ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​បង្កើន​វោហាសាស្ត្រ​ប្រឆាំង​ទស្សនកិច្ច​លោកស្រី ​Pelosi​ ទៅ​តៃវ៉ាន់


រូប​ឯកសារ៖ លោកស្រី Nancy Pelosi ប្រធាន​រដ្ឋសភា​អាមេរិក​ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​នៅ​វិមាន​សភា​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មករា ឆ្នាំ​២០២២។

ផែនការ​ដ៏​មាន​សក្ដានុពល​របស់​ទស្សនកិច្ច​ប្រធាន​រដ្ឋសភា​អាមេរិក​លោកស្រី ​Nancy Pelosi​ទៅ​តៃវ៉ាន់​ក្នុង​អំឡុង​ដំណើរ​ទស្សន​កិច្ច​របស់​លោកស្រី​ទៅ​កាន់​តំបន់​អាស៊ី​ក្នុង​ខែ​សីហា ​បាន​ជំរុញ​ឱ្យ​មាន​ការ​ឆ្លើយតប​យ៉ាង​ប្រទូស្តរាយ​ពី​ប្រទេស​ចិន​ ដោយ​អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​ចិន​បាន​ព្រមាន​ថា​ រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​នឹង​ «ចាត់​វិធាន​ការ​ឆ្លើយតប​យ៉ាង​ចាស់ដៃ​ម៉ឺងម៉ាត់» និង​«ចាត់វិធាន​ការ​ប្រឆាំង» ​ប្រសិន​បើ​លោកស្រី ​Pelosi ​បាន​ធ្វើ​ដំណើរ​ទៅ​កោះ​នេះ។​

នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​កាលពី​ថ្ងៃ​ចន្ទ​ អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​ចិន​លោក​ Zhao Lijian​ បាន​បញ្ជាក់​របាយ​ការណ៍​មួយ​នៅ​ក្នុង​កាសែត​ Financial Times ​កាលពី​ចុង​សប្តាហ៍ ​ដែល​បាន​និយាយ​ថា ​ការ​ព្រមាន​របស់​ចិន​គឺ​ «ខ្លាំង​និង​ធំធេង» ​ជាង​មុន​ប្រឆាំង​ដំណើរ​ទស្សនកិច្ច​ដ៏​មាន​សក្តានុពល​របស់​ប្រធាន​រដ្ឋ​សភា​ សហ​រដ្ឋ​អាមេរិក​នៅពេល​ប្រទេស​ចិន​មិន​សប្បាយ​ចិត្ត​នឹង​គោល​នយោបាយ​របស់​សហ​រដ្ឋ​អាមេរិក​ចំពោះ​តៃវ៉ាន់។​

លោក​បាន​និយាយ​ថា៖ ​«ភាគី​ចិន​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ម្តង​ហើយ​ម្តង​ទៀត​ប្រាប់​ភាគី​សហ​រដ្ឋ​អាមេរិក​អំពី​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​របស់​យើង​ចំពោះ​ដំណើរ​ទស្សនកិច្ច​ដ៏​មាន​សក្តានុពល​របស់​ប្រធាន​រដ្ឋ​សភា​គឺ​លោកស្រី​ Pelosi​ ទៅ​កាន់​តៃវ៉ាន់ ​និង​ការ​ប្រឆាំង​យ៉ាង​មុតមាំ​របស់​យើង​ចំពោះ​ដំណើរ​ទស្សនកិច្ច​នេះ។​ យើង​បាន​ត្រៀម​ពេញ​លេញ​សម្រាប់​ព្រឹត្ដិការណ៍​ជា​យថាហេតុ​ណា​មួយ។ ​ប្រសិនបើ​ភាគី​អាមេរិក​នៅ​តែ​ទទូច​ធ្វើ​ទស្សនកិច្ច​នេះ​ ភាគីចិន​នឹង​ចាត់​វិធានការ​យ៉ាង​ម៉ឺងម៉ាត់​ និង​រឹងមាំ​ដើម្បី​ការពារ​អធិប​តេយ្យ​ភាព ​និង​បូរណ​ភាព​ទឹកដី​របស់​យើង។​ សហរដ្ឋ​អាមេរិក​ត្រូវតែ​ទទួល​ខុសត្រូវ​ទាំង​ស្រុង​ចំពោះ​ផល​វិបាក​ធ្ងន់ធ្ងរ​ណាមួយ​ដែល​កើត​ឡើង​បន្ទាប់​នោះ»។

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ទៅ​កាន់​សារ​ព័ត៌មាន​ផ្សេងៗ​កាល​ពី​ថ្ងៃ​ចន្ទ​ លោកស្រី​ Joanne Ou​ អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​តៃវ៉ាន់​ បាន​និយាយ​ថា ​ខណៈ​តៃវ៉ាន់​តែងតែ​ទទួល​ស្វាគមន៍​ដំណើរ​ទស្សនកិច្ច​របស់​សមាជិក​សភា​អាមេរិក​នោះ​ ​រដ្ឋាភិបាល​តៃវ៉ាន់​មិនទាន់​ទទួល​បាន​«ព័ត៌មាន​ច្បាស់​ការណ៍»​ណា​មួយ​អំពី​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី​ Pelosi​ នៅ​ឡើយ​ទេ។​

តៃវ៉ាន់​ជា​ប្រធានបទ​នៃ​ភាព​តានតឹង​ក្នុង​ទំនាក់ទំនង​អាមេរិក​និង​ចិន​ជា​យូរ​មក​ហើយ។ ​ចិន​ទាមទារ​ដែន​កោះ​ដឹកនាំ​តាម​ប្រជាធិបតេយ្យ​នេះ​ជា​ផ្នែក​នៃ​ទឹកដី​ខ្លួន។​

ប៉ុន្តែ​ ខណៈ​អាមេរិក​មាន​គោល​នយោបាយ​«ចិន​តែមួយ»​ ដែល​ទទួល​ស្គាល់​ទាំង​តៃវ៉ាន់​ និង​ចិន​ថា​ ជា​ផ្នែក​នៃ​ប្រទេស​តែ​មួយ​នោះ​ សហរដ្ឋ​អាមេរិក​រក្សា​«ជំហរ​ជា​យុទ្ធសាស្ត្រ​មិន​ដាច់ណាត់»​ នៅ​ក្នុង​ទំនាក់​ទំនង​ជា​មួយ​ចិន​និង​តៃវ៉ាន់។​

សហ​រដ្ឋ​អាមេរិក​មាន​ទំនាក់​ទំនង​ការទូត​ជាផ្លូវ​ការ​ជាមួយ​ចិន​ដី​គោក​តែ​ប៉ុណ្ណោះ។​ ទោះយ៉ាង​ណា​ក៏​ដោយ​ សហ​រដ្ឋ​អាមេរិក​រក្សា​ទំនាក់​ទំនង​ក្រៅផ្លូវការ​ជាមួយ​រដ្ឋាភិបាល​ទីក្រុង​តៃប៉ិ ​ដោយ​ផ្គត់ផ្គង់​ជំនួយ​យោធា ​និង​សព្វាវុធ។​

ចាប់តាំង​ពី​ចូល​កាន់​តំណែង​មក​ លោក​ប្រធានាធិបតី​ Joe Biden ​ធ្លាប់​បាន​លើក​ឡើង​ជា​ច្រើន​ដង​ថា​ សហ​រដ្ឋ​អាមេរិក​នឹង​ការពារ​តៃវ៉ាន់​ដោយ​យោធា ​ប្រសិន​បើ​ចិន​ព្យាយាម​ដណ្តើម​យក​កោះ​នេះ​ដោយ​ប្រើ​កម្លាំង។​

ចំណែក​ប្រទេស​ចិន ​បាន​ធ្វើ​ការ​លុកលុយ​ចូល​ដែន​អាកាស ​និង​ដែនទឹក​របស់​តៃវ៉ាន់​ កាន់​តែ​គឃ្លើន​ឡើង​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ​ដែល​បង្កើន​ការ​ព្រួយ​បារម្ភ​អំពី​ចេតនា​របស់​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង៕

XS
SM
MD
LG