ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកស្រី​ស៊ូលី សារ៉ូ​ នាំមុខ​ក្នុងការ​បោះឆ្នោត​ក្រុមប្រឹក្សា​ក្រុង​ឡុងប៊ិច​ប្រចាំ​សង្កាត់​លេខ៦


នៅ​ក្នុង​រូបថតពី​គេហទំព័រ​ឃោសនា​បោះឆ្នោត​ផ្លូវការ​របស់​អ្នកស្រី ថត​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មករា ឆ្នាំ​២០២០ ​អ្នកស្រី ស៊ូលី សារ៉ូ បេក្ខនារី​ខ្មែរ​អាមេរិកាំង​ដែល​ឈរ​ឈ្មោះ​សម្រាប់​តំណែង​ក្នុង​ក្រុមប្រឹក្សា​ក្រុង​ឡុងប៊ិច​កំពុង​ជជែក​ជាមួយ​អ្នក​ក្រុង​នៅ​ក្នុង​ភោជនីយដ្ឋាន​មួយ​កន្លែង។
នៅ​ក្នុង​រូបថតពី​គេហទំព័រ​ឃោសនា​បោះឆ្នោត​ផ្លូវការ​របស់​អ្នកស្រី ថត​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មករា ឆ្នាំ​២០២០ ​អ្នកស្រី ស៊ូលី សារ៉ូ បេក្ខនារី​ខ្មែរ​អាមេរិកាំង​ដែល​ឈរ​ឈ្មោះ​សម្រាប់​តំណែង​ក្នុង​ក្រុមប្រឹក្សា​ក្រុង​ឡុងប៊ិច​កំពុង​ជជែក​ជាមួយ​អ្នក​ក្រុង​នៅ​ក្នុង​ភោជនីយដ្ឋាន​មួយ​កន្លែង។

បេក្ខជន​ខ្មែរ​អាមេរិកាំង​កំពុង​នាំ​មុខ​គេ​នៅ​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​សមាជិកក្រុមប្រឹក្សា​ទីក្រុង​ឡុងប៊ិច​ ប្រចាំ​សង្កាត់​លេខ​៦ ​នៃ​រដ្ឋកាលីហ្វញ៉ា។ នេះ​បើ​តាម​លទ្ធផល​ឆ្នោត​បឋម​ដែល​ចេញ​ផ្សាយ​ដោយ​គណៈកម្មការ​បោះឆ្នោត​ប្រចាំរដ្ឋ។​

លទ្ធផល​បឋម​ពី​ការបោះឆ្នោត​ កាលពី​ថ្ងៃអង្គារ ​បង្ហាញ​ថា​ អ្នកស្រី ស៊ូលី សារ៉ូ ទទួលបាន​សន្លឹក​ឆ្នោត​១.៤៣៤ សំឡេង​ដែល​ត្រូវជា ​៤៤ភាគរយ​នៃ​ចំនួន​អ្នក​ចេញ​មក​បោះឆ្នោត​សរុប​ ហើយ​តាម​ពីក្រោយ​ដោយ​លោក​ ឌី អែនឌ្រូ ​ដែល​ជា​ចៅសង្កាត់​ទី ៦ ​ក្នុងពេល​បច្ចុប្បន្ន ​និង​ក៏ជា​ចៅហ្វាយ​រង​ក្រុង​ឡុងប៊ិច​ផង​ដែរ។ លោក​ ឌី អែនឌ្រូ​ ទទួលបាន​សន្លឹកឆ្នោត​ ៩៧៦​សំឡេង​ ដែល​ត្រូវជា​ ៣០ភាគរយ។ អ្នកស្រី​ អាណា អាស ​ទទួល​បាន​សំឡេង​គាំទ្រ​ចំនួន ​៥៨៦​ ដែល​ត្រូវ​ជា​ជិត ​១៨ភាគរយ។

អ្នកស្រី ស៊ូលី សារ៉ូ​ បាន​ធ្វើការ​ឃោសនា​ដោយ​ឈរ​លើ​ការស្វែងរក​ដំណោះស្រាយ​បញ្ហា​ប្រឈម​ លើការអត់​ការងារធ្វើ​ ​សុខាភិបាល ​សុវត្ថិភាព ​ឧក្រិដ្ឋកម្ម ​ជន​គ្មាន​ផ្ទះ​សម្បែង​ និង​ការផ្តល់​ផ្ទះ​សម្បែង។ ទន្ទឹម​នឹង​បញ្ហា​រួម​ដែល​សង្កាត់​ទាំងមូល​ប្រឈម ​បេក្ខជន​ខ្មែរ-​អាមេរិកាំង ​ដែល​មាន​អាយុ ៣៩ឆ្នាំ​នេះ​ មើល​ឃើញ​ថា កន្លងមក​សហគមន៍​ខ្មែរនៅ​ជួប​ការលំបាក​ខ្លះ ​ក្នុងការ​ស្វែងរក​សេវា​នានា​ពីរដ្ឋ ដោយសារតែ​មិនមាន​តំណាង​នៅ​ថ្នាក់ក្រុង។

នៅថ្ងៃ​បោះឆ្នោត​អ្នកស្រី ស៊ូលី សារ៉ូ​ បាន​សរសរសារ​តាម​ហ្វេសប៊ុក​ថា៖ «នាងខ្ញុំ​មាន​កិត្តិយស​ដែល​ទទួល​បាន​សន្លឹកឆ្នោត​របស់​អ្នកទាំងអស់គ្នា​ សម្រាប់​អាសនៈ​ក្រុមប្រឹក្សា​ក្រុង​ប្រចាំ​សង្កាត់​លេខ​ ៦»។

មាន​បេក្ខជន​ចំនួន ​៦នាក់ ​ចូលរួម​ប្រកួត​ការបោះឆ្នោត​នៅក្នុង​សង្កាត់​នេះ​ ប៉ុន្តែ​បេក្ខជន​ដទៃ​ទៀត​មិន​ទទួល​បាន​សន្លឹកឆ្នោត​ច្រើន​ទេ។

អ្នកស្រី ស៊ូលី សារ៉ូ​ បាន​ធ្វើការងារ​សហគមន៍​ជាច្រើន​ ដើម្បី​លើក​កម្ពស់​សហគមន៍​ទី​ក្រុង​ឡុងប៊ិច​ក្នុង​នោះ​ជា​នាយិកា​ប្រតិបត្តិនៃសមាគម​សកម្មភាព​យុវនារីខ្មែរ ​ដែល​ជា​អង្គការ​មួយ​ជួយ​បង្ហាត់​បង្រៀន​ជំនាញ​ជា​អ្នក​ដឹកនាំ​ដល់​យុវជនកម្ពុជា ​នៅ​ក្នុង​ទីក្រុង​ឡុងប៊ិច ​ប្រធាន​គណៈកម្មការទទួល​បណ្តឹង​របស់​ពលរដ្ឋ​ប៉ូលិស ហើយ​ក៏ជា​តំណាង​មូលដ្ឋាន​នៅ​ក្នុង​ទីក្រុង​ឡុងប៊ិច​ នៃ​ការិយាល័យ​លោក​ រីកាដូ ឡារ៉ា​ ដែល​ជាសមាជិក​ព្រឹទ្ធសភា​ប្រចាំ​រដ្ឋកាលីហ្វញ៉ា។

លោក ឌី អែនឌ្រូ ​បាន​កាន់តំណែង​ចៅសង្កាត់​លេខ​ ៦ តាំងពីឆ្នាំ​ ២០០៧។

លោក អែនឌ្រូ ​អះអាង​ថា ​លោក​បាន​ធ្វើ​យុទ្ធនាការ​ដោយ​ត្រឹមត្រូវ ហើយ​ទទូច​ឱ្យ​ពលរដ្ឋ​បោះឆ្នោត​ដោយ​សុច្ចរិត។ ​លោក​ ឌី អែនឌ្រូ​ មិន​ទាន់ឆ្លើយតប​នៅឡើយ​ទេ​ នៅពេល​ដែល​វីអូអេ​ទាក់ទង​សួរ​បន្ថែម។

អ្នកស្រី ស៊ូលី សារ៉ូ​ ក៏នៅតែ​មិនទាន់​បាន​ឆ្លើយតប​នឹង​សំណួរ​របស់​វីអូអេ​នៅឡើយ​ដែរ។

បើសិនជា​លទ្ធផល​ចុងក្រោយ​ មិន​មាន​អ្នកណា​ឈ្នះ​លើស​ពី​ ៥០ភាគរយ​ទេ​ អ្នកស្រី​ ស៊ូលី សារ៉ូ ​និង​លោក ​ឌី អែនឌ្រូ​ នឹង​ត្រូវ​ចូលរួម​ប្រកួត​ផ្តាច់ព្រាត់​នៅថ្ងៃទី​ ៣ ខែវិច្ឆិកា​ខាងមុខ​ទៀត៕

XS
SM
MD
LG