោកស្រី Clinton វិញ កន្លង​មក អ្នក​ស៊ើប​អង្កេត​បាន​សន្និដ្ឋាន​ថា លោកស្រី Clinton «មាន​ការ​ធ្វេស​ប្រហែល​ច្រើន​បំផុត» នៅ​ក្នុង​ការ​ប្រើប្រាស់​ប្រព័ន្ធ​អ៊ីមែល​របស់​លោកស្រី ប៉ុន្តែ​គេ​មិន​ឃើញ​មាន​ការ​ចោទ​ប្រកាន់​អំពី​បទ​ឧក្រិដ្ឋ​ណា​មួយ​ធ្វើ​ឡើង​ចំពោះ​លោកស្រី​នោះ​ទេ៕

XS
SM
MD
LG