ក្រុមហ៊ុនអាវុធសហរដ្ឋអាមេរិកអាចធ្វើការជាមួយសមភាគីវៀតណាមដើម្បីជួយស្ថាបនាកងកម្លាំងប្រដាប់អាវុធវៀតណាម។ នេះបើតាមការលើកឡើងរបស់ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅវៀតណាម កាលពីថ្ងៃព្រហស្បតិ៍ហើយត្រូវបានរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មាន AFP។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកលោក Marc Knapper បាននិយាយនៅឯការតាំងពិពណ៌អាវុធអន្តរជាតិនៅរដ្ឋធានីហាណូយថា«គោលដៅរបស់យើងគឺធ្វើឱ្យប្រាកដថាវៀតណាមត្រូវការពារផលប្រយោជន៍របស់ខ្លួននៅឯសមុទ្រ ដែនអាកាស នៅលើដីនិងប្រព័ន្ធអ៊ិនធឺណិត»។
ការតាំងពិពណ៌នេះបានធ្វើឡើងនៅឯចំណតអាកាសយានដ្ឋាន Gia Lamក្នុងទីក្រុងហាណូយ ដោយបាននាំក្រុមហ៊ុន២៥០ មកតាំងពិពណ៍រួមមានដៃគូភូមិសាស្ត្រនានា រួមមានសហរដ្ឋអាមេរិក ចិន រុស្ស៊ី អ៊ុយក្រែន អ៊ីស្រាអែលនិងប្រទេសអ៊ីរ៉ង់។
ក្រុមហ៊ុនមកតាំងពិពណ៌របស់សហរដ្ឋអាមេរិករួមមានក្រុមហ៊ុនយន្តហោះ BoeingនិងTextron។ ចិនតំណាងដោយក្រុមហ៊ុនពាណិជ្ជកម្មអន្តរជាតិ Narinco និង Gaodu។
ស្តង់របស់ក្រសួងការពារជាតិអ៊ីរ៉ង់មិនស្ថិតនៅឆ្ងាយពីស្តង់ដែលបង្កើតឡើងដោយក្រុមហ៊ុនប្រព័ន្ធការពារទំនើបRafael និងឧស្សាហកម្មអវកាសរបស់អ៊ីស្រាអែលទេ។ ក្រុមហ៊ុនអាវុធរុស្ស៊ីមួយចំនួនក៏បានចូលរួមដូចក្រុមហ៊ុន Motor Sich របស់អ៊ុយក្រែនផងដែរ។
វៀតណាមបានព្យាយាមបង្កើនការផលិតអាវុធនៅក្នុងប្រទេសរបស់ខ្លួនខណៈដែលកាត់បន្ថយការពឹងផ្អែករបស់ខ្លួនលើការនាំចូលអាវុធរបស់រុស្ស៊ី។
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinhបានសរសើរពិធីនេះថាជា«សារនៃសន្តិភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍ»។ ក្រោយមកគេបានជូនដំណើរលោកមើលយន្តហោះយោធាដែលផលិតដោយក្រុមហ៊ុន Lockheed Martinរបស់សហរដ្ឋអាមេរិក។
លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសវៀតណាមនិយាយថា ក្រុមហ៊ុនផលិតអាវុធរបស់សហរដ្ឋអាមេរិកអាចជួយធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពយោធារបស់វៀតណាម៕
វេទិកាបញ្ចេញមតិ