ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កោះ​តៃវ៉ាន់​ជា​បញ្ហា​សំខាន់​នៅ​ក្នុង​ការ​សុន្ទនា​តាម​ទូរស័ព្ទ​រវាង​លោក​ Biden​ និង​លោក​ Xi


រូប​ផ្គុំ៖ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ លោក Joe Biden កាល​ពី​ឆ្នាំ​២០២១ (ឆ្វេង) និង​ប្រធានាធិបតី​ចិន លោក Xi Jinping កាល​ពី​ឆ្នាំ​២០១៩។
រូប​ផ្គុំ៖ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ លោក Joe Biden កាល​ពី​ឆ្នាំ​២០២១ (ឆ្វេង) និង​ប្រធានាធិបតី​ចិន លោក Xi Jinping កាល​ពី​ឆ្នាំ​២០១៩។

ប្រធានាធិបតី​សហ​រដ្ឋ​អាមេរិក​លោក​ Joe Biden ​និង​ប្រធានាធិបតី​ចិន​លោក​ Xi Jinping ​បាន​និយាយ​គ្នា​យ៉ាង​យូរ​កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ នៅ​ពេល​មាន​ការ​តានតឹង​អំពី​ដំណើរ​ទស្សនកិច្ច​ទៅ​កោះតៃវ៉ាន់​ ដែល​បាន​ស្នើ​ឡើង​ដោយ​ប្រធាន​រដ្ឋ​សភា​សហ​រដ្ឋ​អាមេរិក​លោក​ស្រី ​Nancy Pelosi ​ដែល​អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​ចិន​ លោក​ Zhao Lijian ​បាន​ព្រមាន​ថា នឹង​មាន​«វិធានការ​ឆ្លើយតប​ដោយ​កម្លាំង»។​

ក្រោយ​មក​មន្ត្រី​ជាន់ខ្ពស់​រដ្ឋបាល​ម្នាក់​របស់​សហរដ្ឋ​អាមេរិក​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា​ មេ​ដឹកនាំ​ទាំង​២​ក៏​បាន​ពិភាក្សា​គ្នា​អំពី​ជំនួប​ទល់មុខ​គ្នា​ ហើយ​បាន​ព្រមព្រៀង​គ្នា​ឱ្យ​មាន​ក្រុម​ការងារ​ជួប​គ្នា​ជា​បន្ទាប់​ដើម្បី​ស្វែងរក​ពេល​វេលា​ព្រមព្រៀង​គ្នា​ដើម្បី​មេ​ដឹកនាំ​ទាំង​២​ជួប​ទល់​មុខ​គ្នា។​

នៅ​ក្នុង​សន្និសីទ​កាសែត​អំពី​ជំនួប​តាម​ទូរស័ព្ទ​រយៈ​ពេល​២​ម៉ោង​នោះ​ សេតវិមាន​បាន​និយាយ​ថា សហ​រដ្ឋ​អាមេរិក​មិន​បាន​ផ្លាស់ប្តូរ​ជំហរ​នៃ​គោល​នយោបាយ​របស់​ខ្លួន​អំពី​កោះ​តៃវ៉ាន់​ទេ។ ​ សេតវិមាន​និយាយ​ថា៖​ «សហ​រដ្ឋ​អាមេរិក​ប្រឆាំង​យ៉ាង​ខ្លាំង​ដល់​ការ​ខិត​ខំប្រឹង​ប្រែង​ជា​ឯកតោ​ភាគី​ដើម្បី​ផ្លាស់​ប្តូរ​ស្ថានភាព​ធម្មតា​បច្ចុប្បន្ន​ ឬ​ ធ្វើ​ឱ្យ​អន្តរាយ​សន្តិភាព ​និងស្ថិរភាព​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់»។​

នេះ​ជា​ការ​និយាយ​ទូរស័ព្ទ​លើក​ទី​៥​រវាង​មេដឹកនាំ​ទាំង២ ​ចាប់តាំង​ពី​លោក​ Biden ​បាន​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​នៅ​ឆ្នាំ ​២០២១​មក។​

លោក​ស្រី ​Anita Kellogg ​ជា​អ្នក​ស្រាវជ្រាវ​ក្រោយ​ថ្នាក់​បណ្ឌិត​នៅ​ឯ​វិទ្យាស្ថាន​គោល​នយោបាយ​ការ​បរទេស​នៅ​ឯ​សាកល​វិទ្យាល័យ John Hopkins ​បាន​និយាយ​ថា៖ ​«ជា​អកុសល ​ការ​សន្ទនា​តាម​ទូរស័ព្ទ​នេះ​មិន​បាន​ផ្លាស់ប្តូរ​អ្វី​ជា​ដុំ​កំភួន​ទេ។​ វា​មិន​បាន​កាត់​បន្ថយ​ការ​តានតឹងកម្រិត​ខ្ពស់​នៅ​ក្នុង​ប្រវត្តិ​សាស្ត្រ​ រវាង​ប្រទេស​ទាំង​២​នេះ​ទេ។ ​ហើយ​ខ្ញុំ​ជឿ​ជាក់​ថា ​ជំហរ​នៅ​តែ​ដដែល»។​

ដំណើរ​ទស្សនកិច្ច​របស់​សមាជិក​សភា​សហ​រដ្ឋ​អាមេរិក​ទៅកាន់​កោះ​តៃវ៉ាន់​ត្រូវ​បាន​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​មើល​ឃើញ​ថា​ ផ្ទុយ​នឹង​គោល​នយោបាយ​«ចិន​តែ​មួយ»​របស់​ក្រុង​វ៉ាស៊ីនតោន ​ដែល​ទទួល​ស្គាល់​ក្រុង​ប៉េកាំង​ជា​រដ្ឋាភិបាល​តែ​មួយ​របស់​ចិន។ ​ទីក្រុង​ប៉េកាំង​ចាត់ទុក​តៃវ៉ាន់​ដែល​គ្រប់គ្រង​ដោយ​ខ្លួន​ឯង​ថា​ ជា​ខេត្ត​បំបែក​ខ្លួន៕

XS
SM
MD
LG