ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

បក្ស​ប្រឆាំង​អំពាវនាវ​ឱ្យ​បើក​ការ​ស៊ើប​អង្កេត​លើ​ការ​ស្លាប់​ពលរដ្ឋ​នៅ​ស្ពាន​កោះពេជ្រ​ឡើងវិញ

  • ហេង រស្មី

មាន​ព្រះ​សង្ឃ​ប្រមាណ​៨​អង្គ​និង​ប្រជា​ពលរដ្ឋ​ប្រមាណ​ជាង​២០០​នាក់​ដែល​ភាគ​ច្រើន​ជា​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចូល​រួម​ពិធី​គោរព​វិញ្ញាណ​ក្ខន្ធ​នេះ។​
មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​គឺ​លោក​សម រង្ស៊ីបាន​ប្រកាស​ទាមទារ​ឱ្យបើក​ការ​ស៊ើប​អង្កេត​ឡើង​វិញ​ចំពោះ​ឧប្បទ្ទវហេតុ​នៃ​ការ​រត់​ជាន់​គ្នា​នៅ​លើ​ស្ពាន​ពេជ្រ​នៃ​មជ្ឈមណ្ឌល​កំសាន្ត​កោះ​ពេជ្រ​កាល​ពី​បី​ឆ្នាំ​មុន។​

ការ​ទទូច​ទាមទារ​របស់​លោក​ សម រង្ស៊ី​បាន​ធ្វើ​ឡើង​ក្នុង​ខណៈ​ពេល​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ធ្វើ​ពិធី​គោរព​វិញ្ញាណក្ខន្ធ​គម្រប់​ខួប​រយៈ​ពេល​បី​ឆ្នាំ​នៃ​ការ​រត់​ជាន់​គ្នា​នៅ​លើ​ស្ពាន​ពេជ្រ។​

សាលា​ក្រុង​ភ្នំពេញ​មិន​អនុញ្ញាត​ឱ្យគណបក្ស​សង្គ្រោះ​ជាតិ​រៀបចំ​ពិធី​គោរព​វិញ្ញាណក្ខន្ធ​អ្នក​ដែល​បាន​ស្លាប់​បាត់​បង់​ជីវិត​នេះទេ។​ ក៏​ប៉ុន្តែ​គណបក្ស​នេះ​នៅ​តែ​ធ្វើ​ពិធី​នេះ​ដោយ​គ្មាន​ការ​ហាម​ឃាត់​ពី​កម្លាំង​មាន​សមត្ថកិច្ច​ឡើយ។​

មាន​ព្រះ​សង្ឃ​ប្រមាណ​៨​អង្គ​និង​ប្រជា​ពលរដ្ឋ​ប្រមាណ​ជាង​២០០​នាក់​ដែល​ភាគ​ច្រើន​ជា​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចូល​រួម​ពិធី​គោរព​វិញ្ញាណ​ក្ខន្ធ​នេះ។​

ពិធី​នេះ​បាន​ធ្វើឡើង​មុន​មួយ​ថ្ងៃ​បន្ទាប់​ពី​សាលា​ក្រុង​ភ្នំពេញ​គ្រោង​នឹង​ធ្វើ​ពិធី​គោរព​វិញ្ញាណ​ក្ខន្ធ​ដូច​គ្នា​នេះ​ដែរ។​

ស្រ្តី​ចំណាស់​មួយ​រូប​ឈ្មោះ​ សួន អ៊ី​ អាយុ​៤៨​ឆ្នាំ​មានទឹក​មុខ​ស្រពាប់​ស្រពោន​លាយ​ឡំ​ជាមួយ​នឹង​ទឹក​ភ្នែក​រលីង​រលោងនៅ​ពេល​ដែល​ឃើញ​ឈ្មោះ​កូន​ប្រុស​របស់​អ្នក​ស្រី​ឆ្លាក់​នៅ​ក្នុង​ចំណោម​ជន​រងគ្រោះ​ដែល​បាន​ស្លាប់​បាត់​បង់​ជីវិត។​

អ្នក​ស្រី​បាន​និយាយ​ថា​រយៈពេល​បី​ឆ្នាំ​កន្លង​ផុត​ទៅ​មែន​តែ​អ្នក​ស្រី​នៅ​តែ​សោក​ស្តាយ​ចំពោះ​ការ​បាត់​បង់​កូន​ប្រុស​ម្នាក់​ឈ្មោះ​ ស៊ុំ ចាន់​ធឿន​ អាយុ​២៤​ឆ្នាំ​ដោយ​សារ​តែការ​រត់​ជាន់​គ្នា​នៅ​លើ​ស្ពាន​ពេជ្រ។​

អ្នក​ស្រី​និយាយ​ថា៖ «នៅ​តែ​ស្តាយ​កូន។ ​ចុះ​ឃើញ​ចៅ​ យើង​នៅ​មើល​ចៅ​មិន​ស្តាយ​កូន។​ កូន​ហ្នឹង​អ្នក​ពឹង​បាន​ អត់​មាន​អ្នកណា​ពឹង​បាន​ទេ​ កូន​ពីរ​នាក់​ហ្នឹង​មិន​ដូច​កូន​ខ្ញុំ​ស្លាប់​ហ្នឹង​ដែរ»។​

មេដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​រួម​មាន​លោក​ សម រង្ស៊ី​ និង​លោក​ កឹម សុខា​មិន​បាន​ចូល​រួម​ពិធី​គោរព​វិញ្ញាណ​ក្ខន្ធ​ទេ។ ​មន្ត្រី​គណបក្ស​បាន​និយាយ​ថា​ដោយ​សារ​មេដឹក​នាំ​ទាំង​ពីរ​ជាប់​រវល់​ជួប​សំណេះ​សំណាល​ជាមួយ​ប្រជា​ពលរដ្ឋ​នៅ​តាម​បណ្តា​ខេត្ត។​

លោក​ សម រង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​និយាយ​តាម​រយៈ​ទូរស័ព្ទ​ហើយ​ត្រូវ​បាន​មន្ត្រី​គណបក្ស​បន្ទរ​តាម​ឧគ្ឃោសនសព្ទ​បំពង​សំឡេង​ថា​លោក​នៅ​តែ​ជំរុញ​ឱ្យមាន​ការ​ស៊ើប​អង្កេត​ចំពោះ​ឧប្បទ្ទវហេតុ​នៃ​ការ​រត់​ជាន់​គ្នា។​

លោក​បាន​ឱ្យដឹង​ថា​មាន​មនុស្ស​ជិត​១.០០០​នាក់​បាន​ស្លាប់​និង​រង​របួស​តែ​គ្មាន​អ្នក​ទទួល​ខុស​ត្រូវ​ណា​ម្នាក់​នាំ​យក​មក​កាត់​ទោស​ទេ។​

លោក​និយាយ​ថា​៖ «រក​មុខ​អ្នក​ទទួល​ខុស​ត្រូវ។​លាត​ត្រដាង​អ្វី​ដែល​ជា​មូល​ហេតុ​ហេតុ​ពិត​ប្រាកដ។​តើ​មាន​គម្រោង​អាក្រក់​បែប​ណា​ដើម្បី​សម្លាប់​ជនជាតិ​ខ្មែរ»។​

លោក​ឧត្តមសេនីយ៍​ឯក​ ខៀវ​ សុភ័គ​ អ្នក​នាំពាក្យ​ក្រសួង​មហា​ផ្ទៃ​និង​លោក​គៀត ច័ន្ទថា​រិទ្ធ​អ្នក​នាំពាក្យ​អគ្គ​ស្នងការ​នគរ​បាល​ជាតិ​មិន​អាច​ទំនាក់​ទំនង​ដើម្បី​សុំ​សេចក្តី​អត្ថាធិប្បាយ​បាន​ទេ។​

លោក​ផៃ ស៊ីផាន​ រដ្ឋ​លេខាធិការ​និង​ជាអ្នក​នាំ​ពាក្យ​នៃ​ទី​ស្តី​ការ​គណៈរដ្ឋ​មន្ត្រី​បាន​បញ្ជាក់​ថា​រដ្ឋាភិបាល​បាន​បញ្ចប់​ការ​ស៊ើប​អង្កេត​របស់​ខ្លួន​រួច​ហើយ​ និងបាន​សន្និដ្ឋាន​ថា​មិន​មែន​ជា​សកម្មភាព​វាយ​ប្រហារ​ភេរវកម្ម​ទេ។ វា​គឺ​ជា​ឧប្បទ្ទវហេតុ​នៃ​ការ​រត់​ជាន់​គ្នា​តែ​ប៉ុណ្ណោះ។​

លោក​និយាយ​ថា៖​ «ការ​លើក​ឡើង​គ្រាន់​តែ​ប្រជា​ប្រីយ៍​ភាព​ដែល​គាត់​យក​ចិត្ត​ទុក​ដាក់​នឹង​មហា​ជន​របស់​ពួក​គាត់​ទេ។​ហើយ​ខ្ញុំ​ស្តាយ​ដែល​ថ្នាក់​ដឹកនាំ​គណបក្ស​មួយ​ដែល​មិន​ដឹង​ស្ថាន​ភាព​ពិត​ប្រាកដ​ដែល​អ្វី​ដែល​កើត​ឡើង​របស់​កម្ពុជា។​ប្រហែល​ជាលោក​ចំណាយ​ពេល​ជាច្រើន​នៅ​ស្រុក​ក្រៅ»។​

កាល​ពី​ថ្ងៃ​ទី​២២​ខែ​វិច្ឆិកា​ឆ្នាំ​២០១០​នៅ ​ថ្ងៃ​បញ្ចប់​នៃ​ព្រះ​រាជ​ពិធី​បុណ្យ​អុំទូក​និង​អក​អំបុកមាន​ព្រឹត្តិការណ៍ ​រត់​ជាន់​គ្នា​ដ៏​គួរ​ឱ្យ​រន្ធត់​មួយ​នៅ​លើ​ស្ពាន​ពេជ្រ​នៃ​មជ្ឈមណ្ឌល​ កម្សាន្ត​កោះ​ពេជ្រ។​

មាន​មនុស្ស​ប្រមាណ​៣៥៣​នាក់​ដែល​ភាគ​ច្រើន​ជា​យុវជន​បាន​ស្លាប់​បាត់​បង់​ ជីវិត​និង​ជិត​៤០០​នាក់​ផ្សេង​ទៀត​បាន​រង​របួស។ ​មាន​ជន​រង​គ្រោះ​ខ្លះបានធ្លាក់​ខ្លួន​ពិការ​រហូត​មក​ដល់​សព្វ​ថ្ងៃ​ដោយ​សារ​ការ​រត់​ជាន់​ពី​លើ​គ្នា​នៅ​លើ​ស្ពាន​ពេជ្រ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG