ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​ជន​ភៀស​ខ្លួន​ទីបេ​នៅ​ប្រទេស​ឥណ្ឌា​ការពារ​វប្បធម៌​និង​ភាសា​របស់​ពួក​គេ


រូបឯកសារ៖ សិស្ស​សាលា​ជន​ជាតិ​ទីបេ​ស្លៀក​សម្លៀក​បំពាក់​ប្រពៃណី​ដើម្បី​សម្ដែង​ក្នុង​ការ​ប្រារព​ខួប​ទី​៥៧​នៃ​ការ​បង្កើត​រដ្ឋាភិបាល​​​និរទេស​ទីបេ នៅ​វត្ត Tsuglakhang ក្រុង Dharmsala ប្រទេស​សឥណ្ឌា កាល​ពី​ឆ្នាំ​២០១៧។
រូបឯកសារ៖ សិស្ស​សាលា​ជន​ជាតិ​ទីបេ​ស្លៀក​សម្លៀក​បំពាក់​ប្រពៃណី​ដើម្បី​សម្ដែង​ក្នុង​ការ​ប្រារព​ខួប​ទី​៥៧​នៃ​ការ​បង្កើត​រដ្ឋាភិបាល​​​និរទេស​ទីបេ នៅ​វត្ត Tsuglakhang ក្រុង Dharmsala ប្រទេស​សឥណ្ឌា កាល​ពី​ឆ្នាំ​២០១៧។

បើ​ទោះ​បី​ជា​លោក Migmar Tsering បាន​ឆ្លង​ព្រំ​ដែន​ចូល​ប្រទេស​ឥណ្ឌា​តាំង​ពី​លោក​មាន​អាយុ​ទើប​តែ ៦ ឆ្នាំ​ក៏​ដោយ ក៏​លោក​នៅ​តែ​មាន​ទំនាក់​ទំនង​ជិត​ស្និទ្ធ​ជាមួយ​នឹង​វប្បធម៌ និង​ភាសា​ទីបេ​ដដែល ដោយ​លោក​បាន​សិក្សា​នៅ​ឯ​សាលា​សម្រាប់​ជន​ភៀស​ខ្លួន​ទីបេ​នៅ​ក្នុង​ទីក្រុង Mussoorie ដែល​ជា​ទីក្រុង​មួយ​ស្ថិត​នៅ​លើ​ទួល​ភ្នំ។

បច្ចុប្បន្ន​នេះ ក្នុង​នាម​ជា​នាយក​សាលា TCV Day School Samyeling នៅ​ក្នុង​រដ្ឋធានី​នៃ​ប្រទេស​ឥណ្ឌា លោក Tsering ដែល​មាន​អាយុ ២៩ ឆ្នាំ​រូប​នេះ និង​បុគ្គលិក​របស់​លោក​ខិតខំ​ធ្វើ​យ៉ាង​ណា​ធានា​ឲ្យ​បាន​ថា កុមារ​ទីបេ​ជាង ១ រយ​នាក់​ដែល​បាន​ចុះ​ឈ្មោះ​រៀន​នៅ​ក្នុង​សាលា​នេះ​អាច​ទទួល​បាន​នូវ​ចំណេះដឹង​ផ្នែក​វប្បធម៌​ទីបេ​ដូច​ដែល​លោក​បាន​ទទួល​ដូច្នេះ​ដែរ។

លោក Tsering និយាយ​ថា៖ «ពួក​គេ​បង្រៀន​ក្មេងៗ​អំពី​ស្ថានការណ៍​នៅ​ទីបេ ដោយ​មិន​ជាប់​ពាក់​ព័ន្ធ​នឹង​នយោបាយ​នោះ​ទេ ដូចជា យើង​មាន​ប្រទេស​ដ៏​ស្រស់​ស្អាត យើង​មាន​ភាសា​ដ៏​ល្អ យើង​មាន​អត្តសញ្ញាណ​ល្អ និង​សាសនា​ល្អ​ជា​ដើម»។

ក្រោម​ការ​បង្ហាត់​បង្ហាញ​ពី​លោក​គ្រូ​អ្នក​គ្រូ​ដែល​ស្លៀក​សំលៀក​បំពាក់ Chuba ដែល​ជា​សំលៀក​បំពាក់​ប្រពៃណី​ទីបេ ក្មេងៗ​ទាំង​នេះ​រៀន​សរសេរ​អក្សរ​និង​ច្រៀង​ចម្រៀង​សម្រាប់​កុមារ​ដែល​គេ​បក​ប្រែ​ជា​ភាសា​ទីបេ។ ក្មេងៗ​ទាំង​នោះ​និយាយ​ភាសា​ទីបេ នៅ​ពេល​ពួក​គេ​រត់​លេង និង​លេង​ជាមួយ​គ្នា។

ស្រប​ពេល​ដែល​មាន​ការ​ភ័យ​ខ្លាច​ថា ការ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ចិន​ក្នុង​រយៈពេល ៦ ទសវត្សរ៍​មក​នេះ​អាច​ធ្វើ​ឲ្យ​ប្រពៃណី​របស់​ទីបេ​បាត់​បង់ ហើយ​វប្បធម៌​របស់​ទីបេ​ជ្រាប​ចូល​ទៅ​ក្នុង​វប្បធម៌​របស់​ចិន​នោះ សម្តេច​សង្ឃ​ដាឡៃឡាម៉ា ដែល​ជា​មេ​ដឹកនាំ​សាសនា​តំបន់​ទីបេ ជា​រឿយៗ​បាន​សង្កត់​ធ្ងន់​អំពី​ភាព​ចាំបាច់​នៅ​ក្នុង​ការ​ការពារ​វប្បធម៌​របស់​ទីបេ។

ហើយ​ស្រប​ពេល​ដែល​រដ្ឋបាល​និរទេស​របស់​ទីបេ​នឹង​ឈាន​ដល់​ខួប​ទី ៦០ ចាប់តាំង​ពី​ពេល​ដែល​សម្តេច​សង្ឃ ដាឡៃ​ឡាម៉ា បាន​ភៀស​ខ្លួន​ទៅ​កាន់​ប្រទេស​ឥណ្ឌា​មក អ្នក​វិភាគ​នានា​បាន​និយាយ​ថា គោល​បំណង​នេះ​ទទួល​បាន​ជោគជ័យ​ជាង​ការ​តស៊ូល​ផ្នែក​នយោបាយ​ដើម្បី​ទាមទារ​យក​ស្វ័យភាព​សម្រាប់​តំបន់​ទីបេ​ទៅ​ទៀត។

សមិទ្ធផល​ដែល​កើត​ចេញ​ពី​ការ​ខិត​ខំ​ទាំង​នោះ​គឺ មាន​សាលា​រៀន​ប្រហែល​ជា ៧០ ខ្នង ដែល​គ្រប់គ្រង​ដោយ​រដ្ឋបាល​និរទេស​នៃ​តំបន់​ទីបេ​ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ប្រទេស​ឥណ្ឌា។ ប្រទេស​ឥណ្ឌា​គឺ​ជា​ទីតាំង​ដែល​មាន​សហគមន៍​ជន​ភៀស​ខ្លួន​ទីបេ​ធំ​ជាង​គេ​បំផុត​នៅ​លើ​ពិភពលោក។

បន្ទាប់ពី​សម្តេច​សង្ឃ ដាឡៃឡាម៉ា បាន​ភៀស​ខ្លួន​ទៅ​កាន់​ប្រទេស​ឥណ្ឌា​ក្រោយ​ពី​មាន​ការ​បរាជ័យ​នៅ​ក្នុង​ការ​បះបោរ​ប្រឆាំង​នឹង​ការ​គ្រប់​គ្រង​របស់​ចិន​នៅ​ក្នុង​ឆ្នាំ ១៩៥៩ មក រដ្ឋាភិបាល​ក្រុង​ញូដេលី​បាន​អនុញ្ញាត​ឲ្យ​មាន​ការ​បង្កើត​ដាច់​ដោយ​ឡែក​មួយ​នូវ​តំបន់​ស្នាក់​នៅ និង​សាលា​រៀន​នានា​សម្រាប់​ជន​ភៀស​ខ្លួន​ទីបេ​ជំនាន់​ទី ៣ ដើម្បី​សិក្សា​រៀន​សូត្រ។

សាលា​រៀន​ទាំង​នេះ​ផ្ដោត​លើ​ការ​សិក្សា​ជា​ភាសា​ទីបេ​រហូត​ដល់​ថ្នាក់​ទី ៣។ អ្នក​គ្រូ Sonam Choedon នៃ​សាលា​បង្រៀន​ភាសា​ទីបេ​មួយ​កន្លែង​ក្នុង​រដ្ឋធានី​របស់​ប្រទេស​ឥណ្ឌា បាន​ចង្អុល​បង្ហាញ​ថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​កាត់បន្ថយ​ការ​បង្រៀន​ភាសា​ដែល​និយាយ​ដោយ​ជន​ជាតិ​ដើម​ភាគ​តិច​នានា។

រូបឯកសារ៖ សម្តេច​សង្ឃ​ដាឡៃ​ឡាម៉ា។
រូបឯកសារ៖ សម្តេច​សង្ឃ​ដាឡៃ​ឡាម៉ា។

អ្នកគ្រូ​បាន​និយាយ​យ៉ាង​ដូច្នេះ​ថា៖ «ឥឡូវ​នេះ​ភាសា​ទីបេ​នៅ​តំបន់​ទីបេ ត្រូវ​បាន​រដ្ឋាភិបាល​ចិន​ធ្វើ​ការ​គាប​សង្កត់ សូម្បី​តែ​នៅ​ក្នុង​ថ្នាក់​រៀន​ក៏​ពួក​គេ​មិន​អនុញ្ញាត​ឲ្យ​និយាយ​ភាសា​ទីបេ​ដែរ។ ដូច្នេះ​ដើម្បី​រក្សា​នូវ​ភាសា​របស់​ពួក​យើង​នៅ​កន្លែង​ដែល​ពួក​យើង​ធ្វើ​និរទេស​នេះ ពួក​យើង​បាន​ព្យាយាម​បង្រៀន​អ្វី​គ្រប់​យ៉ាង​ជា​ភាសា​ទីបេ ជា​ពិសេស​នៅ​តាម​សាលា​រៀន»។

គ្រប់​មុខ​វិជ្ជា​ទាំង​អស់​តាំង​ពី​វិទ្យាសាស្ត្រ​រហូត​ដល់​គណិតវិទ្យា និង​ការ​សិក្សា​អំពី​បរិស្ថាន​ជា​ដើម ត្រូវ​បាន​បង្រៀន​ជា​ភាសា​ទីបេ នៅ​ក្នុង​ថ្នាក់​សិក្សា​កម្រិត​ខ្ពស់​បន្តិច។ នៅ​ក្នុង​បន្ទប់​សម្រាប់​អាន​មិន​ត្រឹម​តែ​មាន​សៀវភៅ​ដែល​បក​ប្រែ​ជា​ភាសា​ទីបេ​ប៉ុណ្ណោះ​ទេ ក្មេងៗ​ថែម​ទាំង​អង្គុយ​ផ្ទាល់​នឹង​ឥដ្ឋ​ដើម្បី​អាន​សៀវភៅ​ដែល​គេ​ដាក់​នៅ​លើ​តុ​ទាបៗ​ផង​ដែរ​ដើម្បី​ស្វែង​យល់​អំពី​ប្រពៃណី​របស់​តំបន់​ទីបេ។ នៅ​ក្នុង​បន្ទប់​នៅ​ក្បែរ​នោះ ក្មេងៗ​មួយ​ចំនួន​ទៀត​ទាំង​ប្រុស​ទាំង​ស្រី​កំពុង​លេង​តន្ត្រី​ដោយ​ប្រើ​ឧបករណ៍​ប្រពៃណី​ទីបេ។

លោក Lobsang Sangay នាយក​រដ្ឋមន្ត្រី​នៃ​រដ្ឋបាល​និរទេស​ទីបេ​បាន​ថ្លែង​កាល​ពី​ពេល​ថ្មីៗ​នេះ​ក្នុង​កម្មវិធី​មួយ​ឈ្មោះ​ថា «សូម​អរគុណ​ប្រទេស​ឥណ្ឌា» ដែល​បាន​រៀប​ចំឡើង​ដើម្បី​ប្រារព្ធ​ខួប​ទី ៦០ នៃ​ការ​ធ្វើ​ដំណើរ​មក​ដល់​ប្រទេស​ឥណ្ឌា​របស់​សម្ដេច​សង្ឃ ដាឡៃឡាម៉ា យ៉ាង​ដូច្នេះ​ថា៖ «ដោយ​មាន​ការ​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ពី​សំណាក់​ប្រទេស​ឥណ្ឌា យើង​បាន​ធ្វើ​ឲ្យ​អរិយធម៌​របស់​ទីបេ​រស់​ឡើង​វិញ​ចេញ​ពី​ផេះផង់​នៃ​ការ​បំផ្លិច​បំផ្លាញ យើង​បាន​កសាង​ព្រះ​ពុទ្ធសាសនា​ទីបេ​ឡើង​វិញ បាន​ធ្វើ​ឲ្យ​វប្បធម៌​ទីបេ​រស់​ឡើង​វិញ និង​បាន​រក្សា ក៏​ដូចជា​លើក​កម្ពស់​អត្តសញ្ញាណ​របស់​ទីបេ​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​ផង​ដែរ»។

កិច្ច​ខិត​ខំ​ទាំង​នេះ​ទទួល​បាន​លទ្ធផល​ជា​ផ្លែផ្កា។ នៅ​តំបន់ Majnu-ka-Tilla ដែល​ជា​តំបន់​ស្នាក់​អាស្រ័យ​របស់​ជន​ភៀស​ខ្លួន​ទីបេ​ដែល​ជា​ទីតាំង​របស់​សាលារៀន​មួយ​កន្លែង​របស់​រដ្ឋាភិបាល​ក្រុង​ញូដេលី គេ​ឃើញ​មាន​ទង់ជាតិ​ជា​ច្រើន​របស់​អ្នក​បួង​សួង​ដែល​បាន​ដោត​នៅ​ពាសពេញ​ទីធ្លា​កណ្ដាល ព្រះ​សង្ឃ​កំពុង​អុជ​ទៀន​នៅ​ក្នុង​វត្ត​ព្រះ​ពុទ្ធសាសនា​មួយ​កន្លែង មនុស្ស​ម្នា​ទាំង​ចាស់​ទាំង​ក្មេង​បាន​ចូល​មក​បង្វិល​កង់​សម្រាប់​បួងសួង ហើយ​ជា​ទូទៅ​គេ​ក៏​ឃើញ​មាន​ម្ហូប​អាហារ​ទីបេ​នៅ​ទី​នោះ​ផង​ដែរ។ នៅ​ក្បែរ​នោះ គេ​ក៏​ឃើញ​មាន​ការ​ដាក់​លក់​នូវ​សិប្បកម្ម​របស់​ទីបេ​ផង​ដែរ។

ទោះជា​យ៉ាង​ណា​ក៏​ដោយ ក៏​នៅ​តែ​មាន​បញ្ហា​ប្រឈម​កើត​ឡើង​ផង​ដែរ ដោយ​ហេតុ​ថា​មនុស្ស​ជំនាន់​ក្មេងៗ​ដែល​ធំ​ដឹង​ក្ដី​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​មាន​ភាព​អន្ទះសា ហើយ​ភាគ​ច្រើន​កំពុង​ស្វែង​រក​ឱកាស​នានា​នៅ​ក្រៅ​ប្រទេស ដែល​នៅ​ទី​នោះ ជនជាតិ​ទីបេ​រស់នៅ​មិន​ផ្ដុំ​គ្នា​ច្រើន​ដូច​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​នោះ​ទេ។ នា​ពេល​បច្ចុប្បន្ន​នេះ ជន​ភៀស​ខ្លួន​ទីបេ​ដែល​មក​ប្រទេស​ឥណ្ឌា​ក៏​មាន​ចំនួន​តិច​តួច​ផង​ដែរ។

ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ ក៏​សហគមន៍​និរទេស​ទីបេ​នៅ​តែ​មាន​ក្ដី​សង្ឃឹម​ខ្ពស់​ថា អ្នក​ដែល​ទទួល​បាន​ការ​អប់រំ ហើយ​ធំ​ដឹង​ក្ដី​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​នឹង​ពាំនាំ​ឥទ្ធិពល​និង​ប្រពៃណី​របស់​ទីបេ​ទៅ​កាន់​ពិភពលោក​ខាង​ក្រៅ។

កញ្ញា Tenzin Dekong វ័យ ២៣ ឆ្នាំ បាន​ធ្វើ​ដំណើរ​ទៅ​រស់នៅ​ក្នុង​ប្រទេស​អូស្ត្រាលី​ជាមួយ​នឹង​ក្រុម​គ្រួសារ​របស់​នាង​កាល​ពី​ឆ្នាំ ២០១៤។ នាង​បាន​មក​លេង​ប្រទេស​ឥណ្ឌា​កាល​ពី​ពេល​ថ្មីៗ​នេះ ហើយ​បាន​និយាយ​ថា នាង​នឹក​បរិយាកាស​បែប​ទីបេ​នៅ​ក្នុង​សហគមន៍​នានា​ដូចជា​សហគមន៍ Majnu-ka-Tilla ជា​ដើម។ ប៉ុន្តែ​វប្បធម៌​ដែល​នាង​ទទួល​បាន​នៅ​ពេល​នាង​ធំ​ដឹង​ក្ដី និង​ទទួល​បាន​ពី​ការ​សិក្សា​នៅ​ទីក្រុង Dharamsala ក៏​ដូចជា​ទីតាំង​របស់​រដ្ឋាភិបាល​និរទេស​ទីបេ នៅតែ​ដក់​ជាប់​នៅ​ក្នុង​អារម្មណ៍​របស់​នាង​ដដែល។

រូបឯសារ៖ រដ្ឋាភិបាល​និរទេស​ទីបេ​រៀប​ចំ​ពិធី​អរគុណ​ឥណ្ឌា រយៈ​ពេល​៣​ថ្ងស​នៅ​ទីក្រុង​ញូវដេលី
រូបឯសារ៖ រដ្ឋាភិបាល​និរទេស​ទីបេ​រៀប​ចំ​ពិធី​អរគុណ​ឥណ្ឌា រយៈ​ពេល​៣​ថ្ងស​នៅ​ទីក្រុង​ញូវដេលី

នាង Tenzin Dekong បាន​និយាយ​ថា៖ «ខ្ញុំ​ពិតជា​អាក់អន់ចិត្ត​ណាស់ ដែល​មិន​បាន​មើល​ឃើញ​តំបន់​ទីបេ​ដោយ​ផ្ទាល់​នឹង​ភ្នែក ប៉ុន្តែ​តាម​រយៈ​ការ​រៀបរាប់​របស់​ចាស់ៗ និង​តាម​រយៈ​ការ​បង្រៀន​របស់​លោក​គ្រូ​អ្នក​គ្រូ​អំពី​តំបន់​ទីបេ យើង​មាន​ការ​យល់​ដឹង​ច្រើន​អំពី​ប្រវត្តិសាស្ត្រ ហើយ​ខ្ញុំ​ពិត​ជា​មាន​អារម្មណ៍​ផ្សារភ្ជាប់​ជាមួយ​នឹង​វប្បធម៌​ទីបេ ហើយ​ខ្ញុំ​អាច​ស្រមៃ​បាន​ថា​តើ​ទីបេ​មាន​រូបរាង​បែប​ណា​នៅ​ពេល​ដែល​មាន​ភ្នំ និង​វត្ត​អារាម​ជា​ច្រើន​ព័ទ្ធ​ជុំវិញ​នោះ»។

នៅ​ឯ​ពិធី​គម្រប់​ខួប​លើក​ទី ៦០ នៃ​ការ​រស់នៅ​និរទេស​របស់​ព្រះ​អង្គ​នៅ​ក្នុង​ប្រទេស​ឥណ្ឌា សម្តេច​សង្ឃ ដាឡៃឡាម៉ា បាន​បញ្ជាក់​យ៉ាង​ច្បាស់​ម្ដង​ទៀត​អំពី​សារៈសំខាន់​នៃ​ការ​ជួយ​សង្គ្រោះ​វប្បធម៌​ទីបេ។ ព្រះ​អង្គ​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា៖ «យើង​មិន​ទាមទារ​ឲ្យ​មាន​ការ​ផ្ដាច់​ខ្លួន​ចេញ​ពី​ប្រទេស​ចិន​នោះ​ទេ។ ប៉ុន្តែ​ប្រជាពលរដ្ឋ​ទីបេ​គួរ​តែ​មាន​ស្វ័យភាព​ដើម្បី​រក្សា​នូវ​វប្បធម៌ ភាសា បរិស្ថាន និង​សាសនា​របស់​ខ្លួន»។

មនុស្ស​ភាគ​ច្រើន ដូច​ជា​នាយក​សាលា​លោក Tsering ជា​ដើម សង្ឃឹម​ថា ថ្ងៃ​ណា​មួយ​ពួក​គេ​អាច​ពាំនាំ​ឫស​គល់​វប្បធម៌​ដែល​ពួក​គេ​កំពុង​តែ​ថែទាំ​យ៉ាង​ប្រុង​ប្រយ័ត្ន​នៅ​ក្នុង​ប្រទេស​ឥណ្ឌា ត្រឡប់​ទៅ​កាន់​ទឹក​ដី​កំណើត​វិញ ដែល​ជា​កន្លែង​ដែល​ពួក​គេ​បាន​រត់​គេច​ចេញ ឬ​ក៏​មិន​ដែល​បាន​ឃើញ​សោះ​នៅ​ក្នុង​ជីវិត​របស់​ពួកគេ។

លោកគ្រូ Tsering បាន​និយាយ​ថា៖ «យើង​មាន​ការពិត ខ្ញុំ​សង្ឃឹម​ថា ថ្ងៃណា​មួយ​យើង​នឹង​ទៅ​ទីបេ​វិញ»៕

ប្រែ​សម្រួល​ដោយ​ នៀម ឆេង

អត្ថបទ​ទាក់ទង

វីដេអូថ្មីៗបំផុត

XS
SM
MD
LG