ពលរដ្ឋថៃ បាននាំគ្នាបោះឆ្នោតកាលពីថ្ងៃអាទិត្យម្សិលមិញ នៅក្នុងការបោះឆ្នោតមួយដែលគេចាត់ទុកថាជាការវិលត្រឡប់ទៅរកការគ្រប់គ្រងតាមបែបប្រជាធិបតេយ្យវិញ។ ប៉ុន្តែ ការបោះឆ្នោតនោះ បានរងការរិះគន់ជាច្រើនថា គ្រាន់តែជាការអនុវត្តមួយដែលត្រូវបានរៀបចំឡើងដោយនាយករដ្ឋមន្ត្រីថៃគឺលោក Prayut Chan-o-cha ដើម្បីបង្គ្រប់កិច្ចដល់ការក្ដោបក្ដាប់អំណាចយោធារបស់លោកតែប៉ុណ្ណោះ។
ការរាប់សន្លឹកឆ្នោត បានចាប់ផ្ដើមធ្វើឡើងភ្លាមៗ ក្រោយពីការបោះឆ្នោតបានបញ្ចប់នៅម៉ោង៥ល្ងាច ម៉ោងក្នុងស្រុក។
ការស្ទង់មតិក្រោយការបោះឆ្នោត ដំបូងឡើយ បានបង្ហាញថា គណបក្ស Pheu Thai របស់អតីតនាយករដ្ឋមន្ត្រីលោក Thaksin Shinawatra បាននាំមុខ ប៉ុន្តែលទ្ធផលផ្លូវការបឋមៗ ដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យ បានបង្ហាញថាគណបក្ស Phalang Pracharat ឬបល្ល័ង្កប្រជារាស្ត្រ ដែលមានក្រុមយោធានៅពីក្រោយនោះ បាននាំមុខទៅវិញ។
យុទ្ធនាការឃោសនាបោះឆ្នោត ត្រូវបានញាំញីដោយការចោទប្រកាន់នានាអំពីការទិញសន្លឹកឆ្នោត ប៉ុន្តែ មានការតវ៉ាតិចតួចប៉ុណ្ណោះនៅក្នុងថ្ងៃបោះឆ្នោត ដោយមានអ្នកសង្កេតការណ៍បោះឆ្នោតមកពីប្រទេសអូស្ត្រាលី កាណាដា សហរដ្ឋអាមេរិក និងប្រទេសសមាជិកទាំង១០នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬហៅកាត់ថាអាស៊ានផងដែរ។
មានការការពារសន្តិសុខតឹងរ៉ឹង និងមានការយល់ឃើញចម្រុះគ្នាអំពីការបោះឆ្នោតនេះដែលមានពលរដ្ឋថៃប្រមាណ៥២លាននាក់ បានបោះឆ្នោត៕