ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពេល​បុណ្យ​អុំទូក ​អាជីវករ​​ត្អូញត្អែរ​ថា​ អត់​មាន​អ្នកទិញ


ទូក​ប្រណាំង​កំពុងសាកល្បង​នៅទន្លេសាប​មុខព្រះ​បរមរាជវាំង​
ទូក​ប្រណាំង​កំពុងសាកល្បង​នៅទន្លេសាប​មុខព្រះ​បរមរាជវាំង​

បន្ទាប់​ពី​បាន​ផ្អាក​រយៈពេល​បី​ឆ្នាំ​ដោយ​សារ​ព្រឹត្តិ​ការណ៍រត់​ជាន់​គ្នា​នៅ​លើ​ស្ពាន​ពេជ្រ​នៃ​មជ្ឈមណ្ឌល​កម្សាន្ត​កោះ​ពេជ្រ​ ព្រះ​រាជ​ពិធី​បុណ្យ​អុំទូក​ដែល​ជា​បុណ្យ​ប្រពៃណី​ខ្មែរ​តាំង​ពី​បុរម​បុរាណ​មកនោះ​ ​ត្រូវ​បាន​រដ្ឋាភិបាល​របស់​លោក​ហ៊ុន សែន​ចាប់​ផ្តើម​ប្រារព្ធ​ឡើង​វិញ​ហើយ។​

ពេលកំពុង​ប្រឹង​អុំទូក ​កីឡា​ករ​អុំទូក​ស្រែក​ថា៖​ «យើ​ យើសៗៗៗ»​

ក៏​ប៉ុន្តែទិដ្ឋភាព​នៅ​ពី​មុខ​ព្រះ​បរម​រាជ​វាំង​តាំង​ពី​ព្រឹក​រហូត​ដល់​រសៀល​នៅ​ថ្ងៃ​ដំបូង​នៃ​ព្រះ​រាជ​ពិធី​បុណ្យ​អុំទូក​ ​មិន​សូវ​មាន​មនុស្ស​ច្រើន​កុះករ​ ដូច​បណ្តា​ឆ្នាំ​មុនៗ​ ​នៅមុន​ពេល​ដែល​ព្រឹត្តិ​ការណ៍​រត់​ជាន់​គ្នា​នៅ​លើ​កោះ​ពេជ្រ។​

អ្នក​រត់​រឺម៉ក​កង់បី​ និង​អ្នក​រក​ទទួល​ទាន​មុខ​របរ​តូច​តាច​ពេល​បុណ្យ​អុំទូក​បាន​ត្អូញ​ត្អែរ​ពី​ការ​រក​ប្រាក់​ចំណូល​បាន​តិច​តួច​ បើ​ប្រៀប​ធៀប​នឹង​ពិធី​បុណ្យ​អុំទូក​ពី​លើក​មុនៗ។​

លោក​កែ ហ៊ី​ អាយុ​៣៨​ឆ្នាំ​ ​មក​ពី​ខេត្ត​ព្រៃ​វែង​ បាន​អង្គុយ​នៅ​លើ​រឺម៉ក​កង់​បី​របស់​លោក​អស់​រយៈពេល​ជាង​បី​ម៉ោង​មក​ហើយ​ តែ​នៅ​មិន​ទាន់​មាន​អ្នក​ជិះ​សោះ។​

លោក​កែ​ ហ៊ី​គឺ​ជា​អ្នក​រត់​រឺ​ម៉ក​កង់​បី​អស់​រយៈពេល​ជាង​ពីរ​ឆ្នាំ​មក​ហើយ។​ រឺម៉ក​របស់​លោក​ចត​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ព្រះ​បរម​រាជ​វាំង​ទេ។​ លោក​និយាយ​ថា​ បើ​ប្រៀប​ធៀប​ទៅ​ថ្ងៃ​ធម្មតា​ លោក​រក​ប្រាក់​ចំណូល​បាន​ច្រើន​ជាង។​

លោក​និយាយ​ថា៖ ​«ថ្ងៃ​ធម្មតា​រកបាន​បង។​ ថ្ងៃ​បុណ្យ​មិន​ទាន់​រក​បាន​ផងថ្មើរ​ហ្នឹង។​ ​ថ្ងៃ​ធម្មតា​រក​បាន​ដប់ ដប់ប្រាំ និង​២០​ដុល្លារ។​ ថ្ងៃ​នេះ​បាន​លុយ​១​ម៉ឺន​រៀល។​ ប្រហែល​វា​ខាន​បុណ្យ​យូរ​ មនុស្ស​លែង​ចំណាប់​អារម្មណ៍​ លែង​ឃើញ​មក​ដើរ​លេង»។​

កំពុង​អង្គុយ​លក់​ទឹក​សុទ្ធ​ និង​លក់​សណ្តែក​ដី​ពី​មុខ​វត្ត​បទុម​វត្តី​ ​ស្ត្រី​ម្នាក់​និង​ ប្អូន​ប្រុស​ម្នាក់​បាន​និយាយ​ដូចៗ​គ្នា​ថា​ ពួក​គេ​លក់​មិន​ដាច់​ទេ​ បើ​ប្រៀប​ធៀប​នឹង​ពិធីបុណ្យ​អុំទូក​លើក​មុនៗ។​

អ្នក​ស្រី​និយាយ​ថា៖ ​«ថ្ងៃ​ធម្មតា​បាន​លក់​ដាច់។ ​អត់សូវ​មាន​អ្នក​ទិញ​ផង»។​

ប្អូន​ប្រុស​ម្នាក់​និយាយ​ថា៖​ «​លក់​សណ្តែក​ដី»។​

វីអូអេ៖«លក់​ដាច់​ទេ?»

ប្អូន​ប្រុស​លក់​សណ្តែក​ដី៖​ «អត់ផង»។

វីអូអេ៖​ «ហេតុអ្វី​បាន​អត់​ដាច់?»

ប្អូន​ប្រុស​លក់​សណ្តែក​ដី៖​ «អត់​មាន​មនុស្ស​ទិញ»។​

នៅ​ពីមុខ​ព្រះ​បរម​រាជ​វាំង ​មនុស្ស​មិន​សូវ​ច្រើន​ទេ​មក​ទស្សនា​ពិធី​បុណ្យ​អុំទូក​នៅ​ពេល​រសៀល។​ ​ក្នុង​ខណៈពេល​ដែល​កីឡាករ​អុំទូក​បាន​ប្រឹង​អុំ​ដើម្បី​យក​ជ័យ​ជំនះ។

អ្នក​អត្ថាធិប្បាយ​ពិធីបុណ្យ​ប្រកាស​ថា៖​ «ទូក​ទាំង​ពីរ​នេះ​គឺ​លឿន​លយ​ដូច​គ្នា។​ ​ឯក​សណ្ឋាន​ស្រស់​ស្អាត»។​

អង្គុយ​នៅ​លើ​ច្រាំង​ទន្លេ​ ភ្នែក​កំពុង​សម្លឹងមើល​កីឡាករ​អុំទូក លោក​គឹម ម៉ក់​អាយុ​៥១​ឆ្នាំ​មកពី​ខេត្ត​កំពង់​ធំ​ មាន​ប្រសាសន៍​ថា​ ប្រជា​ពលរដ្ឋ​ខ្លះ​ភ័យ​ខ្លាច​មិន​ហ៊ាន​មក​ទស្សនា​បុណ្យ​អុំទូក​ទេ។​ ​ក៏ប៉ុន្តែ​លោក​និង​ក្រុម​គ្រួសារ​មិន​បារម្មណ៍​បញ្ហា​នេះ​ទេ។​

លោក​និយាយ​ថា៖​ «​វា​ពិបាក​ដែរ​បង​ ពីព្រោះ​គ្នា​យើង​ឥឡូវជួន​អី​ដូច​ថា​ គេ​ខ្លាច»។​

ការ​បើក​ឆាក​ប្រកួត​ដំបូង​ មាន​កីឡាករ​អុំទូក​ខ្លះ​ទទួល​ជ័យ​ជំនះ​ ហើយ​គេ​បាន​រាំ​សប្បាយ​រីក​រាយ​នៅ​លើ​ទូក​ ចំណែក​អ្នក​ដែល​មិន​ទទួល​ជ័យ​ជម្នះបាន​មក​អង្គុយ​ផ្តុំ​គ្នា​នៅ​លើ​ច្រាំង​ទន្លេ។​

លោក​ផូវ សួន អ្នក​អុំទូក​ឈ្មោះ​«បារមី​លោក​យាយម៉ៅ ពេជ្រ​និល»​ មិន​ទទួល​បាន​ជ័យ​ជំនះ​ទេ​នៅ​ថ្ងៃ​ដំបូង​នេះ។​

លោក​និយាយ​ថា៖​ «ចាញ់​គេ។​ ​គេ​សង្កត់​យើង​ មក​ពី​បច្ចេក​ទេស​អុំ​ និង​ជួន​កាល​ ទូក​យើង​វា​ស្រាល​ទូក​គេ​វា​ធ្ងន់។​ ​យើង​សង្កត់​គេ​រហូត​ដល់​ពេល​ជិត​ដល់​ទី​ ​ទូក​គេ​វា​ធ្ងន់​ គេ​ចេះ​ជ្រោល​មក​យើង។​ ​យើង​អស់​កម្លាំងវា​អស់​ដែរ»។​

លោក​វ៉ាន់ វ៉េត​ កីឡាករ​អុំទូក​ឈ្មោះ​ «បទុម​ឆព័ន្ធ​សែន​ជ័យ»​បាន​សើច​សប្បាយ​រីក​រាយ​នៅ​ពេល​ដែល​ទូក​របស់​លោក​ទទួល​បាន​ជ័យ​ជម្នះលើ​គួ​ប្រកួត។​

លោក​និយាយ​ថា៖ ​«លទ្ធផល​វា​បាន​ឈ្នះ​ថ្ងៃ​ហ្នឹង​ លើក​ទី​មួយ។​ ​សប្បាយ​រីក​រាយ ​ដូច​មនុស្ស​អបអរ​សារ​ទរ​ ដូច​នៅ​ក្នុង​បរម​រាជវាំង»។​

ព្រះ​រាជ​ពិធី​បុណ្យ​អុំទូក​ថ្ងៃ​ទី​មួយ​នេះ​ មាន​ព្រះ​រាជ​វត្តមាន​ព្រះ​មហា​ក្សត្រ​ សម្តេច​ព្រះ​បរម​នាថ​នរោត្តម​សីហមុនី ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ លោក​ហេង សំរិន​ ប្រធាន​រដ្ឋសភា​ និង​សម រង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ព្រម​ទាំង​មន្ត្រី​រដ្ឋាភិបាល​ជាន់​ខ្ពស់​មួយ​ចំនួន៕

XS
SM
MD
LG