ចាប់តាំងពីទទួលបានសញ្ជាតិឥណ្ឌាតាំងពី ៦ ឬ ៧ ខែមុនមក លោក Lobsang Wangyal ដែលជាអ្នករៀបចំកម្មវិធីផ្សេងៗ មានអារម្មណ៍ធូរស្រាលជាងមុននៅពេលដែលលោកធ្វើដំណើរទៅក្រៅប្រទេស។ ការចំណាយពេលច្រើននៅក្នុងការទទួលបានប័ណ្ណធ្វើដំណើរទៅក្រៅប្រទេស និងការព្រួតពិនិត្យតឹងតែងបន្ថែមទៀតនៅឯអាកាសយានដ្ឋានដែលជនភៀសខ្លួនទីបេតែងតែជួបប្រទះនោះ ឥឡូវនេះគឺគ្រាន់តែជាអតីតកាលដែលកន្លងផុតទៅប៉ុណ្ណោះ។
ខណៈពេលដែលលោកអូសវ៉ាលីដើម្បីឡើងជិះយន្តហោះទៅកាន់ទីក្រុងបាងកក ប្រទេសថៃ នៅឯអាកាសយានដ្ឋានញូដេលី ប្រទេសឥណ្ឌា លោកបានរំឭកអំពីការរំខាននានា ការចំណាយពេលវេលា និងថវិកាដើម្បីបានឯកសារធ្វើដំណើរ និងការឆ្លើយសំណួរគួរឲ្យអាម៉ាស់មួយចំនួននៅឯប្រលានយន្តហោះជាដើម។
លោកបាននិយាយថា៖ «នៅពេលនោះ ពេលដែលខ្ញុំកំពុងឈរតម្រង់ជួររង់ចាំ ខ្ញុំត្រូវគេនាំយកទៅសួរសំណួរ។ នេះគឺជារឿងដ៏ចម្លែក មិនមែនជារឿងល្អនោះទេ គឺវាប្រៀបដូចជាខ្ញុំបានធ្វើអ្វីខុសអញ្ចឹង»។
លោក Lobsang Wangyal បានដាក់ពាក្យបណ្ដឹងទៅកាន់តុលាការហើយទទួលបានលិខិតឆ្លងដែនឥណ្ឌា បន្ទាប់ពីតុលាការកំពូលក្រុងញូដេលីបានបញ្ជាឲ្យអាជ្ញាធរផ្ដល់សញ្ជាតិឥណ្ឌាដល់ជនជាតិទីបេដែលកើតនៅក្នុងប្រទេសឥណ្ឌារវាងឆ្នាំ ១៩៥០ និងឆ្នាំ ១៩៨៧ ស្របទៅតាមច្បាប់។ ចំពោះអ្នកដែលកើតក្រោយឆ្នាំ ១៩៨៧ វិញ គឺចាំបាច់ត្រូវតែមានឪពុក ឬក៏ម្ដាយជាជនជាតិឥណ្ឌា ដើម្បីអាចទទួលបានសញ្ជាតិឥណ្ឌាបាន។
ក្រោយពីតុលាការបានសម្រេចដូច្នេះមក ជនជាតិទីបេមួយចំនួនដូចជាលោក Lobsang Wangyal ជាដើម កំពុងជ្រើសរើសយកសញ្ជាតិឥណ្ឌា។
ប៉ុន្តែរឿងនេះបានបង្កឲ្យមានការជជែកពិភាក្សាគ្នាដ៏ក្លៀវក្លាមួយនៅក្នុងសហគមន៍ជនជាតិទីបេដែលនិរទេសខ្លួនក្នុងប្រទេសឥណ្ឌាប្រហែល ១ សែននាក់ អំពីថាតើរឿងនេះអាចធ្វើឲ្យយុទ្ធនាការមួយដែលដឹកនាំដោយមេដឹកនាំសាសនាទីបេសម្ដេចសង្ឃ Dalai Lama អស់ជាច្រើនទសវត្សរ៍មកហើយដើម្បីទទួលបានស្វ័យភាពបន្ថែមទៀតពីប្រទេសចិននោះ កាន់តែចុះខ្សោយដែរឬទេ?
ប្រទេសឥណ្ឌាមានសហគមន៍ជនជាតិទីបេធំជាងគេបំផុតក្នុងពិភពលោក ដែលបានរស់នៅជាជនភៀសខ្លួនគ្មានរដ្ឋអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។ សហគមន៍ជនជាតិទីបេនេះបានជួយឲ្យអន្តរជាតិបន្តចាប់អារម្មណ៍ទៅលើការតស៊ូរបស់ជនជាតិទីបេ និងឲ្យបណ្ដាបស្ចិមប្រទេសនានាមានក្ដីអាណិតអាសូរចំពោះបុព្វហេតុរបស់អ្នកទាំងនោះ។
ហើយទោះបីជាមានការវិវឌ្ឍទៅមុខតិចតួចក្ដី រឿងនេះនៅតែជាអាទិភាពចម្បងមួយសម្រាប់សហគមន៍ជនជាតិទីបេនៅទូទាំងប្រទេសឥណ្ឌា។
លោក Karten Tsering ប្រធានអង្គការ Residents Association ក្នុងតំបន់រស់នៅរបស់ជនជាតិទីបេក្នុងទីក្រុងញូដេលី ប្រទេសឥណ្ឌា បាននិយាយថា៖ «ប្រសិនបើទឹកដីទីបេមានសេរីភាព នោះយើងមិនចាកចេញនោះទេ។ យើងនៅតែចិញ្ចឹមចិត្តតវ៉ាទាមទារសេរីភាពសម្រាប់តំបន់ទីបេ។ ទឹកដីរបស់យើងគឺនៅទីនោះ»។
សម្ដេចសង្ឃ Dalai Lama បានបញ្ឈប់ការទាមទារឯករាជ្យ ប៉ុន្តែចង់បាន «ស្វ័យភាពដ៏ពិតប្រាកដមួយ» សម្រាប់ប្រជាពលរដ្ឋនៅតំបន់ទីបេ និងបានអំពាវនាវឲ្យមានការអភិរក្សវប្បធម៌របស់ទីបេ។
នៅក្នុងសហគមន៍ជនជាតិទីបេក្នុងប្រទេសឥណ្ឌា ដែលជាកន្លែងដែលបេតិកភណ្ឌរបស់ទីបេត្រូវបានការពារយ៉ាងខ្នះខ្នែង ព្រះសង្ឃអុជចង្កៀងនៅក្នុងវត្តព្រះពុទ្ធសាសនាមួយ ជនជាតិទីបេទាំងចាស់ទាំងក្មេងបានមកបួងសួង សិស្សរៀនភាសាទីបេនៅក្នុងសាលា ហើយមនុស្សទាំងចាស់ទាំងក្មេងមានការគោរពកោតសរសើរសម្ដេចសង្ឃ Dalai Lama យ៉ាងខ្លាំង។
ប៉ុន្តែការទទួលបានសញ្ជាតិឥណ្ឌាមានន័យថា ជនភៀសខ្លួនដែលមានប័ណ្ណចុះឈ្មោះរស់នៅ ត្រូវតែចាកចេញពីតំបន់រស់នៅរបស់ជនជាតិទីបេ។ នេះបើយោងតាមច្បាប់របស់រដ្ឋាភិបាលឥណ្ឌា។ ចំណុចនេះបានបង្កឲ្យមានការព្រួយបារម្ភថា វានឹងធ្វើឲ្យការផ្សារភ្ជាប់របស់ពួកគេទៅនឹងអត្តសញ្ញាណ និងបេតិកភណ្ឌរបស់ពួកគេកាន់តែឃ្លាតឆ្ងាយទៅៗ។
លោក Karten Tsering បាននិយាយថា ការទទួលបានលិខិតឆ្លងដែនឥណ្ឌាគឺជាជម្រើសរបស់បុគ្គលម្នាក់ៗ ប៉ុន្តែសម្រាប់ខ្លួនលោកផ្ទាល់ លោកមានអារម្មណ៍ថាលោកមិនត្រូវការសញ្ជាតិឥណ្ឌានោះទេ ហើយគិតថា លោកមិនមានការលំបាកអ្វីនោះទេក្នុងការរស់នៅក្នុងប្រទេសឥណ្ឌា។ លោកនិយាយថា៖ «នៅឥណ្ឌា យើងចង់ធ្វើអ្វីក៏បានដែរ ដោយមិនមានការហាមឃាត់អ្វីនោះទេ»។
ប៉ុន្តែនៅពេលដែលយុវជនទីបេជាច្រើននៅក្នុងប្រទេសឥណ្ឌាទទួលស្គាល់ថា ពួកគេនឹងមិនត្រឡប់ទៅទីបេវិញ គេឃើញមានការកើនឡើងនូវតម្រូវការក្នុងការចាក់ឫសគល់នៅក្នុងប្រទេសឥណ្ឌា និងការមិនបន្តរស់នៅក្នុងនាមជាជនគ្មានរដ្ឋតទៅទៀត។ ពួកគេចង់មានលទ្ធភាពខ្ចីប្រាក់ពីធនាគារ មានលទ្ធភាពធ្វើការក្នុងជួររដ្ឋាភិបាល មានលទ្ធភាពធ្វើដំណើរទៅបរទេសដោយសេរី ដែលពួកគេអាចមានសិទ្ធិធ្វើរឿងទាំងនេះបាននៅពេលណាដែលពួកគេមានសញ្ជាតិឥណ្ឌាតែប៉ុណ្ណោះ។
លោក Lobsang Wangyal ដែលឪពុកម្ដាយរបស់លោកបានរត់គេចពីទីបេកាលពីពួកគេនៅវ័យជំទង់នៅឡើយ បាននិយាយថា ការទទួលយកសញ្ជាតិឥណ្ឌាមិនមែនមានន័យថា លោកក្បត់ការតស៊ូរបស់ជនជាតិទីបេនោះទេ។ លោកគ្រាន់តែទទួលស្គាល់ការពិតដែលថា ប្រទេសឥណ្ឌាគឺជាប្រទេសកំណើតតែមួយគត់ដែលលោកបានស្គាល់។
លោកបាននិយាយថា៖ «បេះដូងរបស់ខ្ញុំបានប្រាប់ថា ខ្ញុំជាជនជាតិទីបេ ប៉ុន្តែស្របពេលជាមួយគ្នានេះដែរ ខ្ញុំទទួលបានឥទ្ធិពលឥណ្ឌាជាច្រើន ដោយសារតែខ្ញុំបានកើតនៅឥណ្ឌា និងដោយសារការអប់រំដែលខ្ញុំទទួលបានពីឪពុកម្ដាយរបស់ខ្ញុំតាំងពីក្មេងមក។ ដូច្នេះភាសាហិណ្ឌូគឺជាភាសាទីពីររបស់ខ្ញុំ។ ខ្ញុំចូលចិត្តញ៉ាំបាយ និងគ្រាប់សណ្ដែកខ្លាំងណាស់ គឺខ្លាំងដូចការចូលចិត្តញ៉ាំគាវ និងមីដូច្នេះដែរ»។
សំណួរដែលសួរថាតើអាចបានលិខិតឆ្លងដែនបានតាមរបៀបណានោះ គឺជាសំណួរមួយដែលត្រូវបានយុវជនទីបេជជែកវែកញែកគ្នាយ៉ាងខ្លាំង ដែលយុវជនទាំងនោះភាគច្រើននិយាយថា ពួកគេមិនចង់បន្តរស់នៅក្នុងភាពមិនច្បាស់លាស់នោះទេ។
នាង Tenzin Paldon និស្សិតថ្នាក់បរិញ្ញាបត្រវ័យ ២៣ ឆ្នាំ នៃសាកលវិទ្យាល័យ Delhi ចង់បានសញ្ជាតិឥណ្ឌាជាយូរមកហើយ បើទោះបីជានាងមិនទាន់មានសិទ្ធិទទួលបានក៏ដោយ។ នាងចង់បន្តក្ដីសុបិនរបស់ខ្លួនដើម្បីឃើញពិភពលោកខាងក្រៅ ដែលប្រហែលជានាងត្រូវធ្វើចំណាកស្រុកដោយមិនមានលិខិតឆ្លងដែន។ នាងនិយាយថា៖ «យុវជនទីបេមានអារម្មណ៍ថាពួកគេដូចនៅជាប់គាំងមួយកន្លែងដូច្នេះដែរ»។
នាងនិយាយថា រដ្ឋាភិបាលឥណ្ឌាតែងតែធ្វើល្អជាមួយជនជាតិទីបេ។ ប៉ុន្តែក្នុងពេលជាមួយគ្នានេះដែរ វាពិតជាពិបាកក្នុងការចាប់យកឱកាសនានានៅក្នុងប្រទេសដែលមានប្រជាជនច្រើនរួចទៅហើយនេះ។
នាង Tenzin Paldon បាននិយាយថា៖ «ប្រសិនបើខ្ញុំអាចទៅសហរដ្ឋអាមេរិកបាន ខ្ញុំអាចរកការងារធ្វើបាន។ ខ្ញុំអាចធ្វើអ្វីៗដែលខ្ញុំចង់ធ្វើបាន គឺខ្ញុំមានសេរីភាព។ វានឹងធ្វើឲ្យជីវិតមានលក្ខណៈងាយស្រួលជាងមុន»។
ប៉ុន្តែនាងមានការឈឺចាប់ចំពោះការសម្រេចចិត្តដែលមនុស្សមួយចំនួនលះបង់គំនិតក្នុងការត្រឡប់ទៅកាន់តំបន់ទីបេ ដែលជាដែនដីកំណើតរបស់ពួកគេវិញ។
នាង Tenzin Paldon បាននិយាយថា៖ «ខ្ញុំមិនដឹងនោះទេ ដោយហេតុថាពួកយើងមានគំនិតបែបនេះនៅក្នុងខ្លួនរបស់យើង ហើយការមិនយល់ស្របនឹងនរណាម្នាក់លើរឿងនេះ គឺជាបញ្ហាផ្នែកសីលធម៌នៅក្នុងខ្លួនមនុស្សម្នាក់ៗ មិនមែននៅក្នុងខ្លួនមនុស្សរាល់គ្នានោះទេ»៕
ប្រែសម្រួលដោយ ទុំ ម្លិះ