ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ជាប់ឆ្នោត​សារជាថ្មី​នៃ​នាយករដ្ឋមន្រ្តី​ធ្លាប់​និរទេស​ខ្លួន​ជំរុញ​ឲ្យមាន​ក្តី​សង្ឃឹម​ចំពោះ​កិច្ច​ពិភាក្សា​ជា​ថ្មី​អំពីតំបន់​ទីបេ


លោក Lobsang Sangay និយាយ​ទៅ​កាន់​បណ្តាញ​សារព័ត៌មាន​ បន្ទាប់​ពីបាន​ជាប់​ឆ្នោត​សម្រាប់​អាណត្តិ​ទីពីរ​។
លោក Lobsang Sangay និយាយ​ទៅ​កាន់​បណ្តាញ​សារព័ត៌មាន​ បន្ទាប់​ពីបាន​ជាប់​ឆ្នោត​សម្រាប់​អាណត្តិ​ទីពីរ​។

ការ​ជាប់​ឆ្នោត​ជ្រើស​តាំង​​ឡើងវិញ​នាពេលថ្មីៗ​នេះ របស់​លោក​ Lobsang Sangay​ ជា​​នាយករដ្ឋមន្ត្រី​នៃ​រដ្ឋាភិបាល​ក្រៅ​ក្រប​ខណ្ឌ​របស់​នៃ​តំបន់​ទីបេ​​ បាន​ផ្តល់ក្តីសង្ឃឹម​​​​​ដល់​​មនុស្ស​មួយចំនួន​ដែល​យល់ថា​ នឹង​មាន​ការ​ចាប់ផ្តើម​កិច្ចពិភាក្សា​ជាថ្មី​ម្តងទៀត​ រវាង​សម្តេចសង្ឃ​ Dalai Lama ​និង​រដ្ឋាភិបាល​ចិ​ន​។ ការ​ជជែក​ពិភាក្សា​រវាង​សម្តេចសង្ឃ ​Dalai Lama​ និង​​រដ្ឋាភិបាល​ចិន​ បាន​ផ្អាក​កាល​ពី​ឆ្នាំ២០១០។

នៅ​ថ្ងៃ​បោះឆ្នោត​ លោក​ Sangay ​បាន​សច្ចា​ថា​ នឹង​ព្យាយាម​ដើម្បី​ស្វ័យភាព​សម្រាប់​ប្រជាជន​ទីបេ និង​ចាប់ផ្តើម​កិច្ចពិភាក្សា​ជាមួយ​រដ្ឋាភិបាល​ចិន​សារជាថ្មី។

លោក​បាន​និយាយ​ថា «យើង​រក្សា​កិច្ច​ខិតខំប្រឹងប្រែង​ខ្ពស់​ក្នុង​យុទ្ធសាស្រ្ត​ផ្លូវកណ្តាល​ ដែល​ទាមទារ​ស្វ័យភាពពិតប្រាកដ​សម្រាប់​ប្រជាជន​ទីបេ​ក្នុង​ប្រទេសចិន។ ពួកយើង​សង្ឃឹមថា​អ្នកដឹកនាំ​ទាំងឡាយ​នៅ​ទីក្រុង​ប៉េកាំង​នឹង​អាច​មើលឃើញ​ហេតុផល​សមស្រប​ជាមួយ​នឹង​យុទ្ធសាស្រ្ត​ផ្លូវកណ្តាល​ ជាជាង​ការ​បំភ្លៃ​យុទ្ធសាស្រ្ត​នោះ ហើយ​នឹង​ឈានទៅរក​ការចូលរួម​ក្នុង​កិច្ចពិភាក្សា​ជាមួយ​បេសកកជន​របស់​សម្តេចសង្ឃ​ Dalai Lama»។

គ្មានការជួបពិភាក្សា​តាំងពីឆ្នាំ២០១០

ក្រុម​អ្នកតំណាង​សម្តេចសង្ឃ ​Dalai Lama ​បាន​រៀបចំ​កិច្ចពិភាក្សា​ជាមួយ​រដ្ឋាភិបាល​ប្រទេសចិន​ជាច្រើនលើក​ រហូតដល់ត្រូវ​បាន​បញ្ឈប់​នៅឆ្នាំ​២០១០​ ដោយសារ​មាន​បាតុកម្ម​ជំទាស់​ និង​ការ​បង្ក្រាប​ជា​បន្តបន្ទាប់នៅ​តំបន់​ទីបេ។

ប្រធាន​អង្គការ​សហគមន៍​ទីបេ​នៅ​ប្រទេស​អង់គ្លេស​ លោក​ Tsering Passang​ និយាយ​ថា​ការ​ចាប់ផ្តើម​កិច្ចពិភាក្សា​ឡើងវិញ​គឺ​អាស្រ័យ​ទៅ​លើ​ថ្នាក់ដឹកនាំ​នៅ​ទីក្រុង​ប៉េកាំង។

លោក​និយាយថា៖ «សិទ្ធិ​សម្រេច​គឺ​នៅក្នុងដៃ​ចិន​ ហើយ​ដោយសារ​ស្ថានភាព​បច្ចុប្បន្ន​ ស្ថានភាព​នយោបាយ​តាមតំបន់​ និង​ស្ថានភាព​សេដ្ឋកិច្ច​ រដ្ឋាភិបាល​ចិន​កំពុង​សិ្ថត​នៅ​ខ្សែលើ​ ដូច្នេះ ​វានឹង​ជាឧបសគ្គ​មួយ​សម្រាប់​ថ្នាក់​ដឹកនាំនៅ​តំបន់​ទីបេ»។

លោក​ ​Sangay ​បាន​យកឈ្នះលើ​ Penpa Tsering​ ដែល​ជាដៃគូ​ប្រកួត

លោក​Sangay​ បាន​ឈរ​ឈ្មោះ​បោះឆ្នោត​តទល់​នឹង​លោក​ Penpa Tsering​ ដែល​ជា​អ្នក​នាំពាក្យ​នៃសភា​តំបន់​ទីបេ​ ហើយ​ទទួល​បាន៥៨ភាគរយ​នៃ​សន្លឹកឆ្លោត​ចំនួន​ជិត ៦០.០០០​សំឡេង។ និរទ្ទេសជន​ពី​តំបន់​ទីបេ​ប្រមាណ​៩០.០០០នាក់​ បាន​ចុះឈ្មោះ​បោះឆ្នោត​ក្នុង​៤០​ប្រទេស។

ប៉ុន្តែ​ ប្រទេស​ចិន​និយាយថា​ ពួកគេ​មិនយកចិត្តទុកដាក់ទេ

រដ្ឋាភិបាល​ចិន​មិន​អើពើ​នឹង​ការបោះឆ្នោត​នេះទេ​ ដោយ​ក្រសួង​ការបរទេស​នៅ​ទីក្រុង​ប៉េកាំងបាន​ត្រឹមតែ​និយាយ​យ៉ាងខ្លី​ក្នុង​ការ​សរុប​លទ្ធផល​បោះឆ្នោត​នេះ​ នៅពេល​ត្រូវ​បានបង្ខំ​ឲ្យ​បញ្ចេញមតិ​ក្នុង​ជំនួប​ផ្តល់ព័ត៌មាន​ពេលថ្មីៗនេះ។ លោក​ Hong Lei ​ដែលជា​អ្នកនាំពាក្យរបស់​រដ្ឋាភិបាល​ចិន​ និយាយថា ​ការ​បោះឆ្នោត​នេះ​គ្មានអ្វី​សំខាន់ទេ​។ វាគ្រាន់តែជា​ «ឆាក​កំប្លែង» មួយ​ដែល​រៀបចំដោយ​អង្គការ «ខុសច្បាប់» ​គ្មាន​ការ​ទទួលស្គាល់​ពី​ប្រទេស​ណាមួយ​ក្នុងពិភពលោក។

លោក​ Robert Barnett​ ប្រធាន​ដឹកនាំ​ការស្រាវជ្រាវ​តំបន់​ទីបេ​សម័យទំនើប​នៅ​សាកលវិទ្យាល័យ​ Columbia​ សម្តែង​ទុទិដិ្ឋនិយម​ចំពោះ​ការបន្ត​កិច្ចពិភាក្សា។

លោក​និយាយថា «បច្ចុប្បន្ន​ វាដូចជា​មិនសូវ​មានសង្ឃឹម​ទេ ពីព្រោះគ្មាន​សញ្ញា​អ្វី​ពី​ខាង​ប្រទេសចិន ​អំពី​ការទទួលស្គាល់​អ្វីសោះឡើយ​ ហើយផ្ទុយ​ពីនេះ​ច្រើនជាង។ ប៉ុន្តែ​ ភាគី​ប្រទេស​ចិន​នឹង​មិន​បង្ហាញ​អ្វីទេ​ ប្រសិនបើ​ពួកគេ​គម្រោង​មានសកម្មភាព​អ្វីមួយ។ ពួកគេ​នឹង​មាន​សកម្មភាព​យ៉ាងឆាប់រហ័ស​នៅ​ពេលវេលា​ដែល​ពួកគេ​ជ្រើសរើស»។

រដ្ឋាភិបាលចិន​ទាមទារគ្រប់គ្រង​តំបន់​ទីបេជាច្រើនសតវត្សរ៍​មកហើយ

រដ្ឋាភិបាល​ចិន​ និយាយថា​ ពួកគេ​បាន​រក្សា​ការគ្រប់គ្រង​ទៅលើ​តំបន់​ទីបេ​តាំងពី​សតវត្សរ៍​ទី១៣​មកម្ល៉េះ​ ហើយ​បក្សកុម្មុយនិស្ត​នេះ​បាននិយាយថា​ ពួកគេ​បានរំដោះ​ប្រជាជន​ទីបេដោយ​ការដក​ព្រះសង្ឃ​ចេញពី​អំណាច​ ដែលបក្ស​កុម្មុយនីស្ត​ចិន​និយាយប្រកាន់​របប​សក្តិភូមិ។

ប៉ុន្តែ​ ប្រជាជន​ទីបេជាច្រើន​ បាន​ប្រកែក​ថា ​ពួកគេ​ឯករាជ្យ​រហូត​ទាល់​តែ​មក​ដល់​ពេល​កង​កម្លាំង​កុម្មុយនីស្ត​វាយលុក​នៅ​ឆ្នាំ១៩៥០។ ប្រាំបួនឆ្នាំក្រោយមក​ សម្តេចសង្ឃ​ Dalai Lama​បាន​ភៀសខ្លួន​ បន្ទាប់​ពី​បានបរាជ័យ​ក្នុងការ​បះបោរប្រឆាំង​នឹង​រដ្ឋាភិបាល។

ស្របពេលដែល​សម្តេចសង្ឃ ​Dalai Lama​ នៅ​តែ​ជាអ្នកដឹកនាំ​ផ្នែក​ជំនឿនៃ​ប្រជាជន​ទីបេ លោក​បាន​បោះបង់​អំណាច​នយោបាយ​នៅឆ្នាំ២០១១​ ហើយ​បាន​ទាមទារ​ឲ្យ​មាន​ការបោះឆ្នោត​ប្រជាធិបតេយ្យ​ ដើម្បី​ជ្រើសរើស​ប្រធានាធិបតី​ដើម្បី​ដឹកនាំ​សភា​នៃ​រដ្ឋបាល​មជ្ឈិម​ទីបេនៅ​ក្រុងDharamsala ​នៃ​ប្រទេស​ឥណ្ឌា។

ប្រជាជនទីបេ​ជា​ច្រើន​សង្ឃឹមថា​ ការបោះឆ្នោត​ជ្រើសតាំង​លោក Sangay​ ជា​ជំហានមួយ​ឆ្ពោះ​ទៅ​កាន់​ការសម្រួល​ភាពមិនពេញចិត្ត​នៅក្នុង​សហគមន៍​ទីបេ​។ ប្រជាជន​ទីបេ​ ជាង​១០០នាក់ ​បាន​ធ្វើពលិកម្ម​ក្នុង​ការតវ៉ា​ប្រឆាំងនឹង​រដ្ឋាភិបាល​ចិន​តាំងពីឆ្នាំ​២០០៩៕

ប្រែសម្រួលដោយ វិញ សុជាតា

XS
SM
MD
LG