ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បេក្ខជន​ចៅសង្កាត់​ខ្មែរ-អាមេរិកាំង​រៀបចំ​យុទ្ធនាការ​បោះឆ្នោត​ផ្តាច់ព្រ័ត


​អ្នកស្រី ស៊ូលី សារ៉ូ (Suely Saro) បេក្ខនារី​ខ្មែរ​អាមេរិកាំង​រូប​នេះ បានក្លាយជាបេក្ខជន​នាំមុខគេបង្អស់សម្រាប់ការបោះឆ្នោតជ្រើសរើសសមាជិក​​ក្រុមប្រឹក្សា​ក្រុង​ឡុងប៊ិច​ប្រចាំ​សង្កាត់​លេខ ​៦។ រូបថតដកស្រង់ពី​ទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការរបស់អ្នកស្រី នៅ​ថ្ងៃ​ទី៥ ខែ​មីនា ឆ្នាំ​២០២០។

បេក្ខជន​ខ្មែរ-​អាមេរិកាំង​ប្តេជ្ញា​កសាង​ក្រុមការងារ​ចម្រុះ​កាន់តែ​ខ្លាំង​ជាងមុន​ក្នុងការបោះឆ្នោត​ជុំ​ផ្តាច់​ព្រាត់​ សម្រាប់​តំណែង​ក្រុមប្រឹក្សា​ទីក្រុង​ឡុងប៊ិច រដ្ឋ​កាលី​ហ្វញ៉ា​ បន្ទាប់​ពី​បាន​នាំ​មុខ​ចៅសង្កាត់​ដែល​កំពុង​កាន់តំណែង​យ៉ាងច្រើន។

លទ្ធផល​ឆ្នោត​បឋមដើម្បី​តែងតាំង​បេក្ខជន​ចៅសង្កាត់​លេខ៦​ ក្នុង​ទីក្រុង​ឡុងប៊ិច​ គឺ​គ្មាន​បេក្ខជន​ណា​ម្នាក់​ទទួលបាន​សន្លឹកឆ្នោត​លើសពី​ ៥០ភាគរយ​ ដែល​ចាំបាច់​តម្រូវ​ឱ្យ​បេក្ខជន​ដែល​ជាប់​លំដាប់​ទី១​និង​ទី២​ ត្រូវ​ប្រកួត​ផ្តាច់ព្រាត់​នៅ​ថ្ងៃទី​៣ ខែ​វិច្ឆិកា​ឆ្នាំនេះ។

លទ្ធផល​ឆ្នោត​បណ្តោះ​អាសន្ន​ចុងក្រោយរបស់​គណៈកម្មការ​រៀបចំ​ការបោះឆ្នោត​រដ្ឋ​កាលីហ្វញ៉ា​បង្ហាញថា​ អ្នកស្រី​ ស៊ូលី សារ៉ូ​ (Suely Saro) ដែល​ជា​ខ្មែរ-អាមេរិកាំង​ទទួល​បាន​សំឡេង​គំាទ្រ​ចំនួន​១.៦២៩​ ដែល​ត្រូវជា​ ៤៤ភាគរយ។ លោក​ ឌី អែនឌ្រូ ​(Dee Andrew) ដែល​ជា​ចៅសង្កាត់​កំពុង​កាន់​តំណែងទទួលបាន​ ១.១០៣​សំឡេង​ ដែល​ត្រូវជា ​៣០ភាគរយ។ រីឯ​បេក្ខជន​ជាប់​លេខ​បី​ គឺ​អ្នកស្រី​អាណា អាស ​ទទួលបាន​ ៦៧១​សំឡេង​ ដែល​ត្រូវជា​ ១៨ភាគរយ។​

បេក្ខជន​បីនាក់​ផ្សេងទៀត​ទទួល​បាន​សំឡេងតិចតួច​ប៉ុណ្ណោះ។

អ្នកស្រី​ ស៊ូលី សារ៉ូ​ បាន​បញ្ជាក់​ប្រាប់​វីអូអេ​ថា​ អ្នកស្រី​នឹង​ខិតខំ​កសាង​ក្រុមការងារ​ចម្រុះ​កាន់តែ​ធំ​ជាង​មុន៖ «ឥឡូវហ្នឹង​មានតែ​យើង​ខិតខំ​ទៀត​ រៀបចំ​រៃអង្គាស​ថវិកា​ហើយ​ជួបជុំ​ជាមួយ​អ្នកគាំទ្រ។ ខ្ញុំ​សរសេរ​នៅ​តាម​ហ្វេសប៊ុក​ថា ​ខ្ញុំ​ចង់ធ្វើការ​ជាមួយ​នឹង​អ្នកទាំងអស់ ​ទាំង​អ្នកបោះឆ្នោត​ឱ្យ​ខ្ញុំ​និង​អ្នក​បោះឆ្នោត​ឱ្យ​អ្នកដទៃ»។

អ្នកស្រី ​ស៊ូលី សារ៉ូ​ ដែល​មាន​អាយុ ​៣៩ឆ្នាំ ​ទើបតែ​ឈរ​ឈ្មោះ​ប្រកួតប្រជែង​ជា​លើកដំបូង​នៅ​ក្នុង​ឆាក​នយោបាយ​ថ្នាក់​មូលដ្ឋាន។ ប៉ុន្តែ​អ្នកសី្រ ​បាន​ធ្វើ​ការងារ​សហគមន៍​ជាច្រើន​ដើម្បី​លើក​កម្ពស់សហគមន៍​ទី​ក្រុង​ឡុង​ប៊ិច​ ក្នុងនោះ​ជា​នាយិកា​ប្រតិបត្តិនៃសមាគម​សកម្មភាព​យុវនារី​ខ្មែរ ដែល​ជា​អង្គការ​មួយ​ជួយ​បង្ហាត់​បង្រៀន​ជំនាញ​ជា​អ្នកដឹកនាំ​ដល់​យុវជននៅ​ក្នុង​ទីក្រុង​ឡុងប៊ិច ​ប្រធាន​គណៈ​កម្មការទទួល​បណ្តឹង​របស់​ពលរដ្ឋ​ប៉ូលិស ហើយ​ក៏ជា​តំណាង​មូលដ្ឋាន​នៅ​ក្នុង​ទីក្រុង​ឡុងប៊ិច​នៃ​ការិយាល័យ​លោក​រីកាដូ ឡារ៉ា ​ដែល​ជាសមាជិក​ព្រឹទ្ធសភា​ប្រចាំ​រដ្ឋកាលីហ្វញ៉ា។

បេក្ខជន​ដែល​ជាប់​លំដាប់​លេខពីរ​គឺ​លោក ឌី អែនឌ្រូ។ លោក​បាន​កាន់តំណែង​ចៅសង្កាត់​លេខ​៦​តាំងពី​ឆ្នាំ​២០០៧។

លោកឌី អែនឌ្រូ ​បាន​សរសេរ​សារ​តាម​ហ្វេសប៊ុក​នៅថ្ងៃ​អង្គារ​សប្តាហ៍​មុន ​ដោយ​ថ្លែង​អំណរគុណ​អ្នកបោះឆ្នោត​ដែល​បាន​ជួយ​និង​ជំរុញ​ទឹកចិត្ត​របស់​លោក។​

លោក​បាន​បន្ថែម​ថា៖ «ការប្រកួត​ប្រជែង​នេះ​គឺ​អំពី​អ្នក​ទាំងអស់គ្នា​និង​ធ្វើ​ឱ្យ​អ្នក​ទាំងអស់គ្នា​ទទួល​បាន​តំណាង​ដ៏ល្អ​បំផុត​តាម ​ដែល​អាចធ្វើបាន​សម្រាប់​សង្កាត់​យើង​ដែល​រួម​បញ្ចូល​មនុស្ស​គ្រប់​គ្នា​និង​គិត​ឆ្ពោះ​ទៅមុខ»។​

ប៉ុន្តែ​ ការ​បោះឆ្នោត​នេះ​ហាក់​មាន​ភាព​ល្អក់កករ​ ដោយសារតែ​មួយ​ថ្ងៃមុន​ការបោះឆ្នោត​លោក​ ឌី អែនឌ្រូ ​បាន​បង្ហោះ​សារ​តាមហ្វេសប៊ុក​ដែល​ចោទប្រកាន់ថា មាន​ការ​បំភិត​បំភ័យ​អ្នកបោះ​ឆ្នោត។ នៅក្នុងសារ​នោះ​លោក​ ឌី អែនឌ្រូ ​បាន​អះអាង​ថា​ មាន​អតីត​អ្នកស្ម័គ្រចិត្ត​ជួយយុទ្ធនាការអ្នកស្រី ស៊ូលី សារ៉ូ​ មួយ​រូប​ដែល​ងាក​មក​គាំទ្រ​លោក​វិញ​បានអះអាង​ពី​ការ​ប្រើប្រាស់​ពាក្យពេចន៍​ដែល​មាន​លក្ខណៈ​រើងអើង​ជាតិ​សាសន៍ថា ​បើអ្នកណា​មិនបោះឆ្នោត​ជូន​អ្នកស្រី ស៊ូលី​ ទេ ​គឺ​មិនមែន​ជាខ្មែរ​ទេ។

លោក ឌី អែនឌ្រូ​ ដែល​ជា​ជនជាតិ​អាមេរិកាំង​ស្បែកខ្មៅ​ បាន​សរសេរ​បន្ថែម​ថា​ លោក​មាន​ការ​ក្រៀម​ក្រំ​ចិត្ត​ដោយ​បាន​ឮ​ដូច្នេះ។ លោក​ចៅសង្កាត់​អះអាង​ថា ​លោក​បាន​ធ្វើ​យុទ្ធនាការ​ដោយ​ត្រឹមត្រូវហើយ​ទទូច​ឱ្យ​ពលរដ្ឋ​បោះឆ្នោត​ដោយ​សុច្ចរិត។

​លោក​ឌី អែនឌ្រូ​ មិន​ទាន់ឆ្លើយតប​នៅឡើយ​ទេ ​នៅពេល​ដែល​វីអូអេ​ទាក់ទង​សួរ​បន្ថែម​តាំងពី​ថ្ងៃពុធ​សប្តាហ៍​មុន។

អ្នកស្រី​ ស៊ូលី សារ៉ូ ​បាន​បដិសេធ​ថា​មិនមាន​ការរើសអើង​ជាតិ​សាសន៍​ទេ ​ហើយ​ថា​សារ​នយោ​បាយ​របស់​អ្នកស្រី​គឺ​ផ្តោត​លើ​ចំណុច​វិជ្ជមាន៖ «នៅក្នុង​យុទ្ធនាការ​ខ្ញុំ​មិន​គិត​ថា​ដោយសារតែ​ខ្ញុំ​ជាខ្មែរ​ទេ​ដែល​ត្រូវ​បោះឆ្នោត​ឱ្យ​ខ្ញុំ។ ខ្ញុំ​ប្រាប់​ពួក​គាំទ្រ​ខ្ញុំ​ថា​គាំទ្រ​ខ្ញុំ​មក​ពី​ខ្ញុំ​ចេះដឹង​ មាន​បទពិសោធ​ធ្វើការនៅ​ទីក្រុង​ហើយ។ យុទ្ធនាការ​ខ្ញុំ​ក៏មិន​មែន​សំដៅ​លើ​ខ្មែរ​ទេ​គឺ​ខ្ញុំ​ក៏មាន​អ្នកស្ម័គ្រចិត្តដែល​និយាយ​ជាមួយ​នឹង​សហគមន៍​អាមេរិក​ឡាទីននិងអាមេរិកាំង​ស​ដែរ»។​

សារ​ឃោសនា​របស់​អ្នកស្រី​ ស៊ូលី សារ៉ូ ឈរ​លើ​ការស្វែងរក​ដំណោះស្រាយ​បញ្ហាប្រឈម​លើការអត់​ការងារធ្វើ​ ​សុខាភិបាល ​សុវត្ថិភាព ​ឧក្រិដ្ឋកម្ម​ ជន​គ្មាន​ផ្ទះ​សម្បែង​ និង​ការផ្តល់​ផ្ទះ​សម្បែង។ ទន្ទឹមនឹង​បញ្ហា​រួម​ដែល​សង្កាត់​ទាំងមូល​ប្រឈម ​បេក្ខជន​ខ្មែរ-​អាមេរិកាំង​រូប​នេះ​មើល​ឃើញថា កន្លងមក​សហគមន៍​ខ្មែរនៅ​ជួប​ការ​លំបាក​ខ្លះ​ក្នុងការ​ស្វែងរក​សេវា​នានា​ពីរដ្ឋ​ ដោយសារតែ​មិន​មាន​តំណាង​នៅ​ថ្នាក់ក្រុង៕

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG