ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធាន​រដ្ឋ​សភា​អាមេរិក​អ្នកស្រី ​Nancy Pelosi ​នឹង​ធ្វើ​ទស្សនកិច្ច​នៅ​តៃវ៉ាន់​ក្នុង​ខែ​សីហា


រូបឯកសារ​៖ ប្រធាន​រដ្ឋសភា​សហរដ្ឋ​អាមេរិក អ្នកស្រី Nancy Pelosi ស្ថិត​ក្នុង​កិច្ចប្រជុំ​មួយ​ នៅ​វិមានសភា​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០២២។

ប្រធាន​រដ្ឋ​សភា​អាមេរិក​អ្នកស្រី ​Nancy Pelosi ​គ្រោង​នឹង​ធ្វើ​ទស្សនកិច្ច​នៅ​តៃវ៉ាន់​នៅ​ខែ​ក្រោយ​ ចំពេល​មាន​ភាព​តានតឹង​ជាមួយ​ប្រទេស​ចិន។​នេះ​បើតាម​ទីភ្នាក់ងារ​សារ​ព័ត៌មាន​Reuters​ដែល​ស្រង់​តាម​កាសែត​ Financial Times ​ដែល​រាយ​ការណ៍​នៅ​ថ្ងៃ​អង្គារ​នេះ​ដោយ​យោងតាម​មនុស្ស​៦នាក់។​

កាសែត​នេះ​បាន​បន្ថែម​ថា ​ អ្នកស្រី​ Pelosi ​និង​គណៈ​ប្រតិភូ​ក៏​នឹង​ទៅ​បំពេញ​ទស្សន​កិច្ច​នៅ​ប្រទេស​ឥណ្ឌូណេស៊ី ​ ជប៉ុន​ ម៉ាឡេស៊ី ​និង​សិង្ហបុរី​ ហើយ​នឹង​ទៅ​ទីស្នាក់ការ​នៃ​បញ្ជាការដ្ឋាន​របស់​សហរដ្ឋ​អាមេរិក​សម្រាប់​ឥណ្ឌូប៉ាស៊ីហ្វិក​នៅ​កោះ​ហាវ៉ៃ​ផង​ដែរ។ ​ទោះ​បី​ជា​យ៉ាង​ណាក៏​ដោយ ​ការិយាល័យ​របស់​អ្នកស្រី​ និង​ក្រសួង​ការ​បរទេស​សហ​រដ្ឋ​អាមេរិក​មិន​បាន​ឆ្លើយតប​ភ្លាមៗ​ចំពោះ​សំណើ​សុំការ​អត្ថាធិប្បាយ​ពី​ ​ទីភ្នាក់ងារ​សារ​ព័ត៌មាន​Reuters​ទេ។ ​ ​ទីភ្នាក់ងារ​សារ​ព័ត៌មាន​Reuters ​ក៏​មិន​អាច​ទាក់ទង​ស្ថានទូត​តៃវ៉ាន់​ប្រចាំ​សហ​រដ្ឋ​អាមេរិក​បាន​ភ្លាមៗ​ដែរ។​

ដំណើរ​ទស្សនកិច្ច​របស់​មេដឹកនាំ​គណបក្ស​ប្រជា​ធិបតេយ្យ​ទៅ​តៃវ៉ាន់​នេះ​ត្រូវ​បាន​លើក​ពេល​តាំងពី​ខែ​មេសា ​ បន្ទាប់​ពី​អ្នកស្រី​បាន​ធ្វើ​តេស្ដ​វិជ្ជមាន​ជំងឺ​កូវីដ-១៩។ ​នៅពេល​នោះ ​ចិន​បាន​និយាយ​ថា​ ដំណើរ​ទស្សនៈ​កិច្ច​បែប​នេះ​នឹង​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ទំនាក់ទំនង​ចិន-អាមេរិក។ ​

តៃវ៉ាន់​ប្រឈម​នឹង​សម្ពាធ​កាន់តែ​ខ្លាំង​ពី​ចិន ​ដែល​ចាត់ទុក​ថា​ ​កោះ​ដែល​គ្រប់គ្រង​តាម​បែប​ប្រជា​ធិបតេយ្យ​នេះ​ជា​ទឹកដី​របស់​ខ្លួន។​ បញ្ហា​នេះ​គឺ​ជា​រឿង​រកាំរកូស​ឥត​ឈប់ឈរ​ក្នុង​ទំនាក់​ទំនង​រវាង​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​និង​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន។​

ទោះ​ជាយ៉ាង​ណាក៏​ដោយ ​ ​តៃវ៉ាន់​បាន​សម្តែង​ការ​ពេញ​ចិត្ត​ចំពោះ​ការ​គាំទ្រ​ជា​បន្ត​បន្ទាប់​របស់​រដ្ឋបាល​លោក​ Joe Biden ​ ដែល​បាន​បញ្ជាក់​ម្តង​ហើយ​ម្តង​ទៀត​អំពី​ការ​ប្តេជ្ញា​ចិត្ត​«រឹង​ដូចថ្ម»​ចំពោះ​តៃវ៉ាន់។​ អ្នកស្រី​Pelosi​ ដែល​ជា​អ្នក​រិះគន់​ចិន​យូរ​មក​ហើយ​នោះ​ បាន​ប្រជុំ​តាម​អ៊ីនធើណិត​ជាមួយ​អនុ​ប្រធានាធិបតី​តៃវ៉ាន់ ​លោក ​William Lai​ កាលពី​ខែ​មករា​ ខណៈ​លោក​មក​ទស្សនកិច្ច​សហ​រដ្ឋអាមេរិក ​និង​ប្រទេស​ហុងឌូរ៉ាស។​

ដោយ​លើក​ពី​សម្តី​មនុស្ស​បី​នាក់​ ​ កាសែត ​Financial Times ​បាន​និយាយ​ថា ​ សេតវិមាន​បាន​បង្ហាញ​ការ​ព្រួយ​បារម្ភ​អំពី​ការ​ធ្វើ​ដំណើរ​ទស្សនកិច្ច​នេះ។ ​ កាសែត​នេះ​បាន​ដក​ស្រង់​សម្តី​ប្រភព​ពីរ​ដែល​និយាយ​ថា ​ មាន​ការ​ខ្វែង​គំនិត​គ្នា​នៅ​ក្នុង​រដ្ឋបាល​សហ​រដ្ឋ​អាមេរិក​ថា​ តើ​អ្នកស្រី​ Pelosi​ គួរ​ទៅ​តៃវ៉ាន់​ឬ​យ៉ាងណា។​

មន្ត្រី​មួយ​ចំនួន​ជឿ​ថា ​ បើ​ធ្វើ​ទស្សនកិច្ច​កាលពី​ខែ​មេសា​គឺ​សមហេតុផល​ជាង​ ព្រោះ​កាល​ណោះ​គឺ​មិន​យូរ​ប៉ុន្មាន​បន្ទាប់​ពី​រុស្ស៊ី​ចាប់​ផ្តើម​ការ​លុកលុយ​អ៊ុយក្រែន។ ​ប្រទេស​ចិន​បាន​បញ្ជូន​យន្តហោះ​ប្រយុទ្ធ​ឆ្លង​ច្រក​សមុទ្រ​តៃវ៉ាន់​ក្នុង​ខែ​នេះដោយ​ចិន​បាន​អះអាង​ថាមាន​ការ​បង្កហេតុ។​ ឧបទ្ទវហេតុ​នេះ​បាន​កើត​ឡើង​ក្នុង​អំឡុង​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ទីក្រុង​តៃប៉ិ​ដោយ​សមាជិក​ព្រឹទ្ធសភា​សហ​រដ្ឋ​អាមេរិក​លោក​ Rick Scott​ ដែល​ជា​សមាជិក​ជាន់ខ្ពស់​នៃ​គណបក្ស​សាធារណ​រដ្ឋ​និង​ជា​សមាជិក​នៃ​គណៈ​កម្មាធិការ​កិច្ចការ​ការពារ​ជាតិ​របស់​ព្រឹទ្ធ​សភា។​

ព័ត៌មាន​នៃ​ដំណើរ​ទស្សនកិច្ច​នៅ​ខែ​សីហា​របស់​អ្នកស្រី​ Pelosi​ កើត​ឡើង​បន្ទាប់ពី​ប្រទេស​ចិន​កាលពី​ថ្ងៃ​ចន្ទបាន​ស្នើ​ឱ្យ​សហ​រដ្ឋ​អាមេរិក​លុបចោល​ជា​បន្ទាន់​នូវ​ការ​លក់​ជំនួយ​បច្ចេកទេស​យោធា​ជា​សក្តានុពល​ដល់​កោះ​តៃវ៉ាន់​តម្លៃ​ប្រមាណ​ជា​១០៨​លាន​ដុល្លារ៕

XS
SM
MD
LG