ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ប្រឈម​នៅតែ​បន្ត​​សម្រាប់​ជនភៀស​ខ្លួន​ការ៉េន​​មក​ដល់​ថ្មីៗ​នៅ​ក្នុង​ប្រទេស​ភូមា


លោក​ Woh Soe (ខាងស្តាំ) ​ជន​ភៀស​ខ្លួន​ការ៉េន ដែល​ទើប​​មក​ដល់​ ជាមួយគ្រួសារ និងមិត្តភក្តិ នៅផ្ទះមួយក្នុងភូមិ Lay Kay Kaw រដ្ឋការ៉េន ប្រទេសមីយ៉ាន់ម៉ា។ 
លោក​ Woh Soe (ខាងស្តាំ) ​ជន​ភៀស​ខ្លួន​ការ៉េន ដែល​ទើប​​មក​ដល់​ ជាមួយគ្រួសារ និងមិត្តភក្តិ នៅផ្ទះមួយក្នុងភូមិ Lay Kay Kaw រដ្ឋការ៉េន ប្រទេសមីយ៉ាន់ម៉ា។ 

នៅ​កន្លែង​​តាំង​ទីលំនៅ​ថ្មី​នៅ​​ក្នុង​ភូមិ​ Lay Kay Kaw ​ភាគ​ខាង​កើត​ប្រទេស​មីយ៉ាន់ម៉ា​ ឬ​ភូមា​ ជនជាតិ​ការ៉េន​ដែល​បាន​វិល​ត្រឡប់​កាល​ពី​ពេល​ថ្មីៗ​នេះ​ព្យាយាម​តស៊ូ​សម្រប​ជីវិត​ដើម្បី​រស់​ ​ ក្រោយពី​​​ជម្លោះ​និង​ភៀស​ខ្លួន​អស់​រយៈ​​ពេល​ជាង​៦​ទសវត្សរ៍។

លោក​ Steve Sandford ​បាន​សាកសួរ​ជនភៀស​ខ្លួន​ការ៉េន​អំពី​បញ្ហា​ប្រឈម​នានា​ដែល​អាច​នឹង​កើត​មាន​ឡើង​សម្រាប់​ការ​រស់នៅ​ប្រកប​ដោយ​និរន្តភាព​និង​សន្តិភាព​នា​ពេល​អនាគត។​

​នៅ​ក្នុង​ភូមិ ​Lay Kay Kaw ​ដែល​ជាភូមិ​ថ្មីមាន​លេច​ចេញ​នូវ​សញ្ញា​យ៉ាង​ច្បាស់​ថា​ ការ​អភិវឌ្ឍ​ជាច្រើន​នៅតែ​ត្រូវ​ការ​ជា​ចាំ​បាច់​សម្រាប់​អ្នក​តាំង​ទី​លំនៅ​ថ្មី។ ប៉ុន្តែ​ផ្លូវ​នានា​ទៅ​កាន់​តំបន់​នេះ​មិនមែន​ជា​ការ​ព្រួយ​បារម្ភ​ធំ​ជាង​គេ​នោះ​ទេ​ព្រោះ​អ្នក​តាំង​លំនៅ​ថ្មី​នៅ​តែ​ខ្វះ​ខាត​សេចក្តី​ត្រូវ​ការ​ជាមូលដ្ឋាន។​

លោក​ Saw Pataya​ ​ប្រធាន​ភូមិ​ Lay Kay Kaw​ មាន​ប្រសាសន៍​ថា៖​

«បញ្ហា​ចម្បង​នៅ​ក្នុង​ភូមិ​នា​ពេល​បច្ចុប្បន្ន​នេះ​គឺ​ការ​ផ្គត់ផ្គង់​ទឹក។​ យើង​មាន​បញ្ហា​ជាមួយ​នឹង​ប្រព័ន្ធ​ទឹក ​ដូចជា​បំពង់​បង្ហូរ​ទឹក​ធ្លាយ ​ឬបណ្តាញ​ទឹក​ខូច»។​

មាន​ជន​ភៀសខ្លួន​ចម្រុះ​ជន​ជាតិ​មកពី​រដ្ឋការ៉េន​ចំនួន​៣​ ពាន់​នាក់​និង​ជន​ភៀស​ខ្លួន​ក្នុង​ស្រុក​ដែល​រស់​នៅ​ក្នុង​ផ្ទះ​មាន​តម្លៃ​ថោក។​ ប៉ុន្តែ​ការជួយទ្រទ្រង់​មនុស្ស​ ចំនួន​៩០០​គ្រួសារ​ដែល​មាន​ឱកាស​ការងារ​ធ្វើ​តិចតួចគឺ​ជា​ក្តី​បារម្ភ​សម្រាប់​មនុស្ស​ជាច្រើន​ រួមទាំង​លោក​ Woh Soe​ ជា​អតីត​ជន​ភៀស​ខ្លួន។​

លោក​ Woh Soe ​ជន​ភៀស​ខ្លួន​ដែល​ទើបមក​ដល់​កាល​ពី​ពេល​ថ្មីៗ​បាន​បញ្ជាក់​ថា៖​

«នៅ​ទីនេះ​វា​ពិបាក​ក្នុង​ការ​ទទួល​បាន​ការងារ​អចិន្រ្តៃយ៍។ ​ការងារ​ដែល​រក​បាន​មាន​តែ​មួយ​គត់​គឺ​ការ​ងារ​ធ្វើ​មួយ​ថ្ងៃ​សម្រាប់​តែ​មួយ​ថ្ងៃ។​ យើង​ត្រូវ​ស្វែង​រក​ការងារ​ដោយ​ខ្លួន​ឯង»។​

ជន​ភៀស​ខ្លួន​ជា​ច្រើន​គឺ​ជា​កសិករ​ មុន​ពេល​ពួក​ត្រូវផ្លាស់​ទីលំនៅ​ ហើយ​ឥឡូវ​នេះ​ ដោយសារគ្មាន​ដីស្រែ​ ​ពួក​គេ​គ្មាន​ការងារ​ធ្វើ​ទេ។

អ្នក​ស្រី​ Naw La Gee​ អតីត​កសិករ​មក​ពី​រដ្ឋ​ការ៉េន​ បាន​និយាយ​ថា៖

«ឥឡូវ​នេះ​កូន​ប្រុស​របស់​ខ្ញុំ​មាន​ការងារ​ធ្វើ​ ប៉ុន្តែ​កាលពី​មុន​កូន​ខ្ញុំ​មិន​អាច​រក​ការងារ​ធ្វើ​បាន​ទេ។​ ខ្ញុំ​មាន​បង​ប្អូន​ជីដូន​មួយ​ពីរ​នាក់​ទៀត​ដែល​នឹង​មក​តាំង​ទីលំនៅ​នៅ​ភូមិ​នេះ​ឆាប់ៗនេះ ​ប៉ុន្តែ​ខ្ញុំ​មិន​ដឹង​ថា​ តើ​ការងារ​អ្វី​ខ្លះ​ដែល​ពួក​គេ​អាច​រក​បាន​នៅទី​នេះ?​ ការងារ​ទាំង​នោះ​ពិបាក​រក​ណាស់​សម្រាប់​ពួក​គេ»។​

​ការ​សិក្សា​ថ្មី​មួយ​បាន​បង្ហាញ​ថា ​ចាប់តាំង​ពី​បទ​ឈប់​បាញ់​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ទីនេះ​ ការ​រឹបអូស​យកដី​ធ្លី​កំពុង​តែ​កើន​ឡើង ​ហើយ​មាន​អាជីវកម្ម​ប្រមាណ​ជិត​ ៥០%​ជាប់​ពាក់​ព័ន្ធ​នឹង​យោធា។​

លោក ​Padoh Mahn Batun​ ប្រធាន​នាយកដ្ឋាន​រុក្ខា​ប្រមាញ់​នៅ​តំបន់​ការ៉េន​ បាន​បញ្ជាក់​ថា៖​

«មាន​វិនិយោគិន​ជា​ច្រើន​ រួម​នឹងរដ្ឋាភិបាល​មីយ៉ាន់ម៉ា​ដែល​ចង់​ធ្វើ​អាជីវកម្ម​នៅ​ក្នុង​តំបន់​របស់​យើង​និង​បង្កើត​រោងចក្រ​ជា​ច្រើន។ ​ពួកគេ​និយាយ​ថា​ ពួក​គេ​នឹង​បង្កើតការងារ​បន្ថែម​ទៀត​សម្រាប់​ប្រជាជន​ក្នុង​ស្រុក​ ប៉ុន្តែ​យើង​ត្រូវ​ចេះ​គ្រប់គ្រង​ដីធ្លី​របស់​យើងនិង​បង្កើត​ការងារសម្រាប់​មនុស្ស​គ្រប់​គ្នា?»​

ខណៈ​ថវិកា​សម្រាប់​ជំរុំ​ជន​ភៀស​ខ្លួន​និង​ការ​ផ្គត់ផ្គង់​ស្បៀង​អាហារ​បាន​ធ្លាក់​ចុះ​នៅតាម​បណ្តោយ​ព្រំដែន​ប្រទេស​ថៃ​ការ​រំពឹង​អំពី​ការ​វិល​ត្រឡប់​ទៅរកអនាគត​ប្រកប​ដោយ​និរន្តរ​ភាព​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ភូមា​នៅ​តែ​ជា​សំណួរ​ដែល​ត្រូវ​ចោទ​សួរ​ដដែល៕

XS
SM
MD
LG