ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ផ្ទុះ​ក្នុង​ទីក្រុង​​ Tianjin​ ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​លើ​ឧស្សាហកម្ម​គីមី


ត្រី​ជាច្រើន​បាន​ស្លាប់​ដោយ​សារ​ជាតិ​ពុល​នៅ​មាត់​ទន្លេ​ Haihe នៅ​ក្នុង​ស្រុក​ថ្មី​មួយ​ឈ្មោះ​ថា Binhai ក្នុង​ខេត្ត​ Tianjin ប្រទេស​ចិន​ កាលពី​ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៥។
ត្រី​ជាច្រើន​បាន​ស្លាប់​ដោយ​សារ​ជាតិ​ពុល​នៅ​មាត់​ទន្លេ​ Haihe នៅ​ក្នុង​ស្រុក​ថ្មី​មួយ​ឈ្មោះ​ថា Binhai ក្នុង​ខេត្ត​ Tianjin ប្រទេស​ចិន​ កាលពី​ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៥។

​ការ​ផ្ទុះ​ដ៏​ប្រល័យ​កាល​ពីថ្ងៃ​ទី​១២​ខែ​សីហា នៅ​ក្នុង​ទីក្រុង​កំពង់ផែធានជិន (Tianjin) ភាគ​ខាង​ជើង​នៃ​ប្រទេស​ចិន ដែល​បង្ក​ឲ្យ​មានភ្លើង​ឆេះ​និង​សាយភាយ​សារធាតុ​គីមី​ពុលដែល​នាំ​ឲ្យ​មានសំណួរ​ថា​ តើប្រទេស​ចិន​បានពង្រឹងការ​គ្រប់គ្រង​សារធាតុ​គ្រោះ​ថ្នាក់​នានា​ឲ្យ​មាន​ប្រសិទ្ធភាព​ក្នុង​កម្រិត​ណា ដែល​សារធាតុ​គ្រោះថ្នាក់​ជា​ច្រើន​ ព្រម​ទាំង​មាន​បញ្ញត្តិ​គ្រប់គ្រង​ត្រឹមត្រូវ​ដែរ​ឬ​ទេ។

គ្រោះថ្នាក់​នេះ​បាន​បង្កើន​ការ​ព្រួយ​បារម្ភ​អំពី​ការ​រំលោភ​បទដ្ឋាន​សុវត្ថិភាព​នានា​ រួម​មាន​តាំង​ពី​ការ​ពិសោធន៍​ និង​ការ​ចងក្រង​ឯកសារ​សារធាតុ​គីមី​ រហូត​ដល់​ពី​របៀបបិទ ការ​ដឹក​ជញ្ជូន​ និងស្តុក​ទុក​សារធាតុ​គ្រោះថ្នាក់ទាំង​នេះ។

ប្រភព​មួយ​ពី​ឧស្សាហកម្ម​នេះ​បាន​និយាយ​ថា‍៖ «មាន​ច្បាប់​តឹង​រឹង​សម្រាប់​ប្រភេទ​សារធាតុ​គីមី​ដែល​មាន​គ្រោះ​ថ្នាក់​នីមួយៗ​ អាស្រ័យ​លើ​កត្តា​ហានិភ័យ​របស់​វា។ ​សារធាតុ​គីមី​មួយ​ចំនួន​ត្រូវ​ការ​រក្សា​ទុក​នៅ​ក្នុង​សីតុណ្ហភាព​ជាក់លាក់​និង​ឆ្ងាយ​ពី​សំណើម។ ​ខ្លះ​ទៀតត្រូវ​រក្សា​ទុកសូម្បី​តែ​នៅ​ក្រោម​ដី»។

នៅ​ឯ​សន្និសីទ​សារព័ត៌មាន​ប្រចាំ​ថ្ងៃ​ មន្ត្រី​មាន​ការ​ស្ទាក់ស្ទើរ​ក្នុង​ការ​ធ្វើ​ការ​ស្តី​បន្ទោស​ឬ​សូម្បី​តែ​ការ​ឆ្លើយ​សំណួរ​ធម្មតា​អំពី​បទប្បញ្ញត្តិ​ផ្នែក​ច្បាប់​របស់​ឧស្សាហកម្ម​គីមី ទោះ​បី​ត្រូវ​ចោទ​សំណួរ​ដដែលៗ​ដូចជា​របៀប​ដែល​ក្រុម​ហ៊ុន​នេះ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ប្រតិបត្តិការ​ក្នុង​ចម្ងាយ​១​គីឡូម៉ែត្រ​ពី​តំបន់​លំនៅដ្ឋាន​ ដែល​រំលោភ​លើ​ច្បាប់​បែងចែក​តំបន់​ប្រើប្រាស់​នគរូបនីយកម្ម​ថ្នាក់​ជាតិ។

ក្រុម​មន្រ្តី​បាន​បញ្ជាក់​ថា ជាតិ​គីមី​ សូដ្យូម​ពុល ឬ Soudium Cyanide ៧០០ តោន​ត្រូវ​បាន​គេ​ស្តុក​ទុក​នៅក្នុង​បរិវេណក្រុម​ហ៊ុន​នេះ​ដែល​នៅ​ចំ​កណ្តាល​ការ​ផ្ទុះ​នេះ​នៅ ​ពេល​គ្រោះ​មហន្តរាយ​នេះ​កើត​ឡើង​ តែ​ពួកគេ​មិន​សូវ​បាន​និយាយអំពី​ការណ៍​ដែល​ការ​ស្តុកទុក​នេះរំលោភ​បាន​បទដ្ឋាន​ ដែល​តាម​ច្បាប់​គេ​អាច​ស្តុក​ត្រឹម​តែសារធាតុ​គីមី​ ១០​ តោន​ប៉ុណ្ណោះ​នៅ​កន្លែង​ណា​មួយក្នុង​ពេល​តែ​មួយ។

នៅ​ឯ​សន្និសីទ​សារព័ត៌មាន​ អាជ្ញាធរ​មាន​ការស្ទាក់ស្ទើរ​មិន​ផ្តល់​ការ​អត្ថាធិប្បាយ​នោះ​ទេ​ ដោយ​លើក​ឡើង​ថា​ ការ​ស៊ើប​អង្កេត​អំពី​គ្រោះ​មហន្តរាយ​នេះ​គឺ​នៅ​កំពុង​ដំណើរការ។ ក្រុម​ប្រឹក្សា​របស់​រដ្ឋាភិបាល​ចិន​បាន​បង្កើត​ក្រុម​ការងារ​មួយ​ដើម្បី​ដឹកនាំ​ ការ​ស៊ើប​អង្កេត​នេះ ដែល​បាន​ប្រារព្ធ​ធ្វើ​កិច្ច​ប្រជុំ​លើក​ដំបូង​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ពុធ​នេះ។

ក្រុម​អ្នក​វិភាគ​បាន​កត់​សម្គាល់​ថា​ តំបន់​សេដ្ឋកិច្ច​បង្កើត​ថ្មី​មួយ​ ឈ្មោះ​ Binhai New Area នៅ​ក្នុង​ទីក្រុង Tianjin​ ដែល​ជា​កន្លែង​ឃ្លាំង​នៅ​ចំកណ្ដាល​ទីតាំង​ការ​ផ្ទុះ​ កាល​ពី​សប្តាហ៍​មុន​នេះ​ មាន​បទបញ្ជា​តឹង​រឹង​ទាក់ទង​នឹង​ការ​គ្រប់គ្រង​សុវត្ថិភាព​នៃ​សារធាតុ​គីមី​ដែល​មាន​គ្រោះ​ថ្នាក់​នេះ ​បាន​ធ្វើ​ឡើង​ចាប់​តាំង​ពី​វា​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ ២០០៩​ម៉្លេះ។

ប៉ុន្ដែ​ថា​តើ​បទប្បញ្ញត្តិ​ទាំង​នោះ​អនុវត្តដោយ​ហ្មត់ចត់​ក្នុង​កម្រិតនោះ​ ស្ថិត​ក្រោម​ការ​សង្ស័យ​នៅ​ឡើយ។ កាល​ពី​ថ្ងៃ​អង្គារ​ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​បាន​រាយការណ៍​ថា​ ប្រតិបត្តិករ​ក្រុមហ៊ុន​ឃ្លាំង Ruihai​ International ​នេះ មិន​មាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ​ដើម្បី​ប្រកប​អាជីវកម្ម​សារធាតុ​គីមី​គ្រោះថ្នាក់​នេះ​ពីខែ​តុលា​ឆ្នាំ​មុន​រហូត​ដល់​ខែ​មិថុនា​ឆ្នាំ ២០១៥​នេះ។

ការ​រំលោភ​សុវត្ថិភាព​ផ្សេង​ទៀត ​ត្រូវ​បាន​រាយការណ៍ក្នុង​ពេល​កន្លង​មក​ផង​ដែរ។ក្រុម​អ្នក​វិភាគ​បាន​កត់​សម្គាល់​ថា​ ក្រៅ​ពី​ការ​ផ្តល់​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ​ ការ​បណ្តុះ​បណ្តាល​បុគ្គលិក​ ដែល​ធ្វើការ​ជា​មួយ​នឹង​សារធាតុ​គីមី​បែប​នេះ​ និង​ទីតាំង​ដែល​ជា​កន្លែង​ស្តុក​ទុក​វា​គឺ​ជា​កត្តា​សំខាន់​ផង​ដែរ។

លោក Ivan Su​ សាស្រ្តាចារ្យ​ផ្នែកដឹក​ជញ្ជូន​បាន​ថ្លែង​ថា ​នៅ​ពេល​ដែល​និយាយ​ដល់​ឃ្លាំង​ស្តុក​ទំនិញ​ ពួក​គេ​ត្រូវ​តែមាន​គម្រោង​និង​ទី​តាំង​ដាច់​ដោយ​ឡែក​មួយ​សម្រាប់​រក្សា​ទុក​សារធាតុគីមី​ប្រកប​ដោយ​គ្រោះថ្នាក់​ ក៏​ដូច​ជា​ការ​រឹត​បន្តឹង​លើ​ការ​ផ្ទុក​អតិបរមា​ដែល​មាន​កូតា​ ឬ​កម្រិត​កម្លាំងរបស់​វា»។

ក្រុមហ៊ុន Ruihai បាន​បម្លែងឃ្លាំង​ធម្មតា​ទៅ​ជា​មជ្ឈមណ្ឌល​ដឹកជញ្ជូន​ដែលស្តុក​ទុក​សារធាតុ​គីមី​ដែល​មាន​គ្រោះថ្នាក់​ពិសេស​នៅ​ក្នុង​ឆ្នាំ​២០១២ តែ​ក្រុមហ៊ុន​នេះទើប​តែ​បានទទួល​អាជ្ញាប័ណ្ណ​ឲ្យ​ស្តុក​ទុកទំនិញ​គីមី​ដែល​មាន​គ្រោះថ្នាក់​កាល​ពី​ខែ​មេសា​ឆ្នាំ​មុន ដែល​អាជ្ញាប័ណ្ណ​នោះ​ផុត​កំណត់​តាំង​ពី​ខែ​តុលា​ឆ្នាំ​មុន។


រហូត​ដល់​ពេល​នេះ​ យើង​ដឹង​តិច​តួច​អំពី​ការ​អនុវត្តន៍​របស់​ក្រុមហ៊ុន​ Ruihai របស់​នៅ​កន្លែង​ស្តុក​សារធាតុ​គីមីនោះ​ ប៉ុន្តែ​រូបភាព​នៃ​ការ​រឹង​ទទឹង​និង​អំពើ​ពុករលួយត្រូវ​បាន​ចាប់​លេច​ឡើងរួច​ទៅ​ហើយ។ ក្រុម​មន្ត្រី​បាន​បញ្ជាក់​នៅ​ថ្ងៃ​ពុធ​ថា​ ភាគហ៊ុន​ដ៏​សំខាន់​របស់​ក្រុម​ហ៊ុន​នេះ​គឺ​ជា​កូន​ប្រុស​របស់​អតីត​មេ​ប៉ូលីស​នៅ​ក្នុង​ទីក្រុង​ Tianjin។

លោក SU បាន​និយាយ​ថា៖ «ករណី​នេះទំនង​ជា​ទាក់ទង​នឹង​ការ​ប្រើ​ឥទ្ធិពល។ ជា​ការ​ពិត​ណាស់​ ការណ៍​ដែល​ក្រុមហ៊ុន​ Ruihai​ អាច​មាន​លទ្ធភាព​ដើម្បី​កែច្នៃ​ឃ្លាំង​ធម្មតា​ឲ្យ​ទៅ​ជា​កន្លែង​ផ្ទុក​សារធាតុ​គីមី​ប្រកបដោយ​គ្រោះថ្នាក់​នេះ​បាន​បង្ហាញ​ថាមាន​ការ​ប្រើ​ឥទ្ធិពល​ខ្សែ​ស្រឡាយ​ដើម្បី​ឲ្យ​ទទួល​បាន​អាជ្ញាប័ណ្ណពី​រដ្ឋាភិបាល​ដើម្បី​ធ្វើបាន» ។

បន្ទាប់​ពី​លោក​នាយក​រដ្ឋ​មន្រ្តី​ Li Keqiang របស់​ប្រទេស​ចិន​បាន​ប្ដេជ្ញា​ថា​នឹង​ធ្វើ​ការ​ស៊ើបអង្កេត​ឲ្យ​ដល់​ឫសគល់នៃ​ការ​បំផ្លិច​បំផ្លាញ​កាល​ពី​ថ្ងៃ​អាទិត្យ​នោះ។ ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ចិន​បាន​និយាយថា អ្នក​ដែល​ត្រូវ​ទទួល​ខុស​ត្រូវ​នឹង​មាន​អ្នក​គ្រប់​គ្រង​សុវត្ថិភាព​ចំនួន​ប្រហែល​៨​នាក់ រួម​មាន​ខាង​សន្ដិសុខ​សាធារណៈ​ ការ​ត្រួតពិនិត្យ​គុណភាព​ ការ​ការពារ​បរិស្ថាន​ ហើយ​នាយកដ្ឋាន​ដឹកជញ្ជូន។

ការ​ព្រួយ​បារម្ភ​ជា​សាធារណៈ​កំពុង​កើន​ឡើង​បន្ទាប់​ពី​មាន​ការ​ផ្ទុះ​នេះ​ មិន​ត្រឹម​តែ​អំពី​ការ​រីក​រាល​ដាល​នៃ​ការ​ចម្លង​ជាតិពុល​នៅ​ក្នុង​ទឹក​និង​ខ្យល់​នោះ​ទេ​ ក៏​ប៉ុន្តែ​អំពី​ឃ្លាំង​ដែល​ស្រដៀង​គ្នា​និង​ចម្ងាយ​របស់​ពួក​វា​ពី​កន្លែង​រស់នៅ។

នៅ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ​សាធារណៈ​ជន​ចិន​បាន​បង្កើន​សំឡេង​កាន់តែ​ខ្លាំង​ឡើង​និង​ចលនា «មិន​អាច​នៅ​ក្រោយ​ផ្ទះ​ខ្ញុំ» ឬ​ជា​ភាសា​អង់គ្លេស Not in my Backyard គឺ​ចាប់ផ្ដើម​ដំណើរការ។

លោក​ Ding Xueliang ជា​សាស្ត្រាចារ្យ​ខាង​ផ្នែក​វិទ្យាសាស្ត្រ​សង្គម​នៅ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា​នៅ​ទីក្រុង​ហុងកុង​បាន​ថ្លែង​ថា​ ឧបទ្ទវហេតុនេះ​គឺ​ទំនង​នឹង​ដាក់​ចំណាប់​អារម្មណ៍​លើ​វិស័យ​ឃ្លាំង​ស្តុក​របស់​ប្រទេស​នេះ។


លោក SU បាន​និយាយ​ថា៖ «បន្ទាប់ពី​ការ​ផ្ទុះ​នេះ ​វិស័យ​ឃ្លាំង​និង​ការ​ស្តុកទុក​នេះ​នឹង​ត្រូវ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​តឹងតែង​ជាង​មុន​ ព្រោះការ​ប្រឆាំង​និង​ការ​តវ៉ា​កន្លង​មក​ត្រូវ​បាន​ធ្វើ​ដោយ​សំដៅ​ភាគ​ច្រើន​លើ​កាកសំណល់​គីមី​ក្នុង​វិស័យ​នេះ។ ពី​ពេល​នេះ​ត​ទៅ​ ការ​យក​ចិត្ត​ទុក​ដាក់​បន្ថែម​ទៀត​នឹង​ត្រូវ​ផ្ដោត​ការ​ចាប់​អារម្មណ៍ទៅ​ការ​រក្សា​ទុក​សារធាតុគីមី​ប្រកបដោយ​គ្រោះថ្នាក់​នោះ»។

ជោគ​វាសនា​នៃ​វិស័យ​ឃ្លាំងស្តុក​នេះ​ នឹង​ត្រូវ​យក​មក​ពិចារណា​យ៉ាង​ហ្មត់ចត់ ​ដោយ​សារ​តែ​ទីក្រុង Tianjin គឺ​នៅ​ចំ​កណ្តាលគម្រោង​ដ៏​ធំ​របស់​រដ្ឋាភិបាល​ដែល​កំពុង​តែ​ធ្វើ​ដើម្បី​ប្រែ​ក្លាយ​រដ្ឋបាល​ទីក្រុង​ប៉េកាំង ​ទីក្រុង Tianjin និង​ខេត្ត​ Hebei ​ទៅ​ជា​មហា​ទីក្រុងដែល​មាន​រដ្ឋបាល​រួម​មួយដែល​ជា​កន្លែងមាន​ប្រជាជន​ជាង​១១០​លាន​នាក់៕

ប្រែ​សម្រួល​ដោយ មាន ​ឥស្សរាយស

XS
SM
MD
LG