ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​ធានា​ចំពោះ​ប៉ាគីស្ថាន​ថា ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​នៅតែ​រឹងមាំ


លោក​នាយក​រដ្ឋ​មន្ត្រី​ឥណ្ឌា Narendra Modi ចូលរួម​ក្នុង​កិច្ចប្រជុំ​ទ្វេភាគី​ជាមួយ​នឹង​លោកស្រី​នាយក​រដ្ឋមន្ត្រី​អង់គ្លេស Theresa May កាលពី​ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨។
លោក​នាយក​រដ្ឋ​មន្ត្រី​ឥណ្ឌា Narendra Modi ចូលរួម​ក្នុង​កិច្ចប្រជុំ​ទ្វេភាគី​ជាមួយ​នឹង​លោកស្រី​នាយក​រដ្ឋមន្ត្រី​អង់គ្លេស Theresa May កាលពី​ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨។

នៅ​ថ្ងៃ​ចន្ទ​នេះ រដ្ឋាភិបាល​ចិន​បាន​ធានា​ចំពោះ​ប្រទេស​ប៉ាគីស្ថាន​ថា ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​នៅតែ​រឹងមាំ​ដដែល និង​មិន​ងាយ​ប្រេះស្រាំ​នោះ​ទេ។ រដ្ឋាភិបាល​ចិន​បាន​បញ្ជាក់​ដូច្នេះ​នៅ​មុន​ពេល​ជំនួប​រវាង​ប្រធានាធិបតី​ចិន​លោក Xi Jinping និង​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា​លោក Narendra Modi ចូល​មក​ដល់​នៅ​ក្នុង​សប្ដាហ៍​នេះ ដែល​ជំនួប​នេះ​អាច​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ប៉ាគីស្ថាន​បាក់​ទឹក​ចិត្ត។

ប្រទេស​ចិន និង​ប៉ាគីស្ថាន​ចូលចិត្ត​ហៅ​គ្នា​ទៅ​វិញ​ទៅ​មក​ថា​ជា «មិត្តភក្ដិ​គ្រប់​កាលៈទេសៈ​ទាំង​អស់» ហើយ​ទំនាក់ទំនង​ជិតស្និទ្ធ​របស់​ប្រទេស​ទាំង​ពីរ​ត្រូវ​បាន​ប្រទេស​ឥណ្ឌា ដែល​ជា​ប្រទេស​ក្បែរ​ខាង​និង​ជា​សត្រូវ​របស់​ប្រទេស​ប៉ាគីស្ថាន​មាន​ការ​សង្ស័យ។

ប៉ុន្តែ លោក Narendra Modi បាន​ព្យាយាម​បង្កើត​ទំនាក់ទំនង​ឡើង​វិញ​ជាមួយ​នឹង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ក្រោយ​ពី​មាន​ការ​ខ្វែង​គំនិត​គ្នា​អស់​រយៈពេល​ជា​យូរ​មក​ហើយ​នូវ​គ្រប់​ផ្នែក​ទាំង​អស់ តាំង​ពី​បញ្ហា​ព្រំដែន​រហូត​ដល់​បញ្ហា​សម្ដេច​សង្ឃ​ទីបេ Dalai Lama ដោយ​លោក Narendra Modi នឹង​មាន​ជំនួប​ក្រៅ​ផ្លូវការ​ជាមួយ​នឹង​លោក Xi Jinping នៅ​ថ្ងៃ​សុក្រ និង​ថ្ងៃ​សៅរ៍​សប្ដាហ៍​នេះ​នៅ​ក្នុង​ប្រទេស​ចិន។

រដ្ឋមន្ត្រី​ការបរទេស​ចិន​លោក Wang Yi បាន​ប្រាប់​រដ្ឋមន្ត្រី​ប៉ាគីស្ថាន​លោក Khawaja Asif នៅ​ក្នុង​ជំនួប​មួយ​នៅ​ក្នុង​ទីក្រុង​ប៉េកាំង​ថា ប្រទេស​ចិន​នឹង​នៅតែ​បន្ត​គាំទ្រ​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​ប្រទេស​ប៉ាគីស្ថាន។

លោក Wang Yi បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា៖ «ប្រទេស​ចិន​ត្រៀម​ខ្លួន​រួចរាល់​ហើយ​ក្នុង​ការ​ធ្វើ​ការ​ជាមួយ​នឹង​ប្រទេស​ប៉ាគីស្ថាន​ដែល​ជា​បង​ប្អូន​របស់​យើង ដើម្បី​បំពេញ​បេសកកម្ម​ជា​ប្រវត្តិសាស្ត្រ​នូវ​ការ​កសាង​ជាតិ​ឡើង​វិញ និង​សម្រេច​ឲ្យ​បាន​នូវ​ក្ដី​សុបិន​ដ៏​អស្ចារ្យ​នៃ​វិបុលភាព​ជាតិ និង​ការ​អភិវឌ្ឍ។ ដូច្នេះ​ហើយ ទំនាក់ទំនង​របស់​យើង​ជាមួយ​នឹង​ប្រទេស​ប៉ាគីស្ថាន​នឹង​មិន​ងាយ​ប្រេះស្រាំ​នោះ​ទេ»៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG