គណបក្សសាធារណរដ្ឋនៅសហរដ្ឋអាមេរិកនៅសភាបានថ្លែងថា ពួកគេបានព្រមព្រៀងគ្នាលើកញ្ចប់ថវិកាចំណាយថ្មីដែលអាចបញ្ចៀសការបិទសកម្មភាពរដ្ឋាភិបាល ខណៈលោកប្រធានាធិបតីជាប់ឆ្នោត Donald Trump បានសរសើរលើកិច្ចព្រមព្រៀងនេះ។
លោក Tom Coleប្រធានគណៈកម្មាធិការដែលចាត់ចែងលើការចំណាយបានប្រាប់ក្រុមអ្នកសារព័ត៌មានថា «មានកិច្ចព្រមព្រៀងមួយ»។ មិនទាន់មានបក្សប្រជាធិបតេយ្យផ្តល់អត្ថាធិប្បាយអំពីកិច្ចព្រមព្រៀងនេះនៅឡើយទេ។
ការអនុម័តពីព្រឹទ្ធសភា ដែលពួកគេគ្រប់គ្រង ៥១ ធៀបនឹង ៤៩ ហើយគណបក្សប្រជាធិបតេយ្យរបស់លោកប្រធានាធិបតី Joe Biden នឹងត្រូវការដើម្បីដាក់វិធានការនេះទៅជាច្បាប់និងបញ្ចៀសការបិទសកម្មភាពរដ្ឋាភិបាលនៅថ្ងៃសៅរ៍។
ប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិកលោក Donald Trump បានជំរុញឱ្យគណៈបក្សសាធារណរដ្ឋនិងគណបក្សប្រជាធិបតេយ្យនៅសភាកាលពីថ្ងៃព្រហស្បតិ៍ ឱ្យបោះឆ្នោតអនុម័តលើសេចក្តីព្រាងច្បាប់ថវិកាបណ្តោះអាសន្នដែលទើបត្រូវបានដាក់ចេញថ្មីមួយ ដើម្បីបញ្ចៀសការបិទសកម្មភាពផ្នែកខ្លះរបស់រដ្ឋាភិបាល។
លោក Trump បានបង្ហោះសារលើបណ្តាញសង្គម Truth Social របស់លោកថា កិច្ចព្រមព្រៀងនេះរួមបញ្ចូលការបង្កើនពិដានបំណុលរហូតដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៧ ជំនួយលើគ្រោះមហន្តរាយនិងថវិកាសម្រាប់កសិករ៕
វេទិកាបញ្ចេញមតិ