ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​តាមដាន​ការ​បោះ​ឆ្នោត​ថ្នាក់​តំបន់​រិះគន់​លើ​ការ​បោះ​ឆ្នោត​នៅ​ប្រទេស​ថៃ


អ្នក​គាំទ្រ​គណបក្ស Pheu Thai ស្រែក​ហ៊ោ បន្ទាប់​ពី​ស្តាប់​លទ្ធផល​ក្រៅ​ផ្លូវ​ការ​ ក្នុង​ការ​បោះឆ្នោត​សកល​មួយ​ នៅ​ក្នុង​ក្រុង​បាងកក ប្រទេស​ថៃ កាលពី​ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩។

អង្គការ​តាមដាន​ការ​បោះ​ឆ្នោត​ថ្នាក់​តំបន់​មួយ​ បាន​រិះគន់​លើ​លទ្ធផល​បឋម​នៃ​ការ​បោះ​ឆ្នោត​នៅ​ក្នុង​ប្រទេស​ថៃ​ កាល​ពី​ថ្ងៃ​អាទិត្យ ​ថា​មាន «គុណវិបត្តិ​ច្រើន»។

លទ្ធផល​បឋម​ដែល​គណៈកម្មការ​រៀបចំ​ការ​បោះ​ឆ្នោត​ថៃ​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ បាន​បង្ហាញ​ថា គណបក្ស Phalang Pracharat ដែល​គាំទ្រ​ដោយ​ពួក​យោធា ទទួល​បាន​សំឡេង​ឆ្នោត​នាំ​មុខ ប៉ុន្តែ​គណបក្ស Pheu Thai ដែល​ជា​គណបក្ស​ប្រជា​និយម​វិញ ទទួល​បាន​អាសនៈ​រដ្ឋសភា​ច្រើន​ជាង គឺ ១៣៧ ទល់​នឹង ៩៧ ដែល​គណបក្ស Phalang Pracharat ទទួល​បាន។

គណៈកម្មការ​រៀបចំ​ការ​បោះ​ឆ្នោត​នេះ​រិះគន់​លើ​លទ្ធផល​ពិបាក​យល់ និង​លទ្ធផល​ផ្ទុយ​គ្នា​នៃ​ការ​រាប់​សន្លឹក​ឆ្នោត​នេះ ថា​ជា «កំហុស​របស់​មនុស្ស»។

អង្គការ​បណ្ដាញ​អាស៊ី​ដើម្បី​ការ​បោះ​ឆ្នោត​សេរី (Asian Network for Free Elections) បាន​ចេញ​សេចក្ដីប្រកាស​មួយ​ នៅ​ថ្ងៃ​អង្គារ​នេះ ដោយ​ហៅ​លទ្ធផល​មិន​ត្រឹមត្រូវ​នេះ​បាន​បំផ្លាញ​ដល់​សុច្ចរិត​ភាព​នៃ​ការ​បោះ​ឆ្នោត​នេះ។

លទ្ធផល​បឋម​បាន​ផ្ដល់​ឲ្យ​គណបក្ស​ប្រជែង​ធំៗ​ទាំង​ពីរ​នូវ​ការ​អះអាង​ដែល​ថា ពួកគេ​មាន​អំណាច​ស្រប​ច្បាប់​នៅ​ក្នុង​ការ​បង្កើត​រដ្ឋាភិបាល​ចម្រុះ​មួយ។ គណបក្ស Phalang Pracharat ដឹកនាំ​ដោយ​លោក​មេបញ្ជាការ​យោធា Prayut Chan-Ocha ដែល​បាន​ដឹកនាំ​រដ្ឋាភិបាល​យោធា​តាំង​ពី​បាន​ធ្វើ​រដ្ឋប្រហារ​ផ្ដួល​រំលំ​រដ្ឋាភិបាល​របស់​អ្នកស្រី Yingluck Sinawatra កាល​ពី​ឆ្នាំ ២០១៤ មក។

ចំណែក​ឯ​គណបក្ស Pheu Thai វិញ គឺ​មាន​ទំនាក់ទំនង​ជាមួយ​នឹង​លោក​អតីត​នាយករដ្ឋមន្ត្រី Thaksin Sinawatra ដែល​ជា​បង​ប្រុស​របស់​អ្នកស្រី Yingluck។ រដ្ឋាភិបាល​របស់​លោក Thaksin ត្រូវ​បាន​ពួក​យោធា​ធ្វើ​រដ្ឋប្រហារ​ផ្ដួល​រំលំ​នៅ​ក្នុង​ឆ្នាំ ២០០៦។ គណបក្ស​ដែល​មាន​ទំនាក់ទំនង​ជាមួយ​នឹង​លោក Thaksin បាន​ឈ្នះ​គ្រប់​ការ​បោះ​ឆ្នោត​ទាំង​អស់​តាំង​ពី​ឆ្នាំ ២០០១ មក។

លទ្ធផល​ផ្លូវការ​ចុង​ក្រោយ​នៃ​ការ​បោះ​ឆ្នោត​នឹង​ប្រកាស​នៅ​ថ្ងៃ​ទី ៩ ខែ​ឧសភា​ ខាង​មុខ​នេះ៕

XS
SM
MD
LG