ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

បេក្ខជន​អនុ​ប្រធានាធិបតី​អាមេរិក​ទាំង​ពីរ​ដេញដោល​គ្នា​លើ​បញ្ហា​ប្រព័ន្ធ​យុត្តិធម៌​ព្រហ្មទណ្ឌ និង​គោល​នយោបាយ​ចំពោះ​ប្រទេស​ស៊ីរី


លោក Mike Pence បេក្ខជន​អនុ​ប្រធានាធិបតី​មកពី​គណបក្ស​សាធារណរដ្ឋ (ខាង​ស្តាំ) និង​លោក Tim Kaine បេក្ខជន​អនុ​ប្រធានាធិបតី​មកពី​គណបក្ស​ប្រជាធិបតេយ្យ បាន​វាយ​ប្រហារ​គ្នា​ដោយ​ពាក្យ​សម្ដី​ទៅ​វិញ​ទៅ​មក ទាក់ទិន​នឹង​គម្រោង​គោល​នយោបាយ​របស់​យុទ្ធនាការ​គណបក្ស​គូ​ប្រជែង​របស់​ខ្លួន

លោក Mike Pence បេក្ខជន​អនុ​ប្រធានាធិបតី​មកពី​គណបក្ស​សាធារណរដ្ឋ និង​លោក Tim Kaine បេក្ខជន​អនុ​ប្រធានាធិបតី​មកពី​គណបក្ស​ប្រជាធិបតេយ្យ បាន​វាយ​ប្រហារ​គ្នា​ដោយ​ពាក្យ​សម្ដី​ទៅ​វិញ​ទៅ​មក ទាក់ទិន​នឹង​គម្រោង​គោល​នយោបាយ​របស់​យុទ្ធនាការ​គណបក្ស​គូ​ប្រជែង​របស់​ខ្លួន ក៏​ដូចជា​ប្រវត្តិ​ផ្សេងៗ​របស់​លោក Donald Trump និង​លោកស្រី Hillary Clintonនៅ​ក្នុង​ការ​ដេញដោល​តទល់​គ្នា​កាល​ពី​យប់​ថ្ងៃ​អង្គារ​ម្សិលមិញ។

លោក Pence និង​លោក Kaine បាន​តទល់​គ្នា​នៅ​ក្នុង​ការ​ដេញដោល​តែ​ម្ដង​គត់​សម្រាប់​ពួកគេ​នៅ​មុន​ការ​បោះ​ឆ្នោត​ចូល​មក​ដល់​នា​ខែ​ក្រោយ​នេះ ដោយ​បេក្ខជន​ទាំង​ពីរ​បាន​បង្អាក់​គ្នា​ទៅ​វិញ​ទៅ​មក​ជា​រឿយៗ​ពេល​ដែល​ពួកគេ​ពិភាក្សា​អំពី​បញ្ហា​អាវុធ​នុយក្លេអ៊ែរ អំពី​ស្ថានការណ៍​នៅ​ក្នុង​ប្រទេស​ស៊ីរី និង​អំពី​កំណែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌​ព្រហ្មទណ្ឌ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក។

លោក Pence បាន​ហៅ​លោកស្រី Clinton ថា​ជា «អ្នក​រៀបចំ​គម្រោង» សម្រាប់​គោល​នយោបាយ​ការបរទេស​របស់​លោក​ប្រធានាធិបតី Barack Obama ដែល​គោល​នយោបាយ​នេះ បាន​ធ្វើ​ឲ្យ​តំបន់​មជ្ឈឹម​បូព៌ា «មាន​ភាព​ចលាចល​មិន​អាច​គ្រប់គ្រង​បាន»។ លោក​បាន​រិះគន់​លោកស្រី Clinton ថា​បាន​ធ្វើ​ឲ្យ​ក្រុម​ពួក​ជ្រុល​និយម​រដ្ឋ​ឥស្លាម​មាន​ការ​កើន​ឡើង និង​បាន​ធ្វើ​ឲ្យ​ប្រទេស​រុស្ស៊ី​កាន់​តែ​មាន​ជំនឿ​ទុក​ចិត្ត​លើ​ខ្លួន​ឯង​កាន់តែ​ខ្លាំង។

ចំណែក​ឯ​លោក Kaine វិញ លោក​បាន​និយាយ​ថា លោក Trump តែងតែ​គិត​ពី​ខ្លួន​ឯង​ជា​មុន។ លោក Kaine បាន​ចោទ​ប្រកាន់​លោក Trump ថា​មាន​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​រុស្ស៊ី ដែល​លោក​បដិសេធ​មិន​បង្ហាញ​ឲ្យ​សាធារណជន​ដឹង។

ប៉ុន្តែ បេក្ខជន​ទាំង​ពីរ​បាន​ឯកភាព​គ្នា​ចំពោះ​តម្រូវការ​នៅ​ក្នុង​ការ​ការពារ​ជន​ស៊ីវិល​នៅ​ភាគ​ខាង​ជើង​ប្រទេស​ស៊ីរី។ ពួកគេ​ក៏​ឯកភាព​គ្នា​ចំពោះ​តម្រូវការ​ឲ្យ​បង្កើត​ប្រព័ន្ធ​ប៉ូលិស​នៅ​ក្នុង​សហគមន៍ ប៉ុន្តែ​ពួកគេ​មិន​មាន​ទស្សនៈ​ដូច​គ្នា​ចំពោះ​ការ​កែទម្រង់​ប្រព័ន្ធ​យុត្តិធម៌​ព្រហ្មទណ្ឌ​នោះ​ទេ៕

XS
SM
MD
LG