គណៈកម្មការបេតិកភណ្ឌពិភពលោកនៃអង្គការ UNESCO បានចំណាយពេលមួយសប្ដាហ៍ជួបប្រជុំគ្នានៅក្នុងទីក្រុង Krakow ប្រទេសប៉ូឡូញ ដើម្បីពិនិត្យ ពិភាក្សា និងវាយតម្លៃទីតាំងប្រវត្តិសាស្ត្រ និងវប្បធម៌សំខាន់ៗចំនួន ៣៤ កន្លែង នៅលើពិភពលោក ក្នុងគោលបំណងចុះបញ្ជីកន្លែងទាំងនោះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។
កន្លែងប្រវត្តិសាស្ត្រ និងវប្បធម៌សំខាន់ៗដែលអង្គការ UNESCO ជ្រើសរើសឆ្នាំនេះ មានដូចជា ទីក្រុង Yazd ដែលជាទីក្រុងវាយខ្សាច់នៅអ៊ីរ៉ង់ រូងជួរភ្នំ Swabian Jura យុគសម័យទឹកកកក្នុងប្រទេសអាល្លឺម៉ង់ កំពង់ផែ Valongo Wharf ដែលជាកំពង់ផែថ្មក្នុងប្រទេសប្រេស៊ីល និងតំបន់ប្រាសាទសំបូរព្រៃគុកក្នុងប្រទេសកម្ពុជាជាដើម។
អង្គការ UNESCO បានបញ្ចូលកន្លែងប្រវត្តិសាស្ត្រ និងវប្បធម៌ជាង ២២ កន្លែង ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដែលក្នុងនោះមានទាំងជម្រើសមួយចំនួនដែលមានលក្ខណៈប្រទាំងប្រទើសផងដែរ។
តំបន់ប្រទាំងប្រទើសមួយក្នុងចំណោមនោះ គឺតំបន់ Hoh Xil ក្នុងខេត្ត Qinghai ប្រទេសចិន ដែលកាលពីបុរាណជាតំបន់ទីបេ។ អង្គការយុទ្ធនាការអន្តរជាតិដើម្បីតំបន់ទីបេ (International Campaign for Tibet) ដែលជាអង្គការរិះគន់ការគ្រប់គ្រងរបស់ចិននៅតំបន់ Hoh Xil នោះ បានបញ្ជាក់ថា ការដាក់បញ្ចូលតំបន់ Hoh Xil ជាសម្បត្តិបេតិកភណ្ឌពិភពលោកដូចនេះ មានន័យថា អង្គការ UNESCO បានគាំទ្រចំពោះទង្វើអាជ្ញាធរចិនដែលធ្វើមកលើជនជាតិទីបេ។
តំបន់ប្រទាំងប្រទើសមួយទៀតគឺទីក្រុងចាស់ និងផ្នូររបស់ព្រឹទ្ធាចារ្យនានាក្នុងទីក្រុង Hebron នៃដែនដីប៉ាឡេស្ទីន។ ការដាក់បញ្ចូលទីក្រុងនេះទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក គឺបានធ្វើឲ្យប្រទេសអ៊ីស្រាអែលខឹងសម្បា។ អ៊ីស្រាអែលបានចោទអង្គការ UNESCO ថាបានព្យាយាមលាក់អំពីទំនាក់ទំនងរបស់ជនជាតិជ្វីហ្វជាមួយនឹងទីក្រុង Hebron ចំណែកឯប៉ាឡេស្ទីនវិញ ចោទអ៊ីស្រាអែលថាកំពុងព្យាយាមបំផ្លាញប្រវត្តិសាស្ត្រប៉ាឡេស្ទីន៕