ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សកម្មជន​ខ្មែរ-អាមេរិកាំង​នៅ​ក្រុងខ្មែរ​ខិតខំ​​​បង្កើន​ឱកាស​អាជីវកម្ម


​ទីក្រុង​ឡុងប៊ិច​គឺ​ជា​ទីក្រុង​មួយ​ដែល​មាន​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​រស់នៅ​ច្រើន​ជាង​គេ​បង្អស់​​ចំនួន​ប្រមាណ​៦ម៉ឺន​នាក់​ក្នុង​ចំណោម​ទីក្រុង​នានា​នៅ​សហរដ្ឋអាមេរិក។ (ម៉ែន គឹមសេង/VOA)

អាជីវកម្ម​ខ្មែរ​ក្នុង​ទីក្រុង​ឡុងប៊ិច​ រដ្ឋ​កាលីហ្វ័រញ៉ា ​មាន​ភោជនីយដ្ឋាន​ ហាង​ភីស្សា​ ហាង​លក់​គ្រឿង​អលង្ការ​ ផ្សារ​ទំនិញ​គ្រឿងទេស ​រោងជាង​ជួសជួល​រថយន្ត ​ហាង​កែ​សម្ផស្ស​ និង​ការិយាល័យ​ផ្តល់​សេវា​ធានា​រ៉ាប់រង​និង​ពន្ធអាករ​ជាដើម។

នៅ​ពេល​ធ្វើដំណើរ​មកដល់​ក្រុង​ខ្មែរ​ដែល​ស្ថិត​នៅ​ក្នុង​ទីក្រុង​ឡុងប៊ិច​ រដ្ឋ​កាលីហ្វញ៉ា សហរដ្ឋអាមេរិក គេនឹង​ឃើញ​បដា​បក់​រវិចៗ​នៅអមសង​ខាងផ្លូវ​អាណាហែម​ ដែល​មាន​ខ្លឹម​សារ​ទាក់ទាញ​ភ្ញៀវ​ឱ្យ​ចូល​មកទីនេះ​ដើម្បី​ ទទួល​ទាន​អាហារ ​ទិញ​ទំនិញ ​និង​ធ្វើ​ទេសចរណ៍​កំសាន្ត។

នេះ​គឺជា​ផ្នែក​មួយ​នៃ​កិច្ចខិតខំ​ប្រឹង​ប្រែង​របស់​សហគមន៍​ដើម្បី​លើក​កម្ពស់​ភាពទាក់ទាញ​របស់​ក្រុង​ខ្មែរ​ឱ្យ​ឈាន​ដល់​សក្តានុពល​អាជីវកម្ម​ខ្ពស់​ដូច​តំបន់​ជិតខាង​និង​បង្កើនការងារ​សម្រាប់​ពលរដ្ឋ។ បដា​ទាំង៥០​ដែលមាន​រូប​ប្រាសាទអង្គរវត្ត​ខ្មែរ​ខ្លះផង​ដែរ​ ត្រូវ​បាន​ដំឡើង​តាម​បង្គោល​នានាតាំងពី​ដើម​ឆ្នាំ​២០១៩ហើយ​នឹងបន្ត​នៅ​ទីនេះ​រយៈពេល​៣ឆ្នាំ។

សង្កាត់លើកកម្ពស់​អាជីវកម្ម​កណ្តាល​ក្រុង​(Midtown Business Improvement District - MBID) មើល​ឃើញថា ដើម្បី​ប្រែក្លាយ​តំបន់​ដ៏​តូច​នេះ​ពី​កន្លែង​ដែល​គេ​គ្រាន់តែ​បើកបរ​ឆ្លងកាត់​ទៅ​កន្លែង​ផ្សេងមក​ជាទី​សំចត​បាន​គឺពួកគេ​ត្រូវផ្តោត​លើ​បញ្ហា​សុវត្ថិភាព ​អនាម័យ​ និង​ការបង្កើន​សោភណភាពក្នុង​ក្រុង។

លោក​ ហ្ការី អ៊ឹង ​នាយកនៃ​សង្កាត់​លើកកម្ពស់​អាជីវកម្ម​កណ្តាលក្រុង​ (MBID) ​បាន​បញ្ជាក់​ថា៖

«ទីមួយ​យើង​ត្រូវ​ធ្វើ​យ៉ាងម៉េច​ដើម្បី​ឱ្យ​ពាណិជ្ជកម្ម​ ពាណិជ្ជករ​និង​អ្នករកស៊ី​នៅទីក្រុង​ខ្មែរ​ហ្នឹងឱ្យ​មាន​សុវត្ថិភាព​ដូច្នេះ​យើង​ត្រូវ​ផ្តល់​ការយាមល្បាត​សន្តិសុខ​។ ទីពីរ​យើង​ត្រូវ​សម្អាត​ឱ្យ​កន្លែង​យើង​ស្អាត​បាត​គឺ​យើង​មាន​កុងត្រា​ជួល​អ្នកមកបោស​សម្រាម​ អ្នកមក​លាង​តាម​ថ្នល់​។ ទីបី​យើង​ធ្វើ​ឱ្យ​មាន​សម្ផស្ស​ល្អ​ប្រសើរ‍»។​

គម្រោង​កែលម្អ​សម្រស់​ក្រុង​ខ្មែរ​ក៏​មាន​ការ​ជួសជុល​ចិញ្ចើម​ថ្នល់និង​ដាក់​របង​ខណ្ឌ​ចែកផ្លូវ​ដែល​ធ្វើ​ឱ្យ​តំបន់​នេះ​មាន​សុវត្ថិភាព​សម្រាប់​អ្នក​ថ្មើរ​ជើង​ផង​ដែរ។

ផ្សារ​ឃុនហេង ​នៅ​ទី​ក្រុង​ឡុងប៊ិច រដ្ឋ​កាលីហ្វ័រញ៉ា ដែល​មាន​សហគមន៍​ខ្មែរធំ​ជាង​គេ​នៅ​សហរដ្ឋ​អាមេរិក។
ផ្សារ​ឃុនហេង ​នៅ​ទី​ក្រុង​ឡុងប៊ិច រដ្ឋ​កាលីហ្វ័រញ៉ា ដែល​មាន​សហគមន៍​ខ្មែរធំ​ជាង​គេ​នៅ​សហរដ្ឋ​អាមេរិក។

ដោយ​លាត​សន្ធឹង​ចន្លោះ​ពី​មហាវិថី​Alamitos ​រហូតដល់​មហាវិថី​Junipero ​ដែល​ប្រសព្វ​គ្នា​នឹង​ផ្លូវ​ទី​១០​និងទី១៤ ​តំបន់​នេះ​មាន​ហាង​អាជីវកម្ម​ចំនួន​១៨៤​ ដែល​មាន​ភោជនីយដ្ឋាន​ហាង​ភីស្សា​ ហាង​លក់​គ្រឿង​អលង្ការ​ ផ្សារ​ទំនិញ​គ្រឿងទេស ​រោងជាង​ជួសជួល​រថយន្ត ​ហាង​កែ​សម្ផស្ស​ និង​ការិយាល័យ​ផ្តល់​សេវា​ធានា​រ៉ាប់រង​និង​ពន្ធអាករ​ជាដើម។

លោក​ នេត្រ មនោរម្យ​ នាយក​ប្រតិបត្តិ​នៃ​សង្កាត់​លើកកម្ពស់​អាជីវកម្ម​កណ្តាល​ក្រុង​ ​បាន​បញ្ជាក់​បន្ថែម​ថា៖ «បើ​បងប្អូន​ចង់​បើក​ហាង​នៅ​ក្រុង​ខ្មែរ​គឺ​ក្រុង​ឡុងប៊ិច​មាន​ប្រាក់​ឧបត្ថម្ភ​សម្រាប់​ជួសជុល​ហាង ដូចជា​លាប​ពណ៌​ឬ​ជួសជុល​កញ្ចក់​គេ​ឱ្យ​២០០០ដុល្លារ​ក្នុង​មួយ​ឆ្នាំ ដូច​ថា​ ឆ្នាំនេះ​យើង​អាច​ធ្វើ​យីហោ​ហើយ​ឆ្នាំក្រោយ​យើង​លាប​ពណ៌​ ហើយ​ក៏​មាន​លុយកម្ចី​រហូត​ដល់​មួយ​ម៉ឺន​ដុល្លារ​ប៉ុន្តែ​មិន​យក​ការ​ប្រាក់‍»។​

នៅ​ក្នុង​ផ្សារ​ឃុនហេង​ ដែល​លក់​គ្រឿង​ទេស​តាម​បណ្តោយ​ផ្លូវ​អាណាហែម​ ​អ្នក​ចូល​ទិញ​ទំនិញ​មាន​ចម្រុះ​ជាតិ​សាសន៍​ប៉ុន្តែ​ភាគច្រើន​ជាខ្មែរ​អាមេរិកាំង។

ពេលនេះ​ម៉ោង​ទើប​តែ​១០ព្រឹកទេ​ ប៉ុន្តែ​លោក ហ្វុង ចៅ ​កំពុង​មមាញឹក ​ដួស​និង​ខ្ចប់​ ​សម្ល​កកូរ ត្រីចៀន ​និង​សម្លរ​ការី​សាច់​មាន់​ដែលជះ​ក្លិន​យ៉ាង​ឈ្ងុយ​ឱ្យ​ភ្ញៀវ។ លោក​បានបញ្ជាក់​ថា​ការលក់ដូររបស់​លោក​ដំណើរការ​ល្អ​ក្នុង​រយៈ​ពេលប៉ុន្មាន​ឆ្នាំ​នេះ៖ «ភាគ​ច្រើន​ខ្មែរ​យើង​ច្រើន​នៅម្តុំនេះ​ គេទិញ​យក​ទៅ​ញ៉ាំហើយ​ទៅ​ធ្វើការ​គឺ​ស្រួល​‍»។

លោក​បន្ថែម​ថា​ការ​លក់​ដូរ​មាន​ការ​កើន​ឡើង៖ «វា​មើល​ទៅ ​វា​ឡើង​ដែរ​ខ្មែរ​យើង​ច្រើន​ដែរ​ឥឡូវ‍»។​

យ៉ាងណាក៏ដោយ​ក៏​សហគមន៍​ខ្មែរ​នៅ​មាន​បញ្ហា​ប្រឈម​ខាង​ផ្នែក​ទីផ្សារ បើ​ប្រៀប​នឹង​សហគមន៍​អាស៊ី​ដូចគ្នា​ដែល​មាន​ដូចជា​វៀតណាម។​

លោក ​គួច គឹមថៃ ​នាយក​ប្រតិបត្តិ​សមាគម​ខ្មែរ​នៅ​ទ្វីប​អាមេរិក​បាន​បញ្ជាក់​ថា៖ «ហាង​ខ្មែរ​យើង​បើក​មក​មិន​សូវ​មាន​អតិថិជន​មក​ជួយ​ទិញ​ទេ​ ដល់​ចឹង​ទៅ​ភាគច្រើន​ហាង​ខ្មែរ​យើង​មាន​ការ​ពិបាក​ណាស់​ក្នុង​ការ​ជួយ​គាំទ្រ​ហាង​ខ្មែរ​យើង​ឱ្យ​រស់​បាន​ ឱ្យ​រីក​ចម្រើន។ អីចឹង​ហើយ​ជា​កត្តា​មួយ​ដែល​យើង​មាន​ការ​លំបាក​ក្នុង​ការ​ក​សាងសហគមន៍​ខ្មែរ​យើងឱ្យ​មាន​ការ​អភិវឌ្ឍ​ឆាប់​រហ័ស​ដូច​គេ‍»។​

ទីក្រុង​ឡុងប៊ិច​មាន​ពលរដ្ឋ​ចំនួន​ជាង​៤៧​ម៉ឺន​នាក់​ក្នុង​នោះ​មាន​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ជាង​៥​ម៉ឺន​នាក់​ដែល​រស់នៅ​ប្រមូល​ផ្តុំ​គ្នា​នៅ​ក្នុង​តំបន់​ជុំវិញ​ផ្លូវ​អាណាហែម​និង​តំបន់​ជិតខាង។

ទន្ទឹម​នឹង​កិច្ច​ខិតខំ​ប្រឹងប្រែង​បង្កើន​អាជីវកម្ម​ប៉ុន្តែ​កម្រិត​ការងារ​ដែល​ផ្តល់​ឱ្យពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ដែល​ទទួល​បាន​ប្រាក់កម្រៃ​ច្រើន​មិន​សូវ​សំបូរ​នៅ​ឡើយ​ទេ។ នៅទីនេះ ​ពួកគេ​អាច​រក​បាន​ការងារ​តាម​ហាង​លក់​នំ​ដូណាត់​ ផ្សារ​គ្រឿងទេស​និង​វេច​ខ្ចប់​ទំនិញ​ជាដើម។

អត្រា​អ្នក​គ្មាន​ការងារ​ធ្វើ​នៅ​ក្នុង​ទីក្រុង​នេះ​មានកម្រិត​៤ភាគរយ​ក្នុងរយៈពេល​ជាង​២ឆ្នាំ​ចុង​ក្រោយ​នេះ។ នេះ​បើ​តាម​ស្ថិតិ​របស់​អង្គការ​ALFRED។

លោក ​ឆាល សុង​ គឺជា​ទីប្រឹក្សា​ស្វែងរក​ការងារ​ (Career​ Advancement Councilor)​នៃ​សមាគម​ខ្មែរ​នៅទ្វីប​អាមេរិក។​ លោក​ជួយ​រកការងារ​ឱ្យ​ពលរដ្ឋ​អាស៊ី​ដែល​ស្ថិតនៅ​ក្នុង​ទីក្រុង​ឡុងប៊ិច៖ «នៅ​ក្នុង​មូលដ្ឋាន​របស់​យើង​ ទីក្រុង​ឡុងប៊ិច​ បើ​និយាយ​ជា​រួម​ទៅ​ការងារ​មិន​ជា​សម្បូរ​ទេ​។ នៅ​ក្នុង​មនុស្ស​១០នាក់​គឺ​មិនទាន់​បាន​ការងារ​នៅ​ក្នុង​ទីក្រុង​ឡុងប៊ិច​នៅ​ឡើយ​ទេ។ អីចឹង​មាន​ន័យថាការងារ​ហ្នឹង​មាន​តែ​នៅ​ក្រៅៗ​ទីក្រុង​ឡុងប៊ិច‍»។​

ពួកគេ​អាច​រក​បាន​នៅ​ទីក្រុង​ដែល​នៅ​ជាប់​នោះ​ ដូចជា​ទីក្រុង​ខាសុន ​និងOrange County​ជាដើម​ដោយសារ​មាន​រោងចក្រ​ផលិតកម្ម​និង​ក្រុមហ៊ុន​នានា។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក ​ឆាល សុង។

ទីក្រុង​ឡុងប៊ិច​មាន​ពលរដ្ឋ​ដែល​ទើប​ផ្លាស់មក​រស់នៅ​សហរដ្ឋ​អាមេរិក​ជាលើក​ដំបូង​និង​ក្រុមយុវជន​ដែល​ដល់​វ័យ​ត្រូវ​ធ្វើការ។ ​ពលរដ្ឋ​ដែល​ទើប​មកដល់​ខ្វះខាត​ចំណេះដឹង​ភាសា​អង់គ្លេស និង​យានជំនិះ​ដែល​ជា​ឧបសគ្គ​មិន​ឱ្យ​ពួកគេ​ទៅ​ធ្វើ​ការងារ​នៅ​ឆ្ងាយ​ពី​ទីក្រុង​ឡុងប៊ិច។ រីឯ​អ្នក​ខ្លះ​ទៀត​ដែល​បាន​បញ្ចប់​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ឬ​អនុបណ្ឌិត ​ប៉ុន្តែ​ក៏​មាន​ការ​លំបាក​ដែរ​ដោយសារតែ​ពួកគេ​ខ្វះខាត​បទពិសោធន៍​ការងារ។

លោក ឆាល សុង​ បន្ថែម​ថា​សមាគម​ខ្មែរ​នៅ​ទ្វីប​អាមេរិក​បាន​ជួយ​រក​ការងារ​ធ្វើ​ដល់ពលរដ្ឋ​ចំនួន​រហូត​ដល់​២០០នាក់​នៅ​ក្នុង​មួយ​ឆ្នាំៗ​។

លោក កន សង្ហាក់ ​ជា​អ្នកទំនាក់ទំនង​សហគមន៍​នៃ​គ្លីនិក​សុខភាព​កុមារ​ក្នុង​ទីក្រុង​ឡុងប៊ិច។ លោក​ទើប​ផ្លាស់​ពី​ប្រទេស​កម្ពុជា​មក​រស់នៅ​សហរដ្ឋ​អាមេរិក​កាលពីជាង​ពីរ​ឆ្នាំ​មុន។

លោក​បាន​ចែក​រំលែក​វិធី​ដែល​លោក​ស្វែងរក​ការងារ​ថា៖ «ទី​មួយ​ខ្ញុំ​មក​នេះ​ខ្ញុំ​ឆ្លៀត​ទៅ​រៀន​បំពេញ​បន្ថែម​បណ្តើរ​។ ខ្ញុំ​បន្ត​ការងារ​ស្ម័គ្រចិត្ត​បណ្តើរ​ហើយ​ខ្ញុំ​ព្យាយាម​ស្វះស្វែង​រក​ការងារ​ធ្វើ​គ្រប់​ច្រកល្ហក។ ចំណុច​ទាំងអស់​នេះ​ហើយ​ដែល​មិន​ដល់​រយៈ​ពេល​មួយ​ឆ្នាំ​ទេ​ ខ្ញុំ​អាច​ទទួល​បាន​ការងារ​ធ្វើ​ជា​ការងារ​មាន​ប្រាក់ខែ​។ បើ​កាលណា​យើង​មាន​ការងារ​ម្តង​ហើយ​និង​មាន​ទំនាក់​ទំនង​និង​កសាង​មូលដ្ឋាន​គ្រឹះ​បាន​ហើយ​នៅ​ពេល​ដែល​ខ្ញុំ​ចប់​ពី​ការងារ​មួយ​ទៅ​មួយ​វា​អត់​មាន​ជា​ផល​លំបាក​សម្រាប់​ខ្ញុំ​ទេ»។​

ការ​បង្កើតការងារ​ សុវត្ថិភាព ​និង​ការ​ប្រយុទ្ធ​នឹង​ឧក្រិដ្ឋកម្ម​គឺ​ជា​បញ្ហា​ចម្បង​ដែលផុស​ឡើង​នៅ​ក្នុង​យុទ្ធនាការ​បោះឆ្នោត​នៅ​រៀងរាល់​លើក។

សម្រាប់​ក្រុម​សង្កាត់លើកកម្ពស់​អាជីវកម្ម​កណ្តាល​ក្រុង​មាន​ជំនឿ​ថា ការចូលរួម​ចំណែក​របស់​ពួកគេ​នឹង​ធ្វើ​ឱ្យសហគមន៍​បាន​ប្រសើរ​ឡើង​នៅ​ក្នុង​រយៈពេល​ដ៏​ខ្លី​ខាង​មុខ​នេះ។

លោក​ ហ្ការី អ៊ឹង បាន​បន្ថែម​ថា​៖ «យើង​មាន​ទស្សនវិស័យ​ខ្ពស់​ហើយ​ក្នុង​រយៈពេល​មួយ​ឆ្នាំ​ ពីរ​ឆ្នាំ​ទៅមុខ​ទៀត​ទីក្រុង​ខ្មែរ​នឹង​ប្លែក​ច្រើន។ សូម​បងប្អូន​អញ្ជើញ​មកលេង។ ពីរ​ឆ្នាំ​ទៅ​បី​ឆ្នាំ​ទៀត​គឺ​ប្លែក​ទាំងអស់‍»៕

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG