ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បញ្ហាតៃវ៉ាន់ជាបញ្ហាសំខាន់មួយក្នុងការសន្ទនាគ្នាតាមទូរសព្ទរវាងលោក Biden និងលោក Xi


រូបឯកសារ៖ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Joe Biden និយាយ​ជាមួយ​នឹង​ប្រធានាធិបតី​ចិន​ លោក Xi Jinping ពី​សេតវិមាន​​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០២១។
រូបឯកសារ៖ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Joe Biden និយាយ​ជាមួយ​នឹង​ប្រធានាធិបតី​ចិន​ លោក Xi Jinping ពី​សេតវិមាន​​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០២១។

នៅពេល​តៃវ៉ាន់ធ្វើ​សមយុទ្ធយោធា​ប្រចាំ​ឆ្នាំ ដោយបង្ហាញ​សកម្មភាពឱ្យ​ដូច​ព្រឹត្តិការណ៍នៃ​ការលុកលុយ​ដោយចិន លោក Biden និង​លោក​ Xi ​និយាយគ្នា​តាម​ទូរសព្ទ ដែលជា​ការ​សន្ទនា​គ្នា​លើក​ទី​ប្រាំរបស់អ្នកទាំងពីរ​តាំង​ពី​ លោក Biden ចូល​កាន់តំណែងមក។

អ្នកស្រី Karine Jean-Pierre អ្នកនាំ​ពាក្យ​សេតវិមាន​ថ្លែង​ថា៖ «លោក​ទាំង​ពីរ​នាក់បាន​ប្តូរទស្សនៈគ្នាអំពី​សង្គ្រាម​របស់​រុស្ស៊ី​នៅអ៊ុយក្រែន​និងផល​ប៉ះពាល់​សាកល​នៃ​សង្គ្រាម​នេះ។ ស្តីពី​តៃវ៉ាន់ លោក Biden ​បាន​គូសបញ្ជាក់​ថាគោលនយោបាយ​អាមេរិក​មិនប្រែ​ប្រួល​ទេ ហើយ​ថាអាមេរិក​ប្រឆាំងខ្លាំង​ដល់​កិច្ច​ប្រឹងប្រែង​ជា​ឯកតោភាគី​ដើម្បីកែប្រែភាពដូច​ដើមឬការធ្វើ​ឱ្យ​អន្តរាយ​ដល់​សន្តិភាពនិងស្ថិរភាពឆ្លង​កាត់ច្រក​សមុទ្រតៃវ៉ាន់»។

ពួក​មន្ត្រី​មិនបាន​និយាយទេថាតើ​ការ​សន្ទនានេះបានបន្ថយ​ភាពតានតឹង​ឬយ៉ាងណា ហើយភាគី​ទាំងពីរ​បានផ្តល់​ព័ត៌មានមានកម្រិត។

លោក Robert Daly​ ​នាយក​វិទ្យាស្ថាន Kissinger នៃ​មជ្ឈមណ្ឌល Wilson ថ្លែង​ថា៖ «នៅ​ក្នុងការបង្ហាញ​ជា​សាធារណៈនៃជំនួប​ទាំង​នេះ​របស់​ពួកគេ ចិន​និង​អាមេរិក​តែងតែ​ពណ៌នាអ្វី​ដែលប្រធានាធិបតី​ទាំង​ពីរនាក់​បាននិយាយ។ គ្មាន​ភាគី​ណាមួយ​ពណ៌នា​អ្វី​ដែលខ្លួនបានឮ​មក​វិញ​ទេ ដែលនេះជា​ការ​សំខាន់ជាង។ ​ពួកគេ​ហហាក់​ដូចជាបានឮ​តិច​តួច​ណាស់»។​

តែ​បញ្ហា​តៃវ៉ាន់​ជាការ​ផ្តោត​ការយក​ចិត្តទុកដាក់ធំមួយ។ តៃវ៉ាន់បាន​ធ្វើការ​ហ្វឹកហ្វឺន​ត្រៀមសម្រាប់មានការ​វាយប្រហារ​តាម​អាកាស ​នៅ​ពេល​មានភាពតានតឹងកាន់​តែ​ខ្លាំង​បណ្តាលមក​ពីផែនការទស្សនកិច្ច​របស់លោកស្រី Nancy Pelosi ប្រធានរដ្ឋសភាសហរដ្ឋ​អាមេរិក នៅ​កោះនេះ។ ចិន​ចាត់​ទុកតៃវ៉ាន់ថា​ជា​ខេត្ត​បំបែក​ខ្លួនរបស់​ខ្លួន។

លោកស្រី​ Pelosi ថ្លែងថា៖ «ខ្ញុំ​យល់​ថា​ជា​ការមានសារៈសំខាន់​សម្រាប់​យើង​ ក្នុងការ​បង្ហាញការគាំទ្រដល់តៃវ៉ាន់។ ខ្ញុំ​ក៏​យល់​ដែរ​ថា​ គ្មាន​នរណា​ម្នាក់ក្នុង​បណ្តាពួក​យើង​បាននិយាយ​ថា​យើង​គាំទ្រ​តៃវ៉ាន់ឯករាជ្យទេ។ ​ស្រេច​តែ​តៃវ៉ាន់​សម្រេចអំពី​ការណ៍​នេះ​ដោយ​ខ្លួន​ឯង»។

ចិនបាន​ព្រមាន​ច្រើន​ដង​ថា​ខ្លួននឹង​ឆ្លើយតប​ខ្លាំង​ក្លា។

លោក Zhao Lijian អ្នកនាំ​ពាក្យ​ក្រសួងការបរទេសចិន​ ថ្លែង​ថា៖ «ប្រសិន​បើអាមេរិក​ជំរុញ​ឱ្យ​មាន​ទស្សនកិច្ច​នេះ ហើយប្រឆាំង​នឹង​ចិន អាមេរិកនឹង​ប្រឈម​នឹង​វិធានការ​ប្រឆាំង​ម៉ឺងម៉ាត់។ អាមេរិក​នឹងរង​ផលវិបាកទាំងអស់​ដែល​កើត​ចេញពី​ទស្សនកិច្ច​នេះ»។

ចិនក៏​បាន​រិះគន់ដែរដល់ច្បាប់ CHIPS ដែល​ត្រូវ​បានអនុម័ត​ដោយរដ្ឋ​សភាអាមេរិក​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី២៨ ខែកក្កដា។ ច្បាប់​នេះ​នឹង​បង្កើនការផលិតបន្ទះ​អេឡិចត្រូនិក semiconductor ​របស់​អាមេរិក​ និងផ្តល់ប្រាក់សម្រាប់ការផលិត​និង​ការ​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​សម្រាប់​បង្កើនភាព​ប្រកួតប្រជែង​របស់អាមេរិក។​ គេ​ចាត់ទុក​វិធានការ​នេះថា​ជា​ការប្រឹងប្រែងដើម្បី​ទប់ទល់​នឹង​ចិន៕

ប្រែសម្រួល​ដោយ​លោក ឈឹម សុមេធ

XS
SM
MD
LG