គណៈកម្មការរៀបចំការបោះឆ្នោតនៅប្រទេសថៃបានបញ្ជាក់នៅថ្ងៃព្រហស្បតិ៍នេះថា គណបក្ស Palang Pracharat ដែលមានទំនោរទៅរកពួកយោធា បានឈ្នះចំនួនសំឡេងឆ្នោតនៅក្នុងការបោះឆ្នោតកាលពីថ្ងៃទី ២៤ ខែមីនាកន្លងទៅនេះ ដោយទទួលបានសំឡេងឆ្នោតចំនួន ៨ លាន ៤ សែនសំឡេង។
លោក Krit Urwongse អគ្គលេខាធិការរងនៃគណៈកម្មការរៀបចំការបោះឆ្នោត បាននិយាយថា គណបក្ស Pheu Thai ដែលជាគណបក្សប្រឆាំងចម្បង ដែលត្រូវបានទម្លាក់នៅក្នុងការធ្វើរដ្ឋប្រហារយោធាកាលពី ៥ ឆ្នាំមុន ទទួលបានសំឡេងឆ្នោតចំនួន ៧ លាន ៩ សែនសំឡេង។
ទោះបីជាលទ្ធផលនេះតំណាងឲ្យសន្លឹកឆ្នោតទាំងអស់ដែលបានរាប់ក៏ដោយ ចំនួនសរុបនេះនៅតែមិនទាន់ផ្លូវការនៅឡើយ រហូតទាល់តែគណៈកម្មការរៀបចំការបោះឆ្នោតប្រកាសលទ្ធផលផ្លូវការនៅថ្ងៃទី ៩ ខែឧសភាខាងមុខ។
គណៈកម្មការរៀបចំការបោះឆ្នោតមិនទាន់ប្រកាសអំពីចំនួនអាសនៈសរុបដែលគណបក្សនីមួយៗទទួលបាននៅក្នុងរដ្ឋសភាដែលមានអាសនៈសរុបចំនួន ៥០០ នេះទេ។
ទាំងគណបក្ស Palang Pracharat ដែលធ្វើយុទ្ធនាការឲ្យជ្រើសរើសលោកនាយករដ្ឋមន្ត្រី Prayuth Chan-Ocha ឲ្យធ្វើជានាយករដ្ឋមន្ត្រីនៅអាណត្តិបន្ទាប់ទៀត និងទាំងសម្ព័ន្ធភាពគណបក្សចម្រុះប្រឆាំងនឹងរដ្ឋាភិបាលយោធា សុទ្ធតែអះអាងថាខ្លួនមានសិទ្ធិបង្កើតរដ្ឋាភិបាលនៅអាណត្តិបន្ទាប់។
ប៉ុន្តែគេនៅតែមិនច្បាស់ថាតើភាគីនីមួយៗមានលទ្ធភាពគៀងគរការបោះឆ្នោតគ្រប់គ្រាន់នៅក្នុងរដ្ឋសភាដើម្បីបង្កើតរដ្ឋាភិបាលថ្មីបានឬក៏យ៉ាងណានោះ៕