ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អូស្ត្រាលី​អំពាវនាវ​ឲ្យ​ថៃ ដោះលែង​ជនភៀសខ្លួន​មួយ​រូប​ដែល​បាន​កើត​នៅ​ប្រទេស​បារ៉ែន


លោកស្រី​រដ្ឋមន្ត្រី​ការបរទេស​អូស្ត្រាលី Marise Payne អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​អាស៊ី​អឺរ៉ុប (ASEM) លើក​ទី១២ នៅ​ក្នុង​ក្រុង​ប្រ៊ុចសែល កាលពី​ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨។
លោកស្រី​រដ្ឋមន្ត្រី​ការបរទេស​អូស្ត្រាលី Marise Payne អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​អាស៊ី​អឺរ៉ុប (ASEM) លើក​ទី១២ នៅ​ក្នុង​ក្រុង​ប្រ៊ុចសែល កាលពី​ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨។

អូស្ត្រាលី​កំពុង​អំពាវនាវ​ឲ្យ​​ថៃ ដោះលែង​ជាបន្ទាន់​នូវ​ជនភៀសខ្លួន​មួយ​រូប ពីព្រោះ​តែ​មាន​ការ​ភ័យ​ខ្លាច​ថា ជនភៀសខ្លួន​រូប​នោះ នឹង​ត្រូវ​គេ​ធ្វើ​ទារុណកម្ម បើសិនជា​លោក ត្រូវ​បាន​គេ​បញ្ជូន​ខ្លួន​លោក ទៅ​ប្រទេស​បារ៉ែន​វិញ ដោយ​លោក Hakeem Al Araibi ធ្លាប់​បាន​រិះគន់​ក្រុមគ្រួសារ​រាជវង្ស​នៃ​ប្រទេស​នេះ។

លោក Hakeem Al Araibi បាន​ធ្វើ​ដំណើរ​ទៅ​កម្សាន្ត​នៅ​ប្រទេស​ថៃ​ជាមួយ​ភរិយា​របស់​លោក​ពី​គេហដ្ឋាន​របស់​លោក​នៅក្នុង​ទីក្រុង​មែលប៊ន នៅពេល​ដែល​លោក​ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​ឯ​អាកាសយានដ្ឋាន​អន្តរជាតិ​ក្នុង​ទីក្រុង​បាងកក កាលពី​ខែវិច្ឆិកា កន្លង​ទៅ​នេះ។

លោក​ត្រូវ​បាន​អាជ្ញាធរ​ថៃ ឃុំ​ខ្លួន ក្រោយពី​ប្រទេស​បារ៉ែន បាន​ចេញ​ការប្រកាស​ជា​អន្តរជាតិ តាម​រយៈប៉ូលិស​អន្តរជាតិ​ Interpol ដោយ​ចោទ​លោកAl Araibi ថា​បាន​បំផ្លាញ​ស្ថានីយ៍​ប៉ូលិស​មួយ​កន្លែង កាលពី​ឆ្នាំ២០១២។ ការចោទប្រកាន់​នេះ ត្រូវ​បាន​លោកAl Araibi បដិសេធ។

លោក Al Araibi ដែល​ជា​អតីត​សមាជិក​ក្រុម​កីឡាករ​បាល់ទាល់​ជាតិ​នៃ​ប្រទេស​បារ៉ែន បាន​ភៀស​ខ្លួន ទៅ​ប្រទេស​អូស្ត្រាលី​ កាលពី​ឆ្នាំ២០១៤។ លោក ត្រូវ​បាន​ផ្តល់​ឋានៈ​ថា ជា​ជនភៀសខ្លួន ក្រោយពី​លោក​បាន​អះអាង​ថា លោក​ត្រូវ​បាន​គេ​ដៅ​មុខ​សញ្ញា​សម្រាប់​ការធ្វើ​ទារុណកម្ម និង​ការគំរាមកំហែង។ តុលាការ​នៃ​ប្រទេស​បារ៉ែន​បាន​កាត់ទោស​លោក​កំបាំងមុខ ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​១០ ឆ្នាំ ហើយ​ជនភៀសខ្លួន​វ័យ ២៥ ឆ្នាំ​រូប​នេះ ជឿ​ថា លោក​នឹង​ត្រូវ​បាន​គេ​បំពាន​ជា​ថ្មី​ទៀត បើសិនជា​លោក ត្រូវ​បាន​គេ​បញ្ជូន​ខ្លួន​ទៅ​ប្រទេសប៉ារ៉ែន​វិញ ដែល​ប្រទេស​នេះ ជា​ប្រទេសកាន់​សាសនា​ឥស្លាម​មួយ​នៅ​តំបន់​ឈូង​សមុទ្រ​ពែរ៍។

នៅក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ លោកស្រី Marise Payne រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អូស្ត្រាលី បាន​ថ្លែង​ថា រដ្ឋាភិបាល​ក្រុង​កង់បេរ៉ា មាន​ការព្រួយបារម្ភ​ចំពោះ​រឿង​ឃុំ​ខ្លួន​លោក Al Araibi នេះ ហើយ​អំពានាវ​ឲ្យ​មាន​ការ​ដោះលែង​លោក​ឲ្យ​ «ត្រឡប់​មក​ប្រទេស​អូស្ត្រាលី​វិញ​ភ្លាម»។

អង្គការ​សិទ្ធិ​មនុស្ស Amnesty International បាន​ចូលរួម​នៅក្នុង​ការអំពាវនាវ​ឲ្យ​ដោះលែង​លោក Al Araibi នេះ​ផងដែរ ហើយ​ថា ក្នុង​នាម​ជា​ជនភៀស​ខ្លួន លោក​មិន​គួរ​ត្រូវ​ឃុំខ្លួន​ក្នុង​ប្រទេស​ថៃ តាម​សំណើ​របស់​ប្រទេស​បារ៉ែន​នោះ​ទេ។

លោក Sayed Al Wadaei ជា​អ្នក​ធ្វើ​យុទ្ធនាការ​នៅ​វិទ្យាស្ថាន​បារ៉ែន​សម្រាប់​សិទ្ធិ​មនុស្ស និង​លិទ្ធិ​ប្រជាធិបតេយ្យ​បាន​និយាយ​ថា អតីត​កីឡាករ​បាល់ទាត់​អន្តរជាតិ​រូប​នេះ គួរ​ត្រូវ​បាន​អនុញ្ញាត ឲ្យ​ត្រឡប់​មក​លំនៅដ្ឋាន​របស់​ខ្លួន​នៅ​ទីក្រុង​មែលប៊ន​វិញ។

«អាជ្ញាធរ​ថៃ មិន​បាន​អើពើ​នឹង​ការ​អំពាវនាវ​របស់​រដ្ឋាភិបាល​អូស្ត្រាលី និង​អង្គការ​សិទ្ធិ​មនុស្ស​ជាច្រើន ដែល​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ការ​បញ្ជូន​លោក Hakeem Al Araibi ត្រឡប់​ទៅ​ប្រទេស​បារ៉ែន​វិញ គឺជា​ការ​បំពាន​ទៅ​នឹង​ច្បាប់​អន្តរជាតិ»។

ក្រសួង​ការបរទេស​ថៃ​បាន​ឲ្យ​ដឹង​ថា ខ្លួន​កំពុង​ធ្វើ​តាម​នីតិវិធី​ត្រឹមត្រូវ ហើយ​បាន​ប្រព្រឹត្ត​ដោយ​មិន​លម្អៀង និង​គ្មាន​ការ​ជ្រៀត​ជ្រែកពី​ខាង​ក្រៅ​ទេ៕

ប្រែសម្រួលដោយ អ្នកស្រី លី ម៉ូរីវ៉ាន់

XS
SM
MD
LG