ផ្លូវគ្មានមនុស្សដើរហើយប្រជាពលរដ្ឋបានត្រូវគេបញ្ជាឱ្យស្ថិតនៅក្នុងផ្ទះនៅក្នុងផ្នែកនានានៃកោះតៃវ៉ាន់ រួមទាំងរដ្ឋធានីតៃប៉ិផង នៅក្នុងការធ្វើសមយុទ្ធការវាយប្រហារតាមអាកាសនៅថ្ងៃចន្ទនេះ នៅពេលដែលកោះនេះបង្កើនការប្រុងប្រៀបរបស់ខ្លួនសម្រាប់ការវាយប្រហារពីចិនដីគោក។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
ស៊ីរ៉ែនបានបន្លឺសំឡេងនៅម៉ោង១:៣០នាទីថ្ងៃត្រង់ ម៉ោងនៅតៃវ៉ាន់ សម្រាប់សមយុទ្ធដែលតម្រូវឱ្យជម្លៀសមនុស្សនៅតាមផ្លូវ ដែលមានប្រសិទ្ធភាពបិទទីប្រជុំជន និងទីក្រុងនានានៅទូទាំងតំបន់ភាគខាងជើងកោះតៃវ៉ាន់រយៈពេល៣០នាទី។
«ការប្រកាសភាពអាសន្នកាំជ្រួចមីស៊ីល» ដែលឱ្យជម្លៀសមនុស្សទៅកាន់ទីកន្លែងសុវត្ថិភាពជាបន្ទាន់នោះ បានត្រូវបញ្ជូនតាមសារទូរស័ព្ទ។
បន្ទាប់ពីពិនិត្យមើលសមយុទ្ធដែលមានឈ្មោះថា Wan An ដែលមានន័យថា សន្តិភាព ស្ថិតស្ថេរយូរអង្វែងនេះ អភិបាលក្រុងតៃប៉ិលោក Ko Wen-je បាននិយាយនៅក្នុងសុន្ទរកថាថា៖ «វាជាការចាំបាច់ដើម្បីប្រុងប្រៀបក្នុងពេលសង្គ្រាម»។
ចិនបានអះអាងថា កោះតៃវ៉ាន់ដែលគ្រប់គ្រងតាមបែបប្រជាធិបតេយ្យជាទឹកដីរបស់ខ្លួន ហើយមិនដែលបានច្រានចោលការដណ្តើមយកកោះនោះដោយកម្លាំងទេ។ តៃវ៉ាន់បានច្រានចោលការទាមទារអធិបតេយ្យភាពដោយចិនដីគោក ហើយបានប្តេជ្ញាការពារខ្លួន។
ការឈ្លានពានរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែនបានធ្វើឱ្យមានការពិភាក្សានៅកោះតៃវ៉ាន់រកប្រតិកម្មយ៉ាងល្អបំផុត បើមានការវាយប្រហារ នៅពេលដែលចិនបានបង្កើនសកម្មភាពយោធានៅជុំវិញកោះនោះ។
លោក Ko បាននិយាយថា៖ «យន្តហោះយោធាចិនបានយាយីតៃវ៉ាន់ជាញឹកញាប់ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ហើយថែមទាំងមានការផ្ទុះសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែនក្នុងខែកុម្ភៈនោះ ឧប្បត្តិហេតុទាំងនេះរំឭកយើងថា យើងត្រូវប្រុងប្រយ័ត្នទោះបីក្នុងពេលមានសន្តិភាព»។
នៅក្រុងតៃប៉ិ ប៉ូលិសបានបញ្ជាឱ្យយានយន្តទៅកៀនផ្លូវ ហើយអ្នកដំណើរត្រូវបានប្រាប់ឱ្យស្វែងរកទីជ្រក។ ហាង និងភោជនីយដ្ឋានបានបិទទ្វារ និងបិទភ្លើងកុំឱ្យក្លាយជាគោលដៅក្នុងករណីមានការវាយប្រហារនៅពេលយប់។ អ្នកពន្លត់អគ្គិភ័យបានហាត់ពន្លត់ភ្លើងដែលបង្កឡើងដោយការវាយប្រហារដោយកាំជ្រួច។ ស៊ីរ៉ែនបានបន្លឺសំឡេង៣០នាទីក្រោយមកជាសញ្ញាថា សមយុទ្ធបានបញ្ចប់។
ការព្រួយបារម្ភអំពីចេតនារបស់ចិនចំពោះតៃវ៉ាន់បានបន្ថែមភាពតានតឹងជាមួយសហរដ្ឋអាមេរិក។ ខណៈសហរដ្ឋអាមេរិកមិនទទួលស្គាល់កោះនេះជាប្រទេសដាច់ដោយឡែកនោះ ច្បាប់សហរដ្ឋអាមេរិកតម្រូវឱ្យសហរដ្ឋអាមេរិកផ្តល់មធ្យោបាយការពារខ្លួនដល់តៃវ៉ាន់។
កាសែត Financial Times បានរាយការណ៍កាលពីថ្ងៃសៅរ៍ថា ប្រទេសចិនបានចេញការព្រមានយ៉ាងម៉ឺងម៉ាត់ចំពោះរដ្ឋបាលលោក Joe Biden ថា អាចមានការឆ្លើយតបផ្នែកយោធាចំពោះទស្សនកិច្ចដោយប្រធានរដ្ឋសភាអាមេរិកលោកស្រី Nancy Pelosi ទៅកោះតៃវ៉ាន់ក្នុងខែសីហា។ កោះនេះបានបង្កើនកម្រិតប្រកាសអាសន្នរបស់ខ្លួនចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន បើទោះជាមានរបាយការណ៍ថា គ្មានសកម្មភាពយោធាមិនធម្មតារបស់ចិនក៏ដោយ៕