ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សកម្មជន​​ប្តូរ​វិធី​បញ្ចុះ​បញ្ចូល ​ពេល​សេចក្តីព្រាង​ច្បាប់​ប្រជាធិបតេយ្យ​​កម្ពុជា​ជាប់គាំង


ពលរដ្ឋ​ខ្មែរ​នៅ​​អាល្លឺម៉ង់កាន់បដា​ទាមទារ​ស្តារ​​លិទ្ធិ​ប្រជាធិបតេយ្យ ក្នុង​ពេល​បាតុកម្ម​​ប្រឆាំង​​នឹង​ដំណើរ​ទស្ស​នកិច្ច​របស់​រដ្ឋ​មន្ត្រី​កម្ពុជា​ចំនួន​បួន​រូប​នៅ​ទីក្រុង​ប៊ែរឡាំង ប្រទេស​អាល្លឺម៉ង់ ​ថ្ងៃ​ទី២៥ ខែកញ្ញា ឆ្នាំ២០១៩។ (Facebook/Netzwerk für Demokratie in Kambods)

សេចក្តីព្រាង​ច្បាប់​មួយ​ដើម្បី​ស្តារ​លទ្ធិ​ប្រជាធិបតេយ្យ​និង​សិទ្ធិ​មនុស្ស​នៅ​កម្ពុជាដែល​សភា​តំណាង​រាស្ត្រ​សហរដ្ឋ​អាមេរិក​បាន​អនុម័ត​តាំងពី​ឆ្នាំមុន​នៅ​បន្តជាប់​គាំង​នៅ​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​ដោយ​គ្មាន​សញ្ញា​ថា​នឹង​ត្រូវ​អនុម័ត​នៅ​ពេលណាក្នុងពេល​ដែលសមាជិក​ព្រឹទ្ធសភា​មួយ​ចំនួន​ត្រូវ​ផ្តោត​លើ​យុទ្ធនាការ​ឃោសនា​ការបោះឆ្នោត​នៅ​ខែ​វិច្ឆិកា​ខាង​មុខ។

ប៉ុន្តែ​សកម្មជន​សហគមន៍​ខ្មែរ-​អាមេរិកាំង​ដែល​គាំទ្រ​អតីត​គណបក្ស​ប្រឆាំង​នៅ​កម្ពុជានៅតែរក្សា​ក្តី​សង្ឃឹម​និង​កំពុង​បង្កើន​សកម្មភាព​បញ្ចុះបញ្ចូល​របស់​ពួកគេ​ដោយយល់​ថា​ស្ថានភាពសិទ្ធិ​មនុស្ស​និង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​មិន​មាន​ការ​ផ្លាស់ប្តូរ​ជាដុំ​កំភួន​ទេ​ក្នុង​រយៈពេល​ជាង​បី​ឆ្នាំ​កន្លងមក​នេះ។

អ្នកស្រី ​ធិត គឹមហ៊ុន ​ប្រធាន​ចលនា​ស្ត្រី​នៃ​សាខាគណបក្ស​សង្គ្រោះ​ជាតិ​ក្រៅ​ប្រទេស​និង​នៅ​សហរដ្ឋ​អាមេរិក​យល់ថា​ក្នុង​ពេល​ដែល​អ្នក​តាក់តែង​ច្បាប់​សហរដ្ឋ​អាមេរិក​កំពុងតែ​ធ្វើ​យុទ្ធនា​ការ​ឃោសនា​បោះឆ្នោត​ វា​ក៏​ជា​ឱកាស​ដែល​សហគមន៍​ខ្មែរ​ត្រូវចូលរួម​ក្នុង​សកម្មភាព​របស់​ពួកគេ​ហើយ​ឆ្លៀត​ពេល​រំឭក​ពី​បញ្ហា​របស់​កម្ពុជា​ផង​ដែរ។

អ្នកស្រី​បាន​បញ្ជាក់​ប្រាប់​វីអូអេ​ថា៖​ «យើង​ដឹង​ថា​ គេ​រវល់​នៅ​ក្នុង​យុទ្ធនាការ​បោះឆ្នោត​ក៏ប៉ុន្តែ​នេះ​ជា​ឱកាស​មួយ​ដ៏ល្អ​បំផុត​ក្នុងនាម​យើង​ជា​ពលរដ្ឋ​ខ្មែរ-អាមេរិកាំង​គ្រប់​បណ្តា​រដ្ឋ​នានា​ទាំងអស់​គឺ​យើង​ត្រូវ​តែបណ្តុះ​ខ្លួន​យើង​ដើម្បីមាន​ទំនាក់​ទំនង។ យើង​ត្រូវ​ហុច​ដៃ​ទៅ​ពួកគាត់​ ហើយ​គាត់​នឹង​ហុច​ដៃ​មក​ពួកយើង​វិញ​ដោយ​យើង​បូជា​ពេលវេលា​របស់​យើង​ដើម្បី​ចូលរួម​ធ្វើ​យុទ្ធនាការ​បោះឆ្នោត​ជាពិសេស​តំណាង​ឱ្យ​សមាជិក​ព្រឹទ្ធសភា​នៅ​តាម​រដ្ឋ​នីមួយ»។​

អ្នកស្រី​ គឹមហ៊ុន ​បាន​ស្ម័គ្រចិត្ត​ចូលរួម​ធ្វើ​យុទ្ធនា​ការឃោសនាបោះឆ្នោត​ជ្រើសរើស​អភិបាល​រដ្ឋ​ន័ស ខារ៉ូឡាញណា​(North Carolina) ​ជាដើម។

អ្នកស្រី ​ធិត គឹមហ៊ុន​ បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​-អាមេរិកាំង​ចូលរួម​សកម្មភាព​ស្ម័គ្រចិត្ត​ជួយ​ដល់អ្នកតំណាងរាស្ត្រ​និង​សមាជិក​ព្រឹទ្ធសភា​តាម​មណ្ឌល​នីមួយៗ​ដោយ​មិនរង់ចាំ​គេ​បម្រើ​នៅ​ពេល​ដែល​អ្នកតាក់តែង​ច្បាប់​ទាំងនោះ​ជាប់​ឆ្នោត​ហើយ។

សេចក្តី​ព្រាងច្បាប់​ប្រជាធិបតេយ្យ​កម្ពុជា​ឬ​HR-526 ​ត្រូវ​បាន​សភាតំណាងរាស្ត្រ​អនុម័ត​ដោយ​សំឡេងជា​ឯកច្ឆ័ន្ទកាលពី​ខែ​កក្កដា​ឆ្នាំ​២០១៩​ គឺ​នៅ​ក្រោយពេល​ដែល​ប្រទេស​កម្ពុជា​បានរៀបចំ​ការបោះឆ្នោត​ជាតិ​ដោយ​គ្មាន​ការចូលរួម​ពី​គណបក្ស​ប្រឆាំង​ដែល​មាន​កម្លាំង​ខ្លាំង​ហើយធ្វើ​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុន សែន ​ឈ្នះ​អាសនៈ​សភា​តំណាង​រាស្រ្តទាំង១២៥​តែ​ម្នាក់​ឯង។

ប៉ុន្តែសេចក្តីព្រាងច្បាប់នេះ​នៅ​បន្តជាប់​គាំង​នៅ​គណៈកម្មការ​ទំនាក់ទំនង​ការបរទេស​របស់​ព្រឹទ្ធសភា​នៅឡើយ​រហូត​មកដល់ពេលនេះ​ដែល​នាំ​ឱ្យ​មាន​ការ​ព្រួយបារម្ភ​ថា ​វា​អាច​នឹង​ជួប​ជោគ​វាសនា​ដូច​សេចក្តីព្រាង​ច្បាប់​លើក​មុន​នេះ​ដែល​ត្រូវ​បាន​សភា​តំណាងរាស្ត្រអនុម័ត​តែ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មុន​ពេល​ការបោះឆ្នោត​ជាតិ​នៅ​ខែ​កក្កដា ​ឆ្នាំ​២០១៨ ​ប៉ុន្តែ​បាន​ផុត​សុពលភាព​នៅ​ព្រឹទ្ធសភា​ដោយ​សារ​តែអាណត្តិ​សភាជាតិ​ផុត​នៅ​ដំណាច់​ឆ្នាំ​២០១៨។ ​

ក្រុមការងារ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ក៏​នឹង​ទៅ​ជួប​មន្ត្រីនានា​នៃ​សមាជិក​នៃ​គណៈកម្មការ​ជំនាញរបស់​ព្រឹទ្ធសភា​បន្ត​ទៀត​នៅ​ខែ​មីនា​នេះដើម្បី​រំលឹក​និង​ទទូច​ឱ្យ​យក​សេចក្តីព្រាង​ច្បាប់​ប្រជាធិបតេយ្យ​កម្ពុជា​មក​ពិភាក្សា​និង​អនុម័ត​ឱ្យ​បាន​ឆាប់។​

អ្នកស្រី ធិត គឹមហ៊ុន​ បាន​បញ្ជាក់​ប្រាប់​វីអូអេ​ថា៖ «តំណាង​នៅ​តាម​រដ្ឋ​នីមួយៗ​គឺ​យើង​ត្រូវ​ទាក់​ទង​ទៅ​ព្រឹទ្ធសភា​ដើម្បី​ណាត់​ជួប​គាត់​ហើយ​ដើម្បី ឱ្យ​គាត់​សើរើ​នូវ​ច្បាប់​ហ្នឹង​ដើម្បី​ឱ្យ​មាន​សំទុះ​ទៅមុខ​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ល្អ​ទៅមុខ​អីចឹង​ហើយនៅ​ក្នុង​ខែ​ខាងមុខ​នេះ​យើង​បាន​ណាត់​ជួប​តំណាង​គណៈកម្មការ​ទាំង​២២រូប​គឺ​យើ​ងបាន​ណាត់​ជួប​គាត់»។

សេចក្តីព្រាងច្បាប់​ប្រជាធិបតេយ្យ​កម្ពុជាតម្រូវ​ឱ្យ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ដាក់​ទណ្ឌកម្ម​បុគ្គល​ទាំងឡាយ​ណា​ដែល​ទទួល​ខុសត្រូវ​ចំពោះ​ការ​ធ្វើ​ឱ្យ​ខូច​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ក្នុង​នោះ​រួមមាន​ការរំលោភ​សិទ្ធិ​មនុស្ស​យ៉ាង​ធ្ងន់ធ្ងរ។ ទណ្ឌកម្ម​នោះ​នឹង​សំដៅ​លើ​មន្ត្រី​រដ្ឋាភិបាល​ យោធា​និង​មន្ត្រី​សន្តិសុខដែល​ពាក់ព័ន្ធ​នឹង​ការរំលោភ​បំពាន​ទាំងនោះ​ក៏​ដូច​ជា​អង្គភាព​ឬ​ក្រុមហ៊ុន​ដែល​ពួកគេ​គ្រប់​គ្រង​ឬ​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​ផង​ដែរ។ ទណ្ឌកម្ម​នោះ​រួម​មាន​ការ​បង្កក​ទ្រព្យ​សម្បត្តិ​និង​ការ​រឹតត្បិត​មិន​ឱ្យ​បុគ្គល​នោះ​ចូល​មក​សហរដ្ឋ​អាមេរិក​។​

នៅ​ពេល​ដែល​វីអូអេ​បាន​ទាក់​ទង​កាលពី​សប្តាហ៍​មុន​ អ្នកនាំពាក្យ​របស់​គណៈកម្មការ​ទំនាក់​ទំនងការ​បរទេស​បាន​បញ្ជាក់​ថា​សេចក្តីព្រាងច្បាប់​នេះ​នៅ​មិន​ទាន់​ត្រូវ​ដាក់​បញ្ចូល​ក្នុង​របៀបវារៈ​ប្រជុំ​ក្នុង​ពេល​ឆាប់ៗ​នេះ​នៅឡើយ​ទេ។

អ្នកស្រី​ ស៊ូហ្សាន រ៉ាស ​អ្នកនាំពាក្យ​នៃ​គណៈកម្មការ​បាន​បញ្ជាក់​ប្រាប់​វីអូអេ​តាម​សារ​អេឡិកត្រូនិកថា៖ «យើង​នៅតែ​មិន​ទាន់បាន​ដាក់ពេល​កំណត់​ធ្វើ​សវនាការ​លើ​ច្បាប់​នេះ​នៅ​ឡើយ​ទេ​ ប៉ុន្តែ​ខ្ញុំ​នឹង​ជម្រាប​លោក​ឱ្យ​ដឹង​នៅ​ពេល​ណា​ដែល​មាន​ការ​ផ្លាស់ប្តូរ»។​

សមាជិក​ព្រឹទ្ធសភា​ចំនួន៣៣នាក់​ត្រូវ​ឈរ​ឈ្មោះ​ប្រកួត​ប្រជែង​បោះឆ្នោត​ឡើងវិញ​នៅ​ថ្ងៃ​ទី​៣​ខែ​វិច្ឆិកា។ ក្នុង​ចំណោមនេះ​គឺ​លោក ជេម រីស(James Risch) ​មកពី​គណបក្ស​សាធារណរដ្ឋ​ប្រចាំរដ្ឋ​អាយដាហូ ​និង​ជា​ប្រធាន​គណៈ​កម្មការ​ទំនាក់ទំនង​ការបរទេស ​និងសមាជិក​ដទៃ​ទៀត​នៃគណៈកម្មាធិការ​នេះ​ដែល​មាន​ដូចជា​លោក គ្រីស ឃូន ​(Chris Coons)​ នៃ​គណបក្ស​ប្រជាធិបតេយ្យ​ប្រចាំ​រដ្ឋដេឡាវែ ​លោកខូរី​ ហ្កាដណឺ (Cory Guardner)​នៃ​គណបក្ស​សាធារណរដ្ឋ​ប្រចាំរដ្ឋ​កូឡូរ៉ាដូ​និង​លោកលីនស៊ី ហ្ក្រែម​ (Linsey Graham) ​នៃ​គណបក្ស​សាធារណរដ្ឋ​ប្រចាំរដ្ឋ​សៅខារ៉ូឡាញណាជាដើម។

គណបក្ស​កាន់អំណាច​នៅ​ប្រទេស​កម្ពុជា​ចាត់​ទុក​ថា ​សេចក្តីព្រាងច្បាប់​នេះ​បាន​ធ្វើ​ឡើង​ដោយ​មិន​ឆ្លុះ​បញ្ចាំង​ពី​ស្ថានភាព​ជាក់​ស្តែង​នៅក្នុង​ប្រទេស​កម្ពុជា​ទេ។​

​លោក ​សុខ ឥសាន្ត ​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​បញ្ជាក់​ប្រាប់​វីអូអេ​ថា៖ «ចំពោះ​សេចក្តី​ព្រាង​ច្បាប់​មួយ​ចំនួន​ដែល​ចេញ​ពី​អ្នកតំណាងរាស្ត្រ​មួយ​ចំនួន​របស់​សហរដ្ឋ​អាមេរិក​ហ្នឹង​ ខ្ញុំ​យល់​ថា​វា​មិន​បាន​ផ្សា​ភ្ជាប់​នឹង​សភាពការណ៍ពិត​ជាក់ស្តែង​នៅ​កម្ពុជា​ទេ ​អីចឹង​ទេ​បាន​ជា​ច្បាប់​នេះ​ត្រូវ​ទើ​នៅ​ស្ថាប័ន​ព្រឹទ្ធសភា»។​

លោក សុខ ឥសាន្ត​ បាន​ផ្តល់​នូវ​ការពណ៌នា​រូបភាព​សិទ្ធិ​មនុស្ស​មួយ​ដែល​ល្អ​សម្រាប់​ប្រទេស​កម្ពុជា។

លោក​ថ្លែង​ថា៖ «ជា​ការ​ពិត​ហើយ ​យើង​មើល​ឃើញ​ហើយ​ក្នុង​សភាពការណ៍​បច្ចុប្បន្ន​នេះ​នៅ​កម្ពុជា​ប្រជាពលរដ្ឋ​ទូទៅ​កំពុង​រស់នៅ​ក្រោម​ដំបូល​សន្តិភាព​និង​ស្ថិរភាព​នយោបាយ​។ បើ​ប្រទេស​មាន​សន្តិភាព​ពេញលេញ​មាន​ស្ថិរភាព​នយោបាយ​ មាន​ការ​អភិវឌ្ឍ​រីកចម្រើន​លើ​គ្រប់​វិស័យ​យ៉ាង​ដូច្នេះ​បាន​សេចក្តី​ថា​វា​អត់​មាន​ការរំលោភ​សិទ្ធិមនុស្ស​និង​ធ្វើ​ឱ្យ​លទ្ធិប្រជាធិបតេយ្យ​ដើរ​ថយក្រោយ​ទេ»។​

​អង្គការ​សិទ្ធិមនុស្ស​និង​សហភាព​អឺរ៉ុប​បាន​រក​ឃើញ​ថា ​ប្រទេស​កម្ពុជា​បាន​រំលោភ​យ៉ាង​ធ្ងន់ធ្ងរ​និង​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​លើ​ផ្នែក​សិទ្ធិ​នយោបាយ ​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ​ សិទ្ធិ​សេរីភាព​សារព័ត៌មាន​ សិទ្ធិ​សេរីភាព​សហជីព​ និង​អង្គការ​សង្គម​ស៊ីវិល។ ការរំលោភ​បំពាន​នេះ​កើតឡើង​ជា​បន្តបន្ទាប់​នៅ​មុន​និង​ក្រោយ​ពេលដែល​តុលាការ​កំពូល​បានរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គណបក្ស​ប្រឆាំង​ដ៏​ធំ​និងអាច​បង្ក​ជា​គ្រោះថ្នាក់​ដល់​ការ​កាន់អំណាច​ជាង​៣០ឆ្នាំ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន។ ការណ៍​នេះ​បាន​នាំ​ឱ្យ​សហភាព​អឺរ៉ុបសម្រេច​ព្យួរ​ឋានៈ​អនុគ្រោះពន្ធ​មួយ​ផ្នែក​លើ​ទំនិញ​នាំចូល​របស់​កម្ពុជា។

​លោក ​អ៊ុង ឫទ្ធី ​ប្រធាន​សាខា​គណបក្ស​សង្គ្រោះជាតិ​ក្រៅ​ប្រទេស​និង​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​អាមេរិក​បាន​បញ្ជាក់​ថា​ស្ថានភាព ​ពិត​នៅ​កម្ពុជា​ខុសគ្នា​រវាង​សម្តី​ដែល​គណបក្ស​កាន់អំណាច​បាន​លើកឡើង​ថា​៖ «បើ​គិត​មើល​អ្វី​ដែល​ខ្លួន​ឯង​និយាយ​និង​អ្វី​ដែល​ខ្លួនឯង​ធ្វើ​វា​ផ្ទុយ​ស្រឡះ​ពី​អ្វី​ដែល​ប្រទេស​កម្ពុជា​កំពុងតែ​វិល​ទៅ​ជំនាន់​កម្ពុជា​ប្រជាធិបតេយ្យ​គឺ​បាត់បង់​អស់​នូវ​សិទ្ធិ​សេរីភាព​ក្នុង​ការ​និយាយ​ស្តី គឺ​បាត់បង់​អស់​នូវ​ការ​ដើរហើរ​ផ្សេងៗ​ជាពិសេស​បញ្ហា​ជីវភាព​រស់នៅ​ដែល​កំពុងតែ​គាបសង្កត់​ដោយ​ក្រុម​បក្ខពួក​លោក ហ៊ុន សែន ​ដោយ​មិន​ខ្វល់​ពី​ទុក្ខ​លំបាក​ប្រជាពលរដ្ឋ​ទេ​គឺ​គិត​តែ ​ក្រេបជញ្ជក់​អ្វី​ដែល​ខ្លួន​ចង់​បាន។ ម្នាក់ៗ​រក​ផលប្រយោជន៍​រៀងៗខ្លួន​ហើយ​ពលរដ្ឋ​ខ្មែរ​កំពុង​រង​ហានិភ័យ​ដោយ​ការ​ខ្វះខាត»។​

អ្នក​តំណាងរាស្រ្ត​សហរដ្ឋ​អាមេរិក​គឺ​លោក​ អាឡាំង ឡូវឹនសល ​ដែល​មកពី​គណបក្ស​ប្រជាធិបតេយ្យ​ប្រចាំ​នៅ​រដ្ឋ​កាលីហ្វញ៉ា ​និង​ជា​សហប្រធាន​ក្រុម​ការងារ​សភាតំណាងរាស្ត្រ​ទទួល​បន្ទុក​កិច្ចការ​កម្ពុជា​ក៏បាន​គាំទ្រ​វិធានការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​របស់​សហភាព​អឺរ៉ុប​លើ​ប្រព័ន្ធ​អនុគ្រោះពន្ធ​ដែល​កម្ពុជា​នាំ​ចូល​ទីផ្សារ​សហភាព​អឺរ៉ុប​ដែល​នឹង​ចូលជាធរមាន​នៅ​ខែ​សីហា​ខាង​មុខ​នេះ​ផង​ដែរ៕

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG