ការប៉ះទង្គិចគ្នាយ៉ាងខ្លាំងមួយចំនួន រវាងកងកម្លាំងរដ្ឋាភិបាល និងកងជីវពលប្រដាប់អាវុធនៃក្រុមកាន់សាសនាឥស្លាមជ្រុលនិយម Boko Haram បានកើតមានឡើង នៅចុងខែធ្នូ ក្នុងក្រុង Baga នៃរដ្ឋ Borno ដែលនៅក្បែរព្រំដែនប្រទេសឆាដ។ ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ UNHCR បានរាយការណ៍ថា មានជនភៀសខ្លួននីហ្សេរីយ៉ា ប្រមាណជា ៦.០០០ នាក់បានភៀសខ្លួន ក្នុងរយៈពេលមួយខែកន្លងទៅនេះ មានមនុស្សជាច្រើនបានអុំទូកឆ្លងកាត់បឹងឆាដ ដើម្បីទៅកន្លែងមានសុវត្ថិភាព។
ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ បានឲ្យដឹងថា ភាគច្រើននៃជនភៀសខ្លួនថ្មីៗនេះ គឺជាស្រ្តី និងកុមារ។ ពួកគេជាច្រើន បានរៀបរាប់អំពីការចង់គេចចេញពីអំពើហិង្សា ក្រោយពីទទួលការគំរាមកំហែងនូវការវាយបក និងការបំភិតបំភ័យ បន្ទាប់ពីមានការវាយប្រហារពីសំណាក់ពួកកងជីវពល។
លោក Chalie Yaxley អ្នកនាំពាក្យនៃទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិបានថ្លែងថា អាជ្ញាធរនៃប្រទេសឆាដ បានស្នើឲ្យទីភ្នាក់ងាររបស់លោកនាំយកជនភៀសខ្លួនទាំងនោះ ទៅឲ្យឆ្ងាយពីតំបន់ព្រំដែន ដោយសារតែព្រួយបារម្ភអំពីសន្តិសុខ។ លោកបានប្រាប់ VOA ថា រហូតមកដល់ពេលនេះ បុគ្គលិករបស់ទីភ្នាក់ងារ UNHCR បាននាំយកជនភៀសខ្លួន ប្រមាណជា ៤.២០០ នាក់ ទៅជំរំដែលមានស្រាប់ ដែលមានចម្ងាយប្រមាណជា ៤៥ គីឡូម៉ែត្រ ពីតំបន់ព្រំដែន។
លោក Chalie Yaxley ថ្លែងថា៖
«ក្នុងពេលឥឡូវនេះ យើងមិនឃើញមានសញ្ញាណាមួយបង្ហាញថា ការវាយប្រយុទ្ធគ្នា បានរាលដាលឆ្លងព្រំដែនទេ។ ក៏ប៉ុន្តែ ដូចដែលខ្ញុំបានលើកឡើងអ៊ីចឹង ការវាយប្រយុទ្ធគ្នាក្នុងរដ្ឋ Borno គឺវានៅតែជារឿងដែលពិបាកទស្សន៍ទាយខ្លាំងណាស់ ហើយដើម្បីជាវិធានការប្រុងប្រយ័ត្ន ការសម្រេចមួយក៏បានធ្វើឡើង គឺនាំជនភៀសខ្លួនទាំងនោះទៅឲ្យឆ្ងាយពីព្រំដែន ដើម្បីផ្តល់នូវអ្វីៗ ដែលពួកគេត្រូវការ និងធានាសុត្ថិភាពដល់ពួកគេ»។
លោក Chalie Yaxley បានថ្លែងថា ទីភ្នាក់ងារ UNHCR កំពុងតែប្រណាំងប្រជែងជាមួយនឹងពេលវេលា ដើម្បីផ្តល់ជម្រកនិងជំនួយផ្សេងៗទៀតដល់ជនភៀសខ្លួនដែលទើបតែមកដល់។ លោកថ្លែងថា ជនភៀសខ្លួនដែលទើបតែមកដល់ កំពុងស្នាក់នៅក្នុងជម្រក ដែលពួកគេបានទទួលសម្ភារៈជំនួយ ដែលរួមមាន ភួយ កន្ទេល មុង ហើយនឹងម្ហូបអាហារក្តៅៗផងដែរ។
កាលពីពាក់កណ្តាលខែមករាកន្លងទៅនេះ រដ្ឋាភិបាលប្រទេសកាមេរូនបានបង្ខំចិត្តបញ្ជូនជនភៀសខ្លួននីហ្សេរីយ៉ាប្រមាណជា ៩.០០០ នាក់ ដែលបានភៀសខ្លួនពីរដ្ឋBorno ដែលមានការវាយប្រយុទ្ធគ្នា។ លោក Chalie Yaxley បាននិយាយថា ទីភ្នាក់ងារ UNHCR បានតាមដានអំពីវាសនារបស់អ្នកទាំងនោះ។ លោកបានទទួលស្គាល់ថា ទោះជាយ៉ាងណាក៏ដោយ វាមានការលំបាក ក្នុងការស្វែងរកព័ត៌មានថា តើពួកគេនៅឯណាឥឡូវនេះ និងស្ថានភាពរបស់ពួកគេ ដោយសារតែអសន្តិសុខ ធ្វើឲ្យគេមានការលំបាកក្នុងការចេញចូលតំបន់នោះ។
ពួក Boko Haram បានស្វះស្វែងរកវិធី ដើម្បីបំផ្លាញរដ្ឋាភិបាលនីតិរដ្ឋរបស់ប្រទេសនីហ្សេរីយ៉ា ហើយចង់បង្កើតរដ្ឋាភិបាលដែលប្រតិបត្តិតាមសាសនាឥស្លាមមួយក្រោមច្បាប់មូស្លីម ដែលហៅថា ស្ហារៀ (Shariah)៕
ប្រែសម្រួលដោយអ្នកស្រី លី ម៉ូរីវ៉ាន់