ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាជ្ញាធរ​ក្រុង​ Tianjin ​​រង​ការ​រិះគន់​សម្រាប់​ផែនការ​ប្រែក្លាយ​កន្លែង​ផ្ទុះ​ទៅ​ជា​ឧទ្យាន


អ្នក​ពន្លត់​អគ្គីភ័យ​ម្នាក់​ដើរ​កាត់​ឡាន​ដែល​ខូច​ នៅ​ពេល​ដែល​ផ្សែង​ហោះហើរ​នៅ​កណ្តាល​កុងតឺន័រ​ដឹក​ទំនិញ​ នៅ​កន្លែង​ផ្ទុះ​ក្នុង​ស្រុក​ថ្មី​មួយ​ដែល​មាន​ឈ្មោះ​ថា Binhai ក្នុង​ក្រុង​ Tianjin ប្រទេស​ចិន កាលពី​ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៥។
អ្នក​ពន្លត់​អគ្គីភ័យ​ម្នាក់​ដើរ​កាត់​ឡាន​ដែល​ខូច​ នៅ​ពេល​ដែល​ផ្សែង​ហោះហើរ​នៅ​កណ្តាល​កុងតឺន័រ​ដឹក​ទំនិញ​ នៅ​កន្លែង​ផ្ទុះ​ក្នុង​ស្រុក​ថ្មី​មួយ​ដែល​មាន​ឈ្មោះ​ថា Binhai ក្នុង​ក្រុង​ Tianjin ប្រទេស​ចិន កាលពី​ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៥។

ផែនការ​ប្រែ​ក្លាយ​កន្លែងផ្ទុះ​ឃ្លាំង​មួយ​កាល​ពី​ខែ​មុន​ ដែល​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​នៅ​ក្នុងក្រុង​ Tianjin ​ប្រទេស​ចិន​ ឲ្យ​ទៅ​ជា​ឧទ្យាន​ធម្មជាតិ​កែច្នៃ​នោះ​ កំពុង​ទទួល​រង​ការ​រិះ​គន់​ផ្សេងៗពី​អ្នក​ស្រុក​នៅ​ទីនោះ​ និង​អ្នក​ដែល​បញ្ចេញ​ទស្សនៈ​នៅ​លើ​អ៊ិនធឺណិត។

អាជ្ញាធរ​ក្រុង ​Tianjin ​បាន​សុំ​យោបល់​ពី​សាធារណជន​ចំពោះ​ផែនការសាងសង់​ឧទ្យាន​ដែល​មាន​ទំហំ​២៤​ហិកតា​នេះ ដែល​នឹងមាន​ស្តូប​សម្រាប់​រំឭក​វិញ្ញាណក្ខន្ធ​អ្នក​ស្លាប់​ ព្រម​ទាំង​សាលា​បឋម​សិក្សា​និង​សាលា​មត្តេយ្យ​នៅ​ក្បែរ​នោះ​ផង​ដែរ។

សំណើ​បង្កើត​គម្រោងដែល​កើត​ឡើង​ប៉ុន្មាន​សប្តាហ៍​ក្រោយ​ពី​ការ​ផ្ទុះ​នោះ ​បាន​ធ្វើ​ឲ្យ​មាន​ការ​បញ្ចេញ​យោបល់​រិះ​គន់​តាម​អ៊ិនធឺណិត​ពីប្រជាជន​ដែល​ឆ្ងល់​អំពី​ការ​ប្រែ​ក្លាយ​តំបន់រង​គ្រោះ​មហន្តរាយ​ដោយ​សារធាតុ​គីមី​ដ៏​អាក្រក់​មួយ​របស់​ចិន​ ទៅ​ជា​កន្លែង​កម្សាន្ត និង​តំបន់​សិក្សា​ទៅ​វិញ។

អ្នក​ប្រើប្រាស់​អ៊ិនធឺណិត​ម្នាក់​នៅ​លើ​គេហទំព័រ​ Weibo បាន​សរសេរ​ថា៖ «ប្រែ​ក្លាយ​ទៅ​ជា​សាលា​បឋម​សិក្សា និង​សាលា​មត្តេយ្យ? ហេតុ​អ្វី​ក៏​មិន​ស្តាប់​មតិ​យោបល់​របស់សាធារណជន​ ហើយ​ផ្លាស់​ប្តូរ​សាលា​ក្រុង​ទៅ​ទីនោះ​វិញ​ទៅ»?

អ្នក​រិះ​គន់​ម្នាក់​ទៀត​បាន​ប្រើប្រាស់​ពាក្យ​គម្រោះ​គម្រើយ​ជាង​នេះ​ ដោយ​និយាយ​ថា៖ «ចង់​លាក់​បាំង​ការ​ពិត​ឬ? យើង​ទាមទារ​ឲ្យ​មាន​ការ​បង្ហាញ​លទ្ធផល​នៃ​ការ​ស៊ើប​អង្កេត​ភ្លាមៗ»។

មនុស្ស​ភាគច្រើន​បាន​បង្ហាញ​ពី​ការ​មិន​ពេញ​ចិត្ត​ចំពោះ​ការ​ដោះស្រាយ​របស់​អាជ្ញាធរចំពោះ​កន្លែង​ផ្ទុះ​នោះ​ ដោយ​និយាយ​ថា ពួកគេ​ចង់​ដឹង​ថា តើ​អ្នក​ណា​ជា​អ្នក​ទទួល​ខុសត្រូវ​ និង​តើ​មាន​វិធានការ​ម៉ឺងម៉ាត់​ណា​មួយ​នឹង​ត្រូវ​បាន​អនុវត្ត​ឬ​ទេ​ ដើម្បី​ធានា​មិន​ឲ្យ​មាន​សោកនាដកម្ម​បែប​នេះ​កើត​ឡើង​ម្តង​ទៀត។

លោក​ Yang Xiaojun ​សាស្ត្រាចារ្យ​នៅ​បណ្ឌិត​សភា​អភិបាលកិច្ច​របស់​ចិន មិន​យល់​ស្រប​ជាមួយ​នឹង​ការ​ខឹង​សម្បារ​របស់​សាធារណជន​នោះ​ទេ ដោយ​លោក​បាន​និយាយ​ថា គេ​មិន​គួរ​ដាក់​ថ្ងៃ​កំណត់​ដល់​ក្រុម​ស៊ើបអង្កេត​នោះ​ទេ ដោយសារ​ពួកគេ​ត្រូវ​ពិនិត្យ​មើល​ភស្តុតាងឲ្យ​បាន​ល្អិតល្អន់​ជា​មុន​សិន​ ដោយ​ហេតុថា ​មូលហេតុ​នៃ​ការ​ផ្ទុះ​ដែល​បណ្តាល​ឲ្យ​មនុស្ស​១៦១​នាក់​ស្លាប់​នោះ​មាន​ភាព​ស្មុគស្មាញ​ខ្លាំង​ណាស់។

«បើ​និយាយ​ពី​អារម្មណ៍​របស់​មនុស្ស​ជាច្រើន ពួកគេ​យល់​ថា វា​នឹង​ងាយ​ស្រួល​ទទួល​យក​ផែនការ​នេះ ប្រសិនបើ​អ្នក​ទាំង​ឡាយ​ដែល​ទទួល​ខុសត្រូវក្នុង​ការ​ផ្ទុះនោះ ​ត្រូវ​បាន​ដាក់​ឲ្យ​ទទួល​ខុសត្រូវ នៅ​មុន​ពេល​មាន​ការពិភាក្សា​ពី​ការ​កសាង​កន្លែង​ផ្ទុះ​នោះ​ឡើង​វិញ។ ប៉ុន្តែ​ នេះ​ជា​បញ្ហា​ពីរ​ផ្សេង​គ្នា»។

សាស្ត្រាចារ្យ​រូប​នេះ​ ក៏​បាន​លើក​សរសើរ​ដល់​អាជ្ញាធរ​មូលដ្ឋាន​ ដោយ​លោក​បាន​និយាយ​ថា ​ពួកគេ​បាន​បំពេញ​ការងារ​បាន​យ៉ាង​ល្អ​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​នេះ ដែល​រួមទាំងការ​ចាប់​ខ្លួន​ក្រុម​មន្រ្តី​ចំនួន​១១រូប​ផងដែរ។ លោក​ក៏​បាន​រំពឹង​ដែរ​ថា រដ្ឋាភិបាល​កណ្តាល​នឹង​ធ្វើ​តាម​ការ​ប្តេជ្ញា​របស់​ខ្លួន​និង​ស្វែង​រក​ឫស​គល់នៃ​ហេតុការណ៍​ដែល​បាន​កើត​ឡើង​នោះ។

«រដ្ឋាភិបាល​កណ្តាល​អាច​ប្រើ​ជំហរ​ខ្លាំង​ជាង​មុន ចំពោះ​ការបន្ត​ស្វែង​រក​ការ​ទទួល​ខុស​ត្រូវ​ផ្នែក​រដ្ឋបាល។ សម្រាប់​ពេលនេះ​ ពាក់ព័ន្ធ​នឹង​ការ​ស្វែង​រក​អ្នក​ទទួល​ខុសត្រូវ ខ្ញុំ​គិត​ថា​ ការ​ចាប់​ខ្លួន​ក្រុម​មន្រ្តី​ទាំង​១១​រូប​នេះ​ យ៉ាង​ហោច​ណាស់​ក៏​បាន​ធ្វើ​ឲ្យក្តីកង្វល់របស់សាធារណជនចុះថយ​ដែរ»។

អាជ្ញាធរ​ក៏​បាន​ឃាត់​ខ្លួន​បុគ្គលិក​របស់​ក្រុមហ៊ុន ​Ruihai International ​ចំនួន​១២​នាក់ ​ដែល​ក្រុមហ៊ុន​នេះ​ជាម្ចាស់​ឃ្លាំង​ដែល​បាន​ផ្ទុះ​ ហើយ​ក៏​បាន​ឃាត់​ខ្លួន​ជន​ស៊ីវិល​ផ្សេង​ទៀត​ដែល​គេ​យល់​ថា បាន​បំប៉ោង​ពាក្យ​ចចាមអារ៉ាម​អំពី​គ្រោះថ្នាក់​នេះ និង​បំប៉ោង​តួលេខ​អ្នក​ស្លាប់​នៅ​តាម​អ៊ិនធឺណិត។

នៅ​ខណៈ​ដែល​សាធារណជន​នៅ​តែ​រង់ចាំ​ការ​ពន្យល់​ជា​ផ្លូវ​ការ​អំពី​ឫសគល់​នៃ​ការ​ផ្ទុះ​នោះ មនុស្ស​ជាច្រើន​បាន​គិត​ទុក​ថា ភាព​មិន​ចុះ​សម្រុង​គ្នា​ក្នុង​ចំណោម​មន្រ្តី​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល​អាច​នឹង​ធ្វើ​ឲ្យ​មាន​ការ​ពន្យារពេល​នៃ​ការ​រក​មូល​ហេតុ​នេះ។

លោក Willy Lam អ្នក​វិភាគ​នយោបាយចិន​ដ៏​ល្បី​ម្នាក់​បាន​សរសេរ​នៅ​ក្នុង​អត្ថបទ​ផ្ញើ​ទៅ​កាន់​ វិទ្យាស្ថាន​គោលនយោបាយ ​Jamestown​ Foundation ​របស់​អាមេរិកកាលពី​ថ្ងៃ​ព្រហស្បតិ៍​ ដោយ​លោក​បាន​និយាយ​ថា ប្រភព​ព័ត៌មាន​ពី​ជនជាតិ​ចិន​ចំនួន​៣​នាក់មាន​ឋានៈ​ជា​ប្រមុខ​ដឹកនាំ​ស្ថាប័ន​របស់​រដ្ឋាភិបាល​ចិន​បាន​ប្រាប់​លោក​ថា មេដឹកនាំ​កំពូល​ចិន​បាន​រៀបចំ​កិច្ចប្រជុំ​បន្ទាន់​មួយ​ជាមួយ​នឹង​មនុស្ស​ជំនិត​របស់ខ្លួន​ភ្លាមៗ​បន្ទាប់​ពី​មាន​ការ​ផ្ទុះ​នោះ ដើម្បី​ពិនិត្យ​មើល​ថា​តើ​មាន​មូលហេតុ​នយោបាយ​អ្វីមួយ​នៅ​ពី​ក្រោយ​មហន្តរាយ​នេះ​ដែរ​ឬ​ទេ។

កាល​នោះ លោក​ប្រធានាធិបតី​ចិន Xi Jinping សង្ស័យ​ថា​ ការ​ផ្ទុះ​នោះ​ជា​ការ​ធ្វើ​ឡើង​ក្នុង​ន័យ​នយោបាយ​ ដើម្បី​ទម្លាក់​ការ​ទទួល​ខុសត្រូវ​ចំពោះ​ការ​ផ្ទុះ​នោះ​ទៅ​លើ​រដ្ឋបាល​របស់​លោក ឬ​យ៉ាង​ហោច​ណាស់ ធ្វើ​ឲ្យ​លោក​បាក់​មុខ​មាត់​នៅ​មុនការរៀបចំ​ក្បួន​យោធា​កាល​ពី​ថ្ងៃទី​៣ ខែកញ្ញា។ លោក​ Lam ចាត់​ទុក​ក្បួន​យោធា​នោះ​ស្មើ​នឹង​ការ​ប្រារព្ធ​ពិធី​កាន់​តំណែង​ដើម្បី​គាំទ្រ​ការ​កាន់​តំណែង​របស់​លោក Xi។

យោង​តាម​លោក Lam ​ការ​សង្ស័យ​របស់​លោក​ Xi ​សំដៅជា​ពិសេស​ទៅ​លើ​មន្រ្តី​ជាន់​ខ្ពស់​រាប់​សិប​នាក់​របស់​កងទ័ព​រំដោះ​ប្រជាជន PLA ដែល​ជា​មនុស្ស​ក្រោម​បង្គាប់​របស់​សមាជិក​នៃ​ការិយាល័យ​នយោបាយ​ (Politburo) ពីរ​រូប គឺឧត្តមសេនីយ៍ Xu Caihou ដែល​បាន​ស្លាប់​កាល​ពី​ពេល​ថ្មីៗ​នេះ​ និង​ឧត្តមសេនីយ៍ ​Guo Boxiong​ បើ​ទោះ​ជា​មិន​មាន​ភស្តុតាង​ជាក់លាក់​ណា​មួយ​ត្រូវ​បាន​គេ​រក​ឃើញ​ក៏​ដោយ។

លោក Lam និយាយ​ថា៖ «វា​ជា​រឿង​ដែល​អាច​ទៅ​រួច​ដែល​ថា ​ការ​ផ្ទុះ​នោះ​មាន​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​ក្រុម​មន្រ្តី​ទាំង​នេះ ឬ​ក្រុម​មន្រ្តី​នៅ​ក្នុង​កងទ័ព​រំដោះ​ប្រជាជន​ឬ​នៅ​ក្នុង​គណបក្ស​ដែល​មិន​សប្បាយ​ចិត្ត​នឹង​លោក ​Xi Jinping ​ជាពិសេស​ចំពោះ​យុទ្ធនាការ​ប្រឆាំង​អំពើ​ពុករលួយ​របស់​លោក​ Xi​ និង​ចំពោះ​ការ​ប្រមូល​ផ្តុំ​អំណាច​ហួស​ហេតុ​របស់​លោក»។

លោក​ Zhang Ming សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​នៅ​សាកលវិទ្យាល័យ​ Renmin University of China បាន​និយាយ​ថា៖ «ប្រសិន​បើ​រឿង​នេះ​ត្រូវ​បាន​គេ​បង្ហាញ​ថា​ វា​ជា​ការ​ពិត ខ្ញុំ​គិត​ថា អ្នក​ដែល​បាន​រៀប​ចំ​គម្រោង​និង​ធ្វើ​ផែនការ​បំផ្ទុះ​ដែល​ធ្វើ​ឲ្យ​បាត់​បង់​ជីវិត​មនុស្ស​បែប​នេះ​ ពិត​ជា​អ​មនុស្សធម៌​ពេក​ហើយ»។

ទោះ​ជា​ការ​ផ្ទុះ​នេះ​ មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ ហើយ​និង​មាន​ការ​ឃាត់​ខ្លួន​អ្នក​គ្រប់គ្រង​ក្រុមហ៊ុន​និង​ក្រុម​មន្រ្តី​មូលដ្ឋាន​ក៏​ដោយ ក៏​អាជ្ញាធរ​នៅ​តែ​មិន​បាន​ផ្តល់​ការ​ពន្យល់​ណា​មួយ​អំពី​មូលហេតុ​នៃ​ការ​ឆេះ​ឃ្លាំង​ដ៏​ធំ​នេះ​ ដែល​បាន​កើត​មាន​ឡើង​នៅ​មុន​ពេលមាន​ការ​ផ្ទុះ​នា​ពេល​អាធាត្រ​យប់​ថ្ងៃទី​១២ ខែសីហា​ នោះ​នៅ​ឡើយ។

ប្រែ​សម្រួល​ដោយ​ ប៊ុន ប៉េងហ៊ុយ

XS
SM
MD
LG