លទ្ធផលបឋមនៃការបោះឆ្នោតនៅក្នុងប្រទេសថៃកាលពីថ្ងៃអាទិត្យម្សិលមិញ បានបង្ហាញថា គណបក្ស Pheu Thai ដែលជាគណបក្សប្រឆាំងទទួលបានអាសនៈរដ្ឋសភាចំនួន ១៣៨ រីឯគណបក្សដែលមានទំនោរទៅរកពួកយោធាវិញទទួលបានអាសនៈរដ្ឋសភាចំនួន ៩៦ ប៉ុន្តែសម្រាប់អាសនៈរដ្ឋសភាចំនួន ១៥០ ទៀត គឺនៅមិនទាន់សម្រេចនោះទេ។ នេះបើយោងតាមការបញ្ជាក់របស់គណៈកម្មការរៀបចំការបោះឆ្នោត។
គណៈកម្មការរៀបចំការបោះឆ្នោតបានបញ្ជាក់បន្ថែមនៅថ្ងៃច័ន្ទនេះថា ខ្លួននឹងប្រកាសអំពីលទ្ធផលផ្លូវការសម្រាប់អាសនៈចំនួន ១៥០ ទៀត នៃរដ្ឋសភាដែលមានអាសនៈសរុបចំនួន ៥០០ នៅថ្ងៃទី ៩ ខែឧសភាខាងមុខ។
ប៉ុន្តែ សម្រាប់សំឡេងឆ្នោតវិញ លទ្ធផលបឋមដែលបានផ្សព្វផ្សាយកាលពីថ្ងៃអាទិត្យម្សិលមិញ បានបង្ហាញថា បន្ទាប់ពីរាប់សន្លឹកឆ្នោតបាន ៩៣ ភាគរយមក គណបក្ស Palang Pracharat ដែលគាំទ្រដោយលោកនាយករដ្ឋមន្ត្រី Prayuth Chan-o-Cha នាំមុខដោយទទួលបានសំឡេងឆ្នោត ៧ លាន ៦ សែនសំឡេង ចំណែកឯគណបក្ស Pheu Thai ដែលមានទំនាក់ទំនងជាមួយនឹងលោកអតីតនាយករដ្ឋមន្ត្រី Thaksin Sinawatra វិញ ទទួលបានសំឡេងឆ្នោត ៧ លាន ១ សែនសំឡេង។
នៅថ្ងៃចន្ទនេះ គណបក្សប្រជែងទាំងពីរសុទ្ធតែអះអាងថានឹងព្យាយាមបង្កើតរដ្ឋាភិបាល។ ករណីនេះបង្ហាញឲ្យឃើញពីការបែកបាក់នយោបាយខ្លាំងក្លានៅក្នុងប្រទេសថៃ។
លោក Uttama Savanayana ប្រធានគណបក្ស Palang Pracharat បាននិយាយថា គណបក្សលោកនឹងទាក់ទងគណបក្សដទៃទៀតដែលមានគោលនយោបាយស្រដៀងគ្នា ដើម្បីបង្កើតរដ្ឋាភិបាលថ្មី។
ប៉ុន្តែ លោកស្រី Sudarat Keyuraphan ប្រធានគណបក្ស Pheu Thai បាននិយាយថា គណបក្សរបស់លោកនឹងព្យាយាមបង្កើតរដ្ឋាភិបាលថ្មី ដោយសារតែគណបក្សបានឈ្នះអាសនៈច្រើនបំផុត។
លោកស្រី Sudarat បញ្ជាក់ដូច្នេះថា៖ «ដូចពួកយើងបាននិយាយពីមុខអញ្ចឹង គណបក្សដែលឈ្នះបានអាសនៈច្រើនបំផុត គឺជាគណបក្សដែលទទួលបានការទុកចិត្តពីប្រជាពលរដ្ឋឲ្យបង្កើតរដ្ឋាភិបាល»។
ប៉ុន្តែ គណបក្ស Pheu Thai ប្រឈមនឹងបញ្ហាប្រជែងខ្លាំង ដោយសារតែការជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីនឹងសម្រេចដោយអង្គប្រជុំរួមរបស់រដ្ឋសភាដែលមានសមាជិកចំនួន ៥០០ នាក់ នឹងព្រឹទ្ធសភាដែលមានសមាជិក ២៥០ នាក់ ដែលតែងតាំងដោយពួកយោធា៕