មនុស្សម្នារមកទស្សនាព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីព អកអំបុក និងសំពះព្រះខែ មានចំនួនតិចតួច ដែលមិនធ្លាប់មាន។ នៅថ្ងៃពុធនេះ ប្រជាពលរដ្ឋដែលចូលមកកម្សាន្តនៅកោះពេជ្រកាន់តែមានចំនួនតិចតួចបំផុត។ កោះពេជ្រដែលជាទីកន្លែងសោកនាដកម្មកាលពីបីឆ្នាំមុន ពោលគឺនៅថ្ងៃទី២២ខែវិច្ឆិកាឆ្នាំ២០១០ ចំថ្ងៃចុងក្រោយនៃព្រះរាជពិធីអុំទូក ប្រជាពលរដ្ឋអ្នកមកទស្សនាព្រះរាជពិធីនេះបានដើរប្រជ្រៀតជាន់លើគ្នាស្លាប់នៅលើស្ពានមួយដែលមានឈ្មោះថា ស្ពានពេជ្រ។ ជនរងគ្រោះចំនួនជាង៣៥០នាក់បានស្លាប់និងប្រមាណ៤០០នាក់ទៀតរងរបួស។
នៅឆ្នាំនេះ ខណៈដែលព្រះរាជពិធីបុណ្យអុំទូកចាប់ផ្តើមចាប់តាំងពីពេលព្រឹកក្នុងពិធីបុណ្យនៅថ្ងៃទី១នេះ មានពលរដ្ឋដោយកម្របានធ្វើដំណើរដោយថ្មើរជើងទៅកម្សាន្តនៅកោះពេជ្រ។
សូ លីដា អ្នកក្រុងភ្នំពេញកំពុងដើរឆ្លងកាត់ស្ពានថ្មឆ្លងចូលកោះពេជ្រជាមួយនឹងបងស្រីរបស់អ្នកនាងពីរនាក់ផ្សេងទៀត។
ពួកនាងឈប់នៅលើទីធ្លាមួយក្បែរគល់ស្ពាននេះ។ ទីធ្លាត្រង់នេះគឺជាអតីតគល់ស្ពានពេជ្រដែលកើតមានរឿងសោកនាដកម្មដ៏រន្ធត់នោះ។ក្រោយពីគ្រោះថ្នាក់នោះមក ស្ពានពេជ្រដែលធ្វើពីដែកត្រូវរុះរើចោល។
នៅត្រើយម្ខាងនៃអូរនៃអតីតស្ពានពេជ្រនេះ អាជ្ញាធរបានធ្វើស្តូបមួយដែលមានកំពូលជារូបព្រហ្មមុខបួន និងមានចារឹកឈ្មោះជនរងគ្រោះទាំងឡាយលើជញ្ជាំងស្តូបនេះ។ ពុំមានសមាជិកគ្រួសារជនរងគ្រោះណាម្នាក់មកអុជធូបគោរពបូជានៅទីនេះទេនៅថ្ងៃនេះ។
សូ លីដាឈរនៅត្រង់ចំណុចគល់ស្ពានពេជ្រ ហើយបានរំឭកក្នុងចិត្តអំពីព្រឹត្តិការណ៍បាត់បង់ជីវិតកាលពីបីឆ្នាំមុន ប៉ុន្តែនៅថ្ងៃទី១នៃព្រះរាជពិធីបុណ្យអុំទូកនេះ នាងមិននៅសេសសល់ការភ័យខ្លាចទៀតទេ។
«ឲ្យតែដើរចូលមកស្ពាននេះ ខ្ញុំនៅនឹកឃើញ ទោះជាស្ពានត្រូវគេវាយចោលក៏ដោយ នឹកឃើញពីព្រឹត្តិការណ៍នៅស្ពាននេះ។ ខ្ញុំបាត់អារម្មណ៍ថា ខ្លាចហើយ តែខ្ញុំគ្រាន់តែនៅនឹកឃើញ»។
មនុស្សបានកកស្ទះប្រជ្រៀតលើគ្នារួចតោងស្អិតជាប់គ្នានិងបណ្តាលឲ្យថប់ដង្ហើមស្លាប់ និងមានការជាន់គ្នាស្លាប់។ ក្រោយមកក្រុមអាជ្ញាធរបានសន្និដ្ឋានថា មូលហេតុសំខាន់គឺបណ្តាលមកពីមនុស្សចូលទស្សនាកោះពេជ្រច្រើនពេក ស្របពេលដែលមានការនិយាយបង្អើលតគ្នាពីការបាក់ស្ពាន ហើយបានបណ្តាលឲ្យមនុស្សជ្រួលច្របល់ជាន់គ្នា។
អ្នកស្រីវ៉ា ណុល អាយុ៥០ឆ្នាំមកពីខេត្តព្រៃវែង។ អ្នកស្រីជួបទិដ្ឋភាពផ្ទាល់នៅលើស្ពានពេជ្រ។ អ្នកស្រីហាក់ដូចជានៅចងចាំទិដ្ឋភាពទាំងនោះ។
«គេថា បាក់ស្ពានៗ ខ្ញុំរត់ទៅមើល ឃើញជនរងគ្រោះប្រតោងប្រតាយគ្នាលើស្ពាន។ ខ្ញុំនឹកឃើញថា ហាក់ដូចជាមិនដែលជួបប្រទះ ដល់ពេលមក(លើកនេះ)ដូចជាមានអារម្មណ៍នឹកឃើញរឿងពួកគេស្រវាតោងគ្នា»។
អ្នកស្រីវ៉ា ណុលធ្វើដំណើរជាមួយនឹងកូននិងក្មួយសរុបប្រមាណ៦នាក់។
ដោយឡែក អ្នកស្រីសុខ ខុន ៤២ឆ្នាំ មកពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ ថ្វីបើអ្នកផ្សេងហាក់ដូចជាមិនបានយកចិត្តទុកដាក់អំពីឧបទ្ទវហេតុដែលអាចកើតមានឡើងជាថ្មី ប៉ុន្តែអ្នកស្រីព្រួយបារម្ភ និងហាមមិនឲ្យក្មួយៗរបស់អ្នកស្រីដើរទៅណាផ្តេសផ្តាសនោះទេ។
«ខ្ញុំព្រួយបារម្ភដែរ ប៉ុន្តែខ្ញុំ អ្នករកស៊ី អ្នកលក់ប៉េតប៉ោង។ តែខ្ញុំអត់ឲ្យក្មេងៗចេញដើរ»។
អ្នកទស្សនាតិចតួចមិនមែនជាការរំពឹងទុករបស់ក្រុមអាជីវករទេ។ ស្តង់ជាច្រើនតម្រៀបជាជួរនៅលើទីលានមួយនៅចំផ្លូវចូលកោះពេជ្រ។គ្រឿបឧបភោគ បរិភោគ ភេសជ្ជៈ គ្រឿងអេឡិចត្រូនិក សម្ភារៈប្រើប្រាស់ស្ថិតនៅក្នុងស្តង់រៀងៗខ្លួន ដោយបន្លឺសំឡេងតាមប្រដាប់បំពងសំឡេងប្រណាំងប្រជែងគ្នាយ៉ាងទ្រហឹង។
លោកចិត្រាគឺជាអ្នកលក់សំបកកង់ម៉ូតូម៉ាកឌូរ៉ូ គ្រប់ប្រភេទនៅលើកោះពេជ្រនេះ។ លោកកត់សម្គាល់ថា ប្រជាពលរដ្ឋហាក់ដូចជានៅដិតដាមដោយការភ័យខ្លាច។ ហើយពួកគេមិនសូវហ៊ានមកទស្សនាព្រះរាជពិធីបុណ្យអុំទូកនោះទេ។
«អត់សូវមានមនុស្សទេ ស្ងាត់ម៉ង។ រាល់ឆ្នាំថ្មើរនេះចាប់ផ្តើមមានមនុស្សដើរច្រើន។ ឆ្នាំនេះស្ងាត់។ មូលហេតុដោយសារគេក្រែងរអារអំពីប៉ុន្មានឆ្នាំមុន(ជាន់គ្នាស្លាប់)។ ម្យ៉ាងទៀតអ្នកជនបទមិនឡើងមកក្រុង រីឯអ្នកក្រុងទៅកាន់ទីជនបទវិញ»។
ទោះជាមានមនុស្សដើរជាក្រុមតូចៗដោយកម្រនៅពេលថ្ងៃ ដែលទំនងជាមិនមែនជាបុព្វហេតុនៃកង្វល់ផ្នែកសុវត្ថិភាពដូចកាលពីពេលមុនក៏ពិតមែន ប៉ុន្តែនៅគល់ស្ពាននិមួយៗ កងសមត្ថកិច្ចប៉ូលិសត្រូវដាក់ពង្រាយប្រចាំការនៅទីនោះ។ សមត្ថកិច្ចប៉ូលិសប្រចាំការគឺដើម្បីរង់ចាំណែនាំនិងបង្ហាញផ្លូវក្រុមប្រជាពលរដ្ឋមិនឲ្យដើរបញ្ច្រាសទិសរបស់ស្ពាន។ ការដើរបញ្ច្រាសគឺជាមូលហេតុមួយដែលត្រូវបានរកឃើញថាបានបណ្តាលឲ្យជនរងគ្រោះជាន់គ្នាស្លាប់នៅខែវិច្ឆិកាឆ្នាំ២០១០។
ក្រុមមន្ត្រីប៉ូលិសប្រចាំការនៅគល់ស្ពានបានពន្យល់បន្ថែមថា៖
«ខាងខ្ញុំ សមត្ថកិច្ច ជួយណែនាំដើម្បីឲ្យគាត់គោរពផ្លូវ ដើម្បីសម្រួលកុំឲ្យមានបញ្ហាកើតឡើង ដើម្បីសុវត្ថិភាពនិងបញ្ចៀសបញ្ហាបានច្រើន»។
រហូតមកទល់នឹងយប់ថ្ងៃពុធនេះមានប្រជាពលរដ្ឋចូលទស្សនាកោះពេជ្រកើនឡើងច្រើនបន្តិច៕